ពលរដ្ឋ​​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​រក​ចំណូល​ពុំ​សូវ​បាន​ទោះ​បី​ចិន​ត្រឡប់​មក​វិញ

ពលរដ្ឋ​ប្រកប​របរ​លក់ដូរ​តាម​ចិញ្ចើម​ថ្នល់ អ្នក​រត់​ម៉ូតូឌុប និង​តាក់ស៊ី​មួយ​ចំនួន​នៅ​ក្រុងព្រះសីហនុ​នៅតែ​ប្រឈម​បញ្ហា​លើ​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ បើ​ទោះ​បី​រដ្ឋាភិបាល​អះអាង​ថា ការ​ត្រឡប់​មក​វិញ​នៃ​ទេសចរ​ចិន​ជួញ​ជំរុញ​សេដ្ឋកិច្ច​ពលរដ្ឋ​ក្ដី។ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អះអាង​ថា ភ្ញៀវ​ទេសចរ​ចិន​ភាគច្រើន​មិន​ប្រើប្រាស់​សេវាកម្ម​ខ្មែរ​នោះ​ទេ ហើយ​ជនជាតិ​ចិន​ខ្លះ​ទៀត​ប្រកប​របរ​រត់​តាក់ស៊ី​ដូច​របរ​ពលរដ្ឋ​ខ្មែរ​ដែរ។

អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​នៅ​ក្រុងព្រះសីហនុ​នៅតែ​ប្រឈម​បញ្ហា​ជីវភាព និង​ប្រឈម​បោះបង់​ចោល​មុខរបរ ខណៈ​របរ​អាជីវកម្ម​មួយ​ចំនួន​ដូចជា បោះ​ដុំ​គ្រឿង​សមុទ្រ របរ​រត់​ម៉ូតូ​ឌុប ជាដើម​ត្រូវ​ជន​បរទេស​ដណ្ដើម។

អ្នកលក់​គ្រឿង​សមុទ្រ​ម្នាក់​នៅ​ផ្សារ​ក្រុង​ព្រះសីហនុ​លោកស្រី គុយ ចន្ទី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៧ ខែ​មីនា​ថា បច្ចុប្បន្ន​លោកស្រី​រក​ចំណូល​បាន​គួរ​សម​គឺ​នៅ​ចុង​សប្ដាហ៍។ លោកស្រី​បញ្ជាក់​ថា របរ​បោះ​ដុំ​គ្រឿង​សមុទ្រ​ហាក់​មាន​ទីផ្សារ​តូច​ចង្អៀត​ដោយ​សារ​មាន​ជនជាតិ​ចិន​រក​ស៊ី​លើ​របរ​នេះ​ដែរ។ លើស​ពី​នេះ លោកស្រី​បញ្ជាក់​ថា អតិថិជន​លោកស្រី​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ ហើយ​ជនបរទេស​ដែល​ជនជាតិ​ចិន​ចង់​រក​គ្រឿង​សមុទ្រ​គេ​ទិញ​របស់​ជនជាតិ​ចិន​ដូចគ្នា។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ករណី​ជនបរទេស​ដែល​ចូល​មក​ដណ្ដើម​ទីផ្សារ​ការងារ​ពលរដ្ឋ។

លោកស្រី គុយ ចន្ទី៖«យើង​អត់​ហ៊ាន​ចំណេញ​គេ​ច្រើន​ដែរ តិចៗ​ដូច​ខ្ញុំ​អ៊ីចឹង តម្លៃ​ខ្ញុំ​បោះ​ដុំ​ខ្ញុំ​ដាក់​ម៉ូយ​ហាង​រាល់​ថ្ងៃ​ក្នុង​មួយ​គីឡូ​ខ្ញុំ​បាន​តែ ២ពាន់​រៀល(២,០០០)អស់​ហើយ​អត់​លើស​ពី ២ពាន់​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​បោះ​ដុំ។ ចិន​លក់​ដូច​តែ​ជនជាតិ​ខ្មែរ​ដែល​តើ ។ សម្រាប់​ខ្ញុំ​អត់​សូវ​រំពឹង​ជាមួយ​ចិន​ណាស់​ណា​ទេ ខ្ញុំ​មាន​ភ្ញៀវ​ខ្មែរ​ច្រើន»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ជា​អ្នក​លក់​ចេក​អាំង​នៅ​តាម​បណ្ដោយ​ឆ្នេរ​ក្រុងព្រះសីហនុ រៀបរាប់​ថា លោក​មិន​ចង់​ឱ្យ​ទេសចរ​ចិន​ចូល​មក​ក្រុង​ព្រះសីហនុ​ច្រើន​លើសលុប​នោះ​ទេ ព្រោះ​លោក​អះអាង​ថា ពួកគេ​ចូល​មក​កាន់​តែ​ច្រើន បង្ក​ភាព​អនាធិបតេយ្យ​កាន់​តែ​ច្រើន។ លោក ម៉េង សុខេង ឱ្យ​ដឹង​ថា ជា​រៀង​រាល់ថ្ងៃ​ចាប់​តាំង​ពី​ព្រឹក​ដល់​ល្ងាច​ថ្ងៃ​ហៀប​លិច លោក​តែង​រុញ​រទេះ​នៅ​តំបន់​ឆ្នេរ​ក្រុង​កំពង់សោម ហើយ​អ្នក​ទិញ​ចេក​អាំង​របស់​លោក ក៏​ពុំ​មែន​ជា​ជនជាតិ​ចិន​នោះ​ទេ ពោល​គឺ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ។ លោក​ថា ដំបូង​ឡើយ ថ្វិ​ត្បិត​មុខ​របរ​នេះ​តូចតាច​តែ​លោក​អាច​រក​ចំណូល​បាន​ច្រើន និង​ផ្គត់ផ្គង់​កូន​បាន​រៀន​សូត្រ​ដោយ​មិន​ពិបាក​ដែរ។ ប៉ុន្តែ លោក​ថា បច្ចុប្បន្ន​ស្របពេល​ជនជាតិ​ចិន​ត្រឡប់​មក​វិញ តំបន់​ឆ្នេរ​ខ្លះ​អាជ្ញាធរ​រឹតត្បិត​ពុំ​អនុញ្ញាត​ឱ្យ​អ្នក​រែក​មឹក អ្នក​លក់​តាម​រុញ​រទេះ​បន្ត​លក់​ដូរ​ចល័ត​ទៀត​នោះ​ទេ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់។

លោក ម៉េង សុខេង៖«ចំណូល​មិន​ទៀងទាត់​ទេ និយាយ​រួម​តាម​សេដ្ឋកិច្ច វិវត្តន៍​ទៅ​តាម​ប្រទេស​អ៊ីចឹង​ដែរ ហើយ​អត់​ដែល​ទទួល​ផល​ពី​ជនជាតិ​បរទេស​អី​ណា​មួយ​ទេ ក្រៅ​ពី​កម្លាំង​ខ្លួនឯង»។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​ផ្ដួចផ្ដើម​ក្នុង​រៀបចំ​កន្លែង​ពលរដ្ឋ​លក់ដូរ​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ និង​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​មុន​នឹង​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ក្រុងព្រះសីហនុ។ អ្នកស្រី​បញ្ជាក់​ថា ជនជាតិ​ចិន​មួយ​ចំនួន​ដែល​ប្រកប​របរ​រត់​តាក់ស៊ី​គឺ​មាន​ការ​រៀបចំ​ដោយ​ថៅកែ​ម្ចាស់​អាជីវកម្ម​របស់​ចិន​ធំៗ ដើម្បី​រៀបចំ​ទទួល​ទេសចរ​ចិន​ដូចគ្នា នៅពេល​ពួកគេ​មក​ដល់​ក្រុង​ព្រះសីហនុ។

អ្នកស្រី ជៀប សុធារី៖«ប្រជាពលរដ្ឋ​គាត់​ចង់​បាន​ចំណូល​ចិញ្ចឹម​ឆ្នាំង។ អ៊ីចឹង​គាត់​ចង់​មាន​មុខរបរ ហើយ​អ្នក​រកស៊ី​ទាំងអស់​ហ្នឹង​គាត់​ចាស់ៗ​ហើយ​ទៅ​ធ្វើ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ឬ​រោងចក្រ​អត់​មាន​ណា​យក​គាត់​ទេ។ គាត់​មាន​កូនចៅ​ត្រូវ​ចិញ្ចឹម​កូន​ឱ្យ​រៀន​សូត្រ។ វា​ពិត​ជា​អ៊ីចឹង​ហើយ​រាល់​ថ្ងៃ ពិតមែន​បើក​ឱ្យ​មាន​ទេសចរ​ចេញ​ចូល​មក​សារ​ជា​ថ្មី ប៉ុន្តែ​សំខាន់​គាត់​ចង់​បាន​ចំណូល​ខ្លះ​ដែរ បាន​ពី​ភ្ញៀវ​បរទេស ប៉ុន្តែ​យើង​ចង់​លុយ​ដែល​ភ្ញៀវ​ទេសចរ​ទាំងអស់​ហ្នឹង​ចាយ​វា​បាន​ជា​ចំណូល​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​មុខ​របរ​តូចតាច​កំប៉ិកកំប៉ុក​ហ្នឹង​ផង។ កុំ​ឱ្យ​តែ​ចាយ​ក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន​ទំនើបៗ ដល់​គ្នា​ក្រីក្រ​គ្នា​លក់​ដាក់​កញ្រ្ចែងរែក​អី​គ្នា​អត់​បាន»។

ទាក់ទង​នឹង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​អ្នកនាំពាក្យ​សាលាខេត្ត​នេះ គឺ​លោក ឃាង ភារម្យ និង​លោក ឡុង ឌីម៉ង់ សុំ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ និង​ថ្ងៃទី៧ ខែ​មីនា។ ប៉ុន្តែ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​អះអាង​ថា នៅ​ខេត្ត​ព្រះសីហនុ​ពុំ​មាន​ជនជាតិ​ចិន​ដណ្ដើម​មុខ​របរ​តូចតាច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គមស៊ីវិល​ចាត់​ទុក​ការ​លើកឡើង​នេះ​ថា គ្រាន់​ជា​លេស និង​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​តែ​ប៉ុណ្ណោះ។ មន្ត្រី​សង្គមស៊ីវិល​ព្រួយបារម្ភ​ថា ប្រសិន​បើ​ពលរដ្ឋខ្មែរ​ប្រឈម​បាត់បង់​មុខរបរ ឬ​ប្រកប​របរ​ដោយ​រក​ចំណូល​បាន​តិចតួច ពួកគាត់​អាច​នឹង​បន្ត​ចំណាក​ស្រុក​ខុសច្បាប់​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្រកាស​ថា វត្តមាន​នៃ​ជនជាតិ​ចិន​ចូល​កម្ពុជា​ច្រើន​កាល​ណា នោះ​វា​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ពលរដ្ឋ​មួយ​ចំនួន​មិន​រំពឹង​ថា ពួកគាត់​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទេសចរ​ចិន​នោះ​ទេ ខណៈ​អ្នកខ្លះ​ទៀត​បែរ​ជា​ព្រួយបារម្ភ​ខ្លាច​បាត់បង់​របរ​ប្រចាំ​ថ្ងៃ​ក្រោយ​មាន​វត្តមាន​ជនជាតិ​ចិន​ត្រឡប់​មក​វិញ។

គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២៣ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ ៤០​ម៉ឺននាក់ (៤០០.០០០) ក្នុង​នោះ​ទេសចរ​ចិន​មាន​ជាង ២ម៉ឺននាក់ (២៥.០០០)។ ក្រសួង​ទេសចរ​រំពឹង​ថា ទេសចរ​ចិន​នឹង​បន្ត​ចូល​មក​កម្ពុជា​កើន​ឡើង​ជា​លំដាប់​ចាប់​ពី​ខែ​មីនា​នេះ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) គឺ​លោក វន់ ពៅ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​មាន​ដើម​ទុន​ធំៗ​ដូចជា​អ្នក​ជួល​ឡាន និង​ម្ចាស់​សណ្ឋាគារ​ពួកគាត់​អាច​ទទួល​បាន​ប្រយោជន៍​ពី​ទេសចរ​ចិន​ដែរ។ ទោះ​យ៉ាងណា​លោក​ថា ទេសចរ​ចិន​ចូល​កម្ពុជា​ភាគច្រើន​ពួកគេ​មិន​ប្រើប្រាស់​សេវាកម្ម​របស់​ខ្មែរ​នោះ​ទេ​រាប់​ទាំង​កន្លែង​ស្នាក់​នៅ​ទំនើបៗ អាហារ​ហូបចុក និង​មធ្យោបាយ​ធ្វើ​ដំណើរ ដោយសារ​តែ​ជនជាតិ​ចិន​ខ្លះ​ប្រកប​អាជីវកម្ម​ប្រភេទ​នេះ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។

លោក វន់ ពៅ៖«ខេត្ត​ព្រះសីហនុ អ្នក​រត់​រ៉ឺម៉ក​មួយ​ចំនួន​ដែល​ធ្លាប់​រត់​រ៉ឺម៉ក​នៅ​មុខ​សណ្ឋាគារ​កាល​ពី​មុន​ជា​របស់​ពួក​អឺរ៉ុប ជា​របស់​ខ្មែរ គាត់​អាច​ចត​រ៉ឺម៉ក​នៅ​មុខ​សណ្ឋាគារ​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន។ តែ​ឥឡូវ​នៅ​ពេល​ជនជាតិ​ចិន​គេ​ជួល​សណ្ឋាគារ សូម្បី​នៅ​មុខ​សណ្ឋាគារ​ក៏​ជនជាតិ​ចិន យក​លុយ​ពី​អ្នក​រត់​រ៉ឺម៉ក​ហ្នឹង​ដែរ មាន​ន័យ​ថា គាត់​ជួល​សណ្ឋាគារ​ប្រមូល​លុយ​សម្រាប់​ពី​ភ្ញៀវ​ហើយ គាត់​ប្រមូល​លុយ​សម្រាប់​អ្នក​រត់​រ៉ឺម៉ក​តូចតាច ដែល​ដាក់​ខែ​នៅ​មុខ​សណ្ឋាគារ​ហ្នឹង​ទៀត មាន​ន័យ​ថា ប្រមូល​លុយ​ពី​ខ្មែរ​វិញ​ផង​ដែរ​មួយ​ចំនួន»។

មន្ត្រី​សង្គមស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គួរ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​អំឡុង​រដ្ឋាភិបាល​ប្រកាស​បើក​ឱ្យ​ទេសចរ​អន្តរជាតិ​ចូល​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​អាច​រក​ចំណូល​បាន​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។ លើស​ពី​នេះ ពួកគាត់​ស្នើ​ដល់​អាជ្ញាធរ​ចាត់​វិធានការ និង​ពិចារណា​ឡើងវិញ​មុន​នឹង​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​របរ​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​រក​ចំណូល​ពុំ​សូវ​បាន​ពី​វិស័យ​ទេសចរ ដែល​អាច​ឱ្យ​ពួកគាត់​បោះបង់​មុខរបរ ហើយ​ចំណាក​ស្រុក​ខុស​ច្បាប់​រក​ការងារ​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។