អ្នក​​តា​ម​ដាន​​ការ​អភិវឌ្ឍន៍​​ជំរុញ​​ដោះ​ស្រាយ​​បញ្ហា​​ចម្បងៗ​​មួយ​ចំនួន​​ក្នុង​​ការ​ជំរុញ​​ការ​ប្រើប្រាស់​​ប្រាក់​រៀល

0:00 / 0:00

អ្នកធ្វើការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អ្នក​តាមដាន​ការអភិវឌ្ឍន៍​សាទរ​នឹង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជំរុញ​ឱ្យ​សាធារណជន និង​វិស័យ​ពាក់​ព័ន្ធ​បង្កើន​ការប្រើប្រាស់​​រូបិយប័ណ្ណ​ជាតិ ​គឺ​ប្រាក់​រៀល និង​កាត់​បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ។ តែ​ទោះជាយ៉ាងណា​ អ្នកជំនាញ​មើល​ឃើញ​ថា ​បន្ថែម​ពី​ការជំរុញ​លើក​ទឹក​ចិត្ត កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​មួយចំនួន​ទៀត ដើម្បី​ឱ្យ​ការប្រើប្រាស់​ប្រាក់​រៀល​បាន​កើនឡើង​ឆាប់​រហ័ស។

កម្ពុជា​អាច​ជំរុញ​ការប្រើប្រាស់​ប្រាក់​រៀល​បាន​ឆាប់​រហ័ស ដោយ​ការ​បង្កើត​ក្របខណ្ឌ​ច្បាប់​តម្រូវ​ឱ្យ​ប្រើប្រាស់​តែ​ប្រាក់​រៀល​ក្នុង​ស្រុក កាត់បន្ថយ​បញ្ជរ​ប្តូរ​ប្រាក់​សេរី​គ្រប់​ទី​កន្លែង បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ទំនុកចិត្ត​ចាយ​ប្រាក់​រៀល និង​បង្កើន​គុណតម្លៃ​ប្រាក់​រៀល​ដែល​អាច​បាន​ការ​ទទួល​ស្គាល់​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាល​ពី​ថ្ងៃ​ទី២០ ខែមីនា ជា​ថ្ងៃ​រម្លឹកខួប​ដាក់​ឱ្យ​ប្រើប្រាក់រៀល​ឡើងវិញ ដោយ​អំពាវនាវ​ឱ្យ​ក្រសួង-ស្ថាប័ន​ រោងចក្រ សហគ្រាស គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រជាជន​ទូទៅ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​ចំណែក​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន។ ប្រតិបត្តិការ​ទាំងនោះ​មាន​ដូចជា ការទូទាត់ ការបិទ​​ស្លាក​តម្លៃ​ទំនិញ និង​ការ​សន្សំ​ជា​ប្រាក់​រៀល ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ឱ្យ​បាន​កាន់​តែ​ច្រើន​ចំពោះ​ការប្រើ​ប្រាស់​ប្រាក់​រៀល។

អ្នកជំនាញ​កសិកម្ម និង​ផ្ដល់​ប្រាក់​កម្ចី​ដល់​កសិករលោក បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ​បច្ចុប្បន្ន​ប្រាក់​រៀល​មាន​ស្ថិរភាព​ល្អ ដែល​ជា​ពេល​វេលា​សមស្រប​សម្រាប់​ការ​បង្កើន​ការ​ចាយ​ប្រាក់​រៀល​ក្នុង​ស្រុក។ លោក​បន្ត​ថា​កម្ពុជា​នៅ​ត្រូវការ​ក្របខណ្ឌ​ច្បាប់​មួយចំនួន ដែល​គាំពារ​ដល់​ការ​បង្កើន​ការប្រើប្រាស់​ប្រាក់​រៀល​នេះ។ លោក កុមារ ក៏​គាំទ្រ​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍ និង​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល៖ « ការអនុវត្ត​នឹង​ទាល់តែ​ផ្សារភ្ជាប់​នឹង​វិធានការ​​ច្បាប់​មួយ​ចំនួន ប៉ុន្តែ​ហ្នឹង​ការអនុវត្ត​ជាក់​ស្ដែង​កន្លង​មក​ហ្នឹង​ហាក់ដូចជា​មិនទាន់​បាន​ទូលំទូលាយ ដែល​ធ្វើ​ឱ្យ​ទម្លាប់​ហ្នឹង​ចេះ​តែ​បន្ត​រហូត​ដល់​ពេល​ហ្នឹង។ ជារួម​ខ្ញុំ​គិត​ថា​វា​ទៅ​មុខ​ហើយ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល ហើយ​បូក​នឹង​ការជំរុញ​ការផ្សព្វផ្សាយ និង​ការចូលរួម​ពី​គ្រប់គ្នា​បន្តិចៗ​ទៅ វា​អាច​យូរៗ​ទៅ​វា​មក​ជា​រឿង​ធម្មតា​វិញ​ការប្រើប្រាស់​លុយ​រៀលទូទៅ»

កម្ពុជា​បាន​បង្កើត​ក្រដាស​ប្រាក់​រៀល​លើក​ដំបូង​នៅ​ឆ្នាំ១៩៥៥ គឺ​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​បារាំង។ ការប្រើប្រាស់​រៀល​បាន​ប្រាក់​រៀល​បាន​ផ្អាក​ជាច្រើន​ឆ្នាំ​នៅ​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច។ ប្រាក់​រៀល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​នៅ​ពេល​ធនាគារជាតិ​ដំណើរការ​ឡើងវិញ​កាល​ពី​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ១៩៨០ ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ មកដល់​ឆ្នាំ១៩៩២ គឺ​ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការបើក​ឱ្យ​មាន​វិនិយោគ​បរទេស​ចូល​កម្ពុជា រួម​នឹង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទាំង​ឡាយ​ពី​បណ្ដា​បរទេស ដែល​ជួយ​កម្ពុជា ជាពិសេស​ប្រទេស​លោក​ខាង​លិច កម្ពុជា​ចាប់​ផ្ដើម​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក។ ចាប់​ពី​ពេលនោះ​មក​ប្រាក់​ដុល្លារ​បាន​ចាក់​ឫស​ ជ្រាប​ចូល​គ្រប់​សរសៃឈាម​សេដ្ឋកិច្ច​កម្ពុជា និង​គ្រប​ដណ្ដប់​ស្ទើរ​តែ​ទាំងស្រុង​លើ​ការ​ចរាចរ​រូបិយប័ណ្ណ​នៅ​ទូទាំង​ប្រទេស។ ស្របពេល​ដែល​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ប្រើប្រាស់​លុយ​ដុង​វៀតណាម ឯ​តាម​ព្រំដែន​កម្ពុជា​ថៃ​ប្រើប្រាស់​ប្រាក់​បាត​ថៃ។ ពលរដ្ឋ​អាច​ប្តូរ​ប្រាក់​រៀល និង​ដុល្លារ​នៅ​គ្រប់​ទីកន្លែង មិនថា​ទីក្រុង ឬ​ស្រុកស្រែ​ចំការ។ ពលរដ្ឋ​ជាច្រើន​ប្រើ​ពាក្យ​ថា​រៀល​ជំនួស​ឱ្យ​ដុល្លារ គឺ​គេ​ចាយ​ប្រាក់​ដុល្លារ តែ​ថា​ជា​រៀល ដូច​ជា​ថា ៥រៀល ដែល​សំដៅ​ដល់​៥​ដុល្លារ​ជាដើម។ ទាំងនោះ​ក៏​ដោយសារ​តែ​ពេល​នោះ​តម្លៃ​ប្រាក់​រៀល​គ្មាន​ស្ថេរភាព បើ​ប្រៀបធៀប​នឹង​ប្រាក់​ដុល្លារ ដែល​ពិបាក​ឱ្យ​ពលរដ្ឋ ពិសេស​អ្នកជំនួញ អ្នក​វិនិយោគ​បរទេស​មក​កម្ពុជា មាន​ទំនុកចិត្ត​ប្រើប្រាស់។

ចំណុច​នេះ អ្នក​សិក្សា​ការអភិវឌ្ឍន៍ លោក​បណ្ឌិត មាស នី មើលឃើញ​ថា​ ចាំ​បាច់​ត្រូវ​ភាគី​ពាក់ព័ន្ធ​កាត់​បន្ថយ​បញ្ជរ​ប្តូរ​ប្រាក់ គ្រប់​ទី​កន្លែង ដែល​អាច​ពល​រដ្ឋ​ឱ្យ​ងាយស្រួល​ងាក​មក​ចាយ​ប្រាក់​រៀល​ជា​ទូ​ទៅ​បាន​វិញ៖ « បើ​យើង​នៅ​តែ​មាន​កន្លែង​ដូរលុយ​ដុល្លារ​ហ្នឹង​នៅ​កន្លែង​ណា​ក៏​បាន លក់​ក៏​បាន​ទិញ​លុយ​ដុល្លារ​ក៏​បាន ទោះជា​លើកទឹកចិត្ត​យ៉ាង​ម៉េច​ក៏​វា​មិន​អាច​ទៅ​រួច​ដែរ​បាទ។ ទី២ទៀត​នៅ​ក្នុង​ប្រទេស​ដូច​យើង​នេះ​ប្រសិនបើ​យើង បណ្ដោយ​ឱ្យ​លុយ​រៀល​ចុះថោក បាន​ន័យ​ថា​អតិផរណា​លុយ​រៀល​ហ្នឹង ធ្វើ​ឱ្យ​លុយ​រៀល​ថោក​វា​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ចង់​ចាយ​លុយ​រៀល​ទេ​ចង់​តែ​ចាយ​ដុល្លារ​ព្រោះ​លុយ​រៀល​ច្រើន​ពេក​ពិបាក​កាន់»

ទាក់ទង​នឹង​គុណតម្លៃ​ប្រាក់​រៀលលោក យ៉ង សាំង​កុមារ លើកឡើង​មួយ​ជ្រុង​ទៀត​ថា ​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​​ពង្រឹង​គុណ​តម្លៃ​ប្រាក់​រៀល​ពិសេស​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់៖ «ប្រសិនបើ​លុយ​រៀល​បន្ត​នៅ​ស្ថិរភាព​នៅ​រក្សា​អត្រា​ប្ដូរប្រាក់ នៅ​៤ពាន់ ឬ​៤​ពាន់​តិចតួច​បាន​ថេរ ហើយ​ប្រជាជន​មាន​ការ​ទុក​ចិត្ត​ច្រើន ជា​បណ្ដើរៗ​ដូចជា​​ការ​បើកប្រាក់ខែ ការ​ទូទាត់​ទំនិញ ការ​ផ្ដល់​ជា​ឥណទាន​ធ្វើ​ជា​លុយ​រៀល ។ល។ ហ្នឹង​ធ្វើ​ឱ្យ​លុយ​រៀល​មាន​ការ​ចរាចរ​កាន់​តែ​ច្រើន ហើយ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នៅពេល ដែល​កម្ពុជា​ប្រឈម​នៅ​ថ្ងៃ​ទៅ​មុខ​ទៀត​ហ្នឹង​គឺ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​លុយ​ខ្មែរ​យើង​ហ្នឹង​អាច​ទៅ​ជា​ថា​បើ​យើង​យក​លុយ​ខ្មែរ​យើង​ទៅ​ក្រៅ​ប្រទេស​យ៉ាង​អន់​ណាស់​ក៏​ត្រឹម​អាស៊ាន​ដែរ ដូចជា​នៅ​ថៃ​ (Thailand) ម៉ាឡេស៊ី ​(Malaysia)​ សឹង្ហ​បុរី​​ (Singapore) អី យើង​អាច​ដូរ​ជា​លុយ​គេ​បាន ដូរ​ទៅ​ដូរ ម៉ោ​ចឹង​បាន អីចឹង​ធ្វើ​ឱ្យ​ខ្មែរ​យើង​មិន​ចាំ​បាច់​ដូរ​ដុល្លារ​ស្ពាយ​ដុល្លារ ចាំ​យក​ដុល្លារ​ទៅ​ដូរ​នៅ​ស្រុក​គេ​អី​ទៀត​ទេ»

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គឺ​នៅ​មុន​វិបត្តិ​ជំងឺ-កូវីដ​១៩ តម្រូវការ​ចាយ​ប្រាក់​រៀល​បាន​កើន​ឡើង​រង្វង់​ប្រមាណ​១៦%​ក្នុង​មួយឆ្នាំៗ ក្រោយពេល​រដ្ឋាភិបាល និង​ធនាគារជាតិ​ចាប់​ផ្ដើម​លើក​កម្ពស់​ការប្រើប្រាស់​ប្រាក់​រៀល នៅ​ពេល​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​លំនឹង​ល្អ​ពោល​គឺ​តម្លៃ​ប្រាក់​រៀល​មាន​ស្ថិរភាព​ល្អ​ដែរ។

អ្នកនាំពាក្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ លោក កាំង​ តុងងី ទទួល​ស្គាល់​ថា​ការប្រើប្រាស់​ប្រាក់​រៀល​មាន​កំណើន ប៉ុន្តែ​កំណើន​នេះ​នៅ​យឺតយ៉ាវ​នៅ​ឡើយ។ លោក​ថា​ក្នុង​រយៈពេល​នេះ​កម្ពុជា​ពិបាក​ចៀស​ផុត​ទម្លាប់​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​បាន​ចាក់​ជ្រៅ​ក្នុង​សេដ្ឋកិច្ច និង​សង្គម៖ « នៅ​ប្រទេស​កម្ពុជា​យើង យើង​មិន​មាន​ច្បាប់​ដែល​តម្រូវ​ឱ្យ​វិនិយោគិន​បរទេស​ហ្នឹង​គាត់​ប្ដូរ​ប្រាក់​បរទេស​ម៉ោ​ប្រាក់​រៀល​យើង​ទេ ហើយ​ទន្ទឹម​នឹង​ហ្នឹង​យើង​ឃើញ​ថា​យើង​ក៏​មាន​ការនាំចេញ​នាំ​ចូល​ច្រើន។ ជាទូទៅ​យើង​ទទួល​ស្គាល់​ថា​ប្រាក់​ដុល្លារ​មាន​ស្ថិរភាព​ខ្ពស់​ជាង​ប្រាក់​រៀល​ខ្មែរ​យើង។ ក្នុង​រយៈពេល​នេះ​គឺ​វា​អីចឹង តែ​ក្នុង​រយៈពេល​ខាង​មុខ​វា​នឹង​មាន​ការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​សន្សឹមៗ​ហើយ​ព្រោះ​ហ្នឹង​វា​ជា​ទិសដៅ នៃ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ហើយ​ក៏​មាន​ការបង្កើត​នូវ​ដំណោះស្រាយ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​អី​ផ្សេងៗ ដែល​ដំណោះស្រាយ​បច្ចេកវិទ្យា​នឹង​ជួយ​ឱ្យ​ការប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ងាយស្រួល»

លោក កាំង តុងងី បញ្ជាក់​ថា​មក​ដល់ពេល​នេះ​សមាគម​បានផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​រៀល ក្នុង​ទំហំ​ប្រមាណ​២០​ភាគរយ លើស​ការកំណត់​របស់​ធនាគារជាតិ ដែលតម្រូវ​ឱ្យ​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល​ឱ្យ​បាន​ច្រើន​បំផុត ឬ​តិច​បំផុត​ឱ្យ​លើសពី១០ភាគរយ។ លោក​ថា​សមាគម​រំពឹង​ថា​នឹង​ជំរុញ​ឱ្យ​ការប្រើប្រាស់​ប្រាក់​រៀល​នេះ​បន្ត​កើន​ឡើង។

ធនាគារជាតិ​ក៏​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ជា​អេឡិចត្រូនិច​ឈ្មោះ​ថា​ប្រព័ន្ធ​បាគង ដែល​ជួយ​ដល់​ការ​ទូទាត់​ ផ្ទេរ​ប្រាក់​ ដាក់​ប្រាក់​ និង​ដក​ប្រាក់​ កាន់តែ​មាន​ភាព​ងាយស្រួល​ ឆាប់រហ័ស​ កាត់​បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​ និង​មាន​សុវត្ថិភាព​ខ្ពស់។ មន្ត្រី​ធនាគារជាតិ​អះអាង​ថា​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​នេះ​ក៏​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ទូទាត់​ជា​ប្រាក់​រៀល​ដែរ ដោយ​កាត់បន្ថយ​ការ​កាន់​ប្រាក់រៀល​ដែល​មាន​ចំនួន​ច្រើន ឬ​មាន​សូន្យ​ច្រើន​ពិបាក​រាប់​ជាដើម។ ជាមួយគ្នា​នោះ​ ការប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រព័ន្ធ​បាគងនេះ​ក៏​កំពុង​កើនឡើង។

ទាំង​អ្នក​តាម​ដាន​ការអភិវឌ្ឍន៍ និង​អ្នកជំនាញ​ហិរញ្ញ​វត្ថុ​សុទ្ធតែ​បាន​យល់ស្រប​ពី​អត្ថប្រយោជន៍​ក្នុង​ការ​ចាយ​ប្រាក់​រៀល និង​កាត់​បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ។

ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា ​ការប្រើប្រាស់​ប្រាក់​រៀល​ជា​រូបិយប័ណ្ណ​របស់​ជាតិ​នេះ​មាន​ផល​ប្រយោជន៍​ជាច្រើន ដែល​រួមមាន ​បង្កើន​សាមគ្គីភាព​ជាតិ និង​មោទនភាព​ជាតិ ដែល​សំដៅ​ដល់​ភាព​រឹង​មាំ និង​អធិបតេយ្យភាព​រូបិយប័ណ្ណ។ កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ ដែល​ជួយ​ឱ្យ​ពលរដ្ឋ​មិន​ប្រឈម​នឹង​ខាតបង់​ដោយសារ​អត្រា​ប្តូរ​ប្រាក់ និង​ខាតបង់​ពេល​វេលា​ច្រើន។ ជំរុញ​ពាណិជ្ជកម្ម ដោយ​ធនាគារ​ជាតិ​អាច​ជំរុញ​ការនាំចេញ​កាន់តែ​ច្រើន​តាម​រយៈ​ភាព​ប្រកួត​ប្រជែង​តម្លៃ។ លើក​កម្ពស់​ហេដ្ឋារចនាសម្ពន្ធ និង​សុខុមាលភាព​សង្គម ដែល​សំដៅ​ដល់​រដ្ឋាភិបាល​ងាយស្រួល​បំពេញ​តម្រូវការ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និង​សុខុមាលភាព​សង្គម ពោល​គឺ​រដ្ឋាភិបាល​មាន​ចំណូល​ចំណាយ​ជា​ប្រាក់​រៀល។ ចំណែក​អត្ថប្រយោជន៍​ពីរ​ចុង​ក្រោយ​គឺ​ចំណូល​ពី​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់ និង​ការ​បង្ការ​ការក្លែង​ក្រដាស់​ប្រាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។