បន្ទប់​ជួល​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​តម្លៃ​ខ្ពស់ បន្ទាប់ពី​ឧស្សាហកម្ម​ល្បែង​កាស៊ីណូ​កាន់តែ​រីក​ដុះដាល

0:00 / 0:00

បន្ទប់ និង​ផ្ទះ​ជួល​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ត្រូវប៉ាន់​សម្រាប់​អ្នក​ដែល​សម្រុក​ទៅ​ធ្វើការ​នៅ​ទីនោះ ជាពិសេស​ក្នុង​វិស័យ​ល្បែង​អនឡាញ និង​កាស៊ីណូ។ តម្រូវការ​នេះ ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​ជួល​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់។ បច្ចុប្បន្ន ឧស្សាហកម្ម​ល្បែង​អនឡាញ និង​កាស៊ីណូ កំពុង​រីក​ដុះដាល​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​ជា​តំបន់​មាន​សក្ដានុពល​ខាង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ និង​ពុករលួយ​ជា​ប្រព័ន្ធ។

ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន​កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ជាង​មុន បន្ទាប់ពី​ក្រុមហ៊ុន​កាស៊ីណូ​ជាច្រើន បាន​ពង្រីក​សេវាកម្ម​តាម​អនឡាញ​កាន់តែ​ខ្លាំង ដោយ​មាន​ជនបរទេស​ចម្រុះ​ជាតិសាសន៍ មាន​ដូចជា ចិន (China) ឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន (Philippines) ថៃ (Thailand) និង​ឡាវ (Lao) ជាដើម បាន​មក​ធ្វើការ​នៅ​ក្នុង​វិស័យ​មួយ​នេះ។

ភាព​មមាញឹក​នៃ​ឧស្សាហកម្ម​បនល្បែង​នេះ បាន​ធ្វើ​ឱ្យ​តម្រូវការ​បន្ទប់​ជួល និង​ផ្ទះ​ជួល ក្នុង​ក្រុង​ប៉ោយប៉ែត កើន​ឡើង​ខ្ពស់ ដែល​ជា​ឱកាស​សម្រាប់​ម្ចាស់​អចលនៈ​ទ្រព្យ ដំឡើង​តម្លៃ​ជួល​កាន់តែ​ខ្ពស់ ដើម្បី​ដាក់​ជួល​ឱ្យ​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​កាស៊ីណូ​អនឡាញ ហើយ​កត្តា​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ចំណូល​ទាប។

ពលរដ្ឋ​នៅ​ក្បែរ​តំបន់​បឹងស្រល់ លោក អឿន មករា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុង​ប៉ោយប៉ែត បច្ចុប្បន្ន​មាន​ការ​ប្រកួតប្រជែង​ដណ្ដើម​ផ្ទះ និង​បន្ទប់​ជួល រវាង​ជន​បរទេស និង​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការ​ប្រើ​អំណាច​ទឹក​លុយ។ លោក​ឱ្យ​ដឹង​ថា ដោយសារ​តែ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​លោក ត្រូវ​ផ្លាស់ប្ដូរ​បន្ទប់​ជួល​ជាច្រើន​ដង ដោយសារ​ម្ចាស់​ផ្ទះ​បាន​បណ្ដេញ​ចេញ នៅ​ពេល​មាន​ជនបរទេស​ឱ្យ​តម្លៃ​ខ្ពស់​ជាង​២ ទៅ​៣ដង។

លោក អឿន មករា៖«អ្នកខ្លះ​គេ​មិន​ដេញ​យើង​ជា​ចំហ ជា​ចំៗ​ទេ គេ​ដេញ​ដោយ​ប្រយោល គេ​ដំឡើង​ថ្លៃ​ឱ្យ​យើង​រត់​មិន​រួច។ ដូច​ពីមុន តែ​ពីរ​ពាន់​បាត​យើង​ថា​ថ្លៃ រត់​មិន​ចង់​រួច​ទេ​ពីរ​ពាន់​បាត(បើ)​ដំឡើង​តែ​បី​ពាន់​បាត បួន​ពាន់​បាត​ភ្លាមៗ​យើង​រត់​ម៉េច​រួច ហើយ​ប្រាក់ខែ​យើង អ្នកខ្លះ​ប្រាំ ប្រាំមួយ​ពាន់​បាត។ នរណា​ស៊ីចុក​ប្រចាំថ្ងៃ ធ្វើដំណើរ ហើយ​យើង​នៅ​ស្រុក​គេ​ដឹង​ហើយ ចំណាយ​ច្រើន​ណាស់ យើង​នៅ​ចំណាក​ស្រុក ស្អី​ក៏​ទិញ​គេ​ដែរ បោកគក់​ទឹក​ភ្លើង ទិញ​គេ​ទាំងអស់»។

បន្ទប់​ជួល​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ជា​មធ្យម​មាន​តម្លៃ ១១៥ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​បន្ទប់​តូច​មាន​ទំហំ ២ម៉ែត្រកន្លះ គុណ​នឹង ៥ម៉ែត្រ និង​១៥០ដុល្លារ សម្រាប់​ទំហំ ៣ម៉ែត្រ​កន្លះ គុណ​នឹង​៦ម៉ែត្រ។ តម្លៃ​ទាំង​នេះ គឺ​កើន​ឡើង ២ដង បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​កាលពី ៣ឆ្នាំមុន។

យ៉ាងណាមិញ ជនបរទេស​ដែល​មក​ធ្វើការ និង​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខ្លះ​មិនមែន​ជួល​ផ្ទះ​សម្រាប់​តែ​ការ​ស្នាក់នៅ​នោះ​ឡើយ ដោយ​ពួកគេ​ខ្លះ បាន​បើក​អាជីវកម្ម​លក់​ទំនិញ ចំណីអាហារ កន្លែង​ប្ដូរ​ប្រាក់ កន្លែង​បោកអ៊ុត ជាដើម។

អាជីវករ​នៅ​សង្កាត់​ផ្សារ​កណ្ដាល លោក សេង ហាក់ ប្រាប់​ថា ជនបរទេស​មួយ​ចំនួន ដែល​មក​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ឆ្លៀត​រកស៊ី​ប្រកួតប្រជែង​ជាមួយ​ពលរដ្ឋ​ខ្មែរ ដោយ​ពួកគេ​ហ៊ាន​ឱ្យ​តម្លៃ​ជួល​ផ្ទះ​ថ្លៃ ឬ​ជួល​ផ្ដាច់មុខ ដើម្បី​បិទ​ផ្លូវ​រកស៊ី​ពលរដ្ឋ​ខ្មែរ ខណៈ​ម្ចាស់​អចលនៈ​ទ្រព្យ បាន​ដំឡើង​ថ្លៃ​ជួល​សឹង​រាល់​ខែ។ លោក​បន្ត​ថា បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អាជីវករ​ខ្មែរ​ខ្លះ ត្រូវ​ក្ស័យធន ក្រោយ​អស់​លទ្ធភាព​ជួល​ផ្ទះ និង​ខ្លះ​ទៀត ត្រូវ​ម្ចាស់ផ្ទះ​បណ្ដេញ​ចេញ​ដោយ​ស្វ័យប្រវត្តិ។

លោក សេង ហាក់៖«ដូច​ប៉ុន្មាន​ខែ​នេះ​ឡើង​ថ្លៃ ឡើង​ប្រហែល​ជា​បី​បួន​រយ​បាត ក្នុង​មួយ​បន្ទប់ គេ​ដំឡើង​អ៊ីចឹង។ អត់​មាន​កំណត់​ថា​ប៉ុន្មាន​ឆ្នាំ​ដំឡើង​ម្ដង​ទេ អា​ហ្នឹង​អាស្រ័យ​លើ​ទីផ្សារ​ការងារ ស្រេច​តែ​ម្ចាស់ផ្ទះ​គេ»។

ទោះជា​បែបនេះ​ក្ដី តម្រូវ​ការ​បន្ទប់​ស្នាក់នៅ មិនមែន​មាន​តែ​បុគ្គលិក​កាស៊ីណូ និង​អ្នក​រកស៊ី​នោះ​ទេ។ ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​ប្រៀប​បាន​ទៅ​នឹង​ទីក្រុង​បនល្បែង សម្បូរ​ដោយ​អ្នក​ញៀន​ល្បែង ដែល​ភាគច្រើន​ជា​ជនជាតិ​ថៃ។ បន្ទាប់ពី​ពួកគេ​ចាញ់​ល្បែង​អស់​លុយ​ពី​ខ្លួន រហូត​បញ្ចាំ​របស់របរ រួម​ទាំង​លិខិតឆ្លងដែន និង​មិន​អាច​វិញ​ត្រឡប់​ទៅវិញ​បាន ពួកគេ​បាន​ជួល​បន្ទប់​ដែល​មាន​តម្លៃ​ជាង ១ម៉ឺនរៀល ឬ​ប្រហែល ៤​ដុល្លារ ក្នុង​មួយ​យប់ សម្រាប់​ស្នាក់នៅ។ អ្នក​ជួល​បន្ទប់​នេះ ត្រូវ​ដេក​ជុំ​គ្នា​ជាង ១០នាក់​នៅ​លើ​ការ៉ូ ដោយ​មាន​តែ​ភួយ និង​ខ្នើយ​កើយ​ម្នាក់​មួយ​ប៉ុណ្ណោះ។

លើស​ពី​នេះ ដោយសារ​តែ​បន្ទប់​ជួល​នៅ​ក្រុង​ប៉ោយប៉ែត មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ អ្នក​រស់នៅ​បន្ទប់​ជួល​មួយ​ចំនួន បាន​យក​កន្លែង​ស្នាក់នៅ​របស់​ខ្លួន ដាក់​គ្រែ​បន្ថែម ជា​ថ្នាក់ៗ ទុក​សម្រាប់​ជួល​ឱ្យ​អ្នក​ញៀន​ល្បែង ក្នុង​តម្លៃ ៦ពាន់រៀល​ក្នុង​មួយ​យប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៨ ខែ​តុលា។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី សង្កេត​ឃើញ​ថា បញ្ហា​តម្លៃ​បន្ទប់​ជួល​ឡើង​ថ្លៃ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ដាក់​បន្ទុក​ដល់​ពលរដ្ឋ​ខ្មែរ ដែល​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មាន​ប្រាក់ចំណូល​ទាប ខ្វះ​លទ្ធភាព​ជួល​បន្ទប់​ស្នាក់នៅ ក្នុង​នោះ​ពួកគាត់​ភាគច្រើន រស់នៅ​ទីកន្លែង​គ្មាន​ផាសុកភាព និង​គ្មាន​ការ​គាំពារ​សង្គម​ត្រឹមត្រូវ​ឡើយ។

លោក ឌិន ពុទ្ធី៖«បន្ទប់​ជួល​ឡើង​ថ្លៃ គឺ​ជា​ភាព​ពិត។ ប៉ុន្តែ អភិវឌ្ឍ​តែ​អាគារ អភិវឌ្ឍ​តែ​កាស៊ីណូ ប៉ុន្តែ​យើង​ក្រឡេក​មើល​ហេដ្ឋារចនាសម្ព័ន្ធ​វិញ មាន​ភាព​រញ៉ែរញ៉ៃ​គ្មាន​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ល្អ​ទេ។ ខ្ញុំ​សំណូមពរ ឱ្យ​អភិបាល​ក្រុង និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ ហ្នឹង មេត្តា​ជួយ​មើល ពាក់ព័ន្ធ​នឹង​សណ្ដាប់ធ្នាប់ ក៏​ដូចជា​ហេដ្ឋារចនាសម្ពន្ធ​ ផ្លូវថ្នល់ ក៏ដូចជា​ប្រព័ន្ធ​លូ ប្រព័ន្ធ​លូ គឺ​ភ្លៀង​តែ​បន្តិច​មក គឺ​ស្អុយ ជះ​ក្លិន​មក គឺ​ស្ទះ​គ្រប់​កន្លែង​ទាំងអស់»។

ទិន្នន័យ​របស់​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បង្ហាញ​ថា កាស៊ីណូ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត សរុប​មាន​ចំនួន ៣១ទីតាំង ដែល​ភាគច្រើន​ផ្ដុំ​គ្នា នៅ​ជាប់​ច្រក​ព្រំដែន​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។