ក្រសួងសេដ្ឋកិច្ចពិន័យសមាគមគ្រូបង្រៀនឯករាជ្យ ជិត ៥ពាន់ដុល្លារ ដោយចោទថា សមាគមមិនបានដាក់របាយការណ៍ហិរញ្ញវត្ថុ
2024.10.30
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសោកស្ដាយចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសម្រេចពិន័យអន្តរការណ៍ចំពោះសមាគមជាង ១៨លាន (១៨.៨០០.០០០) រៀល ឬប្រមាណជិត ៥ពាន់ដុល្លារ ដោយចោទថា សមាគមមិនបានដាក់ នឹងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម ទៅរដ្ឋាភិបាល។ សមាគមអះអាងថា ពួកគាត់ធ្វើការងារដោយស្ម័គ្រចិត្ត ដើម្បីយុត្តិធម៌សង្គម មិនមែនដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនដូចក្រុមហ៊ុនឯកជននោះទេ។
ភាពយឺតយ៉ាវមិនបានដាក់របាយការណ៍របស់សមាគមទៅកាន់រដ្ឋាភិបាលគឺជាហេតុផល ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកយកមកដាក់ពិន័យអន្តរការណ៍មកលើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
ទោះជាយ៉ាងណាក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៣០ តុលា ថា កន្លងមកសមាគមបានជូនដំណឹងទៅកាន់ក្រសួងជាច្រើនដងមកហើយថា សមាគមអ្នកស្រីមិនមានរបាយការណ៍ហិរញ្ញវត្ថុនោះទេ គឺដោយសារតែកិច្ចការងាររបស់សមាគមទាំងអស់ ធ្វើឡើងដោយស្ម័គ្រចិត្តរបស់គ្រូបង្រៀន ដែលធ្វើការតស៊ូមតិចង់ឱ្យមានយុត្តិធម៌នៅក្នុងសង្គម និងដែលចង់ឃើញគ្រូបង្រៀនទទួលបានប្រាក់ខែសមរម្យ។ អ្នកស្រីថា ការណ៍ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចដាក់ពិន័យនេះ គឺជាការចាប់បង្ខំសមាគម ក្នុងបំណងបំបិទសំឡេងអង្គការវិជ្ជាជីវៈ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «សមាគមអត់ដែលមានអង្គការណាមកជួយលុយសមាគមអីទេ ហើយយើងនេះ ធ្វើដោយឆន្ទៈ ការណ៍ដែលយើងស្រឡាញ់ចូលចិត្ត ហើយចង់ឃើញគ្រូបង្រៀនមានសេចក្ដីថ្លៃថ្នូរ ឈប់យកសិស្សធ្វើជាអាជីវកម្ម ឈប់មានការកៀបសង្កត់តាមរូបភាពណាមួយ យើងគ្រាន់តែជួយជំរុញឱ្យមានការគោរពសិទ្ធិការងាររបស់លោកគ្រូ អ្នកគ្រូ»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ថា សេរីភាពរបស់សមាគមបច្ចុប្បន្ន កាន់តែរួមតូចទៅៗ ហើយការពិន័យនេះបង្ហាញឱ្យឃើញថា ជាការរំលោភលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពីសេរីភាពសមាគម។ អ្នកស្រីស្នើសុំទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដកការពិន័យឡើងវិញ ព្រោះថា សមាគមអ្នកស្រីប្រឈមនឹងការបិទទ្វារ ដោយសារតែសមាគមទាំងមូល មិនដែលទទួលបានមូលនិធិជំនួយណាមួយនោះទេ។
ការលើកឡើងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះ ក្រោយពីអគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៊ូ ថារិន កាលពីថ្ងៃទី១៣ ខែកញ្ញា បានចេញលិខិតដាក់ពិន័យទៅលើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយថាសមាគមនេះមិនបានបំពេញកាតព្វកិច្ចដូចជា មិនកាន់បញ្ជីគណនេយ្យ មិនបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ និងមិនដាក់ ឬយឺតយ៉ាវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុជាដើម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លើកឡើងថា រដ្ឋាភិបាលមិនគួរធ្វើការពិន័យទៅលើសមាគមដែលធ្វើការដោយស្ម័គ្រចិត្ត ដោយមិនទទួលបានជំនួយរដ្ឋាភិបាលនោះ។ លោកស្នើដល់រដ្ឋាភិបាលឱ្យពិចារណាឡើងវិញ និងបញ្ឈប់ការដាក់សម្ពាធទៅលើអង្គការនិងសមាគមក្រៅរដ្ឋាភិបាល។
លោក នី សុខា៖ «ខ្ញុំថា គោលការណ៍វិធានការ ក្នុងការដាក់ផាកវិន័យ ហើយប្ដឹងទាមទារឱ្យមានការបង់ប្រាក់ បង់អីជាពិន័យនេះ ខ្ញុំថា ជារឿងធ្ងន់ធ្ងរណាស់។ ជាពិសេស សម្រាប់សមាគមមួយ ដែលគាត់មិនមានចំណូល មិនទាន់រកចំណូលពីដៃគូរ ឬម្ចាស់ជំនួយណាបានទាល់តែសោះនោះ គឺថា យើងគួរតែមានការអនុគ្រោះសម្រាប់អង្គការសមាគមហ្នឹងទៅ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ នៅថ្ងៃទី៣០ ខែតុលា។
កាលពីពេលកន្លងទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ តែងចូលរួមធ្វើសកម្មភាពតស៊ូមតិជាមួយបណ្ដាអង្គការ សមាគមក្រៅរដ្ឋាភិបាលផ្សេងទៀត ដើម្បីទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គម ដូចជា ទាមទារឱ្យដោះលែងសកម្មជននយោបាយប្រឆាំង សកម្មជនបរិស្ថាន និងសង្គម និងទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញជាដើម។
ក្រៅពីនោះ សមាគមនេះ ក៏តែងតែធ្វើសកម្មភាពតស៊ូមតិ ដើម្បីទាមទាររដ្ឋាភិបាលឱ្យដំឡើងប្រាក់ខែរស់នៅសមរម្យដល់គ្រូបង្រៀនជារៀងរាល់ឆ្នាំ។ ក្នុងការតស៊ូមតិ ដើម្បីផលប្រយោជន៍សង្គមរួមនេះ បានធ្វើឱ្យថ្នាក់ដឹកនាំសមាគមទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់ ក្នុងនោះអតីតប្រធានសមាគម គឺលោក រ៉ុង ឈុន ធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារតែលោកបាននិយាយរិះគន់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។