ការបញ្ចុះតម្លៃព្រលានយន្តហោះនៅសៀមរាប «មិនមែនជាគន្លឹះសំខាន់ទាក់ទាញកំណើនភ្ញៀវទេសចរទេ»
2024.10.20
រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចុះតម្លៃការហោះហើរ និងកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ នៅព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ចាប់ពីពេលនេះ រហូតដល់ទៅ ៣ឆ្នាំខាងមុខទៀត។
ការបញ្ចុះតម្លៃជើងហោះហើរ និងការបន្ថយពន្ធខ្លះទៀតនេះ ធ្វើឡើងខណៈដែលចំនួនភ្ញៀវទេសចរបរទេសកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
អ្នករកកម្រៃពីសេវាកម្មទេសចរណ៍ ជំរុញឱ្យរដ្ឋាភិបាលកែទម្រង់គោលនយោបាយថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យចូលមកទស្សនាកម្ពុជាបានកាន់តែច្រើន។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាប លោក ខៀវ ធី បានស្នើឱ្យរដ្ឋាភិបាលពិចារណាថែមទៀតលើការបញ្ចុះតម្លៃទិដ្ឋាការ ដើម្បីទាក់ទាញអ្នកទេសចរបរទេស ឱ្យបានកាន់តែច្រើន។
លោក ខៀវ ធី៖ «យើងគួររៀនតាមប្រទេសជិតខាង ដែលគេទទួលបានជោគជ័យយ៉ាងច្រើនលើវិស័យទេសចរណ៍ ដូចជាប្រទេសថៃ វៀតណាមនិងប្រទេសឡាវជាដើម។ គេទម្លាក់អត់យកថ្លៃទិដ្ឋាការពីទេសចរមកពីប្រទេសអឺរ៉ុប អាមេរិកនិងចិនជាដើម។ យើងក៏ចង់ឱ្យរដ្ឋាភិបាលមានគោលនយោបាយ មិនយកថ្លៃទិដ្ឋាការ(Visa) ពីប្រទេសមួយចំនួនដើម្បីយើងមានឱកាសទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងស្រុកយើងបានច្រើនដែរ»។
ការលើកឡើងរបស់ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដូចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចុះតម្លៃជើងហោះហើររបស់យន្តហោះ គ្រប់ប្រភេទ បញ្ចុះកម្រៃសេវានាំផ្លូវចុះចត តម្លៃពន្ធផ្សេងៗ ព្រមទាំងមានគោលនយោបាយ អនុគ្រោះមួយចំនួនទៀត ក្នុងបំណងជំរុញនិងបង្កើនផលិតផលទេសចរណ៍ថ្មីៗនៅខេត្តសៀមរាបថែមទៀត ។
កាលពីថ្ងៃទី១៦ ខែតុលា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងក្នុងពិធីគម្រប់ខួប១ឆ្នាំ នៃដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថា រដ្ឋាភិបាលបានប្រកាសបញ្ចុះតម្លៃ ៥០ភាគរយ លើការហោះហើរ របស់យន្តហោះគ្រប់ប្រភេទ ទាំងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក ដែលចេញ-ចូល ព្រលានយន្តហោះខេត្តសៀមរាប។ ចំណែកឯជើងហោះហើរជាប្រចាំណាដែលមានផ្ទុកអ្នកដំណើរចាប់ពី១២០ទៅ១៤៩នាក់ នឹងមានការបញ្ចុះថ្លៃចំនួន ២៥ភាគរយបន្ថែម។ ពិសេសសម្រាប់ជើងហោះហើរជាប្រចាំណាដែលបានផ្ទុកអ្នកដំណើរចាប់ពី ១៥០នាក់ឡើងទៅ នឹងទទួលបានការចុះតម្លៃ ៥០ភាគរយបន្ថែម ព្រមទាំងបញ្ចុះតម្លៃសេវានាំផ្លូវចុះចតចំនួន ៥០ភាគរយផង។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយ ជុំវិញការស្នើឱ្យរដ្ឋាភិបាល បញ្ចុះតម្លៃ ទិដ្ឋាការថែមទៀត ដើម្បីទាក់ទាញអ្នកទេសចរ ឱ្យកាន់តែច្រើននោះ ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បាននៅឡើយ កាលពីថ្ងៃទី១៩ ខែតុលា។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា បញ្ហាដែលរដ្ឋាភិបាលមិនព្រមបញ្ចុះតម្លៃទិដ្ឋាការឱ្យអ្នកទេសចរបរទេស គឺដោយសារតែខ្លាចបាត់ផលប្រយោជន៍របស់ក្រុមខ្លួន។
លោក គឹម សុខ៖ «នៅពេលដែលមុខរបរដោយគ្រាន់តែបោះត្រា បានលុយស្រួលៗដូចនេះ គឺរដ្ឋាភិបាលមិនបញ្ចុះតម្លៃទេ ប៉ុន្តែរដ្ឋាភិបាលបែរទៅបញ្ចុះថ្លៃលើការបង់ពន្ធលើប្រាក់ចំណេញ គួរឱ្យចង់សើចទៅវិញ។ ការបញ្ចុះតម្លៃបង់ពន្ធលើប្រាក់ចំណេញនៅពេលដែលអ្នករកស៊ីលើវិស័យទេសចរណ៍គ្មានចំណេញនោះ គឺគ្មានដំណោះស្រាយទេ។ ពីព្រោះផ្ទះសំណាក់ សណ្ឋាគារនិងភោជនីយដ្ឋានជាច្រើន បានគាំង ឈប់ដំណើរការទៅមុខទៅហើយ តើការបញ្ចុះតម្លៃពន្ធមានប្រយោជន៍អ្វី?»។
បច្ចុប្បន្ននេះទិដ្ឋាការសម្រាប់ជនបរទេសម្នាក់ៗដែលចូលមកប្រទេសកម្ពុជាគឺតម្លៃជាង ៣០ដុល្លារអាមេរិក។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ វិនិយោគដោយក្រុមហ៊ុនចិន (Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ដោយចំណាយទឹកប្រាក់ប្រមាណ ១ពាន់ ១០០រយលានដុល្លារ។ ព្រលានយន្តហោះនេះ បានបើកឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣។ ប៉ុន្តែចាប់តាំងពីបើកឱ្យដំណើរការមក ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ស្ងប់ស្ងាត់មិនសូវមានយន្តហោះដឹកភ្ញៀវទេសចរបរទេសចុះចត ឱ្យមមាញឹកឡើយ។
របាយការណ៍របស់គ្រឹះស្ថានអង្គរ ឱ្យដឹងថា ចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស ដែលមកទស្សនាអង្គរ មានចំនួនជិត ៧៤ម៉ឺននាក់ ដោយរដ្ឋាភិបាលរកបានចំណូលចំនួនជាង ៣២លាន ៥សែនដុល្លារ។
អគ្គនាយកគ្រឹះស្ថានអង្គរ លោក លី សែ ធ្លាប់អះអាងកាលពីដើមខែតុលា ថា ថ្វីត្បិតតែតួលេខភ្ញៀវទេសចរក្នុងរយៈពេលជាង៩ខែឆ្នាំ២០២៤ មានការកើនឡើង៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងមុនពេលជំងឺកូវីដ-១៩វិញ គឺនៅធ្លាក់ចុះជាង ៤០ភាគរយទៀត។
ជុំវិញការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសនេះ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ភ្ញៀវទេសចរបរទេស មិនទៅទស្សនាកម្ពុជា មិនមែនចោទលើបញ្ហាសំបុត្រយន្តហោះថ្លៃ ឬក៏ទិដ្ឋាការថ្លៃទេ គឺដោយសារតែភ័យខ្លាច។
លោក អ៊ុំ សំអាន៖ «ការកាន់អំណាចតពូជ មិនមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយនិងការចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសង្គមស៊ីវិលនិងសកម្មជនបរិស្ថានដាក់ពន្ធនាគារជាដើម គឺជាបញ្ហាដែលធ្វើឱ្យភ្ញៀវទេសចរបរទេស ពីបស្ចិមប្រទេសមិនហ៊ានមកលេងកម្ពុជា និងមកទស្សនាអង្គរវត្តផងដែរ»។
បញ្ហាបង្ខាំងមនុស្សឱ្យឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរឹតមនុស្សទារប្រាក់ ការជួញដូរមនុស្ស សុទ្ធតែជាបញ្ហាធ្វើឱ្យអ្នកទេសចរមិនហ៊ានមកលេងកម្ពុជា។ សូម្បីតែជនជាតិចិន ក៏មិនហ៊ានមកលេងកម្ពុជាដែរ។
ជាញឹកញាប់ជនជាតិចិនមួយចំនួនដែលចូលមកកម្ពុជា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មកាប់សម្លាប់គ្នា បាញ់បោះសេរីនៅតាមទីសាធារណៈ និងការចាប់មនុស្សជំរឹតទារប្រាក់ជាដើម ដែលធ្វើឱ្យសង្គមខ្មែរ មានអសន្តិសុខ។ អំពើនេះបានកើតឡើងនៅតាមបណ្ដារាជធានីនិងខេត្តមួយចំនួន ជាពិសេសគឺខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៥ ខែតុលា ស្នងការនគរបាលខេត្តប៉ៃលិន ក៏បានចាប់ខ្លួនជនជាតិចិនចំនួន ៧នាក់និងជនជាតិខ្មែរ ២នាក់ផ្សេងទៀត ពាក់ព័ន្ធនិងការធ្វើទារុណកម្មលើបុរសជនជាតិចិនម្នាក់ រហូតដល់ស្លាប់ផងដែរ។
ចំណែកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាវិញ កំពុងធ្វើឱ្យសហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ព្រួយបារម្ភជាខ្លាំង។ រដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែង គាបសង្កត់លើសកម្មជនបក្សប្រឆាំងនៅក្នុងប្រទេសផង ព្រមទាំងតាមបោសសំអាតសកម្មជននយោបាយខ្លះ ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេស មានដូចជាប្រទេសថៃ និងម៉ាឡេស៊ី ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។