កសិករដាំមៀននៅខេត្តប៉ៃលិនឱ្យដឹងថា ទីផ្សារនាំចេញផ្លែមៀននាដើមឆ្នាំ២០២៤ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ ដែលធ្វើឱ្យពលរដ្ឋចាប់ផ្ដើមមានសង្ឃឹម និងកាត់បន្ថយការចំណាកស្រុកទៅធ្វើការក្រៅប្រទេស។ ទោះជាយ៉ាងណា កសិករត្អូញត្អែរថា ពួកគេមិនទាន់អាចមានជីវភាពធូរធារនៅឡើយដោយសារតែ ពួកគាត់ភាគច្រើនជំពាក់បំណុលធនាគារ និងចំណាយដើមទុនខ្ពស់ក្នុងការប្រកបកសិកម្មដាំមៀន។
កសិករដាំមៀនមួយចំនួន នៅខេត្តប៉ៃលិន នៅតែត្អូញត្អែរពីការឡើងថ្លៃសម្ភារៈថែទាំមៀន ដូចជា ជី ថ្នាំ សម្លាប់សត្វល្អិត និងបញ្ហាជំពាក់បំណុលធនាគារ ដែលជាហេតុធ្វើឱ្យពួកគាត់ធ្វើកសិកម្មពុំសូវទទួលបានផលចំណេញ ហើយក្រុមកសិករនៅតែមានជីវភាពខ្វះខាត។
តំណាងកសិករដាំមៀននៅខេត្តប៉ៃលិនលោក អ៊ុន ថេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែកុម្ភៈ ថា ទីផ្សារនាំចេញមៀនចាប់ផ្ដើមមានលក្ខណៈល្អប្រសើរដោយសារតែមានក្រុមហ៊ុនចិនមួយបង្កើតឃ្លាំង នៅខេត្តនេះ ដើម្បីប្រមូលទិញមៀនទៅប្រទេសចិន។ ទោះយ៉ាងណាលោកបញ្ជាក់ថា ក្រុមហ៊ុនតែមួយដែលកំពុងឈរជើងនៅខេត្តប៉ៃលិន មិនទាន់អាចបញ្ជាទិញមៀនកសិករទាន់ពេលនោះទេ ដែលជាហេតុធ្វើឱ្យផ្លែមៀនកសិករខ្លះខូចខាត ដោយសារតែនាំចេញមិនទាន់។ ម្យ៉ាងទៀត ក្រុមហ៊ុនមានលក្ខខណ្ឌតឹងរ៉ឹងក្នុងការបញ្ជាទិញផ្លែមៀនកសិករ ដោយក្រុមហ៊ុនជ្រើសរើសទិញមៀនណាដែលមានទំហំធំៗ មៀនមានអនាម័យខ្ពស់ ទើបក្រុមហ៊ុន វេចខ្ចប់តាមស្តង់ដារនាំចេញទៅចិន។
ទោះជាយ៉ាងណា លោក អ៊ុន ថេង ស្នើដល់រដ្ឋាភិបាល និងក្រសួងកសិកម្មជួយរកទីផ្សារសម្រាប់នាំចេញមៀនបន្ថែមទៀត និងទប់ស្កាត់តម្លៃសម្ភារៈផ្គត់ផ្គង់ការថែទាំមៀនបន្តឡើងថ្លៃយ៉ាងគំហុកជាពិសេស ជី និងថ្នាំសម្លាប់សត្វល្អិត ដើម្បីជួយដល់កសិករអាចមានជីវភាពធូរធារ។
លោក អ៊ុន ថេង៖«ដើមទុនផលិតហ្នឹងខ្ពស់ ជី ថ្នាំ ប្រេង ឡើងខ្ពស់។ មួយទៀត ពាក់ព័ន្ធបំណុល ដើមទុនរដ្ឋបូកទាំងការប្រាក់ អ៊ីចឹងដូចជាមិនសូវចំណេញច្រើនទេ ទោះបីមានកន្លែងលក់មែន តែក៏មិនចំណេញច្រើនដែរ។ ចង់ឱ្យរដ្ឋជួយសម្រួលឈ្មួញកុំឱ្យពិបាកការនាំចេញ ពាក់ព័ន្ធច្បាប់ទម្លាប់ផ្សេងៗកុំរឹតត្បិតពេក កាលណារឹតត្បិត មានការរឹតត្បិតកសិករតគ្នា អ៊ីចឹងការនាំចេញទៅចិនទល់មានការចុះបញ្ជីកសិកម្មល្អ ទើបផ្លែឈើអាចនាំទៅចិនបាន»។
កាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុនចិន (China Jinkwoayuan Import Export Co., Ltd.) បានសហការជាមួយក្រសួងកសិកម្មសម្រេចបើករោងចក្ររបស់ខ្លួននៅក្រុងប៉ៃលិន ដើម្បីប្រមូលទិញផ្លែមៀនរបស់កសិករ និងបែងចែកផ្លែមៀននីមួយៗ ទៅតាមប្រភេទទំហំផ្សេងៗគ្នា និងត្រួតពិនិត្យផ្នែកអនាម័យ ដើម្បីអាចវេចខ្ចប់នាំចេញទៅប្រទេសចិន។ របាយការណ៍ក្រសួងកសិកម្មឱ្យដឹងថា កាលពីឆ្នាំ២០២៣ កម្ពុជានាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនចំនួនជាង ១៧ពាន់តោន (១៧.៤៩៧តោន) ដែលកើនឡើង ៤៥៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែកុម្ភៈ។
ប៉ុន្តែ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ប្រាប់កាសែតក្នុងស្រុកថ្មីៗនេះថា កម្ពុជាទទួលបានទីផ្សារថ្មីៗច្រើន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រវាយតម្លៃផ្នែកអនាម័យក្នុងការនាំចេញផ្លែមៀនទៅទីផ្សារនៅប្រទេសចិន និងលក្ខខណ្ឌត្រួតពិនិត្យអនាម័យនាំចេញមៀនស្រស់ដែលមានការចុះហត្ថលេខាដោយក្រសួងកសិកម្ម ជាមួយអគ្គរដ្ឋបាលគយនៃប្រទេសចិនកាលពីឆ្នាំ២០២២។
ជុំវិញរឿងនេះ ទីប្រឹក្សាបច្ចេកទេសអង្គការសាមគ្គីភាពកសិករ លោក ឌី គន្ធា យល់ថា រដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈដោះស្រាយបញ្ហាឱ្យបានខ្ពស់ និងត្រូវដើរតួនាទីឱ្យសកម្មក្នុងការបម្រើប្រជាកសិកររាប់ម៉ឺននាក់ដែលកំពុងជាប់បញ្ហាសេដ្ឋកិច្ច។ លោកបន្ថែមទៀតថា រដ្ឋាភិបាល ឬក្រសួងកសិកម្មគួរចាត់មន្ត្រីជំនាញដោះស្រាយកង្វល់ជូនកសិករពាក់ព័ន្ធបង្រៀនបច្ចេកទេសថែទាំមៀន ត្រូវធានាអំពីការទប់ស្កាត់សារធាតុផ្សំផ្គត់ផ្គង់ផលិតកសិកម្ម និងពង្រីកទីផ្សារជូនកសិករ ទើបផលិតផលកសិករខ្មែរអាចប្រកួតប្រជែងលើទីផ្សារមានតម្លាភាព និងមានស្ថិរភាព។
លោក ឌី គន្ធា៖«បន្ទាប់មករដ្ឋាភិបាលត្រូវប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានបៃតងកសិកម្មរបស់រដ្ឋ ដើម្បីឆ្លើយតបនឹងគោលនយោបាយស្ដីពីការបញ្ចុះតម្លៃផ្គត់ផ្គង់ធាតុចូលកសិកម្ម ផលិតកម្មមៀន ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលធ្វើឱ្យប៉ះពាល់ឆ្នាំងបាយកសិករ។ ជាពិសេសជាងនេះ រដ្ឋាភិបាលកម្ពុជាត្រូវកៀរគរអ្នកវិនិយោគទុនអន្តរជាតិ ដែលមានសក្ដានុពលឱ្យមកធ្វើវិនិយោគវិស័យកសិឧស្សាហកម្ម កែច្នៃកសិផលដំណាំមៀន ជំរុញលទ្ធភាពខ្សែសង្វាក់ផលិតកម្មមៀនក្នុងស្រុក ក៏ដូចជាក្នុងទិសដៅចូលរួមជំរុញទីផ្សារមៀនក្នុងប្រទេស និងក្រៅប្រទេសបានសមរម្យផងដែរ»។
តម្លៃផ្លែមៀនស្រស់ត្រូវតាមខ្នាត ទំហំ និងអនាម័យខ្ពស់ដែលក្រុមហ៊ុនកំណត់ក្នុងការនាំចេញទៅចិននាដើមឆ្នាំ២០២៤ មួយគីឡូក្រាមតម្លៃ ៤ពាន់រៀល (៤.០០០រៀល)។ កសិករថា តម្លៃនេះអាចប្រសើរជាងឆ្នាំកន្លងទៅ ប៉ុន្តែនៅតែមិនអាចទប់ទល់ថ្លៃចំណាយដើមទុន និងការទូទាត់សងធនាគារនៅឡើយ។ ក្រុមកសិករ និងអ្នកជំនាញកសិករស្នើដល់រដ្ឋាភិបាលចរចាជាមួយក្រុមហ៊ុនទទួលមៀនកម្ពុជាដោយផ្ដល់តម្លៃខ្ពស់ជាងនេះ ឬស្មើ ៥ពាន់ ទៅ ៦ពាន់រៀលក្នុងមួយគីឡូក្រាម និងស្វែងរកទីផ្សារអន្តរជាតិផ្សេងទៀតក្នុងការនាំចេញមៀន ដើម្បីជួយលើកកម្ពស់ជីវភាពកសិករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។