អ្នកវិនិយោគ​​រាប់រយ​​នាក់​​បន្តទាមទារ​​ដំណោះស្រាយ​​ករណីចោទ​​​ក្រុមហ៊ុន​​របស់​​គ្រួសារ​​មន្ត្រីកំពូលៗ​​បោក​​លុយ​​​ជិត​៣០​លាន​​ដុល្លារ​

ដោយ សុជីវី
2021.05.31
អ្នកវិនិយោគ​​រាប់រយ​​នាក់​​បន្តទាមទារ​​ដំណោះស្រាយ​​ករណីចោទ​​​ក្រុមហ៊ុន​​របស់​​គ្រួសារ​​មន្ត្រីកំពូលៗ​​បោក​​លុយ​​​ជិត​៣០​លាន​​ដុល្លារ​ ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះចាញ់បោកក្រុមហ៊ុន GFX Investment តវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

ក្រុមអតិថិជន​​ដែល​​​រកស៊ីដាក់​ប្រាក់​វិនិយោគ​​រាប់​រយ​នាក់ ​កាលពី​ព្រឹកថ្ងៃទី៣១​ ខែឧសភា​ បាន​​ប្រមូលផ្តុំគ្នា​​នៅ​ខាងមុខ​​ក្រុមហ៊ុន​​ហ្គោ​ល​អេហ្វ​អិកស៍ ​អ៊ិនវេសម៉ិន ​(GoldFX investment co.,LTD) ​ស្ថិត​នៅ​​ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ តាមការ​​ណាត់​ជួប​​របស់​​ក្រុមហ៊ុន​ ដើម្បី​ស្វែក​រក​​ដំណោះ​ស្រាយ​​ករណី​​បាត់​លុយ​​វិនិយោគ​របស់​​ពួកគាត់។

ជនរងគ្រោះ​មួយរូប ​ថ្លែងតាមវីដេអូផ្សាយផ្ទាល់នៅលើហ្វេសប៊ុកថា ​ក្រុមហ៊ុន​ហ្គោ​ល​​អេហ្វ​អិកស៍​ នៅតែមិនព្រម​ផ្តល់​​ដំណោះស្រាយ​​ជូន​ពួកគាត់​​នោះ​ឡើយ ​ដោយ​ក្រុម​ហ៊ុន​​នៅតែ​អះអាងថា ​ករណី​បាត់​​លុយនេះ ​គឺមាន​បុគ្គលិក​ជា​ជន​បរទេស​បីនាក់ ​បាន​លួច​កិបកេង​យក​ ​ដូច្នេះ​ក្រុមហ៊ុនក៏ជា​ជនរងគ្រោះ​ដូច​​អតិថិជន​​ដែរ។ លោកស្រី​បន្តថា ​តំណាង​ក្រុម​ហ៊ុន ​នៅតែ​ស្នើសុំឲ្យ​ពួកគាត់​ចូលរួមផ្តិត​មេដៃ​ជាមួយ​ក្រុមហ៊ុន ​​ដើម្បី​ប្តឹង​បុគ្គលិក​ទាំង​បីនាក់​នោះ ​ប៉ុន្តែ​ក្រុម​ពលរដ្ឋ​មិនព្រម​នោះទេ ​ហើយ​នៅតែ​បន្តទាមទារ​ប្រាក់របស់​ពួកគាត់​មកវិញ​៖ «ឥឡូវនេះ​ពួកយើង​មកទាមទារ​ការដោះស្រាយ​ពីក្រុមហ៊ុន​ថា ម៉េចម៉ាអ៊ីចឹង​ តែពួកគាត់​អត់​ឆ្លើយអីទាំងអស់​ គិតតែ​បបួល​យើងចូលរួម​ជាមួយក្រុម​ហ៊ុនថា​ ក្រុមហ៊ុននេះ​ក៏ជា​ជនរងគ្រោះដែរ ​តែវា​ចម្លែកត្រង់ថា ​ក្រុមហ៊ុន​ជាជនរងគ្រោះ​ម៉េចត្រូវ​ ក្រែងគាត់​ជាអ្នក​យក​លុយ​ពីអតិថិជន​ទាំងអស់​យកទៅ​វិនិយោគ​ ហើយ​ចុង​ក្រោយ​គាត់ថា​ គាត់ជា​ជនរងគ្រោះ​ទាំងគាត់​យកលុយគេ​២៧លានជាង»។​

ជនរងគ្រោះ​មួយរូបទៀត​ រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា​ លោកស្រី​បាន​ដាក់លុយ​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ចំនួន ៥ ពាន់​ដុល្លារ​ ដោយ​សង្ឃឹមថា​ នឹង​ទទួលបាន​ការប្រាក់​ចំណេញខ្ពស់​ ប៉ុន្តែ​ស្រាប់តែ​​នៅថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២១​ ក៏ចាប់ផ្តើម​មាន​បញ្ហាបាត់​លុយ​ពីគណនី​របស់​ពួកគាត់​ដូចៗគ្នា។ លោកស្រីបន្តថា ​បន្ទាប់​មក​​ក្រុមហ៊ុន​​មួយនេះ​ មិនបាន​ទទួល​ខុសត្រូវ​នោះ​ទេ ​បែរជា​ប្រកាស​ផ្អាក​ដំណើ​ការ​ ដោយ​អះអាងថា ​មានបុគ្គលិក​៣នាក់​លួចយក​លុយ​របស់​អតិថិជន​ទាំង​នោះ។​ ជនរង​គ្រោះ​រូបនេះបន្តថា​ ករណី​បុគ្គលិក​លួច​យក​លុយទាំង​នោះ​ គឺជា​បញ្ហាផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ ប៉ុន្តែក្រុមហ៊ុន ​ត្រូវតែ​ទទួលខុស​ត្រូវ​សង​ប្រាក់​ជូនអតិថិជន​តាម​កិច្ច​សន្យា​វិញ៖ «ខ្ញុំសូមឲ្យ​ក្រុមហ៊ុន​ចេញ​មកប្រកាសថា ​ពេលណា​ដោះ ស្រាយរឿងលុយ​ឲ្យអតិថិជន​ប៉ុន្មាន​ពាន់នាក់​ដែល​បាន​បាត់បង់​លុយនៅ​ក្រុមហ៊ុនហ្នឹង​។ សូមឲ្យ​សម្តេចពុក​ជួយ​ដោះស្រាយឲ្យ​កូនចៅផង ​ក្នុងពេលនេះ​កូនចៅ​កំពុងតែរង​ការលំបាកខ្លាំងណាស់​ដោយសារកូវីដ ​ហើយ​លុយធនាគារ​ក៏គេទារ​រាល់ខែដែរ​ តែ​ខាង​ក្រុមហ៊ុន អត់មានបានផ្តល់អីឲ្យកូនចៅសោះ»។

GFX_Invesment_02.jpg
ស្លាកសញ្ញារបស់ក្រុមហ៊ុន GFX Investment ដែលមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ​ហ្គោ​ល​អេហ្វ​អិកស៍ ​អ៊ិនវេសម៉ិន​ (GoldFX investment co.,​LTD)​ បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០​២១ ​បន្ទាប់ពី​អះអាងថា​ បុគ្គលិក​ជា​ជន​បរទេស​៣​នាក់​ បាន​លួច​លុយ​ពី​ក្រុមហ៊ុន។ ​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង់​ដោយ​​ក្រុមគ្រួសារ​របស់​មន្ត្រី​កំពូល​ៗ​នៃ​គណបក្ស​កាន់​​អំណា​​ច​​នេះ ​មិនបាន​បញ្ជាក់ជំហរ​ក្នុងការ​សង​ប្រាក់ជូន​អតិថិជន​របស់ខ្លួន​ឡើយ ​ប៉ុន្តែ​បានស្នើ​សុំឲ្យ​អតិថិជន​ ចូលរួម​ជាមួយខ្លួន​ក្នុងការ​ដាក់​បណ្តឹង​ប្រឆាំង​បុគ្គលិក​ទាំង ៣ ​នាក់ ​ដែល​កំពុង​នៅក្រៅ​ប្រទេស​។​ លើសពីនេះ កាលពីថ្ងៃទី២៥​ ខែឧសភា ក្រុមហ៊ុននេះ ក៏បានចេញលិខិតឲ្យអតិថិជនចូលរួមជាមួយក្រុមហ៊ុន ដើម្បីទាមទារអ្វី ដែលបាត់បង់ត្រឡប់មកវិញតាមនីតិវិធីច្បាប់ និងព្រមានឲ្យអតិថិជនទាំងអស់ ជៀសវាងដាច់ខាត់នូវការផ្សព្វផ្សាយផ្តេស​ផ្តាស់​នៅលើ​បណ្តាញសង្គម ដើម្បីកុំឲ្យ​ប្រែក្លាយខ្លួនឯងពីជនរងគ្រោះទៅជាជនល្មើសដោយមិនដឹងខ្លួន។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ហ្គោ​ល​អេហ្វ​អិកស៍ ​គឺជា​អ្នកស្រី កែ សួន​សុភី ​ជាកូនស្រី​បង្កើត​របស់​លោក​ កែ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន​ និង​ត្រូវជា​ប្រពន្ធ​របស់​លោក ​ស សុខា ​រដ្ឋលេខា​ធិការ​ក្រសួងអប់រំ ​ដែល​ជាកូន​ប្រុស​របស់​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ​ចំណែក​នាយកគ្រប់គ្រង​របស់​ក្រុមហ៊ុន ​គឺជា​អ្នកស្រី ​ស ចាន់ណែត ​ដែល​ជា​ក្មួយស្រី​របស់​លោក ស ខេង ​និង​ជាប្រពន្ធ​របស់​លោក លី សុភ័ក្ដ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន ​លី ហួរគ្រុប។ ក្រុមហ៊ុននេះ​មាន​នាយកគ្រប់គ្រង​ពីរនាក់ទៀត ​គឺ​ឈ្មោះ ប៊ុន គីរីរិទ្ធ ​និង​លោក​ ឈាង គ្រីស្ដុហ្វ​ (Christophe Chheang) ​ដែលគេ​ស្គាល់ថា ​លោក ឈាង គ្រីស្ដុហ្វ ​គឺ​ជាទីប្រឹក្សា​របស់​ប្រធានរដ្ឋសភា​លោក ហេង សំរិន។​​

ក្រុមហ៊ុនហ្គោ​ល​អេហ្វ​អិកស៍ ​អ៊ិនវេសម៉ិន​ បាន​ចុះបញ្ជីនៅក្រសួង​ពាណិជ្ជកម្ម​កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៥ ​ហើយ​នៅក្នុង​ឯកសារ​ចុះបញ្ជីដែល​ទើបធ្វើ​បច្ចុប្បន្ន​ភាព​ចុងក្រោយ​បញ្ជាក់ថា ​ក្រុមហ៊ុន​នេះ ​ពុំមា​ន​​បុគ្គ​លិក​ជា​ជនបរទេស​នោះទេ។

ទាក់ទង​ករណីនេះ​ អាស៊ីសេរី ​មិនអាច​សុំការឆ្លើយតប​ពី​តំណាង​ក្រុមហ៊ុន​ហ្គោ​ល​អេហ្វ​អិកស៍​ និង​អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​លោក​ មាស សុខសេនសាន ​បានទេ ​ដោយ​ទូរស័ព្ទ​ចូលពុំ​មានអ្នកទទួល។

មកទល់ពេលនេះ ​មិនមាន​តួលេខ​ជាក់លាក់​ពី​ចំនួន​ជនរងគ្រោះ​និង​ទឹកលុយ​ដែល​បាត់​បង់​នោះទេ​​ ប៉ុន្តែ​សាព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយថា ​យ៉ាង​ហោច​ណាស់​មាន​អ្នកវិនិ​យោគ ​ដែល​រង​គ្រោះបាត់លុយ​ជាមួយ​ក្រុមហ៊ុន​​ប្រមាណ ​​៦ពាន់​នាក់ ​(៦.​០០០)​ ហើយ​ទំហំ​ទឹក​ប្រាក់​ដែល​បាត់បង់​មាន​ប្រមាណ ​២៧​ លាន​ដុល្លារ​អាមេរិក។ ​ជនរងគ្រោះ​​មួយ​ចំនួនធំ​ គឺជា​អ្នកជំនួញ​ ជាមន្ត្រី​រាជ​ការ ​និង​ជាស​មាជិក​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ដូច្នេះ​​ពួក​គាត់ភាគច្រើន​​បាន​ព្យា​យាម​លាក់​អត្តសញ្ញាណដោយសារបារម្ភពីសុវត្ថិភាព ​ហើយ​អ្នកខ្លះ​បាន​​​ជួល​មេធាវី​ដើម្បី​ធ្វើជា​តំណា​ង​​ក្នុងការ​ទាមទាររក​ដំណោះស្រាយ​ពីក្រុមហ៊ុន​។

​ទោះជាយ៉ាងណា ​ពួក​គាត់ ​បានបញ្ចេញមតិ​រិះគន់យ៉ាងច្រើន​នៅលើបណ្តាញ​សង្គមហ្វេសប៊ុក​(Facebook) ដោយ​ចោទថា ​ក្រុមហ៊ុន​នេះ ​មិនខុសពី​ក្រុមហ៊ុន​ជាច្រើន​ទៀត​​នៅកម្ពុជា ​ដែលមាន​គម្រោង​ការណ៍​បោកប្រាស់​អតិថិជន​។ ពួកគាត់បញ្ជាក់​ថា​ វិធីបោក​ប្រាស់​របស់​ក្រុមហ៊ុននេះ ​គឺ​​លួង​លោម​​ឲ្យ​ដាក់​វិនិ​យោគ​ជា​មួយ​​ក្រុមហ៊ុន​ជាថ្នូរ​នឹងការ​ទទួលបាន​អត្រា​ការប្រាក់ខ្ពស់ ​ជាង​ដាក់ប្រាក់​​នៅតាម​ធនាគារ ​ឬគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ។​ នៅដើមខែ​ដំបូង​​ ពួកគាត់ ​​អាចទទួល​បាន​​ការ​ប្រាក់ចំណេញ​​​ប្រមាណ ​១០ ​ភាគរយ ​ប៉ុន្តែ​នៅខែ​បន្តបន្ទាប់​មក​ទៀត​ចំនួន​ទឹក​ប្រាក់​បាន​ធ្លាក់​ចុះ​គួរឲ្យ​កត់សម្គាល់​ និង​បាត់​លុយចេញ​ពីគណនី​តែម្តង។

នាយក​ប្រតិបត្តិនៃ​អង្គការ​តម្លាភាពកម្ពុជាលោក ប៉ិច ពិសី ​សង្កេតឃើញ​ថា​ នៅក្នុង​ប្រទេស​កម្ពុជា ​មាន​ករណី​គម្រោង​បោក​ប្រាស់​ជាច្រើន។ ​លោក​យល់ថា ​ប្រសិន​បើ​ករណីនេះ​ ភាគីក្រុមហ៊ុន​ និងអ្នកវិនិយោគ ​អះអាងថា​ ពួកគាត់​ជាជនរងគ្រោះ​ដូចគ្នា ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់រដ្ឋាភិបាល​ គួរតែ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​តម្លាភាព ​ដើម្បី​ផ្តល់យុត្តិធម៌​ដល់​ជនរងគ្រោះ​ និង​កសាងទំនុក​ចិត្តលើគម្រោង​វិនិយោគ​​​ឡើង​វិញ។ លោកបន្តថា ​ប្រសិនបើ​រដ្ឋាភិបាល​ មិន​ស៊ើបអង្កេត​ ដោយ​ទុកឲ្យ​ជនរង​គ្រោះ​បាត់បង់​លុយ​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ ​នឹងធ្វើឲ្យ​ជំនឿចិត្ត​ក្នុងការ​វិនិយោគ​រឹតតែ​ធ្លាក់ចុះ​ ហើយ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​វិនិយោគ​មិនសូវល្អ​ជាដើម៖ «ប្រសិនបើ​ជនបរទេស​ដែល​ពាក់ព័ន្ធនេះគាត់​ជាអ្នក​លួច​លុយ ហើយគាត់​ធ្វើការ​បោកប្រាស់​ទាំង​ដៃគូ​នៅស្រុកខ្មែរផង​ហើយ​ពលរដ្ឋ​ផង ​គឺអាហ្នឹង​យើង​ត្រូវស្វែងរក​ការពិតហើយ​ ហើយ​កិច្ចការនេះ​ជាកិច្ចការ​ចាំបាច់​ណាស់ ​ជាពិសេសខាង​អាជ្ញាធរពាក់ព័ន្ធ​ មាន​ក្រសួងយុត្តិធម៌​ជា​ដើម​ គួរតែ​មានការ​ចូលរួម​ត្រួតពិនិត្យ​ស៊ើបអង្កេត​ក្នុង​ករណីនេះ​។ យើងជា​ប្រទេសមួយ​ដែល​ទាក់ទាញ​អ្នកវិនិយោគ​ពីក្រៅប្រទេស ​ហើយ​បរិយាកាស​វិនិយោគ​គឺ​ជាវិស័យ​អាទិភាពមួយ​ដែល​រដ្ឋាភិបាលត្រូវធ្វើ ហើយ​បើសិន​យើង​ធ្វើការ​ស៊ើបអង្កេត​ករណីនេះ​ឲ្យ​ល្អប្រសើរ​ និង​តម្លាភាព ​ខ្ញុំគិតថា​ យើងអាច​បង្កើន​ជំនឿ​វិនិយោគ​បាន»។​

GFX_Invesment_01.jpg
ក្រុមហ៊ុនបានរៀបចំសិក្ខាសាលា ឬ វគ្គបណ្តុះបណ្តាលនៅក្នុងសណ្ឋាគារទំនើបៗ ដោយមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ដើម្បីទាក់ទាញការចូលរួមវិនិយោគជាមួយក្រុមហ៊ុន។

ទោះជាយ៉ាងណា​ ដោយ​សារ​ករណីនេះ ​ពាក់ព័ន្ធនឹង​ក្រុមហ៊ុន ​ដែល​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​មន្ត្រី​កំពូល​ៗ​នៃបក្ស​កាន់​អំណាច​បែ​បនេះ​ ការដោះស្រាយ ​ទំនង​ជា​​ធ្វើឡើង​ដោយ​ស្ងាត់ៗ​ និង​មិនចង់​ឆ្លងកាត់​តុលាការ​នោះទេ​​ ព្រោះ​​នេះជា​ករណី​ដ៏គួរ​ឲ្យ​អា​ម៉ាស់​​សម្រាប់ក្រុម​ឥស្សរជន​នយោបាយ​នៃបក្សកាន់អំណាច និង​អ្នកជំនួញ​។ កាលពីដើម​ខែមេសា​ កន្លងទៅ ជំនួយការ​ផ្ទាល់​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និងជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​លោក​ ដួង តារា ​បានបង្ហោះសារ​នៅ​លើ​ទំព័រហ្វេសប៊ុក​ថា លោកបាន​ទទួល​ពាក្យ​បណ្តឹង​ពីប្រជា​ពលរដ្ឋ​ចំនួន​ពាន់នាក់​ដែលជាអ្នក​ដាក់ប្រាក់​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ហ្គោ​ល​អេហ្វ​អិកស៍ ​ដើម្បី​ស្នើសុំ​ឲ្យលោក ​និង​លោកនាយរដ្ឋមន្ត្រី ​ជួយ​ដោះស្រាយ។ លោក​ស្នើសុំ​ឲ្យ​ជនរងគ្រោះ​រក្សាភាព​ស្ងៀមស្ងាត់​និង​ចូលរួម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ​។ លោកសង្ឃឹមថា ​ករណីនេះ ​នឹងមាន​​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ឈរ​លើ​គោលការណ៍​ឈ្នះ-ឈ្នះ​របស់​លោក ​ហ៊ុន សែន​។

ក្រុម​ជន​រងគ្រោះជាច្រើន​ លើកឡើងថា​ ពួកគាត់​បានយក​លុយ​ដែល​ខំសន្សំស្ទើ​ពេញមួយជីវិត​ និងអ្នក​ខ្លះទៀត​បាន​ខ្ចីបំណុល​ធនាគារ​​ដើម្បី​យកទៅដាក់វិនិយោគ​​ជាមួយ​ក្រុមហ៊ុន ​ព្រោះ​ពួកគាត់សម្លឹងមើលឃើញ​ថា ​ម្ចាស់ក្រុមហ៊ុន ​ជាកូនចៅ​សាច់ញាតិ​របស់​​ថ្នាក់​ដឹក​នាំកំពូលៗ​ ​និង​មានចុះអាជ្ញាបណ្ណ​ត្រឹមត្រូវ​នៅ​និយតករមូលបត្រ​កម្ពុជា​ ជាក្រុម​ហ៊ុន​ស្រប​ច្បាប់​១០០​ភាគរយ ​ដោយ​មិននឹកស្មានថា ​មានរឿងបែបនេះកើតឡើង​​។ ពួក​គាត់​ថា ​ទោះបី​​ទទួលបាន​ដំណោះស្រាយក្តី​ ក៏​ពួកគាត់​រាងចាល​មួយជីវិត​លើ​វិស័យ​វិនិយោគ​បែបនេះ​នៅកម្ពុជា៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។