កម្មករ​រោងចក្រ​មួយចំនួន​គ្មាន​ប្រាក់​ទៅ​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ជីវភាព​ខ្វះខាត

0:00 / 0:00

កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​ខ្វះខាត និង​គ្មាន​ប្រាក់​ទៅលេង​បុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិខ្មែរ​។ ពួកគាត់​សោកស្ដាយ​ដែល​មិនបាន​ទៅលេង​ស្រុកកំណើត​ជួបជុំ​គ្រួសារ ដោយសារតែ​រោងចក្រ​មួយចំនួន​ព្យួរ​កិច្ចសន្យាការងារ និង​កាត់បន្ថយ​ម៉ោង​ធ្វើ​ការងារ​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់។

ក្រុម​កម្មករ​កាត់ដេរ​លើកឡើង​ថា ស្ថានភាព​ជីវភាព​របស់​ពួកគាត់​កាន់តែ​លំបាក​ដោយសារ​ប្រាក់​ឈ្នួល​ទាប និង​មិនអាច​រក​ប្រាក់​ក្រៅ​ម៉ោង​ធ្វើការ​បាន​ដូច​ពេល​មុន ដូច្នេះ​ពួកគាត់​គ្មាន​ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​ជូន​ឪពុកម្ដាយ​នៅ​ឯ​ស្រុកកំណើត​នោះ​ឡើយ។

កម្មការិនី​នៅ​រោងចក្រ​សិនតៃ (Zhen Tai) លោកស្រី ជុំ ចន្ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១​ខែតុលា ថា លោកស្រី​មិនបាន​ទៅលេង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ស្រុកកំណើត​នោះ​ទេ ដោយសារ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ និង​ទិញ​សម្ភារៈ​ទៅ​វត្ត។ លោកស្រី​បន្ត ថា បច្ចុប្បន្ន​លោកស្រី​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក​ការសិក្សា​របស់​កូនៗ​និង​ថ្លៃ​ផ្ទះ​ជួល​នោះ​ទេ។

លោកស្រី ជុំ ចន្ថា៖ «សម្រាប់​ខ្ញុំ​មានការ​សោកស្ដាយ​ពីព្រោះ​ខ្ញុំ​ចង់​ជួបជុំ​គ្រួសារ ប៉ុន្តែ​សំខាន់​ទៅលើ​ថវិកា បើ​ថវិកា​អត់​គ្រប់គ្រាន់​ក៏​ពិបាកទៅ​ជួប​គាត់​ដែរ អ៊ីចឹង​មានតែ​ផ្ញើ​ឱ្យ​គាត់​ឥឡូវ​ប្រាក់​ឈ្នួល​មិនទាន់​បាន​ឡើង​ស្រួលបួល​ផង ផ្ទះ​ជួល​គេ​ឡើង ៥​ដុល្លារ​បាត់​ហើយ ធ្វើការ​រាល់ថ្ងៃ​ឱ្យ​តែ​រួច​បង់​ធនាគារ​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ កម្មករ​ធ្វើការ​នៅ​រោងចក្រ​ផលិត​កាបូប​ឌីឡាក់ លោក សួន រតនា ថ្លែង​ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំនេះ លោក​នឹង​ទៅលេង​ស្រុកកំណើត ក៏ប៉ុន្តែ​លោក​គ្មាន​ប្រាក់​សម្រាប់​ជូន​ឪពុកម្ដាយ​បងប្អូន​ដូច​ឆ្នាំមុន​នោះ​ទេ ដោយសារតែ​នៅក្នុង​រោងចក្រ​លោក​ធ្វើ​ការ​បាន​បន្ថយ​ម៉ោង​ធ្វើការ​ដោយ​ក្នុង​មួយ​ខែ លោក​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង តែ​ជាង​១​ដុល្លារ​តែប៉ុណ្ណោះ។ លោក​ព្រួយបារម្ភ​បាត់បង់​ការងារ បន្ទាប់​ពី​ចប់​ពិធីបុណ្យ​ភ្ជុំ​ធ្វើ​ឱ្យ​គ្មាន​ប្រាក់​សង​ធនាគារ។

លោក សួន រតនា៖ «ភ្ជុំ​ហ្នឹង​មានអី​ទៅ​វត្ត​បន្តិចបន្តួច តែ​បើ​លុយ​ជូន​ចាស់ៗ​គ្មាន​ទេ បើ​អត់​តាំងពី​ឥឡូវ ដោយសារ​គ្មាន​ការ​ថែម​ម៉ោង​ផង គ្រាន់តែ​បង់​រួច​អង្គការ​ធូរ​ទ្រង់​ហ្មង ពីព្រោះ​គ្មាន​លុយ​ទៅ​ជូន​ចាស់ៗ ១​ម៉ឺន ២​ម៉ឺន​អី​គ្មាន​លុយ​ទេ ឥឡូវ​រកតែ​អាត្មា»។

ការ​ត្អូញត្អែរ​របស់​កម្មករ​នេះ គឺ​ដោយសារ​រោងចក្រ​មួយចំនួន​បន្ត​ព្យួរ​ការងារ និង​បិទទ្វារ​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មួយចំនួន បាត់បង់​ប្រាក់ចំណូល ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ថៅកែ​រំលោភសិទ្ធិ​ការងារ ដោយ​មិន​ទូទាត់​ប្រាក់​សំណង។

ជាមួយគ្នា​នេះ​ក្នុង​អំឡុង​ពេល​បុណ្យ​កាន់បិណ្ឌ​ឆ្នាំ​នេះ នៅ​តាម​អារាម​មួយចំនួន​នៅ​តាម​ខេត្ត​ក្រុង​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​ដែរ។

ព្រះតេជព្រះគុណ លឹម ប៊ុនថាត គង់នៅ​ខេត្តបាត់ដំបង​មាន​ថេរ​ដីកា​ថា ពិធី​កាន់បិណ្ឌ​ឆ្នាំនេះ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​កុះករ​ដូច​ឆ្នាំមុនៗ​នោះ​ទេ។ ព្រះអង្គ​កត់សំគាល់​ថា បញ្ហា​នេះ​គឺ​ដោយសារតែ​កសិករ​កម្មករ និង​ពលករ​មួយចំនួន​គ្មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ហើយ​បញ្ហា​នេះ​ក៏​ប៉ះពាល់​ដល់​ព្រះសង្ឃ​នៅ​តាម​បណ្ដា​វត្ត​អារាម​ផ្សេងៗ​ដែរ ពីព្រោះ​ព្រះសង្ឃ​អាស្រ័យ​លើ​ពុទ្ធបរិស័ទ​ជា​អ្នក​ទំនុកបម្រុង។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​០១ ខែ​តុលា។

ទាក់ទិន​បញ្ហា​នេះ​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ទូច សេរី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​របស់​កម្មករ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល និង​គ្មាន​ប្រាក់​ទៅលេង​ពិធីបុណ្យ​ភ្ជុំ។ អ្នកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ឱ្យ​កម្មករ​ឈប់សម្រាក​យ៉ាងហោចណាស់​រយៈពេល​៥​ថ្ងៃ ដើម្បី​ឱ្យ​ពួកគាត់​ទៅ​ស្រុក​កំណើត​ពីព្រោះ​កម្មករ​មួយ​ចំនួន​មាន​ស្រុក​កំណើត​នៅ​ឆ្ងាយ។

អ្នកស្រី ទូច សេរី៖ «កម្មករ​ឥឡូវ​ហ្នឹង​គាត់​នៅក្នុង​រោងចក្រ​កម្មករ​ខ្លះ​គ្នា​ខំប្រឹង​ធ្វើការ អ្នកខ្លះ​គាត់​អត់​ហ៊ាន​ទៅ​បន្ទប់ទឹក អ្នកខ្លះ​ឈឺ​ល្មមៗ​គាត់​អត់​សូវ​ហ៊ាន​ឈប់ ព្រោះ​នៅ​តាម​បណ្ដាញ​រោងចក្រ​នីមួយៗ​គាប​សង្កត់​កម្មករ ហើយ​ម្យ៉ាងទៀត​ជិត​ភ្ជុំបិណ្ឌ​អ៊ីចឹង​ចេះតែ​មាន​គំនាប​ហើយ​គំនាប់​ពី​រោងចក្រ គឺ​អត់​បើក​សិទ្ធិ​ទូលាយ​ឱ្យ​កម្មករ​ទេ អ៊ីចឹង​កន្លែង​ហ្នឹង​ដែល​យើង​មើលឃើញ​ភាព​ខ្វះខាត​នៅក្នុង​រោងចក្រ គាប​សង្កត់​នៅក្នុង​រោងចក្រ​យើង​មើលទៅ​ខ្វះចន្លោះ​ច្រើន»។

ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​គឺ​បុណ្យ​ប្រពៃណី​ជាតិ​មាន​តាំង​ពី​បុរាណ ហើយ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មាន​ទំនៀមទម្លាប់​យក​ចង្ហាន់​ទៅ​វត្ត ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​អ្នក​មាន​គុណ​ដែល​បាន​លាចាក​លោក​នេះ​ទៅកាន់​លោក​ខាងមុខ។

ក្រុម​កម្មករ និង​មន្ត្រី​សហជីព​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ដំឡើង​ប្រាក់​ឈ្នួល​គោល​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដើម្បី​ឱ្យ​ពួកគាត់​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ហើយ​អាច​មាន​លទ្ធភាព​ទៅ​ស្រុក​កំណើត​នៅ​រដូវ​បុណ្យទាន​ម្តងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។