"ការ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ឆ្នាំ​២០២១​នេះ នឹង​ពុំ​មាន​ភាព​ប្រសើរ​ឡើង​ដូច​មុន​ពេល​បាត់ EBA ២០% នោះ​ទេ”

ដោយ មាន ឫទ្ធិ
2021-01-13
Share
"ការ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ឆ្នាំ​២០២១​នេះ នឹង​ពុំ​មាន​ភាព​ប្រសើរ​ឡើង​ដូច​មុន​ពេល​បាត់ EBA ២០% នោះ​ទេ” លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក

អ្នក​ជំនាញ​សិទ្ធិ​ការងារ និង​មេ​សហជីព ពុំ​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ​នេះ នឹង​មាន​ភាព​ប្រសើរ​ឡើង​ដូច​នៅ​មុន​ពេល​បាត់បង់ EBA ២០% នោះ​ទេ​។ ក្រៅពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​អូសបន្លាយ​ជំងឺ​រាតត្បាត​សកល​កូវីដ​-១៩ ពួកគេ​ថា បញ្ហា​បាត់បង់ EBA និង​ការ​ផុត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក នៅតែ​ជា​ក្តី​បារម្ភ​ចម្បង​សម្រាប់​ការនាំចេញ​របស់​កម្ពុជា។

គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​មករា​នេះ អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ ដែល​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ពី​កម្ពុជា ចំនួន ២០%​។ ហេតុការណ៍​នេះ កើត​មាន​ឡើង​ដោយសារតែ​សហភាព​អឺរ៉ុប បាន​រក​ឃើញ​ថា មានការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ​ប្រព្រឹត្តិ​ដោយ​អាជ្ញាធរ​កម្ពុជា។ ជា​លទ្ធផល សហភាព​អឺរ៉ុប បាន​ចាប់ផ្តើម​គិត​ពន្ធ​លើ​មុខទំនិញ​នាំចេញ​របស់​កម្ពុជា ចំនួន ៤០​មុខ តាម​អត្រា​ទូទៅ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO​។ មុខទំនិញ​ទាំងនោះ រួមមាន ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ជាដើម​។ ការ​យក​ពន្ធ​នេះ បាន​ចូល​ជា​ធរមាន ចាប់​តាំង​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០ ​មក​ម្ល៉េះ។

អ្នក​ជំនាញ​វិស័យ​សិទ្ធិ​ការងារ និង​ជានា​យក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) មានប្រសាសន៍ថា លោក​មាន​សង្ឃឹម​តិចតួច​ណាស់​ដែល​ថា ឆ្នាំ​២០២១ ​នេះ នឹង​មាន​ការ​កើន​ឡើង​ការនាំចេញ​ផលិតផល​សំលៀកបំពាក់ ផលិតផល​ធ្វើដំណើរ និង​ស្បែកជើង​របស់​កម្ពុជា ឬក៏​នឹង​មាន​ការ​បើក​រោងចក្រ​ថ្មី​ជាដើម​នោះ​។ លោក​ផ្ដល់​អំណះអំណាង​ថា នេះ ក៏​ដោយសារតែ​កម្ពុជា​នៅ​ពុំ​ទាន់​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដូច​តាម​ការ​ចង់​ឃើញ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​៖ «អ្វី​ដែល​ខាង​អឺរ៉ុប​ក្តី ខាង​អាមេរិក​ក្តី ហើយ​ហ្នឹង​ប្រទេស​សេរី​ទាំងអស់ ដែល​គេ​រាង​បន្ទន់​ដៃ ហើយ​គេ​នៅ​ទ្រឹង​បន្តិច​នោះ គឺ​ដោយសារ​រឿង​វិបត្តិ​កូវីដ១៩​ ទេ។ គឺ​គេ​បារម្ភ​ខ្លាំង​ទៅលើ​បញ្ហា​មនុស្សធម៌ ពីព្រោះ​គេ​ខ្លាច​ដក EBA ២០% ហ្នឹង​ហើយ ឬ​មួយ​ក៏ GSP អាច​នឹង​មាន​បញ្ហា​ទៀត វា​បន្ទុក​ថែម​ទៅលើ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​កូវីដ១៩​ទៀត​។ អ៊ីចឹង ខ្ញុំ​មើល​ទៅ​ស្ថានភាព​នៅ​ខ្មែរ​យើង​នេះ ប្រហែលជា​មិនសូវ​ជា​មាន​សង្ឃឹមថា នឹង​អាច​វិល​ត្រលប់​ទៅ​ដូច​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩​ នោះ​ទេ បើសិនជា​យើង​សម្លឹង​មើល​ស្ថានភាព​រោងចក្រ​កាត់ដេរ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង​អី​ជាដើម»

ដូចគ្នា​នេះ​ដែរ សម្រាប់​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ វិញ លោក​ក៏​យល់ស្រប​ដែរ​ថា ឆ្នាំ​២០២១​ខាងមុខនេះ កម្ពុជា​នឹង​នៅតែ​ជួបប្រទះ​នូវ​ឧនភាព ឬ​ការ​ធ្លាក់​ចុះ​ការនាំចេញ​ផលិតផល​នានា​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​៖ «​នៅ​ឆ្នាំ​២០២១ អ្វី​ដែល​ខ្ញុំ​គិត​គឺ​វា​អាច​ល្អ​ជាង​ឆ្នាំ​២០២០ ប៉ុន្តែ ប្រហែលជា​មិនទាន់​អាច​ល្អ​ជាង​ឆ្នាំ​២០១៩​ ទេ តាមមើល វា​នឹង​មាន​បញ្ហា​ឧនភាព​ខ្លះ ដោយសារតែ​បញ្ហា EBA ផង បញ្ហា​រឿង​កូវីដ​១៩ អត់​ទាន់​បញ្ចប់​ផង ហើយ​នឹង​បញ្ហា​ថ្មីៗ​នេះ GSP របស់​អាមេរិក​ក៏​កំពុងតែ​... វា​អាច​ចំណាយ​ពេល​ពីរ​ទៅ​បី​ខែ​ដែរ​... ទម្រាំ​តែ​ដោះស្រាយ​បញ្ហា ប្រហែលជា​ទម្រាំ​...​សភា និង​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​។ ...​ជា​ឧបសគ្គ​ដែរ»

លោក អាត់ ធន់ បន្ត​ថា ក្រោយ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​គិត​ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន​របស់​កម្ពុជា ក្រុមហ៊ុន​ផលិត​មួយ​ចំនួន បាន​ចាប់ផ្តើម​បញ្ចៀស​ការផលិត ឬ​ធ្វើការ​កែប្រែ​ម៉ូដ​នៃ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​របស់​ខ្លួន ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ជាប់​ពន្ធ​របស់​សហភាព​អឺរ៉ុប​៖ «​ភ្លាមៗ ក្នុង​រយៈពេល ១​ខែ ដំបូង គឺ​យើង​ដឹង​ថា ក្រុមហ៊ុន​ខ្លះ​គេ​នៅតែ​នាំចេញ ព្រោះ​កែ​អត់​ទាន់​រួច ឬ​ត្រូវ order រួច។ ប៉ុន្តែ ក្រោយ​មក​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត បញ្ចៀស ហើយ​គេ​ប្រឹង​ផលិត​ម៉ូដ​ថ្មី ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។ នេះ ជា​អ្វី​ដែល​គេ​ចង់​ធ្វើ​។ រឿង​ទី​ពីរ យើង​ឃើញ មានការ​កើន​ឡើង​នៃ​ការផលិត​ប្រភេទ​មុខទំនិញ​ផ្សេង ក៏ដូចជា កាបូប​យួរ​ដៃ​គ្រប់​ប្រភេទ​ទៅ​សហរដ្ឋអាមេរិក តាមរយៈ GSP ដែល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ GSP ដោយ​មិន​មាន​ការ​យកពន្ធ​ដែរ ពោល​គឺ ប្រភេទ​កាបូប​យួរ​ដៃ លើកលែងតែ​សំលៀកបំពាក់ ហើយ​នឹង​ស្បែកជើង យើង​ប្រើ​ប្រព័ន្ធ MFN ដដែល។ យើង​មើល​ឃើញ​បញ្ហា​ហ្នឹង​។ អ៊ីចឹង ជារួម វា​មានការ​ថយ​នៃ​ការនាំចេញ​មួយ​ចំនួន ហើយ​ចំ​ពេល​ដែល​មាន​បញ្ហា​កូវីដ វា​ធំ​ពេក ដល់​អ៊ីចឹង​វា​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​ភាគរយ​នៃ​ផល​ប៉ះពាល់​ប៉ុន្មាន»

លោក អាត់ ធន់ ពន្យល់​ថា លោក​ពុំ​មាន​តួលេខ​ជាក់លាក់​អំពី​និន្នាការ​នៃ​ការ​ព្យាយាម​កែច្នៃ​ផលិតផល​នាំចេញ​ដោយ​ក្រុមហ៊ុន​ផលិត ដើម្បី​កុំ​ឲ្យ​ជាប់​ពន្ធ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ​។ ក៏ប៉ុន្តែ លោក​ថា ការ​ធ្វើ​ដូច្នេះ នឹង​នៅតែ​ជួប​នូវ​ផលវិបាក​ដដែល​ប្រសិនបើ​ផលិតផល​ទាំងនោះ លក់​មិន​ដាច់​៖ «​ជាទូទៅ​គេ​គេច​ពី ២០%​ហ្នឹង ប៉ុន្តែ​មិន​ដឹង​ថា គេច​បាន​ប៉ុណ្ណា ហើយ​គេ​ប្រុង​ផលិត​ម៉ូដ​ថ្មី​ទៀត ហើយ​នឹង​ប្រភេទ​ទំនិញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។ ក៏ប៉ុន្តែ បញ្ហា​តែមួយគត់ គឺ Buyers អ្នកបញ្ជា​ទិញ​នោះ​។ តើ​អ្នក​បញ្ជា​ទិញ គេ​លក់​នៅ​អឺរ៉ុប​ប្រភេទ​ទំនិញ​អស់​ហ្នឹង វា​ដាច់ ឬ​អត់​? បើ​សិន​ប្រភេទ​ទំនិញ​ផ្សេង ក្រៅពី​ទំនិញ​ដែល​ជាប់​ពន្ធ​នោះ​ដាច់ នោះ​វា​មិន​អី​ទេ​។ ប៉ុន្តែ​បើ​ប្រភេទ​ទំនិញ​ផ្សេង វា​មិន​ដាច់ ដាច់​តែ​ប្រភេទ​ជាប់​ពន្ធ បាន​ន័យ​ថា គេ​ពិបាក​គេច​ហើយ​។ ដល់​ពិបាក​គេច បាន​ន័យ​ថា ក្រុមហ៊ុន​អ្នក​ផលិត​នោះ កែ​អត់​រួច​ទេ បាន​ន័យថា ត្រូវតែ​ផលិត​ហើយ ដូច្នេះ វា​នឹង​ប៉ះ​ហើយ»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC លោក ខេន លូ ដើម្បី​សុំ​ឲ្យ​លោក​ពន្យល់​បន្ថែម​ពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១២ មករា ក៏ប៉ុន្តែ លោក​ថា លោក​កំពុង​នៅ​ក្រៅ​ប្រទេស​។ រីឯ អគ្គលេខាធិការ​រង​របស់​លោក គឺ​លោក កាំង ម៉ូនីកា ក៏​ពុំ​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ដោយឡែក អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សៀង ថៃ ប្រាប់ អាស៊ីសេរី យ៉ាង​ខ្លី​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេឡេ​ក្រាម​ថា លោក​មិនទាន់​អាច​ឆ្លើយ​បានទេ ដោយសារ​ត្រូវ​ការ​រក​តួលេខ​ជាមុន​សិន ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​ការនាំចេញ និង​ចំនួន​ទឹកប្រាក់​សរុប​ដែល​កម្ពុជា​ត្រូវ​បង់ពន្ធ​ទៅ​ឲ្យ​សហភាព​អឺរ៉ុប ក្នុង​រយៈពេល ៥​ខែ​ចុងក្រោយ ចាប់​តាំង​ពី​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% មក។

ភ្លាមៗ​ក្រោយ​សហភាព​អឺរ៉ុប​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មានការ​ប៉ាន់​ស្មានថា ការ​តម្រូវ​ឲ្យ​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ​ទំហំ ២០% ដែល​មាន​តម្លៃ​ស្មើនឹង​ជាង ១​ប៊ីលាន ឬ​ជាង ១​ពាន់​លាន​ដុល្លារ កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​រវាង​ពី ១២០ ទៅ ២០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ អាស៊ីសេរី បាន​ព្យាយាម​សុំ​តួលេខ​ជាក់លាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ទៅ​ឲ្យ​សហភាព​អឺរ៉ុប ក្នុង​រយៈពេល ៥​ខែ គិត​ចាប់ពី​ពេល​គិត​ពន្ធ​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ក៏ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប​ពី​ភាគី​សហភាព​អឺរ៉ុប​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា កម្ពុជា​នៅ​ពុំ​ទាន់​បាន​កែប្រែ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​ឲ្យ​ដូច​តាម​ការ​ចង់​ឃើញ​ពី​សហភាព​អឺរ៉ុប​នៅឡើយ​ទេ​។ តែ​ផ្ទុយ​ទៅវិញ លោក​ថា រដ្ឋាភិបាល​ហាក់​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង សកម្មជន​សង្គម និង​បរិស្ថាន​ជាដើម​ដែល​រឹតតែ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កាន់តែ​តានតឹង​ខ្លាំង​ទៅវិញ​៖ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ស្ថានភាព​នេះ ទោះបីជា​សហភាព​អឺរ៉ុប កាត់​ថែម ៣០%​ទៀត ក៏​រដ្ឋាភិបាល​មាន​ក្តី​បារម្ភ​ហើយ​។ ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា នឹង​មិន​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង ឬក៏​ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុប ឲ្យ​ងាក​មក​រក​ស្ថានភាព​បរិយាកាស​នយោបាយ​ដូច​មុន​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នោះ​ទេ​។ លុះត្រាតែ មានការ​រួមចំណែក ឬ​ការ​រុញច្រាន ទាំង​សហគមន៍​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទើប​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​ពិចារណា។ បើ​មិន​ដូច្នោះ​ទេ ស្ថានភាព​នេះ គឺ​គណបក្ស​កាន់អំណាច គេ​អាច​មាន​សន្ទុះ ឬ​មាន​កម្លាំង​សម្រាប់​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខ្សោយ»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ពី​ដំណើរ​វិវឌ្ឍ​នៃ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​សហភាព​អឺរ៉ុប ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ក៏ប៉ុន្តែ លោក​ពុំ​លើក​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ មករា ហើយ​លោក​ក៏​ពុំ​ឆ្លើយ​សំណួរ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​នៅឡើយ​ដែរ​។​

គណៈកម្មការ​អឺរ៉ុប​ធ្លាប់​ក្រើន​រំឮកថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការវិវត្ត​គួរ​ឲ្យ​កត់សម្គាល់​នៃ​ការ​កែ​លម្អ ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នោះ​ខ្លួន​អាច​នឹង​ពិចារណា​លើ​សេចក្តី​សម្រេច​នេះ​ឡើងវិញ ដើម្បី​ប្រគល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទាំងស្រុង​មក​ឲ្យ​កម្ពុជា​វិញ​ដូចដើម​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល