អាជីវករ​លក់​ស្បៀង​អាហារ​មួយចំនួន​ត្អូញត្អែរ​ពី​ការ​ខាតបង់​ដោយសារ​ទំនិញ​ឡើង​ថ្លៃ

0:00 / 0:00

អាជីវករ​លក់​ស្បៀងអាហារ​មួយចំនួន​ជួប​ការ​លំបាក​ដោយសារ​ទំនិញ​ឡើង​ថ្លៃ​រាល់​ថ្ងៃ​ធ្វើ​ឱ្យ​ពួកគាត់​លក់​មិន​សូវ​ដាច់ ហើយ​មុខ​ទំនិញ​ខ្លះ​ខាត​បង់​ទៀត​ផង។ ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ប្រកាស​ប្ដេជ្ញា​ថា នឹង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​បើ​ពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

អាជីវករ​ដែល​ត្អូញត្អែរ​ពី​ការ​ខាតបង់​លើក​ឡើង​ថា​ ពួកគាត់​លក់​យក​ចំណេញ​តិចតួច​ពី​អតិថិជន​ ប៉ុន្តែ​ពេល​ទៅ​ទិញ​ទំនិញ​ពី​កន្លែង​បោះ​ដុំ​ធំៗ​គេ​បាន​ដំឡើង​ថ្លៃ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

អាជីវករ​នៅ​ខេត្ត​កណ្តាល​លោក វីរៈ ជ័យ ឱ្យ​ដឹង​ថា លោក​ជួប​បញ្ហា​ដោយសារ​ ភេសជ្ជៈ​និង​ម្ហូប អាហារ​ផ្សេង​ទៀត​លោក​លក់​យក​ចំណេញ​តិចតួច ​ប៉ុន្តែ​ពេល​ទៅ​ទិញ​ចូល​ គឺ​ទំនិញ​ទាំង​ នោះ​តែង តែ​ឡើង​ថ្លៃ។

លោក វីរៈ ជ័យ៖ «មួយ​រយៈ​នេះ​យ៉ាប់​លក់​ដែរ​លក់​អត់​សូវ​ដាច់​ហើយ​របស់​វា​ថ្លៃ​ពេក​យើង​យក​ចូល។ពេល​ដែល​យើង​យក​ចូល​មក​ធូរ​ថ្លៃ​ ដល់​ពេល​លក់​ចេញ​អស់​ទៅ​ត្រូវ​ទៅ​យក​អា​ថ្មី​មក​លុយ​យើង​ក្នុង​តម្លៃ​មុន​ទៅ​យក​ទំនិញ​ថ្មី​យក​អត់​បាន​ទេ​ព្រោះ​ទំនិញ​ថ្មី​វា​ថ្លៃ​ជាង​អា​យើង​យក​សារ​មុន»។

អាជីវករ​នៅ​រាជធានី​ភ្នំពេញ​ លោក លឹម ប៊ុនគា ថ្លែង​ថា ​ទំនិញ​រំកិល​ឡើង​ថ្លៃ​គ្រប់​មុខ​ទំនិញ​ ដោយ​ខ្លះ​ឡើង​តិច​ខ្លះ​ឡើង​ច្រើន។ លោក​បន្ត​ថា មុខ​ទំនិញ​មួយ​ចំនួន​ លោក​ឈប់​លក់​ដោយសារ​ខាតបង់​ ហើយ​បច្ចុប្បន្ន​មាន​ចំណូល​ទាប ប៉ុន្តែ​ចំណាយ​ក្នុង​គ្រួសារ​កើន​ឡើង។

លោក លឹម ប៊ុនគា៖«បោះឆ្នោត​ហើយ​សាំង​ក៏​ឡើង​ថ្លៃ​ហើយ​អង្ករ​ក៏​ឡើង​ថ្លៃ។ របស់​បន្តិច​បន្តួច​ចាប់​ផ្តើម​ឡើង​ថ្លៃ​បន្តិច​ៗទាំង​អស់​។ ស្អី​ក៏​ឡើង​ថ្លៃ​ដែរ​បន្តិច​ៗ​ទាំង​អស់​យើង​មើល​អត់​ឃើញ​១០០ឬ​២០០អ៊ីចឹង​ទៅ។ ហើយ​សូម្បី​តែ​សាលា​រៀន​ក៏​ឡើង​ដែរ គឺ​សាលារៀន​ឡើង​ដល់​២០​ភាគរយ»។

អាជីវករ​នៅ​ខេត្ត​ពោធិ៍សាត់ ​លោក គ្រី គ្រឿន ប្រាប់​ថា ​លោក​ផ្អាក​លក់ និង​ជួសជុល​ទូរស័ព្ទ​ដោយ សារ​មិន​មាន​អតិថិជន។ ចំណែក​ស្បៀងអាហារ​ដែល​លោក​នៅ​បន្ត​លក់​គឺ​កំពុង​ឡើង​ថ្លៃ​ឥត​ឈប់ឈរ​ ធ្វើ​ឱ្យ​លោក​ខាតបង់ ឬ​ចំណេញ​តិច​ នៅ​តាម​មុខទំនិញ​ ដែល​មិន​​មាន​លទ្ធភាព​រក​ប្រាក់​សង​ធនាគារ។

លោក គ្រី គ្រឿន៖«វា​ឡើង​ថ្លៃ​និយាយ​ទៅ​អីវ៉ាន់​ហក់​ឡើង​ថ្លៃ បើ​និយាយ​ពី​អង្ករ​ខ្ញុំ​ទិញ​យក​មក​លក់​មួយ​បេ ៩ម៉ឺន​ជាង​ឥឡូវ​ឡើង​ជិត ១៣ម៉ឺន​ហក់​ឡើង ១បេ​ជាង​២ម៉ឺន»។

ក្រុម​អាជីវករ​ឱ្យ​ដឹង​ថា​មុខ​ទំនិញ រួម​មាន​ស្ករ​ អំបិល​ ទឹកត្រី ​ប្រេងឆា​ មី ​ពង​ទា និង​អង្ករ​ជា​ដើម​គឺ​ឡើង ថ្លៃ​ពី ​ចន្លោះ​រាប់​រយ ទៅ​រាប់​ម៉ឺន​រៀល​ក្នុង​១មុខ​ៗ។

ដោយ​ឡែក​ស្ថានភាព​នៅ​តាម​ផ្លូវ​ទាំង​ក្នុង​ទី​ប្រជុំជន និង​នៅ​តាម​ជនបទ​ រួម​ទាំង​កន្លែង​លក់ដូរ​នៅ​តាម​ផ្សារ​ ក៏​ស្ងាត់​មនុស្ស​ដែរ។ អ្នក​លក់​ដូរ​ ភាគច្រើន​មាន​ទឹក​មុខ​ក្រៀមក្រំ​ រអ៊ូរទាំ​ច្រើន​ និង​បារម្ភ​ពី​បញ្ហា​គ្មាន​ប្រាក់​បង់​ធនាគារ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​ក្រសួង ​ពាណិជ្ជកម្ម​ អ្នកស្រី​ ចម និម្មល ដើម្បី​សាកសួរ​បានទេ​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា។

ប៉ុន្តែ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត ថ្លែង​ប្រាប់​កម្មករ​ថា​ លោក​ប្ដេជ្ញា​បង្កើត​ការងារ​ និង​ធ្វើ​ពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ​ បើ​ពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ ប្រជាជន​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖«ហ្នឹង​ហើយ​ជា​គោល​នយោបាយ​ដែល​យើង​ធ្វើ​មក​ដល់​ម៉ោង​នេះ​ហើយ​បងប្អូន​ជឿ​ចុះ​ ដរាប​ណា​បងប្អូន​នៅ​ជឿ​ទុក​ចិត្ត​ឱ្យ​គណបក្ស​ប្រជាជន​បន្ត​ដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ​គោល នយោបាយ​បង្កើត​ការងារ​និង​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ត្រូវ​បន្ត​ជា​និច្ច​។​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដែល​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​និង​បន្ត​ធ្វើ​ទៅ​ទៀត»។

ទោះ​យ៉ាង​ណា ​លោក ហ៊ុន ម៉ាណែត មិន​បាន​ដាក់​វិធានការ​ច្បាស់​លាស់​ ក្នុង​ការ​ដោះស្រាយ​ឱ្យ​ចំ​គោលដៅ​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​បាត់បង់​ការងារ​ បាត់បង់​ចំណូល​មិន​មាន​លុយ​សង​បំណុល​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង គត់​សម្គាល់​ ឃើញ​ថា ប្រជា​ពលរដ្ឋ​ដាក់​ផ្ទះ​និង​ដី​លក់​ច្រើន​ដើម្បី​សង​បំណុល​ព្រោះ​ចំណូល​ធ្លាក់​ចុះ​។ លោក​ជំរុញ​ ឱ្យ​រដ្ឋាភិបាល​កែទម្រង់​នយោបាយ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ ដើម្បី​ទទួល​បាន​ការ​វិនិយោគ​ពី​ប្រទេស​លោកសេរី​ទើប​សេដ្ឋកិច្ច​ជាតិ​និង​សេដ្ឋកិច្ច​ពលរដ្ឋ​បាន​ប្រសើរ​ឡើង។

របាយការណ៍​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បង្ហាញ​ថា​ មុន​ពេល​កូវីដ​ពលរដ្ឋ​មិន​មាន​លទ្ធភាព ​សង បំណុល ​រង្វង់​១ភាគរយ​ អំឡុង​កូវីដ​ប្រមាណ​៣ភាគរយ ប៉ុន្តែ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៣​ ពលរដ្ឋ​មិន​មាន​លទ្ធភាព ​សងបំណុល​មាន​រហូត​ដល់​៥ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។