មន្ត្រីអង្គការសង្គមស៊ីវិលមិនរំពឹងថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាអាចទទួលបានក្នុងរង្វង់ ២,២% នេះ អាចនឹងជួយឱ្យជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រ ជាពិសេសពលរដ្ឋងាយរងគ្រោះ និងពលរដ្ឋបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រសើរជាងឆ្នាំមុននោះឡើយ។ ការមិនរំពឹងនេះ គឺដោយសារតែពួកគេកត់សម្គាល់ឃើញថា កម្ពុជានៅតែមានគម្លាតខ្លាំងរវាងអ្នកមានលុយ និងអ្នកក្រ ហើយគោលនយោបាយភាគច្រើនរបស់រដ្ឋាភិបាលនៅមិនទាន់ផ្តោតខ្លាំងលើពលរដ្ឋក្រីក្រទាំងស្រុងនៅឡើយទេ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីថា កំណើនសេដ្ឋកិច្ច គឺជាការវិភាគនិងវាយតម្លៃទៅលើម៉ាក្រូសេដ្ឋកិច្ចជារួម។ ដូច្នេះ លោកថា នេះមិនអាចមានន័យថា ពលរដ្ឋទូទៅគ្រប់គ្នាទទួលបានផលពីកំណើនសេដ្ឋកិច្ចនេះស្មើៗគ្នានោះទេ ខណៈគម្លាតរវាងអ្នកដែលមានលុយច្រើន និងអ្នកក្រនៅមានកម្រិតខ្ពស់នៅឡើយ៖ «ខ្ញុំមើលទៅកំណើនសេដ្ឋកិច្ច ២ % នេះ សម្រាប់អ្នកក្រអត់មានន័យអីទេ។ អត់មានន័យថា គាត់នឹងប្រសើរជាងឆ្នាំទៅនោះទេ។ អ៊ីចឹង មានន័យថា អ្នកក្រ អ្នកដែលងាយរងគ្រោះជាងគេ ជាពិសេសពលរដ្ឋដែលគាត់រកមួយថ្ងៃដើម្បីរស់មួយថ្ងៃ ទិន្នន័យ ២ % នៃកំណើនសេដ្ឋកិច្ចនេះមិនជាមានន័យទូលំទូលាយសម្រាប់ពួកគាត់ទេ គឺគាត់នៅតែមានបញ្ហាអញ្ចឹង ជាពិសេសបងប្អូនដែលប្រើប្រាស់កម្លាំងដើម្បីបានលុយ ដែលគាត់ធ្វើការពលកម្មបានលុយមួយថ្ងៃៗឬក៏មួយខែៗ ហើយលុយតិច គឺគាត់នៅតែមិនមានលទ្ធភាពងើបពីភាពក្រីក្របានទេ ហើយជាពិសេសបងប្អូនដែលរកស៊ីក្រៅប្រព័ន្ធ »។

ស្រដៀងគ្នានេះដែរ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ មានប្រសាសន៍ថា ស្ថានភាពរបស់ពលរដ្ឋបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ នៅមិនទាន់មានភាពប្រសើរនៅឡើយទេ។ បើតាមលោក វន់ ពៅ ការនៅមិនទាន់មានភាពប្រសើរនេះ គឺដោយសារតែការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគាត់កាន់តែធ្លាក់ចុះដុនដាបខ្លាំងជាងឆ្នាំ២០២០ទៅទៀត៖ « ធ្លាក់ចុះខ្លាំងមែនទែនឥឡូវនេះ។ ឆ្នាំ២០២០ យើងឃើញថា រាងដូចទប់ទល់ខ្លះ ដល់ពេល ២០២១នេះ ធ្លាក់ចុះស្ទើតែដល់កម្រិតសូន្យតែម្តង ហើយអ្នកមួយចំនួនដល់កម្រិតសូន្យ ដោយសារការបិទខ្ទប់យូរ ហើយម្យ៉ាងទៀតអត់មានអ្នកធ្វើដំណើរ ឬក៏អតិថិជនបាត់បង់ អត់មានអតិថិជន លក់ដូរក៏មិនដាច់ ហើយរត់រ៉ឺម៉កអីគ្រប់បែបយ៉ាងក៏មិនដាច់ ភ្ញៀវទេសចរណ៍អន្តរជាតិ ភ្ញៀវជាតិក៏វាអត់។ អ៊ីចឹងហើយបើប្រៀបធៀបជាមួយឆ្នាំទៅឃើញថា ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះមែនទែនទោះបីជាមានការបើកទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលយ៉ាងណាក៏ដោយ »។
កាលពីថ្ងៃទី២៧ ខែកញ្ញា ធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ពីក្នុងរង្វង់ ៤% មកនៅត្រឹមជាង ២% វិញ។ ធនាគារពិភពលោកពន្យល់ថា ការបន្តរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យការស្តារសេដ្ឋកិច្ចកម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ។ រីឯវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលធ្លាប់ផ្តល់ការងារធ្វើប្រមាណ ២លានកន្លែងនៅអំឡុងពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងដែរ។ ទន្ទឹមនឹងនេះ ការបាត់បង់ការងារធ្វើ មានកាន់តែច្រើនដោយសារតែកំណើននៃពលករចំណាកស្រុកដែលបានវិលត្រឡប់មកកម្ពុជាវិញ។
ដោយឡែក ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃទី២៧ ខែកញ្ញា បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាដោយព្យាករណ៍ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាអាចនឹងយឺតយ៉ាវ ហើយថានៅក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនក្នុងរង្វង់ ២,២%។ ស្ថាប័នដដែលនេះផ្តល់អំណះអំណាងថា វិបត្តិកូវីដ-១៩ បានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការពីក្រៅប្រទេសនៅឆ្នាំ២០២០ និងការឆ្លងរាលដាលជាលក្ខណៈសហគមន៍នៃវីរ៉ុសកូវីដ-១៩ក្នុងឆ្នាំ២០២១នេះ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិពន្យល់ថា បើទោះបីជាមានការអន្តរាគមន៍ជាច្រើនពីរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានៅតែរងការខូចខាត។ កំណើនសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២០ បានរួមតូច ឬធ្លាក់ចុះរហូតដល់ជាង -៣% ខណៈកម្ពុជាធ្លាប់ទទួលបានកំណើនជិត ៧% កាលពីនៅមុនពេលមានវិបត្តិជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់នៅក្នុង សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២៧ ខែកញ្ញាថា ការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិនេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងការវាយតម្លៃដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ។
យ៉ាងណាក៏ដោយ សម្រាប់នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) គឺលោក មឿន តុលា វិញ លោកយល់ថា កំណើននេះមិនទាន់ឋិតថេរនៅឡើយទេ៖ « បើសិនជាកម្ពុជាមិនដោះស្រាយរឿងសិទ្ធិការងារ ដូចបច្ចុប្បន្ននេះ យើងសម្រេចប្រាក់ឈ្នួលគោលដំឡើង ២ដុល្លារអីនេះ វាអត់បានជួយអីទាល់តែសោះទៅដល់កម្មករក្នុងការទូទាត់ជាមួយនឹងអតិផរណា ថ្លៃទំនិញឡើងថ្លៃ។ រឿងសិទ្ធិការងារនេះ ច្បាប់សហជីពនៅតែមានបញ្ហានៅឡើយ។ មេដឹកនាំសហជីពនៅតែឋិតនៅក្រោមការគំរាមកំហែងដោយប្រព័ន្ធតុលាការ ដោយការបង្ក្រាបអីនានា។ គេនៅតែប្រើច្បាប់សហជីពបំបិទសេរីភាពសហជីពក្នុងការតំណាងឱ្យសមាជិករបស់ខ្លួនឬក៏អនុវត្តសិទ្ធិក្នុងការចរចាសមូហភាព។ល។ បញ្ហាអស់នេះ វាអត់ទាន់ជាការបញ្ចុះបញ្ចូលឬក៏បន្ទន់ចិត្តឱ្យខាងសហភាពអឺរ៉ុបគេពិចារណាត្រលប់ប្រគល់ ២០ % នៃប្រព័ន្ធអនុគ្រោះពន្ធត្រលប់មកវិញទេ »។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាអវិជ្ជមានទាំងនេះ ដើម្បីធានាថា កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចបានប្រសើរឡើងវិញ។
ទន្ទឺមនឹងនេះ មន្ត្រីអង្គការសង្គមស៊ីវិលក៏សំណូមពរឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយដែលផ្តោតលើពលរដ្ឋក្រីក្រឱ្យបានច្រើន ដើម្បីឱ្យពួកគេអាចទទួលបាននូវផលប្រយោជន៍ច្រើនពីរដ្ឋដែលអាចជួយឱ្យជីវភាពរស់នៅរបស់ពួកគេបានប្រសើរជាងមុន។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ សំណូមពរឱ្យរដ្ឋាភិបាលគួរធ្វើយ៉ាងណាផ្តល់ជំនួយឧបត្ថម្ភធនដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា៖ « ខ្ញុំសំណូមពរសូមឱ្យរដ្ឋាភិបាលជួយផ្តល់ជំនួយឧបត្ថម្ភធនសម្រាប់ស្តាឡើងវិញនៃការបាត់បង់មុខរបរ ស្តាឡើងវិញនៃអាជីវកម្មរបស់គាត់ ត្រូវផ្តល់ប្រព័ន្ធជំនួយសង្គមឱ្យទាន់ពេលវេលានៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៨០ % កំពុងតែមានការធ្លាក់ចុះនៃប្រាក់ចំណូល ហើយសូមអន្តរាគមន៍យ៉ាងជាក់លាក់បន្ថែមទៀតទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធ្វើការពន្យាការប្រាក់ និងដើមតែម្តង។ ខ្ញុំគិតថាជាស្ថានភាពមួយប្រសិនបើអាចធ្វើបានជាចំណុចប្រសើរ »។
រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន ធ្លាប់ថ្លែងទទួលស្គាល់ថា វិបត្តិជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៦លាននាក់ ហើយថា វិបត្តិនេះបានបង្កើតសម្ពាធធ្ងន់ធ្ងរលើប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ៖ «អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជិត ៣ពាន់ ត្រូវបានផ្អាកសម្មភាព ដែលបណ្ដាលឱ្យមនុស្សជាង ៤៥ពាន់នាក់បាត់បង់ការងារ ហើយបច្ចុប្បន្ននេះការងារប្រមាណ ១ , ៧ លាន កំពុងប្រឈមនឹងហានិភ័យ។ កម្មករដែលបម្រើការងារក្នុងវិស័យក្រៅប្រព័ន្ធត្រូវប៉ាន់ស្មានថា ប្រមាណជា ៦ , ១ លាន នាក់បានបាត់បង់ការងារ ឬប្រឈមនឹងការបាត់បង់ការងារ»។
បើតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ អនាគតនៃកំណើនសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកទាំងស្រុងអាស្រ័យលើស្ថានភាពនៃជំងឺរាតត្បាតសាកលកូវីដ-១៩។ អង្គការនេះថា ការគ្រប់គ្រងវីរ៉ុសនេះបានលឿននៅកម្ពុជា និងនៅតាមបណ្តាប្រទេសដទៃទៀត នឹងជួយសម្រួលដល់ការបើកឡើងវិញនូវវិស័យទេសចរណ៍។ ក៏ប៉ុន្តែ អង្គការនេះព្រមានថា បើការគ្រប់គ្រងវីរ៉ុសនេះវិវត្តទៅយឺតយ៉ាវ នោះហេតុការណ៍នេះនឹងធ្វើឱ្យខូចខាតដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។