ក្រុមកម្មករកាត់ដេរព្រួយបារម្ភកាន់តែខ្លាំងអំពីជោគវាសនារបស់ពួកគាត់ ដោយសារតែឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។ ក្រុមកម្មករបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ការអនុគ្រោះពន្ធមែន នោះពួកគាត់នឹងបាត់បង់ការងារ ហើយសេដ្ឋកិច្ចគ្រួសារនឹងធ្លាក់ចុះដុនដាបទៅតាមនោះដែរ។
ពេលវេលាមិនទាន់មកដល់ផង កម្មករកាត់ដេរមួយចំនួនអះអាងថា ពួកគាត់បានរងផលប៉ះពាល់ពីវិបត្តិ EBA ជាបណ្តើរៗ រួចទៅហើយ ដូចជា ខ្វះការងារធ្វើ គ្មានការងារថែមម៉ោង និងងាយរងការបញ្ឈប់ពីថៅកែរោងចក្រជាដើម។
កម្មកររោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញ កញ្ញា ឃុន ស្រីពៅ ឱ្យអាស៊ីសេរីដឹងថា រោងចក្ររបស់នាងផ្គត់ផ្គង់ផលិតផលឱ្យក្រុមហ៊ុនសំលៀកបំពាក់ម៉ាក ហ្សារ៉ា (ZARA) និង មេងហ្គោ (MANGO)។ កញ្ញាថា ពីដើមឡើយរោងចក្ររបស់នាងមានកម្មករធ្វើការជាង ២ពាន់នាក់ ក៏ប៉ុន្តែតាំងពីមានបញ្ហា EBA មក រោងចក្របានបញ្ឈប់កម្មករជាបន្តបន្ទាប់នៅសល់តែជាង ១ពាន់នាក់ប៉ុណ្ណោះ។ នាងបញ្ជាក់ទៀតថា កាលពីមុន ក្រុមកម្មករមានការងារធ្វើឥតដាច់ និងមានថែមម៉ោងពេលល្ងាច ព្រមទាំងថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យផងដែរ ដែលអាចឱ្យពួកគាត់រកចំណូលបានប្រមាណ ២៧០ដុល្លារក្នុងមួយខែ។ ក៏ប៉ុន្តែរយៈពេល ៣ខែមកនេះ កញ្ញាថា កម្មករមិនសូវមានការងារធ្វើទេ ហើយរោងចក្រក៏មិនបានថែមម៉ោងពេលល្ងាច និងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទៀតនោះដែរ ធ្វើឱ្យពួកគាត់ទទួលបានចំណូលតែប្រមាណ ២១០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។ កញ្ញាអះអាងថា នៅពេលប្រាក់កម្រៃប្រចាំខែថយចុះច្រើនបែបនេះ ក្រុមកម្មករបាននាំគ្នាត្បិតត្បៀតការចំណាយ ជាពិសេសលើថ្លៃម្ហូបអាហារ ដោយពីមុនពួកគាត់ធ្លាប់ហូបបាយជាមួយសម្ល ពេលនេះត្រូវបង្ខំចិត្តហូបបាយជាមួយពងទា ឆៃប៉ូវ សៀង លៀសហាល និងជ្រក់ស្ពៃវិញ ដើម្បីសន្សំថវិកាទុកផ្ញើទៅគ្រួសារនៅឯស្រុកកំណើត៖ «ការចាយវាយត្រូវត្បិតត្បៀតជាងមុនដោយសារប្រាក់ខែទាប ហើយអត់បានថែមម៉ោងដូចរាល់ដង។ ប្រាក់ខែត្រូវយកមកផ្គត់ផ្គង់ការរស់នៅក្នុងជីវភាព អ៊ីចឹងគាត់ត្រូវការកាត់បន្ថយចំណាយមួយទៀត។ ស្ថានភាពធ្វើការបច្ចុប្បន្ននៅកន្លែងរបស់គាត់អត់ឋិតថេរ ត្រូវបានគេប្តូរទៅប្តូរមកអ៊ីចឹង»។
កម្មកររោងចក្រមួយរូបទៀតនៅខេត្តកណ្តាល លោកស្រី ដោក សាវ៉ាន់ ថ្លែងថា ចាប់ពីខែកញ្ញាមក រោងចក្ររបស់លោកស្រីមិនសូវមានអីវ៉ាន់ឱ្យកម្មករធ្វើនោះទេ ហើយការថែមម៉ោងទៀតសោត ក៏មានកាន់តែតិចខុសពីលើកមុនដែលរោងចក្រមានការងារឱ្យកម្មករធ្វើជាប្រចាំ ហើយមានការងារថែមម៉ោងរាល់ថ្ងៃ។ លោកស្រីបញ្ជាក់ថា កាលពីមុន កម្មករខ្លះអាចរកបានដល់ទៅ ៥០០ដុល្លារក្នុងមួយខែ ប៉ុន្តែពេលនេះបានជាង ២០០ដុល្លារ ឬច្រើនបំផុតត្រឹម ៣០០ដុល្លារប៉ុណ្ណោះ។ លោកស្រីបារម្ភថា ចាប់ពីខែក្រោយទៅ រោងចក្រអាចនឹងខ្វះការងារឱ្យកម្មករធ្វើ ព្រោះក្រុមហ៊ុនបញ្ជាទិញមួយចំនួន ដូចជា លីវ៉ាយស៍ (LEVI'S) និង អូឡាហ្វ (OLAF) ជាដើម បានកាត់បន្ថយបរិមាណបញ្ជាទិញពីរោងចក្ររបស់លោកស្រីហើយ៖ «៣ខែមុន យើងឃើញមានការថែមម៉ោងថ្ងៃបុណ្យ ឬថែមម៉ោង៦ ជាប់ជានិច្ច។ ថ្ងៃបុណ្យក៏យើងធ្វើការដែរ តែឥលូវថ្ងៃបុណ្យ គឺអត់មានធ្វើតែម្តង ហើយថែមម៉ោង៦ គឺមានចោះៗ តាម ក្រុម។ ក្រុមខ្លះមានធ្វើបង្ហើយ ក្រុមខ្លះក៏អត់ តែប្រមាណជាមួយខែតទៅមុខទៀត ប្រហែលជាអត់មានការថែមម៉ោងទាំងអស់ ក៏យើងមិនអាចដឹងបានដែរ។ ប្រហែលជាអត់មានច្រើនជាង ឬក៏កន្លែងខ្លះព្យួរការងារតែម្តង»។
លោកស្រី ដោក សាវ៉ាន់ បញ្ជាក់ថា កាលពីមុន រោងចក្ររបស់លោកស្រីមានកម្មករ ៣ពាន់ ៧រយនាក់ ប៉ុន្តែពេលនេះបានថយមកនៅ ៣ពាន់ ៥រយនាក់ ហើយបើសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធមែន នោះរោងចក្រប្រាកដជាកាត់បន្ថយកម្មករកាន់តែច្រើនថែមទៀត។ លោកស្រីបញ្ជាក់ថា ក្រុមកម្មករព្រួយបារម្ភកាន់តែខ្លាំងខ្លាចបាត់បង់ការងារធ្វើ ពីព្រោះពេលវេលានៃការសម្រេចចិត្តជាចុងក្រោយរបស់សហភាពអឺរ៉ុបរឿងដកការអនុគ្រោះពន្ធ EBA កាន់តែខើចណាស់ទៅហើយ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ប្រាប់កម្មករកុំព្រួយបារម្ភច្រើនពេកចំពោះរឿង EBA នេះ ព្រោះលោកថា រដ្ឋាភិបាលចេះដោះស្រាយបញ្ហានេះហើយ ជាពិសេសលោកថា រដ្ឋាភិបាលកំពុងជជែកគ្នាជាមួយសហភាពអឺរ៉ុបជុំវិញរឿងការអនុគ្រោះពន្ធនេះ៖ «កុំបារម្ភច្រើនជាងរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវជាមួយនឹងកម្មករ និងពាណិជ្ជករដែរតើ ពីព្រោះការពន្យល់គ្នាទៅវិញទៅមកធ្វើនៅក្នុងលក្ខខណ្ឌនៃភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប។ នៅក្នុងការពន្យល់គ្នាទៅវិញទៅមកហ្នឹង គឺវាមានផែនការសកម្មភាព ហើយវាមានពេលវេលាដែលត្រូវជជែកគ្នា ដូច្នេះគឺកម្ពុជាបានបង្ហាញពីជំហរសហប្រតិបត្តិការ»។
កម្មកររោងចក្រកាត់ដេរ កញ្ញា ឃុន ស្រីពៅ ប្រតិកម្មថា មិនឱ្យព្រួយបារម្ភយ៉ាងម៉េចនឹងកើត បើ EBA ជាឆ្នាំងបាយរបស់នាងទៅហើយនោះ។ នាងបន្តថា សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលនេះ បង្ហាញថា គាត់មិនដឹងទាល់តែសោះអំពីសុខទុក្ខរបស់កម្មករ ហើយជាការនិយាយឱ្យតែរួចពីមាត់៖ «សម្រាប់គាត់ គ្រួសារគាត់អត់ខ្វះខាត អត់ដែលជួបប្រទះបញ្ហា អត់ហូបអត់ចុក គាត់មានការងារធ្វើពេញដៃ ប្រាក់ខែគាត់ច្រើន គ្រួសារគាត់រស់នៅស្រុកស្រួល គាត់ចេះតែប្រាប់គេថា ហ៊ើយ ពិបាកអ្វី ? ប៉ុន្តែសម្រាប់គ្រួសារខ្ញុំដែលរាល់ថ្ងៃរង់ចាំប្រាក់ខែខ្ញុំជាង ២០០ ( ដុល្លារ ) យកទៅហូបនេះ បើអត់ ២០០ ( ដុល្លារ ) ហ្នឹងទៅ តើពួកខ្ញុំបានអ្វី បើខ្ញុំមិនបារម្ភពីរឿងហ្នឹង ?»។
សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍បឋមទៅរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅ ហើយទុកពេល ៣០ថ្ងៃ ឱ្យរបបនេះឆ្លើយតបវិញ។ សហភាពអឺរ៉ុបបានរកឃើញថា របបក្រុងភ្នំពេញមិនបានកែលម្អស្ថានភាពអាក្រក់ទាំងឡាយឱ្យប្រសើរឡើងវិញ ដើម្បីបន្តទទួលបានការអនុគ្រោះពន្ធ EBA ឡើយ ផ្ទុយទៅវិញរបបនេះ ថែមទាំងបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ជាងមុនថែមទៀត។
គិតត្រឹមថ្ងៃទី២៤ វិច្ឆិកា របបលោក ហ៊ុន សែន មានពេល ១៨ថ្ងៃទៀត ដើម្បីកែប្រែស្ថានការណ៍ ហើយឆ្លើយតបទៅកាន់សហភាពអឺរ៉ុបវិញ មុននឹងសហភាពអឺរ៉ុបសម្រេចចិត្តជាចុងក្រោយថា ត្រូវដក ឬរក្សាទុក EBA នេះ នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។
ទោះជាយ៉ាងណា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងដដែលជាដដែលថា លោកមិនខ្លាចក្នុងការបង់ពន្ធនាំចេញទំនិញទៅទីផ្សារអឺរ៉ុបឡើយ ព្រោះរបបរបស់លោកបានត្រៀមខ្លួនរួចហើយតាំងតែពីខែមីនា មកម្ល៉េះ។ លោកថ្លែងទៀតថា ការដក EBA នឹងមិនធ្វើឱ្យរបបលោកត្រូវលៀនអណ្ដាតនោះឡើយ ហើយរបបលោកនៅតែមានលទ្ធភាពបើកប្រាក់ខែជូនមន្ត្រីរាជការដដែល៖ «មន្ត្រីរាជការយើងកាលពីមុន លំបាកណាស់។ ប្រាក់ខែតិចហើយ តែអត់មានលុយបើកទៀត។ ឥលូវដល់២ អាទិត្យ បើកប្រាក់ខែម្តង ដោយសារយើងមានសាច់ប្រាក់ ហើយមានអ្នកខ្លះគេថា តិចទៀតលៀនអណ្តាតហើយ ឱ្យតែគេកាត់ EBA ស្អីលៀនអណ្តាត។ ចាំតែលៀនអណ្តាតតើ ព្រោះអានេះអត់មានយកពី EBA មកទេ អត់មានយកពីអានាំចេញនាំចូលអារឿងសម្លៀកបំពាក់ស្អីៗហ្នឹងទេ អត់ទេ ចំណូលពន្ធគយរបស់យើង»។
ក្រុមកម្មកររោងចក្រស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាឱ្យបានច្បាស់លាស់ មុននឹងបោះពាក្យសម្ដីបែបនេះ ព្រោះកម្មកររោងចក្រមានការងារធ្វើអាស្រ័យដោយមានការអនុគ្រោះពន្ធ EBA នេះឯង។ ពួកគាត់បន្តថា លោក ហ៊ុន សែន គួរតែគិតពីប្រយោជន៍កម្មករផង ព្រោះវិស័យកាត់ដេរជាប្រភពចំណូលសំខាន់ជាងគេសម្រាប់សេដ្ឋកិច្ចជាតិ ហើយការបាត់បង់ EBA នឹងប៉ះពាល់ដល់ពលរដ្ឋខ្មែររាប់លាននាក់៖ «គាត់គិតថា មន្ត្រីរាជការមិនដាច់ពោះ អាហ្នឹងសម្រាប់គាត់ទេ តែសម្រាប់ប្រជាពលរដ្ឋជាអ្នកដាច់ពោះ ព្រោះមន្ត្រីរាជការមួយចំនួនក៏មានកូនធ្វើជាកម្មកររោងចក្រដែរ មិនមែនធ្វើជាមន្ត្រីរាជការតែមួយមុខនោះទេ អ៊ីចឹងប្រាក់ចំណូលប្រាកដជាថយចុះហើយ ហើយខ្ញុំមិនជឿថា រដ្ឋអាចគ្រប់គ្រងបានទាំងស្រុងនោះទេ។ គាត់មានលុយសម្រាប់ចិញ្ចឹមរដ្ឋាភិបាល សម្រាប់ចិញ្ចឹមកងកម្លាំង ពួកខ្ញុំទេដែលជាអ្នករងហានិភ័យខ្លាំងជាងគាត់។ អ៊ីចឹងគាត់មានទៅខ្វាយខ្វល់អ្វី គាត់ខ្វាយខ្វល់តែរឿងជាមួយកងកម្លាំង ឬក៏មន្ត្រីរាជការរបស់គាត់។ គាត់អត់បានខ្វាយខ្វល់ពីកម្មករក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កសិករ កម្មករអីផងហ្នឹង។ គាត់មានប្រសាសន៍សម្រាប់តែការពារមន្ត្រីរាជការទេ មានប្រាក់ខែបើកឱ្យ ចុះពួកខ្ញុំជាកម្មករ បើអត់ការងារធ្វើ រោងចក្របិទ តើពួកខ្ញុំបានអ្វី ? តើសម្តេចមានអ្វីធានាដល់ពួកខ្ញុំខ្លះ ? សូមឱ្យសម្តេចយកចិត្តទុកដាក់សម្រាប់ពួកខ្ញុំជាកម្មករ គិតគូរកន្លែងហ្នឹងឱ្យមែនទែន ព្រោះកម្មករនៅទូទាំងប្រទេសកម្ពុជាច្រើនណាស់ ជាង ៧០ម៉ឺននាក់»។
ក្រៅពីក្រុមកម្មករ សមាគមថៅកែរោងចក្រក៏ធ្លាប់បានបង្ហាញក្តីបារម្ភជាខ្លាំងជុំវិញការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នេះដែរ។ សមាគមថៅកែរោងចក្របញ្ជាក់ថា ការអនុគ្រោះពន្ធ EBA បានជួយឱ្យពលរដ្ឋខ្មែររាប់លាននាក់បានរួចចាកផុតពីភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សមាគមថៅកែរោងចក្របានព្រមានថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឱ្យបាត់បង់ការងារទ្រង់ទ្រាយធំ ក្នុងវិស័យកាត់ដេរ ដែលនឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ និងគ្រួសាររបស់ពួកគាត់ប្រមាណ ៣លាននាក់ទៀត។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ស្នើយ៉ាងទទូចឱ្យរបបក្រុងភ្នំពេញបំពេញតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីទទួលបានការអនុគ្រោះពន្ធ EBA បន្តទៅទៀត ព្រោះលោកយល់ថា រដ្ឋាភិបាលគ្មានសមត្ថភាពបង្កើតការងាររាប់សែនកន្លែង សម្រាប់កម្មករដែលអត់ការងារធ្វើពីវិស័យកាត់ដេរនោះឡើយ៖ «ពេលដែលរោងចក្រដកចេញ កម្មករនឹងគ្មានការងារធ្វើ ហើយបើគ្មានការងារធ្វើ គាត់នឹងប្រឈមមុខនឹងទៅនឹងបញ្ហាធនាគារជាច្រើន។ នេះដែលជាបញ្ហា អ៊ីចឹងរដ្ឋាភិបាលត្រូវសម្របសម្រួលក្នុងគោលបំណងថែរក្សា EBA ហ្នឹង បើមិនដូច្នេះទេ អាហ្នឹងវាត្រូវបាត់បង់ជាស្ថាពរហើយ។ យើងមិនអាចរកវិធីណា ដើម្បីបង្កើតការងារភ្លាមៗ ឱ្យកម្មករធ្វើគ្រប់គ្រាន់នោះទេ»។
កម្ពុជាជាប្រទេសទទួលបានផលប្រយោជន៍ច្រើនជាងគេលំដាប់ទីពីរ ពីការអនុគ្រោះពន្ធ EBA ដែលមានចំនួនស្មើនឹង១៨% នៃទំនិញគ្រប់ប្រភេទដែលនាំទៅទីផ្សារអឺរ៉ុប ក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែគ្រឿងសព្វាវុធ។ ក្នុងឆ្នាំ២០១៨ សហភាពអឺរ៉ុបនាំចូលទំនិញពីកម្ពុជាគិតជាទឹកប្រាក់ប្រមាណ ៥ ពាន់៣ រយលានយូរ៉ូ (5.3 billion euros) ឬស្មើនឹង ៥ពាន់ ៨រយលានដុល្លារអាមេរិក ($5.8 billion) ដែលទំនិញស្ទើរតែទាំងអស់រួចកាតព្វកិច្ចពន្ធដោយសារតែកម្មវិធី EBA។ ផលិតផលវាយនភណ្ឌ និងសំលៀកបំពាក់ មានចំនួនប្រហែល ៧៥% នៃទំនិញដែលសហភាពអឺរ៉ុបនាំចូលពីកម្ពុជា។
សហភាពអឺរ៉ុបបានបញ្ជាក់រួចហើយថា អឺរ៉ុបនឹងមិនផ្លាស់ប្ដូរជំហររឿង EBA នេះឡើយ ហើយបើរបបក្រុងភ្នំពេញចង់បានការអនុគ្រោះពន្ធបន្តទៀតនោះ របបនេះត្រូវតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឱ្យបានជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។