លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ រដ្ឋាភិបាលប្រទេសចិន ឲ្យដឹកសាច់ក្រណាត់ តាមយន្តហោះ និងកប៉ាល់ទឹក មកកម្ពុជា ឲ្យបានលឿនតាម ដែលអាចធ្វើទៅបាន ដើម្បីជួយទប់ស្កាត់ស្ថានភាព ការបិទរោងចក្រ និងកម្មករគ្មានការងារធ្វើ។
លោក ហ៊ុន សែន ថា វិស័យកាត់ដេរនៅកម្ពុជា ពឹងផ្អែកលើការនាំចូលសាច់ក្រណាត់ពីចិនជាងពាក់កណ្ដាល (៦០ភាគរយ) ដូច្នេះ លោកសង្ឃឹមថា ចិន នឹងបញ្ចេញយន្តហោះឲ្យបានច្រើនគ្រឿងសម្រាប់ដឹកសាច់ក្រណាត់មកកម្ពុជា រួមទាំងការដឹកជញ្ជូនវត្ថុធាតុដើមទាំងនេះ តាមផ្លូវទឹកដូចធម្មតា ដើម្បីទប់ទល់នឹងស្ថានភាពខ្វះខាតសម្ភារៈនៅកម្ពុជា ពេលនេះ។
លោក ហ៊ុន សែន ស្នើសុំ តាមរយៈអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) ថា រដ្ឋាភិបាលក្រុងភ្នំពេញ ក៏នឹងជួយជ្រោមជ្រែង ជួលយន្តហោះពីភ្នំពេញ ទៅជួយដឹកថែមទៀតដែរ បើសិនជាចិន ព្រមទទួលយកសំណើលោក៖ « ខ្ញុំគិតថា ធ្វើបាន កប៉ាល់ហោះចិនច្រើនណាស់ ច្រើនណាស់ កប៉ាល់ហោះចិនច្រើនណាស់។ ដឹកតាមអាដែងនែក យន្តហោះ ព្រោះមួយចំនួន ក៏ធ្លាប់បានដឹកតាមយន្តហោះមកដែរ។ អ៊ីចឹងទេ វាអាចសង្គ្រោះ កុំឲ្យកម្មករ កម្មការិនីរបស់យើង ជួបប្រទះ នូវបញ្ហាខ្វះវត្ថុធាតុដើម ហើយបិទរោងចក្រ។ អ៊ីចឹង អាដឹកតាមកប៉ាល់ ក៏ចេះតែដឹកមក។ អាកន្លែងណា ដឹកតាមយន្តហោះណា យើងដឹក ហើយយើងអាចនឹងជួលយន្តហោះ ពីកម្ពុជា ទៅដឹកវត្ថុធាតុដើម ហ្នឹងមក ព្រោះអាហ្នឹងប្រភេទដឹកកាហ្គោ កាហ្គោ។ អត់មានដឹកភ្ញៀវទេ ដឹកហែងតែសាច់ក្រណាត់មកម្ដង»។
លោក ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) ដែលស្ថិតក្នុងពិធីជាមួយ លោក ហ៊ុន សែន ដែរ មិនទាន់ឆ្លើយតបបែបណាឡើយ ចំពោះសំណើនេះ។
លោក ហ៊ុន សែន បានរំលឹកម្ដងទៀតថា រដ្ឋាភិបាលលោក នៅតែធានាថា កម្មករនឹងទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន៦០ភាគរយ ស្មើប្រមាណ១២០ដុល្លារអាមេរិក សម្រាប់កំឡុងពេលព្យួរការងាររយៈពេលខ្លី។ តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ចង់ឲ្យចិន ដឹកក្រណាត់មកកម្ពុជា ទាន់ពេល និងចង់ឃើញស្ថានភាពកម្មករ នៅមានការងារធ្វើដូចធម្មតា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មិនយល់ទាស់នឹងការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ដែលចង់ឲ្យមានការដឹកសាច់ក្រណាត់តាមយន្តហោះទេ។ តែលោក ថា វាមានតម្លៃថ្លៃខ្លាំង លើសច្រើនដង ជាងការដឹកតាមធម្មតា គឺដឹកតាមកប៉ាល់ និងឡានកុងតឺន័រ។ លោក អាត់ ធន់ មិនរំពឹងថា យន្តហោះ មានលទ្ធភាពដឹកក្រណាត់បានច្រើនទេ។ លោកថា បើចិនយល់ព្រមពិតមែន យន្តហោះគ្រាន់តែអាចដឹកក្រណាត់បានខ្លះ ដើម្បីបំពេញតាមរោងចក្រ កំពុងប្រឈមខ្លាំង និងរយៈពេលខ្លី។
លោក អាត់ ធន់ ឲ្យដឹងថា ក្រៅពីកម្ពុជា ប្រទេសនេប៉ាល់ ក៏រងវិបត្តិខ្វះវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ដោយសារ មិនអាចនាំចូលពីប្រទេសចិនដែរ។ ប៉ុន្តែ លោកថា វិស័យកាត់ដេរនៅប្រទេសផ្សេងទៀត ដូចជា ប្រទេសវៀតណាម ជាដើម មិនទាន់មានការបញ្ជាក់ ពីហានិភ័យ ខ្វះវត្ថុធាតុដើម នាំចូលពីចិនទេ។
លោក អាត់ ធន់ ហាក់ភ្ញាក់ផ្អើល នៅពេលលឺរដ្ឋាភិបាលបង្ហើបដំណោះស្រាយ សម្រាប់ការខ្វះវត្ថុធាតុដើមរោងចក្រ គឺការដឹកជញ្ជូនឲ្យលឿន ដោយសារ កាលពីដំបូងរដ្ឋាភិបាល ប្រកាស ថា វិបត្តិខ្វះវត្ថុធាតុដើម ដោយសារ រោងចក្រផលិតវត្ថុធាតុដើមនៅក្នុងប្រទេសចិន បិទទ្វារបង្ការការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ១៩ (Covid-19) តែពេលនេះ មកជាស្នើឱ្យមានការដឹកជញ្ជូនទៅវិញ៖ « ដែលយើងដឹងដំបូងថា នៅស្រុកចិន វាអត់ផលិត។ ឥឡូវហ្នឹង គឺទៅជាបញ្ហាដឹកវិញ។ ចង់ឆ្ងល់ដែរ។ បើសិនជាផលិតបានហើយ បញ្ជូនដល់ផែ អាដឹកហ្នឹង ដូចជាមិនសូវអ្វីប៉ុន្មានទេ ដោយសារកម្ពុជារបស់យើង មិនបិទជើងហោះហើរ មិនបិទតាមកប៉ាល់អ្វីទេ។ អ៊ីចឹង ខ្ញុំគិតថា នៅពីក្រោយ ឲ្យប្រាកដជាអ្វី វាមានការប្រែប្រួលច្រើនដែរ»។
ខណៈរោងចក្រខ្លះ បានសម្រេចព្យួរការងារកម្មករ រយៈពេលខ្លី ដោយសំអាងវិបត្តិវត្ថុធាតុដើម ដោយសារឥទ្ធិពលជំងឺកូវីដ១៩ នៅប្រទេសចិននេះ គឺស្របពេល ជាមួយគ្នា ដែលគណៈកម្មការអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
លោក ហ៊ុន សែន បានធានាអះអាងថា នឹងផ្ដល់ជូនប្រាក់ឧបត្ថម្ភ ឲ្យកម្មកររយៈពេលខ្លី សរុបចំនួន៦០ភាគរយនៃប្រាក់ឈ្នួល តែត្រូវបំពេញកាតព្វកិច្ចចូលរួមវគ្គបណ្ដុះបណ្ដាលបន្ថែមរយៈពេល ៤ខែ។ តែ លោក អាត់ ធន់ បារម្ភថា កម្មករពិបាកក្នុងការចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនោះ ព្រោះ ការរៀនរយៈពេលវែង (៤ខែ) កម្មករទទួលបានតែ ១២០ដុល្លារ ក្នុងមួយខែ ហើយត្រូវចំណាយប្រាក់ធ្វើដំណើរ និងជួលផ្ទះ ជាដើម។
លោក អាត់ ធន់ យល់ថា ដំណោះស្រាយពេលនេះ រដ្ឋាភិបាលគួរពិនិត្យមើលលទ្ធភាពវត្ថុធាតុដើម នៅក្នុងឃ្លាំងស្ដុកឲ្យអស់លទ្ធភាពសិន គួរកែប្រែវិស័យផ្សេងទៀត ឲ្យកម្មកររោងចក្រកាត់ដេរចូលធ្វើការជំនួស ឧទាហរណ៍ ដូចជា វិស័យកសិកម្ម ជាដើម។ លោក អាត់ ធន់ បន្តថា រដ្ឋាភិបាល ក៏គួរពិនិត្យមើលលទ្ធភាពបើករោងចក្រផលិតវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ នៅក្នុងប្រទេសកម្ពុជា ជំនួសឲ្យការនាំចូល ដែលជាការកាត់បន្ថយការពឹងផ្អែកវត្ថុធាតុដើមពីប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។