ពលករខ្មែរមួយចំនួននៅប្រទេសថៃ ធ្វើការទាំងភ័យខ្លាចក្នុងពេលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខ
2022.10.16

ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ បានទៅធ្វើការទាំងភ័យខ្លាច ស្របពេលដែលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) នៅក្នុងខែវិច្ឆិកា ខាងមុខ។ ពួកគាត់រៀបរាប់ថា សព្វថ្ងៃការទទួលបានការងារធ្វើលំបាកណាស់ ទោះបីជាពួកគាត់មានឯកសារស្របច្បាប់ក៏ដោយ។
ពលករខ្មែរមួយចំនួនដែលធ្វើការនៅប្រទេសថៃលើកឡើងថា សព្វថ្ងៃនេះពួកគេតស៊ូទៅធ្វើការទាំងព្រួយបារម្ភ ទោះបីជាពួកគាត់ធ្វើការងារដោយមានឯកសារត្រឹមត្រូវតាមច្បាប់ក៏ដោយ ប៉ុន្តែពួកគាត់នៅតែខ្លាចអាជ្ញាធរថៃចាប់ខ្លួនដដែល ព្រោះប្រទេសថៃកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) និងកិច្ចប្រជុំអន្តរជាតិមួយចំនួនទៀត។
ពលករខ្មែរ ធ្វើការសំណង់នៅទីក្រុងបាងកក រស់នៅប្រទេសថៃ ៥ឆ្នាំ មកពីស្រុកបវេល ខេត្តបាត់ដំបង លោក ឆន សុខឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែតុលា ថាពលករខ្មែរធ្វើការ ជាកម្មករសំណង់ នៅតំបន់លោករស់នៅមានប្រហែលមួយរយនាក់ ហើយពួកគេ រួមទាំងលោកផងបារម្ភពីសុវត្ថិភាព ពេលដែលបានដឹងថា រដ្ឋាភិបាលថៃ កំពុងរៀបចំសណ្ដាប់ធ្នាប់ ហើយបានរឹតបន្តឹងសន្តិសុខក្នុងប្រទេស ដើម្បីកុំឲ្យមានភាពចលាចលណាមួយកើតឡើង។ លោកបន្តថា លោកទៅធ្វើការទាំងភិតភ័យ ដើម្បីរកប្រាក់មកចិញ្ចឹមកូនទាំងបីនាក់ ព្រោះជារឿយៗអាជ្ញាធរថៃ តែងចុះត្រួតពិនិត្យពលករនៅតាមការដ្ឋានសំណង់ជាប្រចាំ៖
«ចំពោះការបារម្ភពីសុវត្ថិភាពគឺពិតប្រាកដណាស់បង។ បើកាលណាយើង ខាងរដ្ឋាភិបាលថៃគេពង្រឹងពីទំនាក់ទំនងពាក់ព័ន្ធនឹងរឿងឯកសារទៅលើជនអន្តោប្រវេសន៍នៅក្នុងប្រទេស ហើយណាមួយប្រទេសថៃ និងប្រទេសកម្ពុជា មានសហប្រតិបត្តិការជាមួយគ្នាអ៊ីចឹងទៅ យើងវាអាចប្រឈមបើសិនជាគេត្រូវការឯកសារឆែកឆេរឯកសារអ៊ីចឹងទៅណា។ បាទអានេះ គឺសុវត្ថិភាពពួកយើងដែលតែងតែមានការប្រើនេះ គឺវាពិបាកដែរបង យើងព្រួយបារម្ភខ្លាំង»។
ស្រដៀងគ្នានេះដែរ ពលការិនីខ្មែរម្នាក់ទៀត ធ្វើការបោសសម្អាតនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកកអស់១២ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម លោកស្រី ឆេង នៃ ឲ្យដឹងថា លោកស្រីធ្វើការទាំងភ័យខ្លាច ពេលដែលប៉ូលិសថៃ ចុះមកត្រួតពិនិត្យម្ដងៗ ថៅកែប្រាប់លោកស្រីឲ្យគេចខ្លួនបណ្ដោះអាសន្នសិន។ លោកស្រីបន្តថា ប៉ូលិសថៃ ច្រើនចុះមកចាប់ជនជាតិភូមា (Myanmar) ដែលធ្វើការនៅម្ដុំសណ្ឋាគារលោកស្រីធ្វើការ ធ្វើឲ្យពលករខ្មែរដទៃទៀត និងលោកស្រីបារម្ភខ្លាចប៉ូលិសថៃចាប់ខ្លួនដែរ៖
«ពេលតម្រួតចុះមកខ្ញុំរត់ណា ខ្ញុំអត់នៅក្នុងបន្ទប់ទេ ដូចថាយើងពួនអ៊ីចឹងណា ដល់ពេលតម្រួតទៅវិញទៅយើងមកធម្មតាវិញទៅ និយាយទៅតម្រួតហ្នឹងមកចុះចាប់តែនាក់ធ្វើពួកភូមាទេ ដូចថាពួកភូមាគេមកខុសច្បាប់ខុសអីដែរ តែគ្នាមិនទាន់តវីសាអីចឹងណា ចឹងគ្នាមករក។ តម្រួតវាតែងចុះមករកលុយរកអីហ្នឹងឯង តែបើពួកខ្ញុំរត់តាមគេហ្នឹងដែរណា»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទេ នៅល្ងាចថ្ងៃទី១៦ ខែតុលា។
ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលមានឯកសារស្របច្បាប់ហើយ តែភ័យខ្លាចអាជ្ញាធរថៃចាប់ខ្លួននោះ ដោយសារឯកសាររបស់ពួកគាត់អស់សុពលភាព ហើយរយៈពេលនៃការបន្តសុពលភាពខ្លីពេក មិនអាចឲ្យពួកគាត់ទៅធ្វើឯកសារទាន់ពេលវេលា។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែស្នើដល់រដ្ឋាភិបាលថៃ ឲ្យយោគយល់ដល់ពលករខ្មែរដែលរស់នៅប្រទេសថៃ ហើយសម្រួលឲ្យពួកគាត់បានធ្វើឯកសារស្របច្បាប់ឲ្យបានគ្រប់គ្នា៖
«ចំណែកពលករដែលមានឯកសារ ប៉ុន្តែអាចនឹងប្រឈមអំពីផុតសុពលភាព ហើយបើត្រូវធ្វើថ្មីក៏ត្រូវចំណាយលុយច្រើន ឬមួយគាត់អឺ! ក្នុងអំឡុងពេលនេះវាមិនទាន់មានស្ថិរភាពក្នុងការងារ ហើយអ្នកមួយចំនួន វាក៏បញ្ហាប្រឈមក្នុងការចំណាយ ក្នុងការរកប្រាក់ចំណូលជាដើមអីចឹងដែរ។ អ៊ីចឹងយើងឃើញថា នៅក្នុងប្រទេសថៃ ទោះបីជាមានឯកសារក្ដីមិនមានឯកសារក្ដីអាបញ្ហាហ្នឹងនៅតែប្រឈម គ្រាន់តែភាពប្រឈមហ្នឹងវាមានទំហំខុសគ្នាបាទ»។
របាយការណ៍របស់ក្រសួងការងារកម្ពុជាឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការនៅប្រទេសថៃមានជាងមួយលានពីរសែន (១.២០០.០០០) នាក់។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ បង្ហាញថា បច្ចុប្បន្នពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានជាងពីរលាន (២.០០០.០០០) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។