រដ្ឋាភិបាលបង្ហាញក្ដីរីករាយចំពោះប្រាក់ឈ្នួលថ្មី២០៨ដុល្លារសម្រាប់២០២៥ ខណៈកម្មករកំពុងជួបជីវភាពលំបាក
2024.09.23
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អបអរសាទរ និងតែងនិពន្ធបទចម្រៀងពីការដំឡើងប្រាក់ខែគោលឱ្យកម្មករចំនួន ២០៨ដុល្លារ សម្រាប់២០២៥ ខណៈកម្មករមួយចំនួនកំពុងជួបជីវភាពខ្វះខាត និងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែរោងចក្រ។ មន្ត្រីសហជីពយល់ឃើញថា រដ្ឋាភិបាលតែគិតគូរពីសុខទុក្ខរបស់កម្មករតាមរយៈការដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យដល់ពួកគាត់ និងធានាឱ្យមានការគោរពសិទ្ធិការងារនៅកន្លែងការងារ។
ស្របពេលដែលកម្មករធ្វើការនៅក្នុងវិស័យវាយនភណ្ឌជួបការលំបាកដោយសារពួកគាត់ទទួលបានប្រាក់ឈ្នួលទាប ហើយរោងចក្រខ្លះបានបិទទ្វារ ខ្លះបានព្យួរការងារកម្មករ និងខ្លះទៀតរងការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ រដ្ឋាភិបាលបែរជាសប្បាយរីករាយលើស្ថានភាពយ៉ាប់យ៉ឺនរបស់កម្មករទៅវិញ។
ប្រធានសហជីពស្មារតីកម្មករនៃរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) នៅរាជធានីភ្នំពេញ លោក កឹម សុភេន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែកញ្ញា ថាការដំឡើងប្រាក់ខែគោលថ្មីនេះមិនសមាមាត្រទៅនឹងតម្លៃទំនិញនៅលើទីផ្សារឡើយ។ លោកបន្តការ នៅពេលការដំឡើងប្រាក់ខែគោលឱ្យកម្មករម្តងៗថៅកែនៅតាមរោងចក្រតែងតែប្រើឱ្យកម្មករធ្វើការលើសម៉ោង និងមិនបានផ្ដល់ប្រាក់ថែមម៉ោងឱ្យពួកគាត់នោះឡើយ។
លោក កឹម សុភេន៖ «ការលំបាកខ្លាំងបំផុតសម្រាប់បងប្អូនកម្មករគឺការបំបិទសិទ្ធិសេរីភាពការរំលោភបំពានសិទ្ធិសេរីភាពរបស់ពួកគាត់គឺខ្លាំងមែនទែនបច្ចុប្បន្ននេះ ហើយយើងកំពុងព្យាយាមការដោះស្រាយគឺខាងក្រុមហ៊ុនគាបសង្កត់ខ្លាំងមែននៅក្នុងរោងចក្រនេះបច្ចុប្បន្ន»។
ជាមួយគ្នានេះដែរ ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រខេនស្ព័តស៊ូ (Can sport Shoes) ខេត្តកំពង់ឆ្នាំង លោក កាន សុខវី ថ្លែងថា ស្ថានភាពរស់នៅរបស់កម្មករមួយចំនួនគ្មានម្ហូបអាហារហូបចុកបានសមរម្យនោះទេដោយសារតែប្រាក់ខែទាប ដូច្នេះពួកគាត់ត្រូវកាត់បន្ថយការហូបចុក។ លោកបន្តថា ថ្វីត្បិតរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលពី២០៤ដុល្លារ ទៅដល់២០៨ដុល្លារក្នុងមួយខែក្ដី ប៉ុន្តែកម្មករនៅតាមរោងចក្រមួយចំនួនកំពុងប្រឈមនឹងគ្មានការងារធ្វើ និងរោងចក្រខ្លះទៀតបានបន្ថយម៉ោងធ្វើការដូច្នេះប្រាក់ខែរបស់ពួកគាត់ក៏កាត់បន្ថយដែរ។
លោក កាន សុខវី ៖ «ក្នុងកម្មករម្នាក់ៗដូចសព្វថ្ងៃគឺចំនួនច្រើនចិនទារច្រើនគាត់ធ្វើ ដូចថាក្នុងមួយម៉ោង១២០គូទារគ្នា១៣០គូដល់គ្នាធ្វើមួយម៉ោងបាន១៣០គូទារគ្នា១៤០គូអ៊ីចឹងដល់គ្នាធ្វើមិនបានហៅគ្នាឈរជេរ ឬក៏មានការព្រមានពួកគាត់»។
ក្រៅពីកម្មករជួបបញ្ហាជីវភាពខ្វះខាតហើយនោះ ពួកគាត់ក៏ប្រឈមនឹងបញ្ហាសុខភាពទាំងផ្លូវចិត្ត និងកាយដោយសារគ្មានប្រាក់ទិញចំណីអាហារដែលមានជីវជាតិហូបចុក ដើម្បីទុកលុយខ្លះទប់ទល់នឹងថ្លៃផ្ទះជួល និងសងបំណុលធនាគារ។
ការលើកឡើងរបស់កម្មករទាំងអស់នេះគឺស្របពេលដែលរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែកញ្ញា បានបង្ហោះសារអបអរសាទរដល់កម្មករ កម្មការិនីផ្នែកវាយនភណ្ឌ កាត់ដេរ និងតាក់តែងនិពន្ធបទចម្រៀងពីប្រាក់ឈ្នួលឡើងថ្មីពី២០៤ដុល្លារក្នុងឆ្នាំ២០២៤ មក២០៨ដុល្លារនៅឆ្នាំ២០២៥ យ៉ាងសប្បាយរីករាយហើយចាត់ទុកការដំឡើងប្រាក់ឈ្នួលចំនួន ៤ដុល្លារគឺជាកាដូសម្រាប់កម្មករក្នុងរដូវបុណ្យភ្ជុំបិណ្ឌថែមទៀតផង។ ប្រាក់ឈ្នួលថ្មីនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំសួរបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២២ ខែកញ្ញា។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ មានប្រសាសន៍ថា ប្រាក់ឈ្នួលថ្មីនេះ នៅមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់កម្មករនៅឡើយទេ ហើយថៅកែនៅតាមរោងចក្រមួយចំនួនបានបង្ខំឱ្យកម្មករបន្ថែមចំនួនកាត់ដេរសំលៀកបំពាក់ ឬស្បែកជើង។ លោកចង់ឃើញរដ្ឋាភិបាលគិតគូរពីបញ្ហាកម្មករ និងអនុវត្តច្បាប់ឱ្យមានតម្លាភាពដើម្បីកុំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករនៅកន្លែងធ្វើការងារបន្តទៀត។
លោក គង់ អាទិត្យ៖ «ចំណុចដែលកន្លែងអធិការកិច្ចដែលខ្ញុំមើលឃើញយើងត្រូវពង្រឹងគុណភាពអធិការកិច្ចដែលត្រួតពិនិត្យមើលទៅលើការអនុវត្តប្រើប្រាស់ច្បាប់ ឬក៏ការធ្វើអនុវត្តច្បាប់ផ្សេងនៅតាមរោងចក្រផ្សេងៗបើយើងពង្រឹងឱ្យបានល្អយើងដោះស្រាយបញ្ហាបានច្រើនពីព្រោះសហជីពក៏មានកម្រិតដែរ។ មិនមែនមាននៅគ្រប់រោងចក្រ»។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់កម្មករ ដោយអះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងគិតគូរពីសុខទុក្ខរបស់កម្មករ ហើយសន្យាដំឡើងប្រាក់ខែគោលជូនកម្មករឱ្យរស់នៅក្នុងជីវភាពសមរម្យ។
ទោះបីជា លោក ហ៊ុន ម៉ាណែត សន្យាបែបនេះក្ដី ក៏ប៉ុន្តែផ្ទុយពីការអះអាងនេះ រដ្ឋាភិបាលរបស់លោកបានកំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករក្នុងវិស័យវាយនភណ្ឌសម្រាប់ឆ្នាំ២០២៥ ចំនួនត្រឹមតែ២០៨ដុល្លារប៉ុណ្ណោះ ខណៈដែលសហជីពតំណាងឱ្យកម្មករឯករាជ្យទាមទារប្រាក់ឈ្នួលគោល២១៨ក្នុងមួយខែ។ ពួកគាត់ស្នើឱ្យលោក ហ៊ុន ម៉ាណែត គិតគូរពីជីវភាពកម្មករដូចការអះអាងរបស់លោកកន្លងមក ពីព្រោះស្ថានភាពរស់នៅរបស់ពួកគាត់សព្វថ្ងៃកំពុងត្រដរខ្យល់ដែលខុសពីជីវិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានទ្រព្យសម្បត្តិមហាសាលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។