កូដករ​ណា​ហ្គា​វើលដ៍​ប្ដេជ្ញា​ចិត្ត​បន្ត​ធ្វើ​កូដកម្ម​រហូត​ថៅកែ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គា​វើលដ៍ (Naga World) ជាង១រយ​នាក់ (១០០) នៅ​ថ្ងៃ​ទី១៥ ខែតុលា បានបន្ត​នាំ​គ្នា​បោះតង់​សម្រាក​នៅ​ខាង​មុខ​ក្រុមហ៊ុន ដើម្បី​ធ្វើ​កូដកម្ម និង​ស្រែក​ដង្ហោយ​ទាមទារ​ឱ្យ​ថៅកែ​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។ មន្រ្តី​សង្គម​ស៊ីវិល សោក​ស្ដាយ​ចំពោះ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​នៅ​តែ​គ្មាន​ឆន្ទៈ​រក​ដំណោះ​ស្រាយ​ជូន​កម្មករ។

Naga World on 15-10-2022-1.jpg
ក្រុម​កូដ​ករ​ណាហ្គាវើលដ៍ (Naga World) ធ្វើ​កូដកម្ម​អហិង្សា ​កាន់​បដា​ដើរ​ហែ​ក្បួន​កាន់ទុក្ខ​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៦ នៅ​មុខ​ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

តំណាង​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណា​ហ្គាវើលដ៍ (Naga World) លើកឡើង​ជា​ថ្មី​ទៀត​ថា ពួកគាត់​នៅ​តែ​មាន​ជំហរ និង​ឆន្ទៈ​ធ្វើ​កូដកម្ម​ដោយ​សន្តិ​វិធី ដើម្បី​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ និង​ច្បាប់​កម្ពុជា​ត​ទៅ​ទៀត។

កូដករ​ណា​ហ្គា​វើលដ៍ (Naga world) លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ ខែតុលា​ថា ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​មាន​ជន​ស៊ីវិល និង​អាជ្ញាធរ​តាម​បន្ត​យាយី​គំរាម​កំហែង​កូដករ​គ្រប់​រូបភាព​ក៏​ដោយ ក៏​ក្រុម​កូដករ​មិន​បាក់​ស្បាត ហើយ​នៅ​តែ​បន្ត​ចេញ​ធ្វើ​កូដកម្ម​រហូត​ថៅកែ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។ លោកស្រី​បញ្ជាក់​ថា នារយៈ​ពេល​ចុង​ក្រោយ​នេះ​អាជ្ញាធរ​បាន​ចុះ​ជួប​ឪពុក​ម្ដាយ​កូដករ​មួយ​ចំនួន​បង្ខំ​ឱ្យ​ពួក​គាត់​ទទួល​សំណង​ជំនួស​កូនៗ​របស់​គាត់ ដើម្បី​កុំ​មាន​ការ​ចេញ​ធ្វើ​កូដកម្ម​ត​ទៅ​ទៀត។

លោកស្រី ម៉ម សុវឌ្ឍិន យល់​ថា បើ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​នៅ​តែ​មិន​អើពើ​រក​ដំណោះ​ស្រាយ ហើយ​បណ្ដោយ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណា​ហ្គា​វើលដ៍ (Naga World) លុប​បំបាត់​សហជីព​ឯករាជ្យ​បាន​ដូច​បំណង​ពួកគេ​ពិត​មែន នោះ​បាន​ន័យ​ថា អាជ្ញាធរ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​បរទេស​ដទៃ​ទៀត​បន្ត​កេង​ប្រវ័ញ្ច​កម្លាំង និង​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ៖

«ពួក​បង​គឺ​ជា​សមាជិក​សហជីព ហើយ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ ទាំង​អយុត្តិធម៌ គ្រាន់​ជា​សមាជិក​សហជីព​ហ្នឹង។ ការ​បញ្ឈប់​នេះ ដោយ​រើស​អើង​ទៅ​ទៀត ពួក​យើង​អត់​សុខ​ចិត្ត​ទេ។ ទី​ពីរ យើង​រក​យុត្តិធម៌​សហជីព​ឯក​រាជ្យ (LRSU) គឺជា​សហជីព​ដែល​ទ្រ​ទ្រង់​សិទ្ធ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល (Naga World) ហ្នឹង។ មាន​ន័យ​ថា យើង​មិន​ចង់​ណាហ្គា កម្ទេច​សហជីព​បាន វា​អាច​ជះ​ឥទ្ធិពល ទៅ​ដល់​ស្ថាប័ន​ផ្សេង​ទៀត គេ​នឹង​អាច​យក​គំរូ​តាម​ណាហ្គា ទៅ​ធ្វើ​បាប​ទៅ​កេង​ប្រវ័ញ្ច​កម្មករ​ខ្មែរ»។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សាក​សួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែតុលា។

Naga World on 15-10-2022-3.jpg
ក្រុម​កូដ​ករ​ណាហ្គាវើលដ៍ (Naga World) ​កាន់ទុក្ខ​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៦ នៅ​មុខ​ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្រសួង​ការងារ​ថា​គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​តុលា មាន​អតីត​បុគ្គលិក​សរុប​ចំនួន​ជាង ២រយ​នាក់ (២៤៤) ក្នុង​ចំណោម​ជាង ៣រយ​នាក់ (៣៧៣) បាន​យល់​ព្រម​ទទួល​យក​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ជា​មួយ​ក្រុម​ហ៊ុន។ អតីត​បុគ្គលិក​ដែល​មិន​ព្រម​ទទួល​យក ចំនួន ១២៩នាក់ប៉ុណ្ណោះ។

ក្រុម​កូដករ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ​ជិត១ឆ្នាំ​មក​ហើយ ក្រោយ​ពី​ក្រុម​កូដករ​ចោទ​ថា ថៅកែ​ក្រុមហ៊ុន​បន​ល្បែង​ដ៏​ធំ​ជាង​គេ​ជាង​គេ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​នេះ បាន​រំលោភ​បំពាន​សិទ្ធកម្មករ ព្រម​ទាំង​មាន​ចេតនា​លុប​បំបាត់​សំឡេង​សហជីព​ឯក​រាជ្យ​ក្នុង​កន្លែង​ការងារ និង​បញ្ឈប់​បុគ្គលិក​ជាង ៣រយ​នាក់​ចេញ​ពី​ការងារ​ទាំង​ខុស​ច្បាប់។ ជាង​នេះ​ទៀត ការ​ចេញ​តវ៉ា​របស់​ក្រុម​កូដករ​កន្លង​មក​នេះ តែងតែ​ត្រូវ​កម្លាំង​អាជ្ញាធរ​ដាក់​ចំណាត់​ការ​បង្ក្រាប​យ៉ាង​ទៀង​ទាត់ រហូត​ដល់​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូដករ​ម្នាក់​បណ្ដាល​ឱ្យ​រលូត​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្អាក​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​កូដករ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​កូដករកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន ក្រោយ​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​កាល​ពី​ខែ​សីហា។

ទោះ​បី​យ៉ាង​ណា មក​ពេល​នេះ​មាន​កូដករ​ដែល​សកម្ម​ចំនួន ៤នាក់​ហើយ​ដែល​ត្រូវ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណា​ហ្គា​វើលដ៍​ប្ដឹង​ពី​បទ រំលោភ​លំនៅ​ឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស និង​ចាប់​ឃុំ​ឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់ ក្រោយ​ពី​ក្រុម​កូដករ​បាន​ប្រមូល​ផ្ដុំ​គ្នា​បោះតង់ វាយ​ស្គរ នៅ​ខាង​មុខ​ក្រុមហ៊ុន ដើម្បី​ឱ្យ​ថៅកែ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ឈប់​បុគ្គលិក និង​សហជីព​ទាំង​ផ្ទុយ​ពី​ច្បាប់​ការ​ងារ។

Naga World on 15-10-2022-2.jpg
ក្រុម​កូដ​ករ​ណាហ្គាវើលដ៍ (Naga World) ធ្វើ​កូដកម្ម​អហិង្សា ​កាន់​បដា​ដើរ​ហែ​ក្បួន​កាន់ទុក្ខ​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៦ នៅ​មុខ​ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ (LICADHO) លោក អំ សំអាត មើល​ឃើញ​ថា ការណ៍​ដែល​ក្រុមហ៊ុន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​កូដករ​តាម​ប្រព័ន្ធ​តុលាការ​បែប​នេះ គឺ​ជា​ការ​គំរាមកំហែង​លើ​កូដករ​បន្ថែម​ទៀត ហើយ​កម្ពុជា​នឹង​អាច​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​កាន់​តែ​ខ្លាំង៖

«អ៊ីចឹង​ការ​ជ្រើសរើស​តាម​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​បំបាក់​ស្មារតី ដើម្បី​កុំ​ឱ្យ​មាន​ការ​តវ៉ា ឬ​ការ​ធ្វើ​កូដកម្ម​នេះ មិន​មែន​ជា​ជម្រើស​ល្អ​ទេ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គឺ​បង្កើន​នូវ​ស្ថានភាព​តាន​តឹង​កាន់​តែ​ធ្ងន់ ហើយ​ក៏​មាន​ការ​រិះគន់​កាន់​តែ​ធ្ងន់​ទៀត។ ខ្ញុំ​យល់​ថា ជម្រើស​ដ៏​ល្អ [អាជ្ញាធរ និង​ក្រុមហ៊ុន] ឈរ​លើ​នៅ​លើ​គោលការណ៍​ច្បាប់​ជាតិ អន្តរជាតិ ជាពិសេស​អនុសញ្ញា ILO ឬ​ក៏​ច្បាប់​ការងារ បញ្ចប់​វិវាទ​ការងារ​នេះ​នៅ​ណា​ហ្គា​វើល​ដ៍​នេះ ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត»។

កន្លង​មក​អង្គការ​ជាតិ អន្តរ​ជាតិ ព្រម​ទាំង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន រួម​ទាំង​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជាតិ​ផង អំពាវ​នាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​ក្នុង​សម្ដែង​មតិ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលា​ការ​ជា​ឧបករណ៍​សម្រាប់​បម្រើ​នយោបាយ។ ស្ថាប័ន​ទាំង​នោះ​តែង​តែ​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ក្រុម​កម្មករ​នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។