អ្នករកស៊ីក្រៅប្រព័ន្ធនៅខេត្តសៀមរាបពុំសូវរកប្រាក់ចំណូលបានពីវិស័យទេសចរណ៍ ដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ព្រោះមិនសូវមានភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។ អង្គការសង្គមស៊ីវិលថា កម្ពុជាគួរតែបង្កើនទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសជិតខាងឱ្យបានច្រើន និងផ្សព្វផ្សាយពីវប្បធម៌ជាតិឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត។
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន ដូចជាអ្នករត់កង់បី និងអ្នកលក់ដូរនៅតំបន់ប្រាសាទអង្គរធំ នៅខេត្តសៀមរាប លើកឡើងថា បច្ចុប្បន្ននេះភ្ញៀវទេសចរមកលេងកំសាន្តនៅខេត្តសៀមរាប មិនសូវមានច្រើននោះទេ ចំណែកភ្ញៀវបរទេសមានតិចតូចប៉ុណ្ណោះ។ ពួកគាត់ថា ទោះបីរដ្ឋាភិបាលព្យាយាមប្រកាសថា ភ្ញៀវទេសចរបរទេសសម្រុកមកលេងកម្ពុជាច្រើនក្ដី ប៉ុន្តែជាក់ស្ដែង មិនដូចការលើកឡើងនោះឡើយ ស្របដែលពួកគាត់រកប្រាក់ចំណូលក្នុងមួយថ្ងៃស្ទើរតែមិនបាន ៥ពាន់រៀល ពីវិស័យទេសចរណ៍។
កំពុងតែអង្គុយលើកងបីរបស់ខ្លួននៅមុខប្រាសាទបាយ័ន ដែលពលរដ្ឋហៅថាអង្គរធំ។ លោក ម៉េត សាលីស ប្រាប់វិទ្យុអាស៊ីសេរីថា លោករត់កង់បីជារៀងរាល់ថ្ងៃភាគច្រើនដឹកពលរដ្ឋខ្មែរដែលមកលេងតាមប្រាសាទ។ លោកបន្តថា ក្នុងមួយខែលោកមានភ្ញៀវបរទេសដឹកបានតែ ៣ទៅ៤ជើងប៉ុណ្ណោះ ហើយភ្ញៀវទាំងនោះបានកក់តាមប្រព័ន្ធអនឡាញ(Online) ដូចជាតេឡេក្រាម (Telegram)និងវ័តស្អេប (Whatsapp) ជាដើម។
លោកបន្តថា ស្ថានភាពភ្ញៀវទេសចរបរទេសមកលេងនៅខេត្តសៀមរាបពេលនេះ គឺស្ងប់ស្ងាត់ បើទោះបីកម្ពុជាបានបើកប្រទេសឡើងវិញហើយក៏ដោយ។ លោកអះអាងថា កត្តាមិនសូវមានភ្ញៀវទេសចរមកលេងច្រើន អាចបណ្ដាមកពីបញ្ហាសេដ្ឋកិច្ច ក្រោយពីពិភពលោកជួបវិបត្តិកូវីដ-១៩ និងបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនជាដើម។ តែយ៉ាងណាលោកថា បញ្ហាស្ថិរភាពផ្នែកនយោបាយ និងលំហប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ ក៏អាចជាកត្តាមួយដែលធ្វើឱ្យភ្ញៀវបរទេសមួយចំនួនរារែកមកលេងកំសាន្តនៅកម្ពុជាដែរ។
លោក ម៉េត សាលីស៖ «សូមសំណូមពរឱ្យរដ្ឋាភិបាលជួយផ្សព្វផ្សាយ(Promote)ឱ្យភ្ញៀវទេសចរចូលស្រុកខ្មែរឱ្យបានច្រើនៗ ដើម្បីឱ្យអ្នករត់រម៉ក អ្នកឡាន និងអ្នកToursអ្នកមគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យមានការងារធ្វើ»។
លោក ម៉េត សាលីស បច្ចុប្បន្ននេះលោកអាចរកចំណូលបានពីការដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងមួយខែបានត្រឹមតែ ១០០ដុល្លារ ទៅ១៥០ដុល្លារ ដែលស្មើ៤០ម៉ឺនរៀល ទៅជិត ៦០ម៉ឺនរៀលប៉ុណ្ណោះ។ លោកថា បើប្រៀបធៀបកាលពីមុនកូវីដ-១៩ លោកអាចរកចំណូលបានពីការដឹកភ្ញៀវបរទេសក្នុង ១ខែ ជាង៣០០ ទៅ៤០០ដុល្លារ ដែលស្មើជាង ១លានរៀល ទៅ២លានរៀល ដោយសារតែសម្បូរភ្ញៀវបរទេសមកលេងកំសាន្តច្រើន។
ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍បែបវប្បធម៌ សម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើននៅលើទឹកដីមួយនេះ ហើយបានទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិមកលេងកំសាន្តជាច្រើននៅក្នុងមួយឆ្នាំៗ។ ចំណែកបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានកែលម្អមុខមាត់មុខប្រាសាទ ដោយដាំស្មៅខៀវស្រងាត់ រួមនិងដាំកូនឈើជាច្រើននៅតាមសួនមុខប្រាសាទ ដូចជាប្រាសាទអង្គរតូច និងប្រាសាទអង្គរធំជាដើម។ ចំណែកអ្នកអាជីវករលក់ដូរបែបអនាធិបតេយ្យតាមផ្លូវក្បែរប្រាសាទក៏ពុំមានទៀតនោះដែរ។
ថ្វីដ្បិតតែតំបន់អង្គរបានប្រែមុខមាត់យ៉ាងស្រស់ស្អាត ហើយមានរបៀបរៀបរយត្រឹមត្រូវជាងមុខក៏ដោយ អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នករកស៊ីក្រៅប្រព័ន្ធថា កម្ពុជានៅតែមិនទាន់អាចទាក់ទាញភ្ញៀវទេសចរឱ្យត្រឡប់មកលេងកំសាន្តនៅកម្ពុជាបានច្រើនវិញនៅឡើយទេ ខណៈដែលអាជីវករ មគ្គទេសទេសចរណ៍ ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនកន្លែងនៅមិនទាន់ដំណើរការឡើងវិញនៅឡើយ។
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែធ្នូ ថា រយៈពេល ១០ខែ ឆ្នាំ២០២២ ក្រោយកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ខេត្តសៀមរាបកើនភ្ញៀវទេសចរអន្តរជាតិឡើងវិញ ខណៈដែលជើងហោះហើរចូលខេត្តនេះ មានចាប់ពី១៥ ទៅ១៥ជើងក្នុង១ថ្ងៃ ដែលដឹកភ្ញៀវទេសចរចាប់ពី ១.៣០០នាក់ ទៅ១.៤០០នាក់ ក្នុងមួយថ្ងៃ។
ប្រភពដដែលបញ្ជាក់ថា រយៈពេល ១០ខែ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ៧សែននាក់ (១.៧៩២.៥៤៩) កើនឡើងជិត ៩០០ភាគរយ (៨៨៦.៣៣៥%) បើធៀបរយៈពេលដូចគ្នាកាលពីថ្ងៃ២០២១។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនជិត ១សែន ៧ម៉ឺននាក់(១៦៩.៣៤៩) កើតឡើងជាង ២ពាន់ភាគរយ (២.២២៤,៣០%)។
ចំណែកអ្នកលក់ទឹកដូង និងភេសជ្ជៈនៅមុខទីលានជល់ដំរី លោកស្រី ទិត្យ ហៀវ លើកឡើងថា ភ្ញៀវទេសចរមកលេងកំសាន្តនៅតំបន់អង្គរច្រើនតែពេលមានបុណ្យទានចំណែកថ្ងៃធម្មតាគឺស្ងប់ស្ងាត់។ ដោយឡែក លោកស្រីថា ភ្ញៀវបរទេសឯណោះវិញយូរៗទើបឃើញមានច្រើន ប៉ុន្តែ ភ្ញៀវបរទេសទាំងនោះមិនសូវមានអ្នកជួយទិញទឹកដូរ និងភេសជ្ជៈលោកស្រីនោះទេ។ លោកស្រី ទទូចឱ្យរដ្ឋាភិបាលគួរតែមានវិធានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្តនៅខេត្តសៀមរាបឱ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋដែលរស់នៅពឹងអាស្រ័យវិស័យទេសចរណ៍។
លោកស្រី ទិត្យ ហៀវ៖ «ឱ្យតែបានប៉ុណ្ណោះមីងសប្បាយ។ មានថ្ងៃណាក៏រកបាន ២-៣ម៉ឺន(រៀល)៤ម៉ឺន(រៀល)អ៊ីចឹងទៅ។ យ៉ាងតិច ៣-៤ម៉ឺនទៅ ថ្ងៃនេះមិនដឹងយ៉ាងណាទេ លក់មិនសូវដាច់»។
លោកស្រីថា បច្ចុប្បន្ននេះនៅខេត្តសៀមរាមមិនសូវឃើញមានភ្ញៀវទេសចរចិននោះទេ យូរៗទើបឃើញមានម្ដង ចំណែកភ្ញៀវបរទេសភាគច្រើនមានអាមេរិក បារាំង ជប៉ុន និងកូរ៉េជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ដើម្បីអធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៤ ខែមីនា ដោយហៅទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
ចំណែក ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ប្រាប់វិទ្យុអាស៊ីសេរីថា ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប៉ុន្តែ អ្នកស្រី កត់សម្គាល់ឃើញថា បើប្រៀបធៀបគ្នាកាលពីឆ្នាំ២០១៩ គឺកម្ពុជាមិនទាន់អាចប្រៀបធៀបគ្នាបាននៅឡើយ ខណៈដែលការផ្គត់ផ្គង់ផ្សេងៗនៅក្នុងស្រុកក៏មិនទាន់អាចបែងចែងបាននៅឡើយ។ អ្នកស្រីថា កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសមានជាង ៦លាននាក់ ចំណែកបច្ចុប្បន្នទើបតែបាន ២.លាននាក់ប៉ុណ្ណោះ។
អ្នកស្រី ឆាយ ស៊ីវលីន៖ «ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ២០២៣នេះ គឺយើងគ្រោងថាអាចថា បានលើស ៤លានជាងនាក់នៅក្នុងឆ្នាំ២០២៣នេះ។ កត្តាដែលធ្វើឱ្យយើងមានការរំពឹងអ៊ីចឹង កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម ហើយទន្ទឹមនឹងនោះប្រទេសចិនក៏កំពុងតែបើកប្រទេសឡើងវិញដែរ។ អ៊ីចឹងយើងគិតថានឹងអាចជួយជំរុញ ភ្ញៀវទេសចរមកកាន់កម្ពុជានៅឆ្នាំ២០២៣នេះ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ចំនួនអ្នកទេសចរនៅកម្ពុជាបានកើនឡើង ជាពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍។ ប៉ុន្តែលោកសង្កេតឃើញថា ពលរដ្ឋមួយចំនួនដែលប្រកបមុខរបរក្រៅប្រព័ន្ធនៅតែជួបបញ្ហាប្រឈមមិនសូវមានចំណូលគ្រប់គ្រាន់ ដោយសារតែការយកចិត្តទុកដាក់ពីសំណាកអាជ្ញាធរមូលដ្ឋានមិនបានដិតដល់ លើការផ្សព្វផ្សាយ និងជំរុញឱ្យភ្ញៀវទេសចរមកលេងឱ្យបានច្រើន។
លោក វន់ ពៅ៖ «ប៉ុន្តែការត្អូញត្អែររបស់អ្នកប្រកបរបរអាជីវកម្ម(អ្នករត់កង់បី)នៅតែមិនទាន់មានប្រាក់ចំណូល(ហើយ)នៅតែមិនទាន់អាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាននៅឡើយ នៅការខ្វះខាតច្រើន។ ការខ្វះខាតនឹងទី១ ភ្ញៀវទេសចរនៅមានកម្រិត ទី២ផ្នែកងារទេសចរគឺគេម៉ៅផ្ដាច់ពីប្រាក់ចំណូលពីភ្ញៀវហ្នឹងតែម្ដង គេអត់ទម្លាក់មកដល់អ្នកប្រកបរបរតូចតាច ដូចជាអ្នករត់រ៉ឺម៉ក អ្នកលក់អាហារនៅតាមភោជនីយដ្ឋានមួយៗ គឺគេមិនទម្លាក់ឱ្យទេ គឺគេម៉ៅផ្ដាច់»។
ស្ថិតិរបស់ក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជិត ២០ម៉ឺននាក់ (១៩៦ ៤៩៥) ដែលថយចុះ ៨៥% បើធៀបកាលពីឆ្នាំ២០២០។ ទោះយ៉ាងណា ប្រជាពលរដ្ឋភាគច្រើនចង់ឃើញរដ្ឋាភិបាលបង្កើនការទាក់ទងភ្ញៀវអន្តរជាតិឱ្យបានច្រើនមកពីបណ្ដាប្រទេសលោកខាង លិច និងប្រទេសជិតខាងមួយចំនួន ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។