ក្រុមអាជីវករប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនស្នើឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពរបស់ពួកគាត់ ដើម្បីធានាដល់ការរស់នៅសមរម្យ និងទទួលបានការគាំពារផ្នែកសុខភាព។ ការស្នើសុំនេះគឺដោយសារតែ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្លាប់ដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្ដីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ ប៉ុន្តែគិតមកទល់ពេលនេះក្រុមអាជីវករនៅតែស្ថិតក្នុងស្ថានភាពលំបាកដដែល។
អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន ត្អូញត្អែរពីជីវភាពខ្វះខាត និងកាត់បន្ថយការហូបចុក ដោយសារពួកគាត់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ឡើយ ខណៈពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវរដ្ឋទុកពួកគាត់ចោលមិនអើពើ។
អាជីវករលក់ខោអាវជជុះនៅខេត្តកណ្ដាល លោក តុន និមល ឱ្យវិទ្យុអាស៊ីសេរីដឹងថា បច្ចុប្បន្នលោកលក់ដូរមិនសូវដាច់នោះទេ ដែលធ្វើឱ្យលោកកាត់បន្ថយអាហារហូបចុក និងចាយវាយត្បិតត្បៀតជាងមុន។ លោកបន្តថា ក្រៅពីសេដ្ឋកិច្ចធ្លាក់ចុះពិបាករកប្រាក់ចំណូលហើយនោះ រដ្ឋាភិបាលបានកាត់លុយឧបត្ថម្ភតាមរយៈប័ណ្ណក្រីក្រពី ១៤ម៉ឺនរៀល មកសល់ត្រឹមតែ ៣ម៉ឺន ៥ពាន់រៀលប៉ុណ្ណោះក្នុងមួយខែ។
លោក តុន និមល៖ «គឺថាយើងហូបចុកត្បិតត្បៀតយើងមិនហ៊ានចាយដូចសេដ្ឋកិច្ចនៅដើរ យើងត្បិតត្បៀតក្នុងការហូបចុក ត្បិតត្បៀតក្នុងការដើរហើរ។ សូម្បីតែកូនទៅរៀនជួនកាលងើបពីយប់ដាំបាយដាក់ប្រអប់ឱ្យកូនទៅរៀនដកលុយកូនទៅរៀនខ្លះពីមុនឱ្យវាចាយក្នុងមួយថ្ងៃទៅរៀនគួរទៅរៀនហ្នឹង ៥ពាន់ឥឡូវហ្នឹងបានតែ៣ពាន់រៀលទេ ត្បិតត្បៀតមែនទែន»។
ចំណែកតំណាងអាជីវករនៅខណ្ឌសែនសុខ លោកស្រី មាន សាវឿន ថ្លែងថា រយៈពេល២ឆ្នាំមកនេះ អាជីវករលក់ដូរតាមចិញ្ចឹមផ្លូវមួយចំនួនបានបោះបង់មុខរបរចោល ដោយងាកទៅស៊ីឈ្នួលឱ្យគេ និងចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ដើម្បីដោះស្រាយជីវភាពវិញ ដោយសារលក់ដូរមិនដាច់។ លោកស្រីបន្តថា បើទោះជាអាជីវករប្រឈមនឹងទុក្ខលំបាក កូនបោះបង់ការសិក្សាចោលក្ដី ក៏លោកស្រីមិនដែលឃើញរដ្ឋាភិបាលចេញមុខជួយដោះស្រាយបញ្ហារបស់ពួកគាត់ និងផ្ដល់ជំនួយសង្គមដល់ពួកគាត់ដែរ។
លោកស្រី មាន សាវឿន៖ «ទំនិញឡើងថ្លៃគ្រប់មុខទំនិញអ៊ីចឹងយើងមិនដឹងត្រូវរកអ្វី ដូចថាវ័យយើងចាស់ហើយគឺគេលេងទទួលការងារ ដូចថាយើងចង់ធ្វើរោងចក្រមួយយើងអាយុច្រើន។ យើងអត់ដឹងខ្លួនយើងចង់ធ្វើអីគេ គេអត់ទទួលអ៊ីចឹងយើងមានតែការរកស៊ីហើយបើការរកស៊ីរបស់យើងទំនិញឡើងថ្លៃហើយយើងលក់អត់ដាច់អ៊ីចឹងប្រឈមមុខខាតរាល់ថ្ងៃ»។
ក្រៅពីអាជីវករមួយចំនួនមានជីវភាពលំបាកហើយនោះ នៅមានបុគ្គលិកបម្រើការផ្នែកសេវាកម្សាន្ត អ្នកប្រមូលសំរាម កសិករ កម្មករសំណង់ កម្មករឡឥដ្ឋ អ្នកបម្រើតាមផ្ទះ និងអ្នករត់កង់បីជាដើម ក៏ប្រឈមនឹងបញ្ហាខ្វះខាតផងដែរ ពីព្រោះរបររបស់ពួកគាត់គឺ ទទួលបានប្រាក់ចំណូលមិនស្ថិតស្ថេរ និងពុំមានលក្ខខណ្ឌការងារសមរម្យ ព្រមទាំងមិនទទួលបានកិច្ចគាំពារសង្គមដូចមន្ត្រីធ្វើការក្នុងស្ថាប័នរដ្ឋឡើយ។ ជាងនេះទៅទៀតទំនិញនៅលើទីផ្សារឡើងថ្លៃស្ទើរគ្រប់មុខ ជាពិសេសតម្លៃប្រេងសាំងដែលបញ្ហានេះឱ្យធ្វើអ្នករត់កង់បីខ្លះបង្ខំចិត្តរត់ដល់យប់គ្មានពេលសម្រាកគ្រប់គ្រាន់។
អ្នករត់កង់បីនៅរាជធានីភ្នំពេញ លោក ប៉ោ ចាន់ផល ត្អូញត្អែរថា សព្វថ្ងៃលោករត់កង់បីរកភ្ញៀវទាំងយប់ ទាំងថ្ងៃបានប្រាក់ចំណូលបន្តិចបន្តួច គ្រាន់ទិញម្ហូបអាហារហូបចុក ហើយពេលខ្លះទៀតរកលុយចាក់សាំងស្ទើរតែមិនគ្រប់។ លោកស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គិតគូរពីក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជារូបលោកផង ពីព្រោះរាល់ថ្ងៃនេះ លោកសឹងតែគ្មានប្រាក់ទិញអាហារហូបចុក។
លោក ប៉ោ ចាន់ផល៖ «រដ្ឋាភិបាលអាណត្តិថ្មីនេះគឺលោក ហ៊ុន ម៉ាណែត ដែលគាត់បានកាន់ជារដ្ឋាភិបាលគួរមានគំនិតគិតគូរឱ្យវែងឆ្ងាយសម្រាប់ប្រជាពលរដ្ឋកំពុងតែជួបនៅផលវិបាកបញ្ហានៃសេដ្ឋកិច្ចផ្ទាល់ខ្លួនម្នាក់ៗគឺធ្លាក់ចំពាក់បំណុលទៅលើធនាគារទាំងស្រុងហើយបំណុលនេះមិនមែនបំណុលហើយសងហើយទេ គឺបំណុលកើន»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនបកស្រាយជុំវិញបញ្ហានេះឡើយ ដោយលោកអះអាងថា ក្រសួងឧស្សាហកម្មជាអ្នកទទួលបន្ទុករឿងនេះ។ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងប្រធានក្រុមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបានដែរនៅថ្ងៃទី២៧ ខែឧសភា។
ជុំវិញបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ សង្កេតឃើញថា ទោះជារដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយជួយគាំពារដល់ពលរដ្ឋដែលប្រកបមុខរបរក្រៅប្រព័ន្ធយ៉ាងណាក្ដី ក៏លោកកត់សំគាល់ថា រដ្ឋាភិបាលមិនអនុវត្តតាមគោលនយោបាយនោះឡើយ។ លោកបញ្ជាក់ថា ពលរដ្ឋដែលរស់ពឹងផ្អែកលើការប្រកបមុខរបរក្រៅប្រព័ន្ធមានចំនួនប្រមាណ ៧លាននាក់ ហើយបើរដ្ឋាភិបាលនៅតែមិនផ្ដល់សេវាគាំពារដល់ពួកគាត់ទេនោះ វិបត្តិសង្គមនឹងបន្តកើនឡើង។
លោក វន់ ពៅ៖ «សម្រាប់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធឱ្យមានកន្លែងលក់ដូរសមរម្យកន្លែងប្រកបមុខរបរអាជីវកម្មច្បាស់លាស់ ចៀសវាងការដេញពីកន្លែងមួយទៅកន្លែងដែលគ្មានការទទួលខុសត្រូវ។ ទី៣ចង់ឃើញរដ្ឋាភិបាលមានកញ្ចប់ថវិកាក្នុងការឧបត្ថម្ភដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលមុខរបរកំពុងតែធ្លាក់ចុះ និងកំពុងតែដួលរលំ។ ទី៤ចង់ឃើញរដ្ឋាភិបាលរៀបចំផ្នែកហិរញ្ញវត្ថុណាមួយជាកញ្ចប់សម្រាប់ពលរដ្ឋខ្ចីពង្រីកអាជីវកម្មក្នុងការប្រាក់ទាបបំផុតដែលអាចទទួលយកបាន»។
កាលពីឆ្នាំ២០២២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញថា ការងារនៅកម្ពុជាជាង ៩០ ភាគរយ ជាការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែ កម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវគេមើលរំលង ឬមើលមិនឃើញ និងបន្តស្ថិតក្នុងភាពក្រីក្រដដែល។
អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទទូចដល់រដ្ឋាភិបាល យកចិត្តទុកដាក់ជួយស្ដារមុខរបរ និងអាជីវកម្មពួកគាត់ឱ្យប្រសើរឡើងវិញ តាមរយៈការផ្ដល់សេវាគាំពារសង្គម និងកំណត់តម្លៃទំនិញនៅលើទីផ្សារឱ្យមានតម្លៃសមរម្យដើម្បីធានាដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។ ពួកគាត់ព្រួយបារម្ភថា បើបញ្ហាទាំងនេះ រដ្ឋាភិបាលនៅតែមិនដោះស្រាយឱ្យទាន់ពេលវេលានោះទេ ពលរដ្ឋនឹងរងទុក្ខលំបាកបន្ថែមទៀត ដូចជាប្រឈមនឹងការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា និងការរំលោភបំពានសិទ្ធិជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។