កម្មករ​ខក​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ត្រឹម ២០៤​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៤

កម្មករ​រោងចក្រ​មួយ​ចំនួន មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល ដែល​ដំឡើង​ប្រាក់ឈ្នួល​គោល​ចំនួន​ត្រឹមតែ ២០៤ដុល្លារ សម្រាប់​ឆ្នាំ ២០២៤ ឡើយ។ សហជីព​ឯករាជ្យ​ថា ការដំឡើង​ចំនួន​ប្រាក់ឈ្នួល​ដ៏​តិចតួច​បែប​នេះ នឹង​ធ្វើ​ឱ្យ​ជីវភាព​កម្មករ​កាន់តែ​លំបាក បើ​ប្រៀបធៀប​នឹង​កំណើន​អតិផរណា និង​ការ​ឡើងថ្លៃ​ទំនិញ​គ្រប់​ប្រភេទ។

កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ីសេរី​បាន​សម្ភាស​លើកឡើង​ថា ការ​ដំឡើង​ប្រាក់ ៤ដុល្លារ​នេះ មិន​អាច​សម្រាល​ជីវភាព​លំបាក​របស់​ពួកគាត់​បាន​នោះ​ទេ។
កម្មការិនី​រោងចក្រ នីអាន់ ឃីដ NYAN KIDS ​កញ្ញា ភួង រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០២៤ ត្រឹមតែ ៤​ដុល្លារ​នេះ គឺ​តិចតួច​ខ្លាំង​ណាស់​សម្រាប់​កម្មករ ស្រប​ពេល​ដែល​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​គ្រប់​មុខ។

កញ្ញា ភួង រដ្ឋា៖ «ប្រហែល​ជា​ខក ព្រោះអី​ម្នាក់ៗ រំពឹង និង​ត្អូញត្អែរ​គ្រប់ៗ​គ្នា​ថា អ្វីៗ​ឡើងថ្លៃ ទំនិញ​នៅ​លើ​ទីផ្សារ ដល់ពេល​ប្រាក់ខែ​ឡើង​ត្រឹម ៤​ដុល្លារ ដល់​ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​ឆ្ងល់​វិញ។ កាល​ឆ្នាំ ២០២៣​ឡើង​បាន ៦​ដុល្លារ ដល់​ពេល​ឆ្នាំ​ឡើង ទៅ​ជា​ប្រាក់ខែ​ថយ ឡើង​បាន​ត្រឹម ៤​ដុល្លារ​វិញ។ ដល់​ពេល​អ៊ីចឹង​ទៅ យ៉ាងម៉េច​វិញ​ទៅ»។

ស្រដៀងគ្នា​នេះ​ដែរ​កម្មការិនី​រោងចក្រ សិនតៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ​លោកស្រី សុខ ស្រីរ័ត្ន លើកឡើង​ថា ការ​ដំឡើង​ឈ្នួល​ឱ្យ​កម្មករ ចំនួន ៤​ដុល្លារ គឺជា​ការ​សម្រេច​មួយ ដែល​ខ្វះ​គុណធម៌ និង​មិន​ផ្អែកលើ​ស្ថានភាព​លំបាក​របស់​កម្មករ​ឡើយ។ លោកស្រី​យល់ថា ចំនួន ៤​ដុល្លារ​នេះ គឺ​កើត​ចេញពី​ភាព​លម្អៀង​របស់​​​ក្រសួង​ការងារ និង​សហជីព​គាំទ្រ​និយោជក ដែល​ឃុបឃិត​គ្នា​ជាមួយ​ថៅកែ​ក្រុមហ៊ុន ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​ពី​កម្លាំង​កម្មករ។

លោកស្រី សុខ ស្រីរ័ត្ន៖ «ខ្ញុំ​គិត​ថា ដូចជា​មិន​យុត្តិធម៌​ចំពោះ​កម្មករ​ទេ។ ព្រោះអី​ប្រាក់ខែ​ឡើង​តិច ចំណែក​បន្ទប់​ជួល ទឹក ភ្លើង​ ​ឡើងថ្លៃ ម្ហូប​អាហារ​ឡើង​ថ្លៃ អង្ករ​ឡើងថ្លៃ ខ្ញុំ​គិត​ថា តិចណាស់ សម្រាប់​កម្មករ។ ខ្ញុំ​គិត​ថា ប្រសិនបើ​មាន​បញ្ហា​ហ្នឹង​កើតឡើង​ទៀត ប្រហែល​កម្មករ​ត្រូវ​ចំណាកស្រុក​ច្រើន​ណាស់ ព្រោះ​សេដ្ឋកិច្ច​មិន​ទៅ​មុខ​ទេ ដូចជា​ពិបាក​ទៅ​ៗ»។

wage.jpg
កិច្ចប្រជុំកំណត់ប្រាក់​​ឈ្នួល​អប្បបរមា​ដែល​កម្មករនិយោជិត​នៃ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ នៅ​ក្រសួង​ការងារ នៅថ្ងៃទី២៨ កញ្ញា ២០២៣។។ Photo Courtesy of CLC Cambodia

រដ្ឋាភិបាល​បាន​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​នៃ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​សម្ភារៈ​ធ្វើ​ដំណើរ សម្រាប់​ឆ្នាំ២០២៤ ចំនួន ២០៤ដុល្លារ ដោយ​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២៤​តទៅ។ នេះ​មាន​ន័យ​ថា ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ និយោជិត កើន​ឡើង​ចំនួន ៤ដុល្លារ ដោយ​ភាគី​ថៅកែ ឬ​និយោជក​ដំឡើង​ឱ្យ ២ដុល្លារ និង ២​ដុល្លារ​ទៀត បាន​មកពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ថែម​ឱ្យ ​ដូច​កាល​ជំនាន់​ឪពុក​របស់​លោក​ធ្លាប់​ធ្វើ​ដែរ។ ប្រាក់ខែ​គោល​ឆ្នាំ​២០២៣ មាន​ចំនួន ២០០ដុល្លារ។

ចាប់តាំង​ពី​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត ជា​លើកដំបូង កាល​ពី​ថ្ងៃ​ទី២៨ ខែ​សីហា មក ភាគី​សហជីព​កម្មករ បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ២១៥ដុល្លារ ក៏ប៉ុន្តែ​ភាគី​និយោជក​ផ្ដល់​ឱ្យ​ត្រឹម​តែ ២០១​ដុល្លារ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី២៨ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​គ្មាន​អ្នក​លើក។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ក្រសួង​ការងារ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អបអរសាទរ​ដល់​កម្មករ កម្មការិនី ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង​និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ២០២៤ គឺ ២០៤​ដុល្លារ ក្នុង ១ខែ។

ជុំវិញ​ការ​លើកឡើង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា លើកឡើង​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា តែ ៤ដុល្លារ គឺ​មិន​សមស្រប​ទៅ​នឹង​កំណើន​អតិផរណា និង​ការ​ឡើងថ្លៃ​ទំនិញ​គ្រប់​ប្រភេទ​នោះ​ទេ។ លោក​យល់​ឃើញ​ថា ការ​បោះឆ្នោត​កំណត់​តួលេខ​ប្រាក់ឈ្នួល​អប្បបរមា នេះ ហាក់​គ្មាន​តម្លាភាព និង​និង​យុត្តិធម៌​ឡើយ ដោយសារ​ក្នុងចំណោម​តំណាង​សហជីពកម្មករ​ទាំង ១៧នាក់ មានតែ ៥​នាក់​ប៉ុណ្ណោះ ដែល​បោះឆ្នោត​ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​កម្មករ ខណៈ​ដែល​ភាគី​ក្រសួង​ការងារ បាន​បោះឆ្នោត​គាំទ្រ​តួលេខ​របស់​ភាគី​និយោជក​ទាំងស្រុង។

លោក ប៉ាវ ស៊ីណា៖ «១២​រូប​ទៀត ដែល​តំណាង​ឱ្យ​កម្មករ​ដែរ​នោះ គាត់​មិនបាន​បោះឆ្នោត​ឱ្យ​លេខ​ខ្លួន​ផង។ ប៉ុន្តែ​គាត់​បែរជា​គាំទ្រ​តួលេខ​២០២ ដែល​ជា​តួលេខ​រួម​ជាមួយ​និយោជក ជាមួយ​ភាគី​រដ្ឋាភិបាល។ ដូច្នេះ​យើង​ឃើញ​ទិដ្ឋភាព​ទាំងអស់​នេះ យើង​ពិបាក​នៅ​ក្នុង​ការ​ស្វែងយល់​ថា តើ​តំណាង​សហជីព ១២​រូប​ផ្សេង​ទៀត តើ​គាត់​យល់​ឃើញ​របៀប​ម៉េច ចំពោះខ្លួន​ឯង​ដែល​ជា​ភាគី​កម្មករ ហើយ​បែរជា​មិន​គាំទ្រ​សំណើ​របស់​បងប្អូន​កម្មករ»។

ក្រុម​កម្មករ​លើកឡើង​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ដ៏​តិចតួច​នេះ មាន​គម្លាត​ឆ្ងាយ​ពី​ការ​ស្នើសុំ​របស់​ពួកគាត់​ដល់​ទៅ​​​ជាង ១០​ដុល្លារ ស្រប​ពេល​ដែល​ស្ថានភាព​កម្មករ​កំពុង​ជួបប្រទះ​ការ​លំបាក បណ្ដាល​មក​ពី​រោងចក្រ​មួយ​ចំនួន​ព្យួរ​ការងារ និង​កាត់បន្ថយ​ម៉ោង​ធ្វើការ ហើយ​ត្រូវ​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់ខែ​គោល​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។