ពលរដ្ឋ​មួយ​ចំនួន​កំពង់​ក្លាយ​ខ្លួន​ក្រីក្រ ដោយសារ​កម្ចី​បែប​កេងប្រវ័ញ្ច

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​កំពុង​ធ្លាក់​ខ្លួន​ក្រីក្រ ដោយ​សារ​ផុង​ខ្លួន​ក្នុង​កម្ចី​បែប​កេងប្រវ័ញ្ច​ពី​កម្ចី​ក្រៅ​ប្រព័ន្ធ និង​មីក្រូហិរញ្ញវត្ថុ រួម​ទាំង​ធនាគារ។ ពួកគាត់​ឲ្យ​ដឹង​ថា មូលហេតុ​ចំបង ដែល​បណ្ដាល​ឲ្យ​ពួកគាត់​គ្មាន​លទ្ធភាព​សង​ត្រឡប់ គឺ​បណ្ដាល​មក​ពី​អ្នកផ្ដល់​កម្ចី​ពុំ​បាន​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​អំពី​ប្រាក់​ចំណូល។ មន្ត្រី​នាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ថា ការ​ផ្ដល់​កម្ចី​ដល់​អតិថិជន ក្នុង​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​មែន​ដូចជា​ការ​ទិញ​លក់​ទំនិញ​លើ​ទីផ្សារ​ឡើយ គឺ​ត្រូវ​អនុលោម​តាម​លក្ខខណ្ឌ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស លើកឡើង​ថា ភាគី​ពាក់ព័ន្ធ គួរតែ​ធ្វើការ​សិក្សា​រួមគ្នា ដើម្បី​ស្វែងរក​ឫសគល់ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ចំពាក់បំណុល​វ័ណ្ឌក និង​រក​មធ្យោបាយ​ជួយ​សម្រួល​បន្ទុក​ពលរដ្ឋ។

ពលរដ្ឋ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ពួកគាត់​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ជីវភាព ដោយ​សារ​រក​ចំណូល​ពុំ​សូវ​បាន ខណៈ​ការ​ប្រាក់ នៃ​បំណុល​ធនាគារ និង​កម្ចី​ផ្សេង​ទៀត ចេះ​តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

អាជីវករ​លក់​ដូរ​ខោអាវ នៅ​ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង លោកស្រី កៀន សុធា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​កូវីឌ១៩​មក លោកស្រី ស្ទើរតែ​មិន​អាច​ស្វែងរក​ចំណូល​បាន​ទៀងទាត់​ឡើយ ។ លោកស្រី បន្ត​ថា កត្តា​នេះ កំពុង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​ពិបាក​ចិត្ត ចំពោះ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ការ​សង​ប្រាក់​ទៅ​ធនាគារ។

លោកស្រី កៀន សុធា៖«ដំណោះស្រាយ សូម​ឲ្យ​គេ​បន្ធូរបន្ថយ​ខ្ញុំ តាំង​ពី​ព្រលឹម​មក​ដល់​ស្មើ​នេះ ខ្ញុំ​ទើប​តែ​លក់​បាន​លុយ​១ម៉ឺន​៥ពាន់​រៀល​ទេ និយាយ​ស្មោះត្រង់​ចេញ​ពី​ចិត្ត ។ ម្សិល​មិញ​បាន​លុយ​១ម៉ឺន ២ពាន់ ទៅ​ផ្ទះ​វា​គ្មាន​អ្វី​នឹង​សល់​ទេ»។

ស្ត្រី​វ័យ​៥០​ឆ្នាំ​រូប​នេះ រៀបរាប់​ថា លោកស្រី និង​កូនប្រុស​ទី២ បាន​ខ្ចី​បុល​ពី​ធនាគារ​ស្ថាបនា ក្នុង​ទំហំ​ទឹក​ប្រាក់​១ម៉ឺន ៥ពាន់​ដុល្លារ កាល​ពី​អំឡុង​ឆ្នាំ២០១៨ ដើម្បី​ទិញ​ដី​និង​សង់​ផ្ទះ​ឲ្យ​កូនប្រុស ។ លុះ​ដល់​សង់​ផ្ទះ​នោះ​រួច លោកស្រី​ខ្វះ​ដើម​ទុក​រកស៊ី ក៏​បាន​ផ្លាស់ប្ដូរ​ធនាគារ ដើម្បី​ខ្ចី​លុយ​បន្ថែម​ទៀត រហូត​ដល់​៣ម៉ឺន​ដុល្លារ ពី​ធនាគារ​លីហួរ កាល​ពី​ចុង​ឆ្នាំ​២០១៩ ។ លោកស្រី និយាយ​ថា នៅ​ក្នុង​ឆ្នាំ​ដំបូង លោកស្រី​មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ជា​ធម្មតា ក៏ប៉ុន្តែ​លុះ​ដល់​ឆ្នាំ​២០២០ បន្ទាប់​ពី​ជំងឺ​កូវីឌ ១៩ បាន​រីក​រាល​ដាល ដែល​ធ្វើ​ឲ្យ​លក់​មិន​ដាច់ និង​គ្មាន​លទ្ធភាព​សង​ប្រាក់​ទៅកាន់​ធនាគារ។ លោកស្រី ថ្លែង​ថា ក្រោយ​ពី​អស់​លទ្ធភាព​បង់​សង ធនាគារ កូន​ប្រុស​ទី២ របស់​គាត់ បាន​ទាក់ទង​ធនាគារ​ផ្សេង​ទៀត គឺ​ធនាគារ​ប្រៃសណីយ៍ ដើម្បី​ខ្ចីប្រាក់​បន្ថែម​រហូត​ដល់ ៥ម៉ឺន ដោយ​យក​ប្លង់​ដី​ទិញ​ថ្មី និង​ប្លង់ដី​ផ្ទះ​នៅ​ចាស់​ខាង​លើ ចំនួន​២​ប្លង់ ដើម្បី​ដាក់​ជា​ទ្រព្យ​បញ្ចាំ ។ លុះ​ដល់​ចុងឆ្នាំ ២០២១ លោកស្រី អស់​លទ្ធភាព​បង់​សង​ម្ដង​ទៀត ហើយ​ធនាគារ បាន​ផ្ដល់​ដំណោះស្រាយ ជា​ការ​រៀបចំ​កម្ចី​សាជាថ្មី។

បន្ទាប់ពី​នេះ លោកស្រី កៀន សុធា ថា ភាគី​ធនាគារ​បាន​រៀបចំ​កម្ចី​សាឡើងវិញ ក្នុង​ទំហំ​ទឹក​ប្រាក់​៦ម៉ឺន ៥ពាន់ដុល្លារ កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ ដោយ​បំបែក​កម្ចី​ជា២ គឺ​កម្ចី​មួយ បាន​ប្ដូរ​ឈ្មោះ​ពី​លោកស្រី ទៅ​កូន​ប្រុស​ទី៤ ដែល​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ និង​កម្ចី​មួយ​ទៀត​ជា​របស់​កូនប្រុស​ទី២ ។ លោកស្រី អះអាង មន្ត្រី​ឥណទាន មិន​បាន​សិក្សា​ពី​លទ្ធភាព​សង​ត្រឡប់ ពី​កូនប្រុស​ទី៤​របស់​គាត់​ឡើយ ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល រៀបចំ​កម្ចី​ឡើង​វិញ​នេះ មន្ត្រី​ឥណទាន​របស់​ធនាគារ​ប្រៃសណីយ៍ បាន​ឲ្យ​លោកស្រី ខ្ចីបុល​ពី​អ្នក​ចង​ការ​ប្រាក់​ក្រៅ​ផ្លូវការ​នៅ​ស្រុក​រតនមណ្ឌល ចំនួន ៦លាន ៤០ម៉ឺនរៀល ដើម្បី​យក​លុយ​ទៅ​សង​ប្រាក់ ដែល​ជំពាក់​ចាស់ ឲ្យ​អស់​សិន​មុន​នឹង​ទទួល​បាន​កម្ចី​ថ្មី។ បញ្ហា​នេះ លោកស្រី ថា បាន​ក្លាយ​ជា​បន្ទុក​មួយ​បន្ថែម​ទៀត ព្រោះ​ក្នុង​ប្រាក់​១លាន​រៀល ត្រូវ​បង់​១ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ខណៈ​កម្ចី​ថ្មី​នេះ បាន​រៀបចំ​រួចរាល់​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ចំណាយ​ពេល​៣ខែ។

លោកស្រី កៀន សុធា៖«ធនាគារ​គេ​ទៅ​និយាយ​ឲ្យ​មុន ហើយ​នៅ​ពេល​យើង​នាំ​គ្នា​ទៅ​សាលាឃុំ​និយាយ​រឿង​ការ​ប្រាក់​ជាង​៥លាន​រៀល​ហ្នឹង បាន​និយាយ​ទៅ​ឃុំ​គេ​ជួយ អីចឹង​ទៅ​ខាង​នាយទុន​ហ្នឹង​គេ​យក​ការ​ប្រាក់​២លាន​រៀល ចំពោះ​លុយ​៦លាន មិន​សំអាង​លើ​អី​ទេ គឺ​សំអាង​លើ​ថា គេ​អត់​ចេញ​ឯកសារ​កម្ចី​លុយ​ឲ្យ​ទេ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកផ្ដល់​ព័ត៌មាន​នៃ​ធនាគារ​ប្រៃសណីយ៍ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៥ ខែ​មករា ថា ការ​ផ្ដល់​ឥណទាន គឺ​ត្រូវ​បាន​ឆ្លងកាត់​ការ​សិក្សា និង​វាយ​តម្លៃ អំពី​ប្រាក់​ចំណូល និង​លទ្ធភាព​សង​ត្រឡប់​របស់​អតិថិជន។

អ្នកផ្ដល់​ព័ត៌មាន​របស់​ធនាគារ​ប្រៃសណីយ៍៖«ចំពោះ​សេវា​កម្ចី​ខាង​ប្អូន​នៅ​ពេល​អតិថិជន មុន​ពេល​ផ្ដល់​កម្ចី ខាង​ប្អូន​បាន​សិក្សា​អំពី​ចំណូល​របស់​ពួកគាត់ ចំណូល​បាន​ប៉ុន្មាន កម្ចី​របស់​គាត់​អាច​បាន​ពី​ប៉ុន្មាន​ដល់​ប៉ុន្មាន ហើយ​កម្ចី​របស់​ពួកគាត់​ហ្នឹង តើ​រយៈពេល​ប៉ុន្មាន គឺ​សិក្សា​អស់​ហើយ​បង»។

ផ្ទុយ​ពី​ការ​អះអាង​នេះ លោកស្រី កៀន សុធា អះអាង​បន្ថែម​ថា នៅ​ពេល​កូន​ទី២ របស់​លោកស្រី ពុំ​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ធនាគារ កាល​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ធនាគារ​ប្រៃសណីយ៍ បាន​រៀបចំ​ឥណទាន​ឡើង​វិញ ដោយ​ប្ដូរ​ឈ្មោះ​កម្ចី​ពី​កូន​ទី២ ដាក់​ឲ្យ​ទៅ​ប្រុស​ទី៣ របស់​គាត់ ដែល​ជន​មាន​ពិការភាព និង​ពុំ​មាន​សតិ​គ្រប់គ្រាន់ ព្រោះ​បាន​ឆ្លង​កាត់​ការ​វះកាត់​ខួរ​ក្បាល និង​ពុំ​មាន​មុខ​របរ​ជាក់លាក់ និង​ម្ដាយ​របស់​អ្នកស្រី ដែល​មាន​អាយុ​ជិត ៧០ឆ្នាំ ជា​អ្នក​ឈរឈ្មោះ​ខ្ចីប្រាក់​ក្នុង​ទំហំ ៣ម៉ឺន ៥ពាន់ ដុល្លារ ។ លោកស្រី​ថា កំពុង​ពិបាក​ចិត្ត ចំពោះ​បំណុល​ដែល​ចេះ​តែ​កើនឡើង ពី​១ម៉ឺន ៥ពាន់ រហូត​ដល់ ៧ម៉ឺន​ដុល្លារ ដោយ​សារ​ការ​រៀបចំ​កម្ចី​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​បច្ចុប្បន្ន​ការ​ប្រាក់​ក្នុង​មួយ​ខែ​សរុប​ប្រមាណ ៧រយ​ដុល្លារ ខណៈ​លោកស្រី ស្ទើរ​តែ​មិន​ហ៊ាន​ចំណាយ​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​ប្រចាំ​ខ្លួន​ឡើយ។

បញ្ហា​បំណុល​វ័ណ្ឌក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់ ខណៈ​បញ្ហា​នេះ បាន​បង្ខំ​ឲ្យ​គ្រួសារ​មួយ​ចំនួន កាត់​បន្ថយ​ម្ហូបអាហារ កុមារ​បោះបង់​ការ​សិក្សា​ដើម្បី​ជួយ​រក​ប្រាក់​សង​បំណុល បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​លក់​ដី និង​ផ្ទះ​ដើម្បី​សង​បំណុល និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​លុយ​សង​បំណុល​ជា​ដើម។

ពលករ​ខ្មែរ​ធ្វើការ​នៅ​បាងកក កញ្ញា រឿយ ស៊ីន ថ្លែង​ថា លោកស្រី មាន​បងប្រុស បង្ខំចិត្ត​នាំ​កូន​ចៅ​ទាំង​គ្រួសារ មក​ធ្វើ​ការ​ជា​ពលករ​នៅ​ប្រទេស​ថៃ ដោយសារ​តែ​ធ្វើ​ស្រែ​ខាត គ្មាន​ប្រាក់ ដែល​ខ្ចី​ពី​ធនាគារ។

លោកស្រី រឿយ ស៊ីន៖«ណាមួយ​ធនាគារ​ដឹង​តែ​គិត​ការ​ប្រាក់​ពេញៗ គេ​មិន​បញ្ចុះ​ឲ្យ​យើង​ឯណា គេ​មិន​ដឹង​ថា យើង​ធ្វើ​ស្រែ​មិន​បាន​ឯណា គេ​ដឹង​តែ​គិត​ពេញ ដឹង​តែ​ឡើង​ការ​ឡើង​ដើម ហើយ​ពលរដ្ឋ​មាន​តែ​ចំណាក​ស្រុក​មក​ធ្វើ​ការ​ស្រុក​គេ»។

ក្រៅ​ពី​នេះ នៅ​មាន​ពលរដ្ឋ​ជា​ច្រើន​ទៀត កំពុង​ផុង​ខ្លួន​ជ្រៅ​ក្នុង​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រួម​ទាំង​កម្ចី​ក្រៅ​ផ្លូវការ ខណៈ​ពលរដ្ឋ ពុំ​មាន​លទ្ធភាព​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា អ្នកស្រី ជា សិរី ដើម្បី​សុំ​ការ​ឆ្លើយតប ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៥ ខែ​មករា។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ផ្ដល់​កម្ចី​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គឺ​មិន​ដូច​ការ​លក់ដូរ​នៅ​តាម​ទីផ្សារ ដែល​ទិញ​ហើយ​ឲ្យ​លុយ​រួច​រាល់​នោះ​ទេ ពោល​គឺ​ទាមទារ​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សិក្សា​ពី​គោល​បំណង​នៃ​ការ​ខ្ចីប្រាក់ លំហូរ​សាច់ប្រាក់ ទ្រព្យ​ធានា លទ្ធភាព​សង​ត្រឡប់ និង​លក្ខខណ្ឌ​ផ្សេង​ទៀត ដែល​កំណត់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​វាយ​តម្លៃ ដើម្បី​ធានា​ថា អ្នក​ខ្ចី​មាន​លទ្ធភាព​សង​ត្រឡប់ ។ មន្ត្រី​នាំពាក្យ​រូប​នេះ ថ្លែង​ថា ការ​ផ្ដល់​កម្ចី​ដោយ​មិន​បាន​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ជា គឺ​ការ​អាជីវកម្ម​សម្លាប់​ខ្លួន។

លោក កាំង តុងងី៖«ការ​ផ្ដល់​ឥណទាន ដោយ​មិន​បាន​សិក្សា​ពី​ចំណូល ពី​សមត្ថភាព​សង​របស់​អតិថិជន​វា​មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម​ទេ គឺ​មាន​ន័យ​ថា បើ​អ្នកណា ឬ​គ្រឹះស្ថាន​ណា គាត់​ធ្វើ​បែប​ហ្នឹង​មែន គឺ​ថា វា​ជា​អាជីវកម្ម​សម្លាប់​ខ្លួន ពី​ព្រោះ​បើសិនជា​អតិថិជន​ទៅ​ប្រើប្រាស់ ហើយ​អត់​មាន​លទ្ធភាព​សង​មក​វិញ​ទេ គ្រឹះស្ថាន​ត្រូវ​តែ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួន ប្រឈម​នឹង​ការ​ដក​អាជ្ញាប័ណ្ណ ប្រឈម​នឹង​ការ​បាត់បង់​ចំណូល​អាជីវកម្ម​របស់​ពួកគាត់ ដែល​ជា​ទូទៅ​នៅ​ពេល​អតិថិជន​របស់​ខ្លួន​មិន​មាន​លទ្ធភាព​សង​ទេ គាត់​ត្រូវ​រក​មធ្យោបាយ​សម្របសម្រួល​ជាមួយ​អតិថិជន ប្រសិន​បើ​អតិថិជន​នៅ​តែ​មិន​សង ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​តែ​គោរព​តាម​ច្បាប់​បញ្ញត្តិ គឺ​ត្រូវ​ដំណោះស្រាយ​មាន​តែ​ប្ដឹងផ្ដល់​អតិថិជន​ឡើង​ទៅ​តុលាការ ដើម្បី​លក់​ទ្រព្យ​ដោយ​បង្ខំ​ទេ ប៉ុន្តែ​ជម្រើស​នេះ វា​មិន​ចំណេញ​ដល់​គ្រឹះស្ថាន​ទេ»។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា មូលហេតុ​ចំបង ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ផុង​ខ្លួន ក្នុង​បំណុល​វ័ណ្ឌក និង​ពុំ​មាន​លទ្ធភាព​សង​ត្រឡប់ គឺ​បណ្ដាល​កំហុស​វិជ្ជាជីវៈ​របស់​មន្ត្រី​ឥណទាន ដែល​ពុំ​បាន​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​សមត្ថភាព និង​លទ្ធភាព​សង​ត្រឡប់​របស់​ពួកគាត់ និង​ការ​ចាញ់​បោក​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ លើកឡើង​ថា រដ្ឋាភិបាល គួរតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ អំពី​ឫសគល់​នៃ​បញ្ហា​បំណុល​វ័ណ្ឌក និង​ស្វែងរក​មធ្យោបាយ​សម្រួល​ដល់​ពលរដ្ឋ។

លោក អំ សំអាត៖«យើង​ឃើញ​មាន​ដំណោះស្រាយ​មួយ​ចំនួន​ដែរ ដូចជាUNDPដែល​មាន​ការ​សិក្សា​រួមគ្នា​ជាមួយ​ធនាគារ​ជាតិ​កម្ពុជា ហើយ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដើម្បី​ឲ្យ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​ដំណោះស្រាយ​ដល់​អ្នក​ខ្ចី ដូចជា​ការ​រៀបចំ​កម្ចី​ឡើង​វិញ និង​ពិនិត្យ​ស្ថានភាព​ផ្សេងៗ ។ ប៉ុន្តែ​ដំណោះស្រាយ​ហ្នឹង​ហាក់​មិន​ទាន់​ឆ្លើយតប​ជាមួយ​នឹង​បំណុល​របស់​ពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​កាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​វិញ ហើយ​ចំណុច​ហ្នឹង គឺ​ដោយសារ​តែ​ផុង​ក្នុង​បំណុល​ដោយសារតែ​មន្ត្រី​ឥណទាន​មួយ​ចំនួន​គាត់​មិន​បាន​ធ្វើ​តាម​គោលការណ៍​ក្នុង​ការ​ឲ្យ​កម្ចី​ទេ ដូចជា​ប្រាក់​ចំណូល និង​ថវិកា ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​សង»។

អង្គការលីកាដូ និង​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ (KTNC Watch) កាល​ពី​ថ្ងៃទី៩ ខែ​ធ្នូ ឆ្នាំ២០២៤ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រុម​ការងារ​ចំនួន ៤ផ្សេង​គ្នា​នៃ​អង្គការ​សហប្រជាជាតិ ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស រួម​ទាំង​អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ ឱ្យ​ពិនិត្យ​ទៅ​លើ​វិបត្តិ​នៃ​ការ​ជំពាក់​បំណុល​វ័ណ្ឌក ព្រម​ទាំង​ស្នើ​ឱ្យ​បង្កើត​កិច្ច​សន្ទនា​ជាមួយ​ក្រុមហ៊ុន​ជាតិ ក្រុមហ៊ុន​ពហុជាតិ វិនិយោគិន រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័នជាតិ ដែល​ពាក់ព័ន្ធ ។ អង្គការ​លីកាដូ​រាយការណ៍​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ជាង ១៦ពាន់​លាន​ដុល្លារ ហើយ​ទំហំ​ប្រាក់​កម្ចី​ជា​មធ្យម គឺ​លើស​ពី ៥.០០០ ដុល្លារ ។ របាយការណ៍​លីកាដូ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដែល​ផ្ដល់​កម្ចី​ខ្នាត​តូច បន្ត​ដាក់​សម្ពាធ​លើ​កូន​បំណុល ឱ្យ​លក់​ដី ខ្ចី​ឯកជន និង​បញ្ឈប់​កូន​ពី​ការ​សិក្សា ដើម្បី​រក​ប្រាក់​សង​បំណុល ហើយ​ប្រាក់​កម្ចី​ទាំង​នេះ ជារឿយៗ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច និង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើកទឹកចិត្ត​ដល់​ពលរដ្ឋ ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ចំពោះ​មន្ត្រី​ឥណទាន ដែល​ពុំ​បាន​អនុវត្ត​តាម​គោលការណ៍​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ហើយ​ធនាគារ​ត្រូវ​តែ​អនុវត្ត​តាម​វិធាន​ការ ដែល​ខ្លួន​បាន​ចែង ។ លោក​បន្ថែម​ថា ករណី​ពលរដ្ឋ​រង​ការ​គំរាម​កំហែង ឬ​ការ​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​លក់​សង​បំណុល ការ​ដាក់​លក់​ដី ដោយ​ពលរដ្ឋ​មិន​សុខចិត្ត និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជាដើម ដែល​សុទ្ធ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ពលរដ្ឋ គួរតែ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។