ប្រជាកសិករមួយចំនួននៅខេត្តបាត់ដំបង ត្អូញត្អែរថា គ្មានទឹកគ្រប់គ្រាន់ធ្វើស្រែចម្ការនៅរដូវប្រាំង ស្របពេលដែលអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធគ្រប់គ្រងទ្វារទឹកមិនព្រមបើកបង្ហូរទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះជូនពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចធ្វើស្រែផ្គត់ផ្គង់ជីវភាពគ្រួសារ។
ប្រជាកសិករនៅខេត្តបាត់ដំបងសោកស្ដាយ ដែលអាជ្ញាធរមិនដោះស្រាយបញ្ហាកង្វះទឹកឱ្យប្រជាពលរដ្ឋធ្វើឱ្យស្រែចម្ការ ធ្វើឱ្យដំណាំរបស់ពួកគេខូចខាត និងបាត់បង់ប្រាក់ចំណូល។ ការត្អូញត្អែរនេះ គឺបន្ទាប់ពីស្រូវរបស់ប្រជាពលរដ្ឋមួយចំនួនស្កក និងដំណាំមួយចំនួនទៀតស្វិតងាប់ជាច្រើនហិកតារក្រោយអាជ្ញាធរ មិនព្រមបើកទំនប់អាងកំពីងពួយបង្ហូរទឹក និងធ្វើប្រព័ន្ធធារាសាស្ត្របន្ថែមឱ្យពលរដ្ឋ។
កសិករនៅភូមិតាគ្រាម លោក ព្រាប ព្រាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ឧសភាថា នៅរដូវប្រាំងនេះ លោកធ្វើស្រែប្រវាស់មេឃដោយសារនៅតាមប្រឡាយ និងអូរគ្មានទឹកសម្រាប់បូមដាក់ស្រែនោះទេ។ លោកបន្តថា សព្វថ្ងៃលោកមានជីវភាពលំបាកដោយសារធ្វើស្រែបានតែម្ដងក្នុងមួយឆ្នាំ ហើយកសិផលគ្មានទីផ្សារលក់ក្នុងតម្លៃសមរម្យទៀត។
ប្រជាកសិកររស់នៅក្នុងឃុំតាគ្រាម និងមានភូមិចំនួន១១ មានផ្ទៃដីប្រមាណ ៨រយហិកតារ និងរួមទាំងភូមិដទៃទៀតជុំវិញអាងទឹកកំពីងពួយសរុបជាង ៨ពាន់ហិកតារ កំពុងប្រឈមនឹងស្រូវស្កក និងមានដីប្រេះក្រហែងដោយសារគ្មានទឹកស្រោចស្រព។
កសិករនៅស្រុកកំរៀងម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា នៅតំបន់លោករស់នៅ គ្មានប្រព័ន្ធធារាសាស្ត្រជាស្ទឹង បឹង ប្រឡាយនោះទេ គឺជីកអណ្ដូង ដើម្បីបានទឹកប្រើប្រាស់ និងដាំដុះដំណាំ។ លោកបន្តថា ដំណាំល្ហុងជិត ៤ហិកតាររបស់លោក គឺពឹងផ្អែកលើទឹកភ្លៀងខ្លះ និងទឹកអណ្ដូងខ្លះ។ លោកបន្ថែមថាកន្លងមក ប្រជាពលរដ្ឋនាំគ្នាស្នើទៅអាជ្ញាធរជាច្រើនលើកឱ្យសាងសង់ទំនប់ទឹក ឬប្រឡាយដែរ ប៉ុន្តែអាជ្ញាធរធ្វើមិនដឹងមិនឮ បណ្ដោយឱ្យប្រជាពលរដ្ឋជីកស្រះ ជីកអណ្ដូងដោយខ្លួនឯង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក ឡុង ផលគុណ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីបញ្ហាខ្វះទឹកនេះបានទេ នៅថ្ងៃទី៧ ឧសភា។
ជុំវិញរឿងនេះមន្ត្រីអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរគួរតែធ្វើប្រព័ន្ធធារាសាស្ត្រ និងធ្វើផ្លូវរំដោះទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋធ្វើស្រែចម្ការ។ លោកបន្តថា បញ្ហាខ្វះខាតទឹកសម្រាប់ធ្វើកសិកម្មនេះ កើតមានស្ទើររាល់ឆ្នាំ ដូច្នេះអាជ្ញាធរគួរតែបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពលរដ្ឋ។
កន្លងមកប្រជាពលរដ្ឋធ្លាប់រិះគន់ក្រសួងកសិកម្ម និងក្រសួងធនធានទឹកថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលក្នុងរដូវវស្សាទឹកជន់លិចដំណាំ និងខែប្រាំងគ្មានទឹកស្រោចស្រពដំណាំ។ ចំណែកឯក្រសួងកសិកម្មវិញ គឺពលរដ្ឋខំធ្វើស្រែចម្ការយ៉ាងលំបាក ប៉ុន្តែបែរជាមិនរកទីផ្សារឱ្យប្រជាពលរដ្ឋ ហើយថែមទាំងបន្ទោសពលរដ្ឋថា ដាំដំណាំមិនមើលតម្រូវការនៅលើទីផ្សារទៅវិញ។
ទោះជាយ៉ាងណាក្ដី ប្រជាកសិករអំពាវនាវដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធជួយដោះស្រាយបញ្ហាខ្វះខាតប្រព័ន្ធធារាសាស្ត្រ ដើម្បីសម្រួលឱ្យមានផ្លូវបង្ហូរទឹកគ្រប់គ្រាន់ និងសម្រួលដល់ជីវភាពរបស់ពួកគាត់ឱ្យមានភាពល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។