រដ្ឋាភិបាលកម្ពុជាកំពុងត្រូវការចិន ឱ្យធ្វើកិច្ចសហប្រតិបត្តិការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិននិងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត នៅតាមតំបន់នានាក្នុងប្រទេស។ ក៏ប៉ុន្តែគោលការណ៍នេះ បែរជាធ្វើឱ្យអ្នកនយោបាយមកពីគណបក្សប្រឆាំងមានការព្រួយបារម្ភទៅវិញ។
អ្នកនយោបាយមកពីគណបក្សប្រឆាំងបង្ហាញការព្រួយបារម្ភថា ចិនអាចមានប្រៀបនិងឆ្លៀតឱកាសយកប្រទេសកម្ពុជា ធ្វើជាទីផ្សារសម្រាប់លក់ផលិតផលទំនិញរបស់ខ្លួន ខណៈដែលកម្ពុជាមិនមានផលិតផលអ្វីច្រើន សម្រាប់នាំចេញទៅកាន់ចិនវិញទេនោះ។
អតីតអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមេសា ថា ការដែលរដ្ឋាភិបាលកម្ពុជា ស្នើឱ្យចិនបង្កើនពាណិជ្ជកម្មសេរី និងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិនថែមទៀត គឺជារឿងល្អ សម្រាប់ពង្រីកពាណិជ្ជកម្មសេរី ឱ្យមានទំហំកាន់តែធំជាងមុន ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែច្រើន។
ប៉ុន្តែលោក អ៊ុំ សំអាន ថា អ្វីដែលលោកព្រួយបារម្ភ គឺខ្លាចក្រែងតែចិនមានប្រៀបលើកម្ពុជា និងអាចឆ្លៀតឱកាសយកកម្ពុជា ធ្វើជាទីផ្សារលក់ផលិតផលរបស់ខ្លួន ខណៈដែលកម្ពុជាមិនមានផលិតផលច្រើន សម្រាប់នាំចេញទៅកាន់ប្រទេសចិនឱ្យបានចំនួនប្រហាក់ប្រហែលគ្នាវិញនោះ។
លោក អ៊ុំ សំអាន៖ «ប៉ុន្តែផលិតផលរបស់កម្ពុជា នាំចេញទៅចិនមិនបានច្រើនទេ។ វាមិនបានបង្កើនផលិតផលក្នុងស្រុករបស់កម្ពុជាទេ ផ្ទុយទៅវិញគ្រាន់តែជាទីផ្សារសម្រាប់ចិនលក់ផលិតផលរបស់ខ្លួន នេះជារឿងមួយដែលយើងបារម្ភ។ រឿងមួយទៀតក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិននេះ ក៏អាចធ្វើឱ្យកម្ពុជាលង់ក្នុងបំណុលរបស់ចិន អាចផុងខ្លួននៅក្នុងភូមិសាស្ត្រនយោបាយផងដែរ។ ចិនអាចយកកម្ពុជា ជាកូនអុករបស់ខ្លួន ដែលចិនចង់ពង្រីកឥទ្ធិពលរបស់គេ ទៅក្នុងពិភពលោក»។
ការព្រួយបារម្ភរបស់អ្នកនយោបាយប្រឆាំងដូចនេះ កើតមានបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្នើសុំឱ្យភាគីចិន ពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ បង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិននិងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត ។ លោក ហ៊ុន ម៉ាណែត បានស្នើសុំបែបនេះក្នុងពេលជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ។
តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្មនិងការវិនិយោគ ដោយរួមមានទាំងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលអាចនឹងទាក់ទាញការវិនិយោគព្រមទាំងបង្កើតកន្លែងការងារជូនប្រជាពលរដ្ឋ ឱ្យមានការងារធ្វើផង។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លោក ស៊ុន ចាន់ថុល បាននៅឡើយទេ នៅថ្ងៃទី២៤ មេសា ដោយសារលោកមិនទទួលទូរស័ព្ទ។
តាមឯកសារ ស្រាវជ្រាវរបស់អង្គការទិន្នន័យ អំពីការអភិវឌ្ឍ (Open Development Cambodia ឱ្យដឹងថា គិតត្រឹមខែកញ្ញាឆ្នាំ២០២០ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៦ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តស្វាយរៀង និងនៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដើម។
ចំណែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង អ័រសឹប (RCEP)វិញគឺ ចូលជាធរមានតាំងពីថ្ងៃទី១ ខែមករាឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិននេះ មិនត្រឹមតែលើកលែងពន្ធ លើផលិតផលនាំចេញប៉ុណ្ណោះទេ គឺថែមទាំងគ្របដណ្តប់លើវិស័យជាច្រើនទៀត ដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន កម្ពុជាធ្លាប់បានអះអាងថា នឹងនាំផលិតផលជាង៣៤០មុខ ទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះ កម្ពុជាបានកំណត់ទំនិញដែលមានសក្ដានុពលចំនួន ១០មុខដូចជា៖ ស្រូវ អង្ករ ដំឡូងមី ចេក ផ្លែមៀនប៉ៃលិន ស្វាយ គ្រាប់ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់និងម្រេច ដើម្បីទាញយកប្រយោជន៍ ឱ្យបានកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការជំរុញឱ្យបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន គឺជារឿងល្អ ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ប្រសិនបើការជំរុញវិនិយោគទាំងនោះ មិនជាប់ពាក់ព័ន្ធនិងរបៀបវារៈនយោបាយទេ។
លោក សេក សុជាតិ បញ្ជាក់ទៀតថា រាល់ការវិនិយោគបរទេស រួមទាំងចិនផងសុទ្ធតែល្អ ឱ្យតែការវិនិយោគទាំងនោះ មានភាពស្មោះត្រង់ មិនរំលោភច្បាប់កម្ពុជា មិនប្រព្រឹត្តអំពើពុករលួយនិងមិនធ្វើបាបកម្មករ កម្មការិនីនៅតាមកន្លែងធ្វើការ។
លោក សេក សុជាតិ៖ «តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា តែងតែផ្ដល់ផលប្រយោជន៍ច្រើន។ ទី១ផ្ដល់ចំណូលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនមានការងារធ្វើ ហើយក៏អាចកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានច្រើនដែរ។ អ្វីដែលព្រួយបារម្ភគឺទាក់ទងជាមួយនឹងការគាបសង្កត់ ឬក៏ការបើកសិទ្ធិឱ្យវិនិយោគបរទេស មកធ្វើការដាក់ទុនដោយបំពានមកលើច្បាប់ការងារ ហើយមានការប្រព្រឹត្តអំពើពុករលួយ ដែលធ្វើបាបឬក៏ធ្វើទុក្ខបុកម្នេញដល់កម្មករ កម្មការិនីរបស់យើង។ នេះគឺជាបញ្ហាដែលយើងមើលឃើញថា មិនគួរឱ្យកើតមានទេ បើសិនជានករណីបែបនេះកើតឡើងមែននោះ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយ តំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញប្រហាក់ប្រហែលគ្នានេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន បានចូលជាធរមានទៅហើយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្ម ដែលមាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ នៅមានកម្រិត។
លោក សេង វណ្ណលី បញ្ជាក់ទៀតថា ការជំរុញបង្កើនតំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា គឺវានឹងមានផលប្រយោជន៍ ដោយកំណើនសេដ្ឋកិច្ច និងការវិនិយោគកើនឡើង ក៏ប៉ុន្តែលោកព្រួយបារម្ភអំពីការគ្មានគណនេយ្យភាព និងតម្លាភាព ចំពោះការត្រួតពិនិត្យទៅលើពាណិជ្ជកម្មសេរី និងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ។
លោក សេង វណ្ណលី៖ «ដើម្បីទទួលបានផលប្រយោជន៍ពីការបើកបន្ថែមនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ចិនកាន់តែច្រើន ហើយដើម្បីទទួលបានផលប្រយោជន៍ជាទ្រង់ទ្រាយMacroឬក៏Microសេដ្ឋកិច្ចក៏ដោយ គឺកម្ពុជាគួរតែពង្រឹងការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការបើកទូលំទូលាយឱ្យប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នឯករាជ្យផ្សេងៗ អាចចូលទៅជួយត្រួតពិនិត្យរដ្ឋាភិបាលបាន។ បើមិនដូច្នេះទេ ខ្ញុំគិតថាការបើកតំបន់សេដ្ឋកិច្ចពិសេសហ្នឹង វាបានត្រឹមតែផ្ដល់ប្រយោជន៍ដល់អ្នកដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ក៏ដូចជាអ្នកនៅពីក្រោយខ្នងនៃអ្នកដែលមានឥទ្ធិពលដែលរកស៊ីជាមួយក្រុមហ៊ុន»។
លោក អ៊ុំ សំអាន មើលឃើញថា បើទោះបីជាបច្ចុប្បន្ននេះចិនបានមកវិនិយោគនៅកម្ពុជា ក្នុងចំនួនច្រើនក្តី ក៏ប៉ុន្តែក្រុមហ៊ុនចិនភាគច្រើនមិនសូវគោរពច្បាប់ការងារទេ គឺច្រើនតែរំលោភបំពានលើសិទ្ធិកម្មករ។
លោក អ៊ុំ សំអាន យល់ថា ប្រសិនបើកម្ពុជាមានតែអ្នកវិនិយោគ និងទីពឹងសេដ្ឋកិច្ចតែលើប្រទេសចិនមួយ គឺវាមិនល្អទេ ។ កម្ពុជាគួរតែវិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឱ្យប្រសើរឡើងវិញ ដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសលោកសេរី ឱ្យកាន់តែធំជាងមុន នោះទើបធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន និងមានស្ថិរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
