ពលរដ្ឋ​ប្រកប​របរ​ធ្វើ​ម្ទេស​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​តម្លៃ​ម្ទេស​ធ្លាក់ចុះ​ខ្លាំង

ដោយ សេក បណ្ឌិត
2023.05.04
ពលរដ្ឋ​ប្រកប​របរ​ធ្វើ​ម្ទេស​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​តម្លៃ​ម្ទេស​ធ្លាក់ចុះ​ខ្លាំង ពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​ឆ្នាំង ​កំពុង​ធ្វើ​ម្ទេស​ក្រៀម កាលពី​ថ្ងៃទី​២​ ខែឧសភា ឆ្នាំ​២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង​ជាប់​ដង​បឹង​ទន្លេសាប ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ម្ទេស​ក្រៀម ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​មុខ​នឹង​ការបោះបង់​មុខ​របរ​នេះ​ចោល ព្រមទាំង​មិន​សូវ​មាន​អ្នក​បញ្ជា​ទិញ។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ និង​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ កុំ​ឲ្យ​ធ្លាក់​ថ្លៃ​ច្រើន​ពេក​នៅ​ពេល​សម្បូរ​ម្ទេស។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជាច្រើន​គ្រួសារ​កំពុង​មមាញឹក ហាល​ម្ទេសផ្លោក​ធ្វើជា​ម្ទេស​ក្រៀម បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ថា ម្ទេស​ក្រៀម​បច្ចុប្បន្ន​កំពុង​មាន​តម្លៃ​ទាប ធ្វើ​ឲ្យ​អាជីវករ​មួយ​ចំនួន​ប្រឈម​មុខ​និង​ការបោះបង់​របរ​មួយ​នេះ ។ ពលរដ្ឋ​ខ្លះទៀត​ខ្ចី​លុយ​ធនាគារ​ដើម្បី​ធ្វើ​ជា​ដើមទុន​រកស៊ី ប៉ុន្តែ​តម្លៃ​ម្ទេស​ក្រៀម​ត្រូវ​បាន​ធ្លាក់​ចុះ លក់​មិន​បាន​ប្រាក់​ចំណេញ។ ពួកគេ​ត្អូញត្អែរ​ថា តម្លៃ​ឆ្នាំ​នេះ​ខុសគ្នា​ពី​តម្លៃ​ឆ្នាំមុន។ តម្លៃ​ឆ្នាំនេះ​ក្នុង​មួយ​គីឡូ ១​ម៉ឺន ៥​ពាន់​រៀល សម្រាប់​ម្ទេស​ក្រៀម​ដែល​បាន​ឆ្អើរ​រួច ពោល​កាលពី​ឆ្នាំមុន​ពួកគេ​លក់​ចេញ ១​គីឡូ ៣​ម៉ឺន ៥​ពាន់​រៀល។

ទឹកមុខ​ក្រៀមក្រំ ហាក់​អស់​សង្ឃឹម វ័យ​៥៧​ឆ្នាំ អ្នកស្រី ប៊ុន នី ត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកស្រី​រកស៊ី​របរ​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ នេះ​ជា​លើកទីមួយ​ហើយ​ដែល​តម្លៃ​ម្ទេស​ក្រៀម​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​តម្លៃ​ម្ទេស​ស្រស់​ហក់​ឡើងថ្លៃ​វិញ ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​រកស៊ី​មុខ​របរ​មួយ​នេះ ។ អ្នកស្រី​បន្ថែម​ថា អ្នក​រកស៊ី​របរ​នេះ សម្រេចចិត្ត​លក់​នៅ​តម្លៃ​១​ម៉ឺន ៥​ពាន់​រៀល ទោះបី​ដឹង​ថា​តម្លៃ​នេះ​លក់​មិន​ចំណេញ​ក៏ដោយ ប្រសិនបើ​ទុក​យូរ​តម្លៃ​ទីផ្សារ​និង​បន្ត​ធ្លាក់ចុះ​ជាង​នេះ​ទៅ​ទៀត ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​មុខ​បោះបង់​របរ​នេះ​ចោល។

អ្នកស្រី ប៊ុន នី៖ «ធ្លាក់​ថ្លៃ​ម្ទេស​ស្រស់​ឡើងថ្លៃ​តែ​ម្ទេស​ក្រៀម​វា​អត់​ឡើង អត់​ឡើងថ្លៃ​ហ្មង គេ​ចេះតែ​ឲ្យ​យើង​ចុះ ហើយ​យក​ទៅ​លក់​ឲ្យ​គេ​ជឿ (ជំពាក់) ទៀត វា​យ៉ាប់​អ៊ីចឹង​ហើយ​ម្ទេស​ស្រស់​ទិញ​អត់​បាន​វា​ទារ​ឡើងថ្លៃ​រហូត ទារ​ឡើង​ដល់ ២​ពាន់​ក្នុង​មួយ​គីឡូ​ម្ទេស​ស្រស់ ហើយ​ម្ទេស​ក្រៀម ១​ម៉ឺន ៥​ពាន់​រៀល​ដដែល ដល់​ពេល​អ៊ីចឹង​១០០​គីឡូ ខាត ១០​ម៉ឺន​ជាង»

ស្រដៀង​គ្នា​ដែរ អ្នកស្រី ឆេង អៀង ប្រកប​របរ​ធ្វើ​ម្ទេស​ក្រៀម​ដែល​មាន​កម្មករ​ជិត ១០​នាក់ កំពុង​មមាញឹក​ហាល​ម្ទេស​ផង​នោះ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយថ្ងៃ​ធ្វើ​ម្ទេស​ក្រៀម​បាន​ជិត ២​តោន ហើយ​អ្នកស្រី​ត្រូវ​ចំណាយ​ក្នុង​មួយ​តោន ៥០​ម៉ឺន​រៀល​ទៅ​៦០​ម៉ឺន​រៀល ទៅលើ​កម្មករ និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ អ្នកស្រី​បន្ថែម​ថា សព្វថ្ងៃ​កំពុង​ដេក​ភ័យ​អំពី​បញ្ហា​តម្លៃ​ធ្លាក់ចុះ ដោយសារ​អ្នកស្រី​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​យក​មក​រកស៊ី ហើយ​តម្លៃ​ម្ទេស​ក្រៀម​ធ្លាក់​ចុះ​ខ្លាំង​ជាង​ឆ្នាំមុនៗ ចំណែក​ម្ទេស​ស្រស់​ហក់​ឡើង​ថ្លៃ ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​មួយ​នេះ​ខាត​បង់​ធំ ប្រឈម​នឹង​បោះបង់​របរ​មួយ​នេះ​ចោល ។ អ្នកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​កុំ​ឲ្យ​តម្លៃ​ម្ទេស​ចុះ​បន្ត​ទៀត។

អ្នកស្រី ឆេង អៀង៖ «ចេះ​តស៊ូ​ទៅ បើ​ខាត​ហើយ​យើង​អត់​ប្រឹង​មកវិញ​វា​រឹត​ខាត​លើស​ដើម អ៊ីចឹង​ត្រូវ​ប្រឹង​ក្រែងលោ​បាន​ដើម​ខ្លះ​មកវិញ សំណូមពរ​ឲ្យ​ទីផ្សារ​កុំ​ឃើញ​ថា សម្បូរ​ហើយ​ចុះ​បន្តិចបន្តួច​ទម្លាក់​ក្រឹបៗ​យក​ហ្មង​ពី​៣​ម៉ឺន ៥​ពាន់ រហូតដល់ ១​ម៉ឺន ៤​ពាន់ ១​ម៉ឺន ៥​ពាន់ បញ្ចុះ​យើង​បញ្ចុះ​ពេក​ហើយ​ទីផ្សារ»

រីឯ​កសិករ​ដាំ​ម្ទេស​ប្លោក នៅ​កោះ​ចាល័យ ឃុំ​ពាមឆ្កោក ស្រុក​ជលគិរី អ្នកស្រី ហាក់ អាត ប្រាប់​ឲ្យ​ដឹង​ថា តម្លៃ​ម្ទេស​ប្លោក​ក្រៀម​កំពុង​ធ្លាក់​ថ្លៃ ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ដល់​អ្នក​ដាំ​ដុះ ។ អ្នកស្រី​បន្ថែម​ថា កសិករ​ប្រមាណ​៣០​គ្រួសារ​នៅ​កោះ​ចាល័យ រអ៊ូរទាំ​អំពី​តម្លៃ​ម្ទេស​ចុះថោក ជាពិសេស​នៅពេល​ពួកគាត់​ប្រមូល​ផល​បាន​ច្រើន អ្នកភូមិ​ខ្លះទៀត​ស្ទើរ​បោះបង់ចោល​ម្ដងៗ ដោយសារ​តម្លៃ​សព្វថ្ងៃ​១​ពាន់ ៣​រយ​រៀល​ក្នុង​មួយ​គីឡូ។ អ្នកស្រី​បន្ថែម​ទៀត​ថា រូប​គាត់​មាន​ផ្ទៃ​ជិត​ពីរ​ហិកតារ​នៅ​លើ​កោះ អាច​ប្រមូល​ផល​បាន​ជាង ១០​តោន ក្នុង​១​រដូវ (រយៈពេល ៥​ខែ)

អ្នកស្រី ហាក់ អាត៖ «តាម​ដែល​ខ្ញុំ​សម្លឹង​មើលទៅ​មិន​ថា មិន​ពិបាក​ទេ​ពិបាក​គ្រប់​តែ​គ្នា អ្នក​ដាំ​ក៏​គេ​ថា​ថោក​អី​ថោក​យ៉ាងនេះ បាន​អី​គ្រប់​សោហ៊ុយ​ប្រេង ជី ថ្លៃ​ចង់​ងាប់ ប៉ុន្តែ​គ្នា​គ្មាន​មុខរបរ​អីចេះ​តែ​ដាំ​ទៅ​បាន​ខ្លះ​អត់​ខ្លះ​អ៊ីចឹង​ទៅ ដោះ​គេ​មិន​រួច​ផង រកលុយ​គេ​ចុះ​ចម្ការ​អ៊ីចឹង​ទៅ ដោះ​ការ​គេ​ដោះ​មិន​រួច​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ និង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង​លោក ងិន ហ៊ុន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២ ឧសភា ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នក​ទទួល​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

ប្រធាន​សមាគម​កសិករ​ដើម្បី​អភិវឌ្ឍន៍​ជីវភាព លោក ស៊ុម ម៉ាណែត សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់រូប​បាន​ទៅ​ខ្ចីបុល ពី​ធនាគារ​ដើម្បី​យក​មក​រកស៊ី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ហើយ​ពួកគាត់​រំពឹង​ថា នឹង​បាន​ប្រាក់​ចំណេញ​ពីមុខ​របរ​នោះ តែ​ផ្ទុយ​ទៅ​វិញ តម្លៃ​នៅ​ទីផ្សារ​ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់ អាច​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ថែម​ទៀត​ថា ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ គួរតែ​ពិនិត្យ​ឡើង​វិញ​នៅ​តម្លៃ​ទីផ្សារ​កុំ​ឲ្យ​មាន​ការ​ចុះ​តម្លៃ​បែប​នេះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​លែង​មាន​ទំនុកចិត្ត​ទៅ​រដ្ឋាភិបាល ថែមទាំង​ប្រឈមមុខ​ទុក​ដី​ទំនេរ​ចោល ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ។

លោក ស៊ុម ម៉ាណែត៖ «ក្រសួង​កសិកម្ម​ដែល​ជា​សេនាធិការ​របស់​ប្រទេស​កម្ពុជា​គួរតែ​ពិនិត្យ​ឡើង​វិញ​ឲ្យ​មែនទែន នៅ​ទាក់ទង​ជាមួយ​តម្លៃ​របស់​ប្រជាកសិករ ប្រសិនបើ​ប្រជាកសិករ​បោះបង់​ការ​ដាំ​ដុះ​ចោល សួរ​ថា​ប្រទេស​របស់​យើង​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម សួរ​ថា​តើ​យើង​មាន​អ្វី​ទៅ​អួត​គេ​នៅ​លើ​ឆាក​អន្តរជាតិ»

ក្រុម​ប្រជាពលរដ្ឋ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដល់​ពួកគេ និង​ស្វែង​រក​ទីផ្សារ​ផ្សេងទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​ផលិត​ម្ទេស​ក្រៀម ព្រមទាំង​បិទ​ការ​នាំ​ផលិតផល​នាំចូល​ពី​ប្រទេស​ជិតខាង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតផល​ម្ទេស​ក្រៀម​នៅក្នុង​ស្រុក​មានការ​ធ្លាក់​ចុះ​បែបនេះ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ពិចារណា​ឈប់​រកស៊ី​មុខ​របរ​នេះ ដោយសារ​ពួកគេ​មិន​ទទួល​បាន​ប្រាក់ចំណេញ និង​ពលរដ្ឋ​ផ្សេង​ទៀត​បម្រុង​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេសជិតខាង ។ ពលរដ្ឋ​ថា នេះ​ជា​លើកទីមួយ​ហើយ ម្ទេស​ក្រៀម​ធ្វើ​ពី​ម្ទេសផ្លោក ធ្លាក់​ចុះថ្លៃ​ចាំ​តាំងពី​ពួកគេ​ចេញ​រកស៊ី​មុខ​របរ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។