សហជីព​បារម្ភ​ថា​ក្រុមហ៊ុន​ណាហ្គា វើលដ៍ រំលោភ​ច្បាប់​ការងារ​ក្នុង​គម្រោង​កាត់​បុគ្គលិក​ជាង ១.៣០០នាក់ ដើម្បី​ទប់ស្កាត់​​ជំងឺ​កូវីដ-១៩

0:00 / 0:00

តំណាង​សហជីព​បារម្ភ​ថា​ក្រុមហ៊ុនបនល្បែង​ណាហ្គា វើលដ៍ (Naga World) រំលោភ​ច្បាប់​ការងារ​ក្នុង​គម្រោង​កាត់​បន្ថយបុគ្គលិក ដោយសំអាងថា ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩។ ក្ដីបារម្ភ​នេះ​បន្ទាប់​ពី​ភាគីក្រុមហ៊ុន​បាន​ជូនដំណឹង​ថា​នឹង​កាត់​ឈ្មោះ​បុគ្គលិក​ចេញ​ពីការងារ​ចំនួន​ជាង​១ ៣០០នាក់​នៅ​ចន្លោះពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយ​ក្រុមហ៊ុន​គ្រោង​នឹង​ជូនដំណឹង​ទៅ​ឈ្មោះ ដែល​ត្រូវ​កាត់ម្នាក់​ម្តងៗ។

សហជីព​សំអាង​ថា​តាមវិធី ដែល​ភាគីក្រុមហ៊ុន​នឹង​ប្រើប្រាស់ ដើម្បី​កាត់​បុគ្គលិក​នោះ​អាច​នឹង​ធ្វើឱ្យ​បុគ្គលិក​បាត់បង់​អត្ថប្រយោជន៍​ទាំងឡាយ ដែល​ជា​ការអនុវត្ត​ខុសពី​ច្បាប់​ស្ដីពី​ការងារ។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន ណាហ្គាវើល អ្នកស្រី ឈុន សុខា ប្រាប់​អាស៊ីសរី​ថា ក្រុមហ៊ុន​គ្រោង​កាត់​ឈ្មោះ​បុគ្គលិក​ចេញ​ពី​ការងារ​ជាង ១.៣០០នាក់ នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ ដោយ​មាន​លក្ខខ័ណ្ឌ​ចំនួន២ ក្នុង​នោះ​ទី១ ចំពោះ​អ្នក​ដែល​ស្ម័គ្រចិត្ត​លា​ឈប់​នឹង​ទទួល​បាន​ប្រាក់​បំណាច់​ចំនួន ៥ចំណុចប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​ស័គ្រចិត្ត ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​បង្ខំ​កាត់​នោះ​នឹង​មិន​ទទួល​បាន​ប្រាក់​បំណាច់​ពេញ​ដូច​អ្នក​ស្ម័គ្រចិត្ត​ឡើយ។ អ្នកស្រី​ថា​លក្ខខណ្ឌ​នេះ​អាច​បង្កប់​ចំណុច​លាក់​បាំង​នៅ​ពី​ក្រោយ ដែល​អាចឱ្យ​ក្រុមហ៊ុន​ធ្វើល្មើស​នឹង​អ្វី ដែល​មាន​ចែង​ក្នុង​ច្បាប់​ការងារ ធ្វើ​ឱ្យ​បុគ្គលិក​ខាតបង់​ប្រាក់​អត្ថប្រយោជន៍។ ម្យ៉ាង​ទៀត​ក្រុមហ៊ុន​អាច​ប្រើវិធី​នេះ ដើម្បី​កាត់​អ្នក​ដែល​ក្រុមហ៊ុន​មិន​ពេញ​ចិត្ត ជាពិសេស ក្រុម​សហជីព ដែល​បង្ហាញ​ឱ្យ​ឃើញ​រូបភាព​នៃ​ការ​រើសអើង៖ « គេ​បាន​ប្រកាស​ហើយ​និយាយ ​ថា បើ​សិន​ជា​មាន​ករណី បញ្ឈប់​ប្រតិភូ​បុគ្គលិក ក្រុម​សហជីព គេ​នឹង ​ជូន​ដំណឹង​ ទៅ​ក្រសួង​ការងារ ​ឱ្យ​បាន​ដឹង​ ផង​ដែរ អ៊ីចឹង​កន្លែង​ហ្នឹង​ពួក​ខ្ញុំ​អាច​មើល​ឃើញ​ថា ជា​រឿង​មួយ​មិន​ប្រក្រតី ពីព្រោះ​ជាក់ស្ដែង​ក្រុមប្រតិភូ​បុគ្គលិក ក្រុម​ ថ្នាក់​ដឹក​នាំ​សហជីព ភាគ​ច្រើន​បាន ធ្វើ​ការ​រាប់​ឆ្នាំ​មក​ហើយ ហើយ​ដល់​តែពេល​ខាង​ក្រុមហ៊ុន​គេ​លើក​សម្ដី​បែប​ហ្នឹង​មក គឺ​លក្ខណៈ​ថា ក្រុមហ៊ុនអត់បាន​ ធ្វើ​តាម​ច្បាប់ ស្ដីពី​ការងារ »

មាត្រា៩៥ នៃ​ច្បាប់​ស្ដីពីការងារ​ចែង​ថា ការ​បញ្ឈប់​ការងារ​រួម​គ្នានិយោជក​ត្រូវ​រៀបចំ​លំដាប់​ដោយ​គិត​តាម​គុណសម្បត្តិ​នៃវិជ្ជាជីវៈ អតីតភាព និង​បន្ទុក​គ្រួសារ។ ដំបូង​គឺ​ត្រូវ​បញ្ឈប់​អ្នក​មាន​សម្បទា​វិជ្ជាជីវៈ​អន់​ជាង​គេ បន្ទាប់​មក​អ្នក​មាន​អតីតភាព​តិច​ជាង​គេហើយ​អតីតភាព​នេះ​ត្រូវ​បន្ថែម​មួយឆ្នាំ​ទៅ​ឱ្យ​អ្នក​មាន​គូស្រករ និង​មួយ​ឆ្នាំ​ទៀត​ក្នុង​កូន​នីមួយៗក្នុង​បន្ទុក។

សេចក្ដី​ថ្លែង​ការណ៍​របស់​សហជីព​តំណាង​កម្មករនិយោជិត​ចេញ​នៅ​ថ្ងៃ​ទី១៤ ខែមេសា​នេះ ឱ្យ​ដឹង​ថា ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​បុគ្គលិក​កាល​ពី​ថ្ងៃ​ទី១២ មេសា ដោយ​ប្រកាស​ថា​ក្រុមហ៊ុន​នឹង​កាត់​បុគ្គលិក​ប្រមាណ ១.៣២៩នាក់​ក្នុង​អំឡុង​ខែមេសា​ក្រោម​ហេតុផល​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល និង​រក្សា​ស្ថេរភាព​អាជីវកម្ម​នៅ​ពេល​វិបត្តិ​ជំងឺកូវីដ-១៩ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុនធ្លាក់​ចុះប្រាក់​ចំណូល។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​លើក​ឡើង​ថា តាម​ជាក់​ស្ដែង​ក្រុមហ៊ុន​មិន​បាន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឡើយ​គ្រាន់​តែ​ចំណេញ​តិច​ជាង​មុន។ជា​មួយ​គ្នា​នេះ​សហជីព​ក៏​បារម្ភ​ពី​របៀប​គិត​ប្រាក់​អោយ​បុគ្គលិក ដែល​ក្រុមហ៊ុន​នឹង​យក​មក​ប្រើប្រាស់​នោះ​អាច​កេង​ចំណេញ​លើ​បុគ្គលិក​ដែរ។

អនុប្រធាន​សហជីព អ្នកស្រី ឈុន សុខា ស្នើ​ឱ្យ​ភាគី​ក្រុមហ៊ុន​ប្រើ​របៀប​គិត​ប្រាក់​ឈ្នួល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ៖ «ពាក់ព័ន្ធ​ការ​ទូទាត់​លុយ​អតីតភាព​ការងារក៏​ដូចជា​លុយ​សោហ៊ុយ​ជំងឺ​ចិត្តតែ​កាល​ណា​លុយ​អតីតភាព​ខុស​ហើយលុយ​សោហ៊ុយ​ជំងឺ​ចិត្ត​ក៏​ខុស​ទៅ​រួម​គ្នា​ផង​ដែរអ៊ីចឹង​អត្ថប្រយោជន៍​របស់​បុគ្គលិក​ត្រៀម​នឹង​ទទួល​បាន​នឹង​បាត់បង់​រហូត​ដល់​៤០ភាគរយនៃ​កញ្ចប់​ថវិកា​គាត់​ត្រូវ​ទទួល​បាន»។

អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) កញ្ញា ឌី សីហា ជា​ច្រើន​ដង​កាល​ពី​យប់​ថ្ងៃ​ទី១៣ មេសា តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

បើ​តាម​សហជីព​កម្មករ​មាន​បុគ្គលិក​មួយ​ចំនួន​ក៏​ចង់​ឈប់​ពី​ការងារ ហើយ​ទទួល​ប្រាក់​បំណាច់​ដែល​ក្រុមហ៊ុន​ផ្ដល់​ឱ្យ​ទៅ​តាម​ច្បាប់​ការងារតែ​ក៏​មាន​បុគ្គលិក​ភាគ​ច្រើន​មិន​ចង់​បាត់បង់​ការងារ​នៅ​ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ​ទេ។

តំណាង​សហជីព​បញ្ជាក់​ថា នឹង​តាម​ដាន​គម្រោង​កាត់​បុគ្គលិក​នេះ នៅ​ពេល​ក្រុមហ៊ុន​ចាប់​ផ្ដើម​អនុវត្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​រំលោភ​ច្បាប់​មែន​នោះ សហជីព​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ទាំង​ឡាយ​មាន​ហ្វេសប៊ុក WhatsApp ជា​ដើម ដើម្បី​បង្ហាញ​ឱ្យ​សាធារណជន និង​ក្រុមហ៊ុន​បាន​ដឹង​ថា បុគ្គលិក​មិន​ទទួល​យក​ការ​បញ្ឈប់​ការងារ​ពួក​គាត់ ដោយ​រើសអើងនិង​រំលោភ​ច្បាប់​ការងារ​នោះ​បាន​ឡើយ។

សហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា វើលដ៍​ឱ្យ​ដឹង​ថា បុគ្គលិក​ដែល​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ​មាន​ចំនួន​ប្រហែល ៨.០០០នាក់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។