អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថា រដ្ឋាភិបាល​មិន​ទាន់​អាច​វាយ​តម្លៃ​​របាយការណ៍​គណៈកម្មាការ​​អឺរ៉ុប​​រឿង​​ព្យួរ EBA នៅ​ឡើយ​ទេ

0:00 / 0:00

ក្រសួង​ការបរទេស​បន្ត​មិន​ឆ្លើយតប​របាយការណ៍​វាយតម្លៃ​បឋម​ EBA​ ដែល​គណៈ​កម្មា​ការ​អឺរ៉ុប​បាន​ដាក់ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី១២​ វិច្ឆិកា​ មុននឹង​ឈាន​ទៅ​សម្រេច​ជា​ផ្លូវការ​ ថា​តើ​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា​ ឬក៏​អត់​នោះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ លោក​ កុយ​ គួង​ បដិសេធ​អត្ថា​ធិប្បាយ​ជុំវិញ​របាយការណ៍​វាយតម្លៃ​បឋម​ EBA​ ប៉ុន្តែ​លោក​ថា​ បច្ចុប្បន្ន​ រដ្ឋាភិបាល​កំពុង​ពិនិត្យមើល​របាយការណ៍​នេះ​ ហើយ​រដ្ឋាភិបាល​មិនទាន់​អាច​វាយតម្លៃ​បាន​យ៉ាងណា​នៅឡើយ​ទេ​ ទៅលើ​របាយការណ៍​នេះ​ ព្រោះ​​វា​​ជា​​រឿង​​សម្ងាត់៖ « ខ្ញុំ​ក៏​មិន​អាច​និយាយ​ថា​ របាយការណ៍​នោះ​មាន​លក្ខណៈ​យ៉ាងណា​ដែរ​ព្រោះ​រឿង​នេះ​ជា​រឿង​សម្ងាត់​ ដូច្នេះហើយ​អត់​ទាន់បាន​មាន​ប្រតិកម្ម​អី​ ឬក៏​បំភ្លឺ​ខ្លឹមសារ​ ឬ​ក៏​​យ៉ាង​ណា​​នោះ​ គឺ​​អត់​​ទាន់​​មាន​​ទេ»

ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី១៥​ វិច្ឆិកា​ បាន​​ចេញ​​សេចក្តី​​ថ្លែង​ការណ៍​​ច្រាន​ចោល​​ព័ត៌មាន​​វិទ្យុ​អាស៊ី​​សេរី​ ដែល​​ទទួល​​បាន​របាយការណ៍​​បឋម​​ផ្តាច់​​មុខ​ ដែល​​បង្ហាញថា​ សហគមន៍​អឺរ៉ុប​​រក​​ឃើញ​ថា​ សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ដូចដែល​មាន​ចែង​ក្នុង​កត្តិកា​សញ្ញា​អង្គការ​សហប្រជាជាតិ​​ស្តី​ពី​​សិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ មានការ​ធ្លាក់ចុះ​ដុនដាប​បន្ថែម​ទៀត​ ហើយ​គណៈកម្មការ​អឺរ៉ុប​ ទុក​រយៈពេល​មួយ​ខែ​ឲ្យ​កម្ពុជា​ឆ្លើយតប​ចំពោះ​ការវាយតម្លៃ​នេះ​ គឺ​យ៉ាង​យូរ​​បំផុត​​ត្រឹម​​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ចុង​ឆ្នាំ​​នេះ​ ដើម្បី​កែប្រែ​ចៀសវាង​បាត់បង់ EBA។

ក្រសួង​ការបរទេស​ថា ព័ត៌មាន​អាស៊ី​សេរី​ មិន​ពិត។

ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​ អាស៊ី​សេរី​រក្សា​ជំហរ​មិន​កែប្រែ​អត្ថបទ​នោះ​ទេ​។ មកទល់​ពេលនេះ​ លោក​ កុយ​ គួង​ ព្យាយាម​មិន​បញ្ជាក់​លម្អិត​ទេ​ ជុំវិញ​ខ្លឹមសារ​ដើម​នៃ​របាយការណ៍ EBA បែក​ធ្លាយ​ ដែល​អាស៊ី​សេរី​ បាន​បញ្ចេញ​ និង​ផ្សព្វផ្សាយ​ជាបន្តបន្ទាប់​នោះ​ទេ។

របាយការណ៍​បឋម​ដែល​អាស៊ី​សេរី​មាន​ បង្ហាញថា​ គណៈ​កម្មា​ការ​អឺរ៉ុប​វាយតម្លៃ​ជា​រួម​ថា​ មានការ​ធ្លាក់ចុះ​ដុនដាប​បន្ថែម​ទៀត​ចំពោះ​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ដូចដែល​មាន​ចែង​ក្នុង​កត្តិកា​សញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​។ របាយការណ៍​សរសេរ​ថា​ បើ​ទោះបីជា​មានការ​វិវត្តន៍​ជាក់ស្តែង​ក្នុង​វិស័យ​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​ការងារ​ ការ​កែ​លម្អ​ជា​រួម​ទៅលើ​ការ​រំលោភ​​បំពាន​ ដូចដែល​បាន​កំណត់​នៅពេល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួននេះ​ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ដើម្បី​កែប្រែ​ទៅលើ​ការវាយតម្លៃ​ជា​រួម​ ដែល​ថា​មាន​​ការ​​​រំលោភបំពាន​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​ទៅលើ​គោលការណ៍​នៃ​អនុសញ្ញា​នានា​ ដូច​មាន​ចែង​ក្រោម​ឧប​សម្ព័ន្ធ​ទី៨​ នៃ​បទប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ ស្តី​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP របស់​ខ្លួន។ គណៈ​កម្មា​ការ​អឺរ៉ុប​វាយ​តម្លៃ​ថា​ ពិតជា​មាន​នូវ​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​ ទៅលើ​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ដែល​គោលការណ៍​ទាំងនេះ​មាន​ចែង​ក្នុង​កតិ្ត​កា​សញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ និង​មានការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ការងារ​ ដែល​គោលការណ៍​ទាំងនេះ​ មាន​ចែង​ក្នុង​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ឬ ILO លេខ​ ៨៧ និង៩៨។ ជា​លទ្ធផល​ គណៈកម្មការ​អឺរ៉ុប​ ទុក​រយៈពេល​មួយ​ខែ​ឲ្យ​កម្ពុជា​ឆ្លើយតប​ចំពោះ​ការវាយតម្លៃ​នេះ​ គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១២​ ខែធ្នូ​ចុង​ឆ្នាំ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។