កសិករ​រំពឹង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល និង​ប្រព័ន្ធ​ធារាសាស្ត្រ

ប្រជាកសិករ​នៅ​តាម​តំបន់​ដាច់ស្រយាល​មួយចំនួន បាន​ដាក់​ក្ដី​សង្ឃឹម​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​ថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​កសិកម្ម និង​អភិវឌ្ឍ​មូលដ្ឋាន​របស់​ពួកគាត់​ឱ្យ​ប្រសើរ​ជាង​មុន​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​ថ្មី គួរ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជា​អាទិភាព​ដើម្បី​ជីវភាព​ប្រជាជន និង​នាំ​យក​ទិន្នផល​កម្ពុជា​ទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

កសិករ​នៅ​តាម​ភូមិ​ស្រុក​ដាច់ស្រយាល​មួយចំនួន​មាន​ក្ដី​រំពឹង​ខុសៗ​គ្នា លើ​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​រដ្ឋាភិបាល​ចាស់​របស់​ឪពុក​លោក​មិនអាច​ដោះស្រាយ​បាន​។ ពួកគាត់​រំពឹង​ថា មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី នឹង​មាន​ទំនួល​ខុសត្រូវ​ជាង​មន្ត្រី​រដ្ឋាភិបាល​ចាស់ ដោយ​មិន​គេចវេះ ឬ​ឆ្លើយ​ដោះសា​ចំពោះ បញ្ហា​របស់​កសិករ​ទៀ​ត​នោះ​ទេ។

កសិករ​ដាំ​ត្រសក់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ លោក មិត្ត ភាព រំពឹង​ថា រដ្ឋាភិបាល​ថ្មី​នឹង​ជួយ​ឱ្យ​ផលដំណាំ​របស់​គាត់​លក់​បាន​តម្លៃ​សមរម្យ មាន​ទីផ្សារ និង​បង្កើត​រោងចក្រ​ផលិត​ជី​ថ្នាំ​កសិកម្ម​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការ​នាំ​ចូល​ពី​បរទេស​ដែល​មាន​តម្លៃ​ថ្លៃ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​នៅ​ព្រំដែន​ទប់ស្កាត់​ការ​នាំ​ចូល​ទិន្នផល​បន្លែ​ផ្លែឈើ​ពី​ប្រទេសជិតខាង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទិន្នផល​ក្នុងស្រុក​ជាប់​គាំង នាំ​ឱ្យ​ឈ្មួញ​ឆក់​ឱកាស​បន្ទាប​តម្លៃ​កាន់តែ​ខ្លាំង​។ កសិករ​នៅ​ខេត្ត​ជាប់​ព្រំដែន​រូប​នេះ ឱ្យ​ដឹង​ថា បញ្ហា​ទាំងនេះ​បាន​បង្ក​ការខាតបង់​អស់​រាប់ពាន់​ដុល្លារ និង​បំណុល​ជុំ​ទិស ដល់​កសិករ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ បណ្ដាល​ឱ្យ​ពលរដ្ឋ​មួយចំនួន​បាត់បង់​ដីធ្លី​ដោយសារ​ធនាគារ​រឹបអូស និង​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង។

លោក មិត្ត ភាព៖ «បើ​ថា​អត់ឱ្យ​ (​ នាំ​ )​ ចូល​ទេ ខាងយើង​នេះ​គឺថា​បាន​តម្លៃ​ថេរ​រហូត​។ ដល់​អ៊ីចឹង​យើង​អាច​នឹង​មាន​កម្លាំង​ទឹកចិត្ត​អី​នឹង​ដាំ​បន្ត​ទៀត​។ បើ​ចេះតែ​បើក​ច្រក​ឱ្យ​គេ​នាំចូល​គឺ​យ៉ាប់​ហើយ គឺ​មាន​តែ​រត់​ទៅ​ថៃ​អស់​ហើយ អត់​មាន​នៅ​ខ្មែរ​ទៀត​ទេ​។ បើ​នៅ​ខ្មែរ​មានអី​រំពឹង បើ​ធ្វើ​ត្រសក់ៗ​ថោក ធ្វើស្រែ​បាន​ស្រូវ​ថោក​។ ដល់​អ៊ីចឹង យើង​រក​ទីផ្សារ​អត់​ឃើញ​មានតែ​ទៅ​ស៊ីឈ្នួល​ថៃ​យក​លុយ​បង់​អង្គការ ( ធនាគារ )»។

ក្រៅពី​បញ្ហា​តម្លៃ និង​ទីផ្សារ កសិករ​ធ្វើស្រែ​មួយ​ចំនួន​ទៀត ក៏​កំពុង​ជួប​បញ្ហា​ក្នុង​ការ​បង្កបង្កើនផល​បែប​ប្រពៃណី​ដែល​ពឹង​ផ្អែកលើ​អាកាសធាតុ​ផង​ដែរ។

កសិករ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង លោក ឌុច ស្ដើង ឱ្យ​ដឹង​ថា ក្នុង​មូលដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​ឃុំ​ឆ្នាល់មាន់ និង​ឃុំ​ព្រះផុស កំពុង​ជួប​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ បណ្ដាល​ឱ្យ​ស្រូវ​ងាប់​អស់​រាប់ពាន់​ហិកតារ ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់ ខណៈ​ស្រុក​នេះ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​នាំ​ទឹក​ពី​តំបន់​ផ្សេង​មក​ស្រោចស្រព​ស្រែចម្ការ​។ លោក​យល់ឃើញ​ថា រដ្ឋាភិបាល​ថ្មី​គួរតែ​មាន​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​រីកចម្រើន ដោយ​កសាង​ផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្ដល់​អ្នក​បច្ចេកទេស​បង្រៀន​របៀប​ធ្វើ​កសិកម្ម​ជឿនលឿន​ដល់​កសិករ​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន។

លោក ឌុច ស្ដើង៖ «រាប់​ឆ្នាំ​ហើយ​ខ្ញុំ​អត់​ដែល​ឃើញ​មាន​មន្ត្រី​ចុះ​មក​បង្រៀន​កសិករ ដែល​បង្កបង្កើនផល​ឱ្យ​មាន​ជំនាញ​អត់​ ! អត់​ទាន់​មាន​។ និយាយ​រឿង​ស្រុក​គាស់ក្រឡ​ដូចជា​ខ្វះខាត​ច្រើន​ធំ​ជាងគេ​។ ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ហ្នឹង​គាត់​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​។ សំខាន់​បំផុត​ណាស់​រឿង​ប្រព័ន្ធ​ប្រឡាយ​ធារាសាស្ត្រ​អីហ្នឹង​។ ឱ្យ​គាត់​ជួយ​បង្កើន​សម្រាប់​ភូមិ​ឃុំ​ខ្ញុំ​ទាំងមូល​ហ្នឹង»។

នៅ​រៀងរាល់​រដូវ​ប្រមូល​ផល​ម្ដងៗ កសិករ​តែង​ត្អូញត្អែរ​ពី​បញ្ហា​តម្លៃ​ធ្លាក់ចុះ​ខ្លាំង នៃ​ផលដំណាំ​រួមមាន​ត្រសក់ ស្វាយ មៀន ត្រប់ សណ្ដែក ម្ទេស ជាដើម​។ ជួនកាល​កសិផល​ទាំងនោះ លក់​មិន​ចេញ និង​ត្រូវ​យក​ទៅ​ចាក់ចោល​គរ​ដូច​ភ្នំ​ក៏​មាន​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល ដែល​មាន​ក្រសួង​កសិកម្ម​ជា​សេនាធិការ ហាក់​គ្មាន​ដំណោះស្រាយ​ជាក់លាក់ ដើម្បី​ជួយសង្គ្រោះ​ទីផ្សារ​កសិករ​នោះ​ទេ តែ​បែរជា​បន្ទោស​កសិករ​ថា ដាំ​ដុះ​តាម​គ្នា​បណ្ដាល​ឱ្យ​លើស​តម្រូវ​ការ​ទីផ្សារ និង​គំរាម​កសិករ​មិន​ឱ្យ​តវ៉ា ឬ​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៀត​ផង។

ខុសពី​កសិករ​ផ្សេង​ទៀត កសិករ​នៅ​ខេត្ត​ប៉ៃលិន ដែល​ចូលចិត្ត​តាមដាន​ព្រឹត្តិការណ៍​នយោបាយ លោក ព្រហ្ម និម្មិត ហាក់​គ្មាន​ក្ដី​រំពឹង និង​ជំនឿ​លើ​នាយករដ្ឋមន្ត្រី​ថ្មី នៃ​ត្រកូល​មេដឹកនាំ​ចាស់ ក្នុង​ការ​ជួយ​ដល់​កសិករ​ឡើយ។ លោក​យល់​ថា រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ថ្មី​នេះ ហាក់​មិន​មាន​ការផ្លាស់ប្ដូរ​របៀប​ដឹកនាំ​អ្វី​ដែល​ថ្មី​នោះ​ទេ ដោយ​គ្រាន់តែ​ប្ដូរ​មុខតំណែង​គ្នា​កាន់​ប៉ុណ្ណោះ​។ លោក​លើកឡើង​ថា ទាក់ទង​នឹង​តម្លៃ​កសិផល​ធ្លាក់ចុះ​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជាច្រើន​នាក់​មក​ហើយ តែងតែ​គេចវេះ ពី​បញ្ហា និង​ដោះសា​យករួចខ្លួន​។ ទោះជា​យ៉ាងណា លោក​ស្នើ​ដល់​រដ្ឋាភិបាល​ថ្មី គួរតែ​ទទួលស្គាល់​ភាព​កម្សោយ និង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ចាស់ ហើយ​ត្រូវ​ទទួលស្គាល់ និង​កែប្រែ​កំហុស​ទាំងនោះ​ឡើងវិញ។

លោក ព្រហ្ម និម្មិត៖ «អា​រឿង​ទំនុកចិត្ត​អីហ្នឹង ដូច​អត់​មាន​ដិតដាម​អី​បន្តិច​សោះ ខ្លាច​តែ​រឿង​ជ្រុល»។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​លើកឡើង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា បាន​ទេ នៅ​ថ្ងៃទី​២ សីហា ដោយ​កញ្ញា​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា។

ជុំវិញ​រឿង​នេះ សមាជិក​ក្រុមប្រឹក្សាភិបាល របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា (Cambodia Farmer Solidarity Organization)​លោក ឌី គន្ធា មាន​ប្រសាសន៍​ថា ទីផ្សារ​កសិផល​នៅ​កម្ពុជា មាន​ភាព​ផុយ​ស្រួយ ដោយសារ​ការ​នាំ​ចូល​កសិផល​ពី​ក្រៅប្រទេស​លើស​កម្រិត​។ លោក​កត់សម្គាល់​ឃើញថា កសិករ​ចំណាយ​ថ្លៃដើម​ដាំ​ដុះ​កាន់តែ​ច្រើន ដោយសារ​ថ្នាំ និង​គ្រឿង​កសិកម្ម ភាគច្រើន​នាំចូល​ពី​ក្រៅប្រទេស ដែល​ជា​ហេតុ​នាំ​ឱ្យ​កសិផល​ក្នុងស្រុក ពិបាក​ប្រកួតប្រជែង​ជាមួយ​តម្លៃ កសិផល​ដែល​នាំចូល​ពី​ក្រៅ​ស្រុក​។ លោក​លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​កសិករ ក្រសួង​ពាក់ព័ន្ធ​គួរ​បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​ដល់​កសិករ នូវ​វិធី​ដាំ​ដុះ​បែប​សម័យ​ទំនើប ដែល​មិន​ចាំបាច់​ពឹងផ្អែក​ខ្លាំង លើ​ជីគីមី ឬ​ថ្នាំ​កសិកម្ម​ដែល​នាំចូល​ពី​ក្រៅប្រទេស ជាពិសេស​ទប់ស្កាត់​ការ​នាំចូល​កសិផល​ពី​ក្រៅ​ស្រុក​លើសលប់។

លោក ឌី គន្ធា៖ «ដើម្បី​ឱ្យ​មាន​ការកំណត់​តម្លៃ​ឱ្យ​មាន​ការទទួលខុសត្រូវ ការ​ការពារ​ផលប្រយោជន៍​របស់​កសិករ​ខ្មែរ អ៊ីចឹង​គណៈកម្មការ​ផលិត​កម្ម​តាម​កិច្ចសន្យា​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​បើក​បេះដូង​ជា​ចំហ​មួយ នៅក្នុង​ការស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែល​អាច​ទិញ​ស្នាម​ញញឹម និង​បេះដូង​របស់​កសិករ។ ហើយ​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​ចង់​បញ្ជាក់​ដែរ​ថា ប្រទេស​កម្ពុជា ភាគច្រើន​ជា​គ្រួសារ​កសិករ ដែល​ងាយ​ផុយ​ស្រួយ ទៅ​នឹង​គ្រួសារ​ងាយ​រងគ្រោះ និង​ក្រីក្រ​បំផុត»។

របាយការណ៍​របស់​ក្រសួង​កសិកម្ម ឆ្នាំ​២០២២ បង្ហាញ​ថា កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ប្រមាណ​ជិត​២ ពាន់ ៥​រយ​តោន ក្នុង​១ ថ្ងៃ​។ របាយការណ៍​បញ្ជាក់​ថា ការ​នាំ​បន្លែ​ពី​ក្រៅប្រទេស​ច្រើន​បែបនេះ ដោយសារ ការ​ដាំដុះ​ក្នុងស្រុក​នៅ​ជួប​បញ្ហា​បច្ចេកទេស​ដាំ​ដុះ សម្ភារ​កសិកម្ម​ថ្លៃ និង​គ្រោះ​ធម្មជាតិ ទើប​វិស័យ​ឯកជន​បាន​នាំចូល​បន្លែ​ពី​ក្រៅ​ស្រុក​បន្ថែម ដើម្បី​មក​បំពេញ​តម្រូវការ។

ប្រជា​កសិករ រំពឹង​ថា រដ្ឋាភិបាល​ថ្មី នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម បច្ចេកទេស​ដាំ​ដុះ ប្រព័ន្ធ​ធារាសាស្ត្រ ជាពិសេស​ជួយ​អភិវឌ្ឍ​ផ្លូវលំ សាលារៀន និង​មន្ទីរពេទ្យ​នៅ​តាម​ជនបទ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។