ពលករកំពុងធ្វើការនៅប្រទេសថៃ នៅតែមិនទាន់មានការងារធ្វើឲ្យបានទៀងទាត់នៅឡើយទេ ហើយពួកគាត់ជួបការលំបាកផ្នែកជីវភាព ដោយសារទំនិញឡើងថ្លៃគ្រប់មុខ។ ពួកគាត់ថា ទោះជាពួកគាត់មានការងារធ្វើខ្លះក៏ដោយ ក៏វាគ្រាន់តែជាការងារបណ្ដោះអាសន្ន សម្រាប់ដោះស្រាយរកអង្ករច្រកឆ្នាំងមួយគ្រាតែប៉ុណ្ណោះ។
ពលករខ្មែរមួយចំនួន នៅតែមានការខ្វះខាត រស់នៅទាំងលំបាក ព្រោះការងារប្រចាំថ្ងៃរបស់ពួកគាត់មានខ្លះអត់ខ្លះ ហើយលំបាករកការងារធ្វើទៀតផង។ ពួកគាត់ត្អូញត្អែរថា ការចំណាយលើឯកសារការងារត្រូវអស់លុយច្រើន ហើយពេលខ្លះបង់ប្រាក់រួចរាល់ តែនៅតែមិនទទួលបានប័ណ្ណការងារក៏មានដែរ។
ពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកក មានស្រុកកំណើតនៅខេត្តបាត់ដំបង លោក សុខ សំបូរ ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១៣ ខែតុលា ថា លោកជាមេជាង ផ្នែកកសាងអគារ ហើយលោកតែងទទួលការងារគេមកធ្វើជាមួយកូនកូនជាងខ្មែរជាង ១០នាក់ទៀត តែការងារនេះមួយរយៈចុងក្រោយមិនសូវមានគេជួលទៀតទេ។ លោកបន្តថា លោក និងកម្មករមានប្រាក់ចំណូលមិនទៀងទាត់ ហើយការដោះស្រាយបញ្ហាជីវភាពមានការលំបាក តែចេះតែខិតខំជម្នះឧបសគ្គទាំងនេះ៖ « ធ្វើការធ្វើប័ត្រអីហ្នឹងគឺច្រើនជាងមុនទៀតលើកមុនត្រឹមតែ ៨ . ០០០ ឬ ៧ . ០០០បាត បានណា កន្លែងខ្លះណាទារច្រើនក៏ប្រាំបីពាន់ កន្លែងណាគេយោគយល់ទៅប្រាំពីរពាន់បាទអ៊ីចឹងណាមួយឆ្នាំពីរឆ្នាំ។ ឥឡូវគ្រាន់តែមួយឆ្នាំមួយម៉ឺនពីរពាន់ ហើយឥឡូវនេះកម្មករ គឺកម្មករទាបបំផុតដែលនេះ ក៏ ៤០០បាតដែរ » ។
ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ធ្វើការសំណង់ នៅខេត្តឆាក់ឆឺងសៅ (Chak Chueng Sao) មានស្រុកកំណើតនៅខេត្តស្វាយរៀង លោក ខាន់ សារ៉ាក់ ប្រាប់ថា លោកខានផ្ញើលុយទៅឲ្យគ្រួសារបួនខែហើយ ដោយសារលោកពិបាករកការងារធ្វើ ហើយជួនកាលមានការងារតែមួយអាទិត្យ រួចក៏សម្រាកការងារជិតមួយខែក៏មាន។ លោកបន្ថែមថា មានពលករខ្មែរនៅកន្លែងលោកធ្វើការប្រមាណ ៥០នាក់ សុទ្ធតែមានជីវភាពលំបាក ដោយសារពួកគាត់មានការងារមិនទៀងទាត់ ហើយបើបានការងារធ្វើ ក៏ធ្វើបានតែមួយរយៈខ្លី៖ « តាំងពីនេះហ្នឹងមក តាំងពីចេញពីថៅកែមិនទាន់ឲ្យប្រាក់ហ្នឹងមកខ្ញុំមកធ្វើការឯណេះ ធ្វើម៉ៅផងបាទ ថៅកែគេថា អត់មានការងារឲ្យធ្វើ ក៏ថៅកែគេឲ្យមកជួយធ្វើបរិស័ទ ( ក្រុមហ៊ុនម៉ៅការ ) សិន » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានទេ នៅថ្ងៃទី១៣ ខែតុលា ដោយសារទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន លើកឡើងថា មួយរយៈចុងក្រោយនេះ ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ជួបការលំបាកស្ទើរតែគ្រប់តំបន់ ដោយសារពួកគាត់មិនសូវសម្បូរការងារដូចពីមុន។ លោកបន្តថា ពលករខ្មែរត្រូវចំណាយប្រាក់ច្រើនទៅលើឯកសារ ការចាយវាយប្រចាំថ្ងៃ បង់ថ្លៃបន្ទប់ប្រចាំខែ និងត្រូវផ្ញើលុយទៅផ្ទះបង់ធនាគារ ចិញ្ចឹមគ្រួសារ៖ « ការងារហ្នឹងវាមិនទៀងទាត់ វាប្រែប្រួលអាចថា គាត់ធ្វើមួយរយៈឈប់មួយរយៈអ៊ីចឹងណា ដូចជាលក្ខណៈរយៈពេលខ្លីៗ វាមិនទៀងទាត់ទៅ ក៏អាចប៉ះពាល់នៅពេលអនាគតដ៏ខ្លីរបស់គាត់ណា ព្រោះអីខ្ញុំឃើញបងប្អូនពលករមួយចំនួនធំ ដែលគាត់កំពុងតែស្វែងរកការងារហ្នឹង អ្នកខ្លះគាត់ពិបាក កន្លងមកហ្នឹង គាត់ចេះតែដើរទទួលការងារភាសាថៃ គេហៅរ៉ាប់ចប ដើរធ្វើការងារបណ្ដោះអាសន្នអ៊ីចឹងណា » ។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឲ្យដឹងថា មានពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួន ១លាន ២សែន (១.២០០.០០០) នាក់ ចំណែករបាយការណ៍របស់អង្គការសង់ត្រាល់ ឲ្យដឹងថា ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានជាងពីរលាន (២.០០០.០០០) នាក់ ហើយពួកគាត់ភាគច្រើនកំពុងជួបការលំបាកផ្នែកជីវភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។