សង្គមស៊ីវិលរិះគន់អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ថា ជាមធ្យោបាយរកមុខតំណែងឱ្យមន្ត្រីគណបក្សកាន់អំណាច និងចំណាយថវិកាជាតិខ្ជះខ្ជាយ។ ពួកគេជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់កែលម្អការបំពេញមុខងាររបស់អាជ្ញាធរដែលកំពុងកាន់កាប់តួនាទីឱ្យមានប្រសិទ្ធភាព ទើបជារឿងល្អសម្រាប់ប្រយោជន៍ជាតិ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីការកំណត់ចំនួនគណៈអភិបាលថ្នាក់រាជធានី ខេត្តពីចំនួន៧នាក់ ទៅចំនួន១១នាក់ និងថ្នាក់ក្រុង ស្រុក ខណ្ឌបង្កើនពីចំនួន ៥នាក់ទៅចំនួន ៧នាក់។
សង្គមស៊ីវិលចាត់ទុកការបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗឱ្យកាន់តែច្រើននោះ គឺជាមធ្យោបាយចែកអំណាចគ្នាកាន់កាប់ដោយចំណាយថវិកាជាតិថែមទៀត។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា រដ្ឋាភិបាលមិនគួរបង្កើនចំនួនគណៈអភិបាលដែលនាំឱ្យខ្ជះខ្ជាយថវិកាជាតិនោះទេ ពីព្រោះចំនួនអាជ្ញាធរថ្នាក់ខេត្តនិងស្រុកកន្លងមកសមល្មមទៅនឹងទំហំការងារហើយ។ លោក គៀន ពន្លក សង្កេតឃើញថា បញ្ហា គឺស្ថិតត្រង់មន្ត្រីទាំងនោះមិនទាន់បំពេញតួនាទីរបស់ខ្លួនឱ្យមានគុណភាព និងប្រសិទ្ធភាពនៅឡើយ ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងលុបបំបាត់ពើពុករលួយជាដើម។ ទោះយ៉ាងណាលោកថា រឿងនេះទំនងទាក់ទងផលប្រយោជន៍យោបាយរបស់គណបក្សកាន់អំណាចរកមុខតំណែងចែកគ្នាកាន់កាប់ជាជាងប្រយោជន៍ជាក់ស្តែងរបស់ពលរដ្ឋនៅតាមមូលដ្ឋាន៖ «នៅពេលរដ្ឋាភិបាលក្បាលធំជាងខ្លួន ការចំណាយលើមន្ត្រីរបស់ខ្លួនបែបនេះ តើផលប្រយោជន៍បានទៅដល់ប្រជារាស្ត្រប៉ុន្មានភាគរយ ខ្ញុំគិតថាផលប្រយោជន៍បានទៅដល់ប្រជាពលរដ្ឋគឺតិចតួច ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រទៅៗតាមរយៈការគ្រប់គ្រងមួយដែលមានលក្ខណៈមិនល្អប្រសើរនៅក្នុងរដ្ឋបាលសាធារណៈ ហើយធ្វើឱ្យអំណាចរបស់រដ្ឋាភិបាលហ្នឹង គឺកាន់តែមានអំណាចខ្លាំងឡើងៗ»។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ កាលថ្ងៃទី១៧ ខែមិថុនា។ ក្នុងនោះរដ្ឋាភិបាលបានសម្រេចបង្កើនចំនួនគណៈអភិបាលទាំង២៥រាជធានី ខេត្ត ពីចំនួន៧នាក់ ទៅចំនួន១១នាក់ស្មើគ្នា និងចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ បង្កើនពីចំនួន៥នាក់ ទៅចំនួន៧នាក់ស្មើគ្នា។
កាលពីដើមខែមេសា គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុកលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រ១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនចំនួនគណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១នាក់ គណៈអភិបាលខេត្តមានចំនួន៧នាក់ ទៅ១១នាក់ និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន៥នាក់ ទៅ៧នាក់។ បន្ទប់មកកាលពីថ្ងៃទី៣ ខែមិថុនា ព្រះមហាក្សត្របានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់នេះជាការប្រញាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃ២៤ ខែមិថុនា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា ការបង្កើនចំនួនគណៈអភិបាលត្រូវផ្អែកលើគោលបំណងជាក់លាក់ ដើម្បីបង្កើតប្រសិទ្ធភាពក្នុងការផ្តល់សេវាថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព ជំរុញយន្តការអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន និងជំរុញការកាត់បន្ថយអំពើពុករលួយ គឺជារឿងល្អប្រសើរ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះមើលឃើញថា បច្ចុប្បន្នចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមានចំនួនច្រើនហើយដោយមិនចាំបាច់បន្ថែមទៀតទេ ព្រោះការពង្រីកក្បាលម៉ាស៊ីនដឹកនាំថ្នាក់ក្រោមច្រើនអាចប៉ះពាល់ដល់ទំហំថវិកាជាតិដែលមានតិចតួចសម្រាប់យកទៅវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីរុញល្បឿនសេដ្ឋកិច្ច ការលូតលាស់អាជីវកម្មជាដើម។ លោក ប៉ិច ពិសី បញ្ជាក់ថាករណីនេះរដ្ឋាភិបាលគ្រាន់តែពង្រឹងយន្តការអនុវត្តតួនាទីតាមបែបលទ្ធិប្រជាធិបតេយ្យដែលមានស្រាប់ ជាពិសេសការសម្រេចចិត្តដោយផ្តល់ប្រយោជន៍ពលរដ្ឋ និងសាធារណៈ៖ «កន្លងមកយើងដឹងហើយថា យើងមានគណៈអភិបាលច្រើនរួចហើយ ខ្ញុំគិតថា គ្រប់គ្រាន់ដើម្បីក្នុងការដឹកនាំហើយ ប៉ុន្តែរឿងសំខាន់ សួរថា តើយន្តការនៃការធានានូវការសម្រេចចិត្តរបស់គណៈអភិបាលបែបលទ្ធិប្រជាធិបតេយ្យមានប៉ុណ្ណា ពីព្រោះគណៈអភិបាលគាត់មានសិទ្ធិធំណាស់ក្នុងការរៀបចំយុទ្ធសាស្ត្រខេត្ត ការអនុវត្ត ដឹកនាំអភិវឌ្ឍខេត្តផ្សេងៗ ហើយកន្លងមកមានការចែងពីតួនាទី និងសិទ្ធិជាក់លាក់ តែការអនុវត្តន៍នៅមានកម្រិតនៅឡើយ»។
ស្រដៀងគ្នានេះដែរ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ករណីនេះលោកមើលឃើញទិដ្ឋភាពពីរ គឺទីមួយផ្នែកអភិបាលបាលកិច្ច ដើម្បីជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋបន្ថែមទៀត ប៉ុន្តែចំណុចនេះលោកថា រដ្ឋាភិបាលគួរសម្រេចផ្អែកលើប្រជាសាស្ត្រ និងតម្រូវការជាក់ស្តែងនៅតាមរាជធានីខេត្តនីមួយៗ ដោយមិនត្រូវកំណាត់ចំនួនច្រើនបែបនេះទេ។ ចំណែកផ្នែកទិដ្ឋភាពនយោបាយវិញ លោកថាសេចក្តីសម្រេចរដ្ឋាភិបាលមិនជៀសផុតពីការរិះគន់នោះ ពីព្រោះកន្លងទៅមន្ត្រីទាំងនោះមិនទាន់ចែកឱ្យដាច់រវាងការងារគណបក្សនយោបាយនិងមុខងារមុខងារសាធារណៈដែលធ្វើការបំពេញការងារមានភាពមិនត្រឹមត្រូវ និងខ្វះចន្លោះ៖ «ខេត្តណាមានប្រជាពលរដ្ឋច្រើន ការបង្កើនចំនួនអាសនៈគណៈអភិបាល គឺមិនអីទេ ប៉ុន្តែខេត្តណាដែលមានប្រជាពលរដ្ឋតិចហើយជាខេត្តដែលមានរដ្ឋបាលមិនស្មុគស្មាញ គឺគួរមានការកំណត់តាមតម្រូវការនិងភាពជាក់ស្តែងដែរមិនមែនកំណត់ចំនួនច្រើននោះទេ»។
កន្លងមកមន្ត្រីសង្គមស៊ីវិលមើលឃើញថា ប្រសិទ្ធភាពការងារដឹកនាំរដ្ឋពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិមិនអាស្រ័យលើបរិមាណទេ តែត្រូវយកចិត្តទុកដាក់ពិនិត្យលើគុណភាពដោយមិនត្រូវបង្កើនតួនាទី និងមុខតំណែងច្រើនរកកន្លែងអង្គុយគ្មាននោះទេ ហើយត្រូវការអនុវត្តស្របតាមមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងបម្រើដល់ប្រយោជន៍ពលរដ្ឋ និងសង្គម។ ផ្ទុយទៅវិញរដ្ឋាភិបាលលោក ហ៊ុន សែន តែងតែរងការរិះគន់ពីការធ្វើច្បាប់ជាបន្ទាន់ និងប្រញាប់ ដើម្បីឆ្លើយតបទៅតាមការចង់បានក្នុងការបន្តក្រាញអំណាច ជាពិសេសដើម្បីបែងចែកអំណាច និងតួនាទីទៅដល់មន្ត្រីនិងបក្ខពួករបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។