ប្រជាពលរដ្ឋស្នើអាជ្ញាធរឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់ ក្រោយអាជ្ញាធរដាក់ចេញវិធានការរឹតបន្តឹងសន្តិសុខ និងការធ្វើដំណើរចេញចូលតាមឃុំសង្កាត់មួយចំនួន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរបញ្ចេញកញ្ចប់ថវិកាបម្រុង ដើម្បីជួយសម្រួលបន្ទុកប្រជាពលរដ្ឋ នៅតាមភូមិឃុំមួយចំនួនដែលបិទ ឬរឹតបន្តឹងការធ្វើដំណើរ។
ប្រជាពលរដ្ឋមួយចំនួន កំពុងរស់ក្នុងស្ថានភាពលំបាក បន្ទាប់ពីអាជ្ញាធរបិទភូមិឃុំ ដើម្បីការពារការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ប្រជាពលរដ្ឋរស់នៅសង្កាត់គោកចក ខេត្តសៀមរាប លោក យឹម សុង៉ា ប្រាប់អាស៊ីសេរីថា អាជ្ញាធរខេត្តសៀមរាបបានប្រកាសបិទការធ្វើដំណើរចេញចូលក្នុងសង្កាត់គោកចក រយៈពេលជិតមួយសប្ដាហ៍មកហើយ។ លោកថាការបិទចរាចរណ៍ចេញចូលនេះ បានធ្វើឱ្យប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃ ហើយលោកត្រូវបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង និងធនាគារជាដើម ដែលធ្វើឱ្យជីវភាពគ្រួសារលោកកាន់តែយ៉ាប់យ៉ឺន។ លោកឱ្យដឹងទៀតថា អាជ្ញាធរហាក់មិនអើពើ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះទេ ក្រោយការបិទតំបន់នេះ៖ «សង្កាត់គោកចកថ្ងៃនេះ ជាថ្ងៃទី៥ ទី៦ ថា ទៅមិនទាន់មួយសប្ដាហ៍គ្រាប់គ្រាន់ ចត្តាឡីស័ករយៈពេល ១៤ថ្ងៃយើងគិតមើល ចុះទំរាំគ្រប់ ១៤ថ្ងៃយើងមានលទ្ធភាពឯណា ហើយលុយដែលយើងរកបានចាយអស់ ត្រូវបង់ធនាគារទៀត គឺយ៉ាប់។ ខ្ញុំស្នើរដ្ឋាភិបាលគួរតែជួយដោះបន្ទុកប្រជាពលរដ្ឋសង្កាត់គោកចកឱ្យបានច្រើនជាងនេះ » ។
ស្រដៀងគ្នានេះដែរ អ្នករត់ផាសអាប់ (PassApp) នៅខេត្តព្រះស៊ីហនុ លោក សាន់ ទី ប្រាប់អាស៊ីសេរីថា អាជ្ញាធរបានប្រកាសបិទការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នេះ។ លោកថាការផ្ទុះជំងឺកូវីដនេះ បានធ្វើឱ្យពលរដ្ឋក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ បាត់បង់ប្រាក់ចំណូលទាំងស្រុង។ លោកបញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ លោកត្រូវទទួលបន្ទុកបង់រំលោះផាសអាប់ ថ្លៃបន្ទប់ជួល ថ្លៃទឹកភ្លើងប្រចាំខែ។ លោកស្នើដល់រដ្ឋាភិបាលដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជារួម រហូតដល់ស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ៖ «រឿងជីវភាពគ្រួសារកាន់តែពិបាកទៀត រាល់ថ្ងៃផ្គត់ផ្គង់កូនពីរផង ទឹកដោះគោផង រត់ផាសអាប់រាល់ថ្ងៃអត់បានទៀត ហើយមួយវឹកកូវីដនេះ មិនបានចេញក្រៅទេ ឱ្យរដ្ឋាភិបាលលោកជួយសម្រួលខ្លះក្នុងការបង់ ធនាគារឱ្យគាត់ជួយផ្អាកមួយខែ ឬក៏ពីរខែ បីខែសិន » ។
ចំណែកប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល លោកស្រី ជ័យ ស្រីនី លោកស្រីប្រាប់ថា រយៈពេលជាងមួយសប្ដាហ៍មកហើយ លោកស្រីមិនបានចេញទៅលក់ដូរនៅផ្សារទេ ព្រោះបារម្ភពីការឆ្លងជំងឺកូវីដ-១៩។ លោកស្រីថា គ្រួសារលោកស្រីបាត់ចំណូល ហើយរស់ទាំងត្រដាបត្រដួស ថែមទាំងត្រូវបង់បំណុលឯកជនទៀតផង។ លោកស្រីបានសម្រេចចិត្តឱ្យកូនឈប់រៀនមហាវិទ្យាល័យ ព្រោះគ្មានលុយសម្រាប់ផ្គត់ផ្គង់ឱ្យកូនរៀនបន្តទៀត៖ «ជីវភាពគ្រួសារខ្វះខាតអ៊ីចឹង ភូមិឃុំត្រូវតែជួយមើល ជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង ប្រជាពលរដ្ឋដូចខ្ញុំអ៊ីចឹង មានមួយថ្ងៃហូបថ្ងៃ ហូបអង្ករគីឡូដូចគ្នា ដល់ខែដល់ពេលវេលាយើងរកមិនបាន » ។
ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺដោយសារតែរដ្ឋាភិបាលបានដាក់ចេញវិធានការរឹតបន្តឹងសន្តិសុខ និងការធ្វើដំណើរចេញចូលទីតាំងដែលបានហាមឃាត់ បន្ទាប់ពីការរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កើនឡើង។ ពលរដ្ឋអះអាងដូចគ្នាថា រដ្ឋាភិបាល និងអាជ្ញាធរផ្ដោតតែទៅលើការរឹតបន្តឹងសន្តិសុខ ប៉ុន្តែហាក់មិនបានគិតគូរអំពីបញ្ហាជីវភាព និងការខ្វះខាតរបស់ពួកគាត់ដែលស្ថិតក្នុងតំបន់រឹតបន្តឹងនោះទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធការឆ្លើយតបជុំវិញកង្វល់ និងសំណើរបស់ប្រជាពលរដ្ឋ ដោយលោករុញឱ្យទៅអាជ្ញាធរមូលដ្ឋានវិញ។ អាស៊ីសេរីបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាននៅតាមតំបន់មួយចំនួន ដើម្បីសាកសួរបញ្ហានេះដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
ទោះជាយ៉ាងណាក្ដី កន្លងមក រដ្ឋាភិបាលបានចែកប្រាក់ខ្លះ ដល់ពលរដ្ឋដែលមានប័ណ្ណក្រីក្រ និងផ្ដើមផ្តល់ប្រាក់ឧបត្ថម្ភ និងស្បៀងអាហារខ្លះៗ ដល់អ្នកកំពុងធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជុំទី៨ ដើម្បីកាត់បន្ថយផលប៉ះពាល់ស្ថានភាពសង្គម ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី៨ នេះ ចាប់បន្តអនុវត្តរយៈពេលបីខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា។
ទាក់ទងរឿងនេះ ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងពិចារណា ដោះស្រាយបញ្ហាជីវភាព ជាពិសេសសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីរឿងទប់ស្កាត់កូវីដតែមួយមុខនោះទេ។ លោកថា នៅក្នុងស្ថានភាពបែបនេះរដ្ឋាភិបាលគួរខ្នះខ្នែងជួយសម្រួលបន្ទុកប្រជាពលរដ្ឋ ជាពិសេសនៅតាមភូមិឃុំមួយចំនួនដែលបានបិទ ឬរឹតបណ្ដឹងចរាចរណ៍។ លោកស្នើរដ្ឋាភិបាលត្រូវបញ្ចេញថវិកាបម្រុង និងជួយផ្គត់ផ្គង់ស្បៀងអាហារជូនពលរដ្ឋ ដែលមិនបានចេញប្រកបមុខរបបនៅខាងក្រៅ ខណៈពលរដ្ឋបាត់បង់ចំណូល៖ « ជាកត្តាមួយដែលជាបន្ទុករបស់រដ្ឋាភិបាលដែលលោកត្រូវតែពិចារណា ក្នុងការដោះស្រាយឱ្យទាន់ពេលវេលា ពិសេសគឺថវិការដ្ឋដែលបម្រុងទុកសម្រាប់ដោះស្រាយបញ្ហាកូវីដ - ១៩ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលាចំពោះបញ្ហាហ្នឹង និងយន្តការមួយទៀត រដ្ឋក៏អាចបន្តធ្វើការពិភាក្សាឱ្យចេញជាលទ្ធភាពជាក់ស្តែងចំពោះធនាគារដែលពលរដ្ឋកំពុងខ្ចីបុលត្រូវដោះស្រាយ យ៉ាងមិចឱ្យធនាគារបន្ធូរបន្ថយ » ។
ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត សំណូមពរដល់រដ្ឋាភិបាលឱ្យគិតគូរបន្ថែមទៀតដល់សុខទុក្ខរបស់ពួកគាត់ ដូចជា ការផ្តល់ជំនួយជាស្បៀងអាហារ និងថវិកា ព្រមទាំងជួយសម្រួលរឿងបំណុលធនាគារ និងបញ្ចុះថ្លៃទឹកភ្លើង ព្រោះពួកគាត់មិនអាចចេញប្រកបមុខរបរខាងក្រៅបានទេ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។