អ្នកសិក្សាការអភិវឌ្ឍសង្គម និងអ្នកនយោបាយថារដ្ឋាភិបាលមានតួនាទីជួយដល់ធនាគារ និងស្ថាប័នមីក្រួហិរញ្ញវត្ថុក្នុងករណីពលរដ្ឋគ្មានលទ្ធភាពសងបំណុលទាន់ពេលវេលា។
កូនបំណុលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុកំពុងបារម្ភថា ពួកគេនឹងគ្មានប្រាក់សងត្រឡប់ទៅម្ចាស់បំណុលវិញឡើយ ដោយសារតែប្រាក់ចំណូលធ្លាក់ចុះ ឬគ្មានប្រាក់ចំណូលតែម្ដង ដោយសារវិបត្តិកូវីដ១៩(CVID-19) ដែលនឹងរុញច្រានអោយរាំងស្ទះអាជីវកម្មគ្រប់ប្រភេទ និងបាត់បង់ការងារ។
ទោះបីយ៉ាងណាធនាគារជាតិបញ្ជាក់ថាការសម្រេចថាផ្ដល់ការពន្យារការបង់ត្រឡប់ ឬបញ្ចុះការប្រាក់គឺជាសិទ្ធិសម្រេចរបស់ស្ថាប័នផ្ដល់ប្រាក់កម្ចីឯកជន។
ចំពោះអ្នកសិក្សាការអភិវឌ្ឍសង្គម និងអ្នកនយោបាយលើកឡើងថារដ្ឋាភិបាលត្រូវទទួលខុសត្រូវជួយទៅដល់ស្ថាប័នធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុក្នុងស្ថានភាពអាសន្នបែបនេះ។
អ្នកសិក្សាការអភិវឌ្ឍអោយដឹងថា ការពឹងផ្អែកតែទៅលើសិទ្ធិសម្រេច ឬឆន្ទៈរបស់ធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអោយផ្ដល់ការពន្យារពេលសងត្រឡប់អោយពលរដ្ឋជាកូនបំណុល ឬបន្ធូរបន្ថយការប្រាក់នោះគឺជារឿងពិបាកនឹងទៅរួច ព្រោះស្ថាប័នទាំងនេះត្រូវការទុនបង្វិលសងទៅម្ចាស់បំណុលវិញដែរ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី អោយដឹងថារដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវធំជាងគេក្នុងស្ថានភាពអាសន្ននេះគឺត្រូវបញ្ចេញថវិកាជាតិជួយដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា គឺមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។ ប្រសិនបើស្ថាប័នធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុមិនអាចប្រមូលប្រាក់មកវិញទេ ស្ថាប័នទាំងនោះអាចប្រឈមនឹងដួលរលំ ដែលនឹងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ៖ « មែនទែនទៅប្រៀបដូចជារដ្ឋហ្នឹង ចេញលុយកញ្ចប់លុយ យកទៅទប់នៅក្នុងអំឡុងពេលដែលកុំឱ្យពលរដ្ឋសង ដើម្បីការពារកុំឱ្យស្ថាប័នហិរញ្ញវត្ថុហ្នុងត្រូវដួលរលំ កាលណាដួលរលំស្ថាប័នមីក្រូហិរញ្ញវត្ថុហ្នុងគឺស្មើនឹងដួលរំលំសេដ្ឋកិច្ចជាតិ។ នៅក្នុងស្ថានភាពសាកលបែបនេះ ខ្ញុំគិតថាលទ្ធភាពនៃការជួយ គឺវាអាស្រ័យទៅលើលទ្ធភាព និងធនធាន ដែលរដ្ឋនីមួយៗ មាន។ ប្រទេសគេដទៃដូចសហរដ្ឋអាមេរិកគេត្រៀមដល់ទៅ ៣ពាន់ពាន់លានដុល្លារ ឬ ៣ទ្រីលានសម្រាប់ជួយសង្គ្រោះស្ថានភាពបែបហ្នឹង»។
លោក បណ្ឌិត មាស នី បន្តថា ចំណែកធនាគារកណ្ដាល ឬធនាគារជាតិក៏ត្រូវមានចំណែកចូលរួមដោះស្រាយបញ្ហាថវិកានេះដែរ៖ « អ៊ីចឹងហើយបានជាក្នុងប្រទេសនីមួយៗ នៅពេលដែលយើងបង្កើតស្ថាប័នក៏ដោយ ឬក៏ធនាគារឯកជនក៏ដោយ គឺត្រូវតែមានលុយតម្កល់ទុកនៅធនាគារកណ្ដាល ដូច្នេះក្នុងស្ថានភាពបែបនេះធនាគារកណ្ដាលត្រូវតែមានតួនាទីមួយក្នុងការបង្វិលលុយទាំងអស់ហ្នុង ដើម្បីមកគាំទ្រដល់ធនាគារឯកជន ឬធនាគារផ្ដល់ប្រាក់កម្ចីវិញនៅក្នុងអំឡុងពេលអ្នកសងមិនទាន់មានលទ្ធភាពសងបាន»។
ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា បានចេញគោលការណ៍៥ចំណុច ដែលនិយាយច្រើនពីបច្ចេកទេសក្នុងផ្នែកធនាគារ និងការផ្ដល់ឥណទាន ឬកម្ចីមានការប្រាក់ ដែលស្ថាប័ននេះចាត់ទុកថាជាការជួយទៅដល់ស្ថាប័ន ដែលផ្ដល់កម្ចីនៅក្នុងបរិបទប្រឈមនឹងបញ្ហារីករាលដាលជំងឺកូវីដ១៩។ ក្នុងនោះរួមមានរក្សាកម្រិតទ្រនាប់ដើមទុនត្រឹម ៥០ភាគរយ កាត់បន្ថយការប្រាក់អប្បបរមាចំនួន ០,៥ភាគរយ ចំពោះប្រតិបត្តិការកម្រិតទិញលក់ទ្រព្យសកម្ម កាត់បន្ថយការប្រាក់លើមូលបត្រអាចជួញដូរបានកាត់បន្ថយអត្រាការប្រាក់បម្រុងមកនៅត្រឹម ៧ភាគរយរយៈពេល ៦ខែជាដើម។
អគ្គនាយកនៃធនាគារជាតិអ្នកស្រី ជា សេរី បានសរសេរពន្យល់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថាវិធានការទាំងនេះមានគោលបំណងបន្ធូរបន្ថយថ្លៃដើមនៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឲ្យស្ថាប័នទាំងនោះបន្តផ្ដល់ឥណទានក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើនក្នុងដៃដើម្បីផ្ដល់ភាពងាយស្រួលដល់ការសម្រេចចិត្តពន្យារពេលសងរបស់ស្ថាប័នទាំងនោះ។ ជាមួយគ្នានេះអ្នកស្រីបញ្ជាក់ថា ការត្រូវផ្ដល់ការពន្យារ ឬកាត់បន្ថយអត្រាការប្រាក់ គឺជាសិទ្ធិរបស់វិស័យឯកជន។ អ្នកស្រីសរសេរបន្តថានៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួសតាមរយៈការមិនយកពន្ធ ឬវិធានការផេ្សងៗ។ អ្នកស្រីលើកឡើងទៀតថាយើងអាចបង្ខំឲ្យធនាគារធ្វើបានលុះត្រាតែធនាគារទទួលផលប្រយោជន៍អី្វមួយពីរដ្ឋវិញ។
អ្នកជំនាញផ្នែកកសិកម្ម ការផ្ដល់ប្រាក់កម្ចីទៅអោយកសិករ និងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ ថ្លែងថាស្ថាប័នមីក្រូហិរញ្ញវត្ថុត្រូវការទុនបង្វិលសម្រាប់សងទៅម្ចាស់បំណុលផង សងការប្រាក់ទៅម្ចាស់ប្រាក់បញ្ញើផង និងប្រាក់ចំណាយសម្រាប់ប្រតិបត្តិការងារទាំងឡាយរបស់ស្ថាប័ននីមួយៗផង។ លោកថាប្រសិនបើស្ថាប័នទាំងនោះមិនទទួលបានប្រាក់ ដែលកូនបំណុលត្រូវសងត្រឡប់មកវិញទេ នោះរដ្ឋាភិបាលត្រូវធានាគាំទ្រទៅដល់ស្ថាប័នទាំងនោះនៅកម្រិតណាមួយ៖ « ទន្ទឹមហ្នឹងរដ្ឋាភិបាលត្រូវជួយដល់គាត់ដែរ។ ត្រូវតម្រូវឱ្យគាត់ធ្វើ ប៉ុន្តែត្រូវតែមានវិធានការជួយសម្រួលដល់ពួកគាត់ក្នុងការទប់ចរន្តសាច់ប្រាក់ដើម្បីអោយពួកគាត់អាចមានលុយបើកប្រាក់ខែ បើកអី ចំណាយផ្សេងៗ។ អ៊ីចឹងអ្វីដែលធនាគារជាតិដាក់វិធានការចំនួន ៥ចំណុចហ្នឹង ថែមនឹងប៉ុន្មានចំណុច ដែលខ្ញុំបានលើកអម្បាញ់មិញហ្នឹង បូកនឹងការដាក់កម្រិតបន្ថែមពីរដ្ឋាភិបាលហ្នឹងអោយមានការផ្អាកនូវការបង់រំលស់ក្នុងរយៈពេលណាមួយ អាចថា រយៈពេល ៣ខែ។ អីចឹង ហ្នឹងគឺអាចធ្វើបានហើយអត់អីទេ»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងធនាគារជាតិដែរដោយស្នើបន្ថែមនូវវិធានការ៣ចំណុចទៀតគឺផ្ដល់ការអនុគ្រោះពន្ធលើប្រាក់ចំណូល ប្រាក់ចំណេញ និងលើការបង់អាជ្ញាប័ណ្ណ ធនាគារជាតិគួរផ្ដល់លុយបន្ថែមដល់ធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាកម្ចីការប្រាក់ទាប ឬគ្មានការប្រាក់ និងត្រូវធានា ចំពោះពលរដ្ឋដែលយកប្រាក់ទៅផ្ញើកុំឱ្យមានការបារម្ភ។
ចំណែកអ្នកឯកទេសហិរញ្ញវត្ថុ និងកិច្ចការវិនិយោគ លោក ង៉ែត ជូ មើលឃើញថាវិធានការរបស់ធនាគារជាតិអាចជួយបានមួយផ្នែកទៅដល់ស្ថាប័នផ្ដល់ប្រាក់កម្ចីទាំងឡាយ។ ប៉ុន្តែលោកក៏មើលឃើញថាធនាគារជាតិ ឬធនាគារកណ្ដាលហាក់មិនមានលទ្ធភាពលើសពីនេះទេ ដើម្បីជួយទៅដល់ស្ថាប័នផ្ដល់ប្រាក់កម្ចី។ ចំណែកការពឹងផ្អែកលើជំនួយពីរដ្ឋាភិបាលក៏លោក ង៉ែត ជូ គិតថាជាការលំបាកដែរព្រោះរដ្ឋាភិបាលក៏ទំនងជាមានលទ្ធភាពតិចតួចដែរ។ លោកថាដំណោះស្រាយមួយដែលអាចធ្វើបានគឺត្រូវមានការពិភាក្សាគ្នារវាងរដ្ឋាភិបាល ធនាគារកណ្ដាល និងស្ថាប័នសាមី ដើម្បីដោះស្រាយបញ្ហាចំពោះមុខ៖ « ទាមទារអោយមានការយោគយល់អធ្យាស្រ័យគ្នា ហើយប្រឹងអោយអស់លទ្ធភាព។ អតិថិជន ដែលមានលទ្ធភាពបន្តបង់ អតិថិជនដែលមានលទ្ធភាពខ្លះបន្តបង់ខ្លះ ចំណែកអតិថិជន ដែលគ្មានលទ្ធភាពបង់សោះ គឺជាករណីដាច់ដោយឡែក»។
ប្រធានចាត់ការទូទៅនៃសមាគមធនាគារលោក ហេង កូយ ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិចនៅថ្ងៃទី២៦ ខែមីនាថា ទាំងស្ថាប័នធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុនៅមិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ចំពោះបញ្ហាបំណុលពលរដ្ឋនេះ។ បើទោះជាយ៉ាងណាក្ដី លោកបញ្ជាក់ថា ស្ថាប័នផ្ដល់កម្ចីទាំងនេះប្រកាន់ជំហរអនុវត្តតាមវិធានការរដ្ឋាភិបាល ធនាគារកណ្ដាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។ នៅក្នុងន័យនេះស្ថាប័នទាំងនេះទំនងរង់ចាំមើលជំនួយថវិកាពីរដ្ឋាភិបាលដែរ ដោយសំអាងថាពួកគេមានកាតព្វកិច្ចសំខាន់ក្នុងការថែរក្សាប្រាក់បញ្ញើសន្សំ របស់អ្នកផ្ញើប្រាក់ ដូចនេះធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏ជាកូនបំណុលរបស់ម្ចាស់ប្រាក់បញ្ញើដែរ និងត្រូវទទួលខុសត្រូវ ចំពោះអ្នកផ្ដល់ប្រាក់កម្ចី ទាំងក្នុងស្រុក និងក្រៅប្រទេស ដែលត្រូវគោរពរាល់លក្ខខណ្ឌនៃប្រាក់កម្ចីទាំងនោះ រួមទាំងធានាឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងទទួលខុសត្រូវចំពោះកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងផ្នែកនេះផងដែរ។
លោក ហ៊ុន សែន កាលពីថ្ងៃទី៩ មីនា បានណែនាំអោយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុពិចារណាបន្ធូរបន្ថយលក្ខខណ្ឌនៃការសងត្រឡប់ទៅស្ថាប័នទាំងនោះវិញ ចំពោះកម្មករ ដែលជួបបញ្ហាដូចជារោងចក្របិទបណ្ដោះអាសន្ន ឬព្យួរការងារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះពុំមានចម្លើយពីស្ថាប័នទាំងនេះថា នឹងចាប់ផ្ដើមផ្ដល់ការពន្យារ ឬបន្ធូរបន្ថយយ៉ាងណាដល់កម្មករនៅឡើយ បើទោះជាមកដល់ពេលនេះសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោច ក៏មានរោងចក្រចំនួន ៥០ បានដាក់ពាក្យសុំព្យួរការងារកម្មករក្នុងវិស័យកាត់ដេរ។ លើសពីនេះក្រុមអ្នកធ្វើការក្នុងវិស័យសេវាកម្មកម្សាន្ត និងភាពយន្តកំពុងបាត់បង់ចំណូល ដោយសាររដ្ឋាភិបាលតម្រូវឱ្យបិទសេវាកម្មផ្នែកនេះបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបញ្ជាក់ថា ការផ្អាកការងារក្នុងផ្នែកនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកធ្វើការ ប្រមាណ៨ម៉ឺននាក់ នៅទូទាំងប្រទេសដែលភាគច្រើនជាស្ត្រី។ ទាំងនេះនៅមិនទាន់រាប់បញ្ចូលដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ សណ្ឋាគារ អាជីវកម្មខ្នាតតូច និងមធ្យមគ្រប់ប្រភេទ កសិករ និងអ្នកធ្វើការទាំងក្នុង និងក្រៅប្រព័ន្ធជាច្រើនទៀត ដែលកំពុងរងផលប៉ះពាល់ធ្វើឱ្យបាត់បង់ប្រាក់ចំណូលដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នេះ។
ទាក់ទងនឹងបញ្ហានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនោះលើកឡើងដែរថារដ្ឋគួរមានវិធានការផ្អាកការទារបំណុលពីពលរដ្ឋក្នុងគ្រាអាសន្ននេះ៖« ប៉ុន្តែទន្ទឹមនឹងស្បៀងនេះ យើងត្រូវមើលបញ្ហាប្រជាពលរដ្ឋមានអ្វីដែលចាំបាច់ ដូចជា បំណុល បើមិនសងបំណុលឲ្យធនាគារ សហគ្រាសអី មីក្រូហិរញ្ញវត្ថុនោះ គេមករឹបអូសផ្ទះ កំពុងតែភ័យខ្លាចស្លាប់ កំពុងតែជួបប្រទះជីវភាពរស់នៅខ្លាចដាច់បាយ ស្រាប់តែគេមករឹបអូសផ្ទះ រឹបអូសដីធ្លី។ ដូច្នេះហើយបានត្រូវចាត់វិធានការថា ផ្អាកឲ្យធនាគារ អង្គការទាំងអស់ហ្នុង ផ្អាក គឺប្រាប់ប្រជាពលរដ្ឋទៅថា ក្នុងគ្រាអាសន្ន ដែលប្រជាពលរដ្ឋជួបការលំបាក មិនដឹងស្លាប់ មិនដឹងរស់នេះ មិនចាំបាច់បង់ការប្រាក់ មិនចាំបាច់សងបំណុលទេ»។
លោក ហ៊ុន សែន ធ្លាប់ប្រកាសថាកម្ពុជាបានត្រៀមថវិកា ៨០០លានដុល្លារសម្រាប់ទប់ទល់វិបត្តិកូវីដ១៩ ប្រសិនបើអូសបន្លាយរយៈពេល ៦ខែ និង ២ពាន់លានសម្រាប់រយៈពេលមួយឆ្នាំ។
លោក បណ្ឌិត មាស នី មើលឃើញថាប្រសិនបើរដ្ឋាភិបាលពិតជាមានប្រាក់ទាំងនេះមែនគឺគួរតែដល់ពេលយកមកប្រើប្រាស់ដោះស្រាយបញ្ហាបំណុលពលរដ្ឋនេះហើយ បើពុំនោះសោតរដ្ឋាភិបាលនឹងធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្ត៖ « បាទដល់ពេលមានអាសន្នមក យើងមិនដឹងថា ចាប់អីយកអី ហើយហ្នឹងជាកំណត់ត្រាមួយដែលបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាលដែរ នៅក្នុងការគ្រប់គ្រងប្រទេសមួយ ប្រសិនបើក្នុងករណីអាសន្ននេះយើងដោះស្រាយមិនរួចទេ ហើយយើងធ្វើឱ្យប្រទេសយើងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចមួយជាន់ទៀត នេះជាវាសនាអាក្រក់មួយរបស់ពលរដ្ឋខ្មែរ » ។
របាយការណ៍ស្រាវជ្រាវរបស់អង្គការលីកាដូ និងសមាគមធាងត្នោត កាលពីឆ្នាំ២០១៩ រកឃើញថា ពលរដ្ឋខ្មែរជិត ២លាន ៤សែនគ្រួសារ កំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ដែលគិតជាប្រាក់សរុបស្មើនឹងប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨។ ក្នុងនោះគិតជាមធ្យម ពលរដ្ឋក្នុងមួយគ្រួសារអាចជំពាក់បំណុលរហូតដល់ទៅជិត ៣ពាន់ ៤រយដុល្លារអាមេរិក។ ចំណែករបាយការណ៍របស់ធនាគារជាតិឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ផលប័ត្រឥណទាន ឬប្រាក់កម្ចីផ្ដល់ឱ្យកូនបំណុលសរុបប្រមាណ ៣២ពាន់លានដុល្លារអាមេរិក។
បើទោះជាយ៉ាងណាក្នុងស្ថានភាព ដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍នេះទាំងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ទាំងអ្នកសិក្សាការអភិវឌ្ឍសង្គមស្នើរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបញ្ចៀសស្ថានការណ៍អាក្រក់ ដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។