សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា បើ​គ្មាន​ EBA វិស័យ​នេះ​នឹង​ត្រូវ​ខ្ទេច​ខ្ចី និង​ប៉ះពាល់​កសិករ​ជាង​កន្លះ​លាន​គ្រួសារ

0:00 / 0:00

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ថា ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA គឺ​ឧស្សាហកម្ម​ស្រូវ​អង្ករ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ។ សង្គម​ស៊ីវិល​យល់​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គួរតែ​យក​ពេលវេលា នេះ​ទៅ​ជជែក​ជាមួយ​របប​ក្រុងភ្នំពេញ ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដើម្បី​រក្សា​ការ​អនុគ្រោះ​ព័ន្ធ​ពិសេស​នេះ​ពី​សហភាព​អឺរ៉ុប។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប កុំ​ដក​នូវ​ប្រព័ន្ធ​កម្មវិធី​អនុគ្រោះ​ព័ន្ធ​''​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ ឬ​EBA'' ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ និង រក្សា​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក ក្នុង​ការ​ពង្រីក​ការផលិត​ស្រូវ​អង្ករ ដែល​ស្របតាម​ស្តង់ដារ​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា បង្ហាញ​ថា នៅ​ដើម ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា បាន​នាំចេញ​អង្ករ​បាន​ជាង ៩ម៉ឺន​តោន (៩៣.០០០​​តោន)​ទៅ កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប (EU) ប៉ុន្តែ​បរិមាណ​នេះ គឺ​បាន​ត្រឹមតែ​ពាក់​កណ្តាល​តែប៉ុណ្ណោះ​បើ​ធៀប នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨។ ការ​ធ្លាក់ចុះ​នេះ ដោយសារតែ​សហគមន៍​អឺរ៉ុប​បាន​កំណត់​យក ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បញ្ជាក់​ថា ការកំណត់​ពន្ធ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​កសិករ កម្ពុជា​ជាង​កន្លះ​លាន​គ្រួសារ ដែល​ប្រឹងប្រែង​ចិញ្ចឹមជីវិត​ដោយ​ការ​ដាំដុះ​ស្រូវ​ក្រអូប ផ្កា​ម្លិះ ស្រូវ​ក្រអូប​គ្រាប់​វែង ដែល​ប្រភេទ​ពូជស្រូវ​ទាំងនេះ បាន​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​មួយ ហើយ​មិន​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់ ជាមួយ​ផលិតផល​បាន​ដាំ​ដុះ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប នោះ​ឡើយ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើកឡើង​ថា បញ្ហា​ទាំងនេះ បាន​ធ្វើ​ឱ្យ​ឈឺចាប់​និង​ដោះស្រាយ​មិនទាន់ ចេញ​ផង ស្រាប់តែ​ឥឡូវ​សហគមន៍​អឺរ៉ុប កំពុង​ពិចារណា​ដក​EBA​ថែមទៀត ដើម្បី​ដាក់​សម្ពាធ​ឱ្យ មាន​ការ​កែទម្រង់​នយោបាយ​នៅ​កម្ពុជា។

EBA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បាន​អនុញ្ញាត ឱ្យ​ទំនិញ​ពី​កម្ពុជា ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត បាន​នាំចូល​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដោយ​រួច​ពន្ធ​នាំចូល និង​អាករ​ផ្សេងៗ​។ លើស​ពី​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​នូវ​ចរន្ត​ទំនិញ សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ផ្ដល់​គោល​នយោបាយ ធានា​សុវត្ថិភាព​មួយ​លើ​សេដ្ឋកិច្ច​ទាំងមូល ដែល​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​មាន​កំណើន​ដ៏​ខ្លាំងក្លា និង​ឧត្ដមភាព​នៃ​កំណើន​តម្រូវការ​ពី​ទីផ្សារ​ពិភពលោក​ផង​ដែរ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ក្តី​បារម្ភ​ថា បើ​ដក EBA គឺជា​ការ​វាយ​បំផ្លាញ​មួយ​ដែល​នាំ​ឱ្យ ឧស្សាហកម្ម ស្រូវ​អង្ករ ត្រូវ​ខ្ទេច​ខ្ចី និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កសិករ​។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍ថា ការ​អំពាវនាវ​របស់ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទៅ​កាន់​សហភាព​អឺរ៉ុប​នេះ មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ គឺ​ហាក់ដូចជា ស្គាល់​ជំងឺ តែ​មិន​រក​គ្រួ​ពេទ្យ​ជំនាញ​ជួយ​ព្យាបាល ឬ​អេះ​មិន​ចំ​រមាស់ ។ លោក​បន្ត​ថា សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា គួរតែ​យក​ពេលវេលា​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​ដែល​ជា​អ្នក​កាន់​កូនសោ​ដោះស្រាយ បញ្ហា​នេះ។ «»

មិនមែន​តែ​ប្រជាកសិករ​នោះ​ទេ​ដែល​រង​ផល​ប៉ះពាល់​នោះ។ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​ទៅ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥​ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួកគេ​ប្រមាណ ៣​លាន​នាក់​ទៀត ដែល​កំពុង​រស់នៅ​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​កាត់ដេរ។ GMAC ក៏បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឱ្យ​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៅ​ទៀត ពីព្រោះ​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​គឺ​ខុស​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​សហភាព​អឺរ៉ុប និង​តែងតែ​អួតអាង​យ៉ាង​ឡូយ​ថា មិន​មាន​ផល​ប៉ះ ពាល់​ធ្ងន់ធ្ងរ ហើយ​ថែមទាំង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រឹងមាំ​ថែម​ទៀត​ផង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង ថ្លែង​ថា ការ ព្រួយ​បារម្ភ​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នេះ គឺ​បង្ហាញ​ថា ផល​ប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការ កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA នេះ មាន​ទំហំ​ធំធេង ដូច្នេះ​រដ្ឋាភិបាល គួរតែ​ពន្លឿន​ការ​ដោះ ស្រាយ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ឱ្យ​បាន​ឆាប់​បំផុត។ លោក​បន្ត​ថា រដ្ឋាភិបាល អាច​ដោះ ស្រាយ​បាន ប្រសិនបើ​មាន​ឆន្ទៈ​ពិតប្រាកដ និង​គិត​គួរ​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ «»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ឡោ រស្មី បាន​ឡើយ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំ​ជាងគេ​ពី​កម្ពុជា មាន​ចំនួន​ស្មើនឹង​ជិត ២៧​ម៉ឺន​តោន ឬ​ស្មើនឹង​ជិត ៤៣​ភាគរយ នៅ​ឆ្នាំ​២០១៨។ ចាប់​តាំង​ពី​សហភាព​អឺរ៉ុប ចាត់​ផ្ដើម​គិត​ពន្ធ​នាំចូល​អង្ករ​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៩​មក បាន​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​កម្ពុជា​ទូទាំង​ប្រទេស​ចុះថោក​យ៉ាង​ខ្លាំង​ពុំ​ធ្លាប់​មាន។

បច្ចុប្បន្ន មិនមែន​មានតែ​សហភាព​អឺរ៉ុប​ទេ ដែល​គ្រោង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ សមាជិក​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ក៏បាន​ស្នើ​ច្បាប់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​សហរដ្ឋអាមេរិក ចេញពី​កម្ពុជា​ផង​ដែរ ដោយសារតែ​សហរដ្ឋអាមេរិក​ចោទ​ប្រកាន់​ថា របប​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។

សហភាព​អឺរ៉ុប បាន​បញ្ជាក់​ប្រាប់​របប​ក្រុងភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា អឺរ៉ុប​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​រឿង EBA នេះ​ឡើយ ហើយ​បើ​របប​នេះ​ចង់​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​នោះ របប​នេះ​ត្រូវតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​បាន​ជា​ដាច់ខាត ដូចជា ការ​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។