GMAC ថា ការ​ផ្អាក​ការ​ចរចា​ពី​​ប្រាក់​ឈ្នួល​កម្មករ​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ EBA

0:00 / 0:00

ផល​អវិជ្ជមាន​កើត​ចេញ​ពី​គម្រោង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចាប់ផ្ដើម​ចេញ​សញ្ញា​ជា​បណ្ដើរៗ​ហើយ​។ សហជីព​ថា ការ​ផ្អាក​ការចរចា អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ មក​ពី​សមាគម​អ្នក​បញ្ហា​ទិញ មិន​បន្ថែម​ការ​បញ្ជា​ទិញ និង​មិន​ដំឡើង​តម្លៃ​នៃ​បញ្ជា​ទិញ​ពី​កម្ពុជា។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) លោក ខេន លូ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៨ ខែ​កក្កដា ថា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សម្រេច​ផ្អាក​ការចរចា​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​នេះ ដោយសារតែ​ភាព​មិន​ច្បាស់​លាស់ ជុំវិញ​បញ្ហា​ព្យួរ ឬ​មិន​ព្យួរ គម្រោង​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប​។ លោក​បញ្ជាក់​ថា ក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃ​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គ្មាន​លទ្ធភាព​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​ដល់​កម្មករ​ឡើយ៖ «បញ្ហា​ EBA​ ច្បាស់លាស់​យើង​អាច​ពិចារណា​ឡើងវិញ​ព្រោះ​រឿង​មិនមែន​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ទេ វា​ទាក់ទង​នឹង​ប្រាក់​រង្វាន់​ផ្សេងៗ»។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ មិនទាន់​អាច​បញ្ជាក់​ថា សមាគម​នឹង​បើក​ការ​ចរចា​នេះ​ឡើងវិញ នៅ​ពេលណា​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង។

ការចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA) គឺជា​ការចរចា​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោងចក្រ ក្នុង​វិស័យ​វាយនភណ្ឌ ក្រៅពី​យន្តការ​នៃ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។

កាលពី​ថ្ងៃទី១៥ ខែ កក្កដា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចុះផ្សាយ​លិខិត​មួយ​ច្បាប់​ឱ្យ​ដឹង​ថា «​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប មាន​ន័យ ថា យើង​មិន​ស្ថិត​នៅ​ក្នុង​ជំហរ​ណាមួយ ដែល​ត្រូវ​ធ្វើ​ការចរចា​សំខាន់ៗ​ណាមួយ ដែល​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​នេះ​ឡើយ»។ លោក​បន្ត​ថា «​យើង​ទន្ទឹង​រង់ចាំ​ចូលរួម​ការចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​នេះ​ឡើងវិញ នៅ​ពេល​យើង​មាន​ភាព​ច្បាស់លាស់​អំពី​បញ្ហា EBA»។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ស្នើ​សុំ​ផ្អាក​ការចរចា​នេះ ដែល​លោក​ទី​មួយ​សមាគម​បាន​ជូនដំណឹង​កាលពី​ខែ​មីនា​កន្លង​ទៅ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ពន្យល់​ថា ទោះ​ការ​ការចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ មិនមែន​ជា​ការ​ចរចា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ក្ដី ប៉ុន្តែ​លោក​យល់​ថា ការ​ផ្អាក​ការចរចា​នេះ នឹង​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​អាច​ធ្វើ​កម្មករ​មាន​ជីវភាព​រស់នៅ​បាន​សមរម្យ​ឡើយ។ លោក​ឱ្យ​ដឹង​ទៀត​ថា ការ​ចរចា​នេះ​គឺជា​ការ​ផ្ដួចផ្ដើម​ពី​សមាគម​អ្នកបញ្ជា​ទិញ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ចរចា​រវាង​តំណាង​សហជីព និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក្នុង​គោលបំណង​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​លើ​ប្រាក់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​៖ «យើង​ស្ដាយ​ឱកាស​នៅ​ពេល​អ្នកបញ្ជា​ទិញ​រហូតដល់​ជិត​៥០​ភាគរយ​បាន​តាំងចិត្ត​ថា ឱ្យ​តែ​និយោជក​បង្កើត​ប្រាក់​តម្លៃ​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​ដល់​កម្រិត​ដែល​គេ​អាច​ទទួល​យក​បាន​គេ​បង្កើត​តម្លៃ​ទិញ​ឱ្យ​និយោជក​ចំណេញ»។

លោក អាត់ ធន់ ឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​សមាគម​រោងចក្រ​កាត់ដេរ ប្រកាស​ផ្អាក​ការ​ចរចា​នេះ លោក​ទទួល​ដំណឹង​ពី​ភាគី​បញ្ជា​ទិញ​ជិត​៤០​ភាគរយ​នៃ​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​កម្ពុជា បាន​ប្រកាស​ថា ពួកគេ​មិន​បន្ថែម​ការ​បញ្ជាទិញ និង​មិន​ដំឡើង​តម្លៃ​បញ្ជា​ពី​ក្រុមហ៊ុន​កាត់ដេរ​នៅ​កម្ពុជា​នោះ​ទេ​។ លោក អាត់ ធន់ យល់ថា នេះ​គឺជា​រឿង​គួរ​ឱ្យ​សោកស្ដាយ និង​ជា​ការ​បាត់បង់​ឱកាស​របស់​សមាគម​រោងចក្រ​កាត់ដេរ​ទៅវិញ៖ «តាមពិត​គេ​បាន​ចេញ​លិខិត​ព្រមាន​ដល់ GMAC​ កាលពី​ប៉ុន្មាន​ខែ​មុន​ហើយ​ថា បើ​ GMAC​ មិន​បន្ត​ជជែក​គ្នា​ទេ គេ​ក៏​អត់​មានការ​តាំងចិត្ត​នៅ​ក្នុង​ការ​បញ្ជាទិញ​បន្ថែម ឬ ក៏​​បង្កើត​តម្លៃ​បញ្ជា​ទិញ​ទៀត​ទេ គឺ​នៅ​រក្សា​តម្លៃ​ធម្មតា​ដូច​មុន​អ៊ីចឹង»។

ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ ១៨២​ដុល្លារ សម្រាប់​ឆ្នាំ​២០១៩។ លោក អាត់ ធន់ ជា​ភាគី​ចរចា​ម្នាក់​ក្នុង​ការ​ចរចា​នោះ​ឱ្យ​ដឹង​ថា ក្រុម​សហជីព​គម្រោង​ស្នើសុំ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​បន្ថែមចំនួន ៣០​ដុល្លារ​ក្នុង​មួយ​ខែ ជា​រៀងរាល់​មួយ​ឆ្នាំ​ម្ដង ក្នុង​រយៈពេល​បី​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ដែល​ទទួល​បាន។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ សហភាព​អឺរ៉ុប EU បាន​ប្រកាស​ពី​ការ​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ផ្លូវការ​របស់​ខ្លួន ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​ដក​ឬ​បន្ត កិច្ចព្រមព្រៀង អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា ខណៈ​របប​ក្រុងភ្នំពេញ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។ កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​ពី​ ៥០០ ទៅ​ជាង​ ៦០០​លាន​​ដុល្លារ​ក្នុង​​មួយឆ្នាំ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ ឬ​ដក​ EBA នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។