អាជីវករលក់ដូរនៅតាមតំបន់ទេសចរណ៍ និងតាមផ្សារមួយចំនួនកំពុងមានជីវភាពភាពខ្វះខាតដោយសារប្រាក់ចំណូលធ្លាក់ចុះ ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិពុំសូវមកកម្សាន្ត ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា បញ្ហានេះនឹងធ្វើឱ្យពលរដ្ឋប្រឈមនឹងជំងឺបាក់ទឹកចិត្ត និងបង្កឱ្យមានបញ្ហាអសន្តិភាពសង្គម។
ក្រុមអាជីវករលក់ដូរមួយចំនួនត្អូញត្អែរថា នៅតំបន់ទេសចរណ៍ និងទីប្រជុំជនដែលធ្លាប់តែមានពលរដ្ឋដើរទិញទំនិញ អាហារហូបចុក ប្រែជាស្ងប់ស្ងាត់លែងមានមនុស្សអ៊ូអរច្រើនដូចពេលមុន ហើយធ្វើឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់។
អាជីវករលក់ខោអាវជជុះនៅកណ្ដាល លោកស្រី ជ័យ ស្រីវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ វិច្ឆិកា ថា មួយព្រឹកនេះលោកស្រីលក់បានប្រាក់តែ២ម៉ឺន ៥ពាន់រៀល (២.៥០០០) ប៉ុណ្ណោះ ដែលប្រាក់ចំណូលនេះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង់ធនាគារនោះទេ។ លោកស្រីបន្តថា ដោយសារលក់មិនសូវដាច់ប្រាក់ចំណូលទាប ដូច្នេះតម្រូវឱ្យលោកស្រីចេញលក់នៅតាមរោងចក្រ បន្ថែមរហូតដល់ម៉ោង៥ល្ងាចទើបលោកស្រីចូលផ្ទះវិញ។
លោកស្រី ជ័យ ស្រីវី៖ «ខ្ញុំប្រឈមនឹងខ្វះខាតហើយនិងបង់ធនាគារ ហើយដូចថា ជីវភាពយើងរាល់ថ្ងៃអ៊ីចឹងហើយនិងជំងឺយើងផង ហើយពេលអ៊ីចឹងខ្ញុំភ័យព្រួយបារម្ភមែនទែនមិនហ៊ានឈប់សម្រាកទេ ត្រូវតែទៅរាល់ថ្ងៃ មួយខែខ្ញុំបង់ធនាគារ១៥០ដុល្លារ ហើយលុយ១៥០ដុល្លារខ្ញុំត្រូវខំប្រឹងសន្សំ ក្នុងមួយថ្ងៃបាន១ម៉ឺន ២ម៉ឺនមក ៣ពាន់មក ៤ពាន់ដាក់ក្នុងកូនជ្រូកទុកសន្សំសងគេ»។
ស្រដៀងគ្នានេះដែរអាជីវករលក់ម្ហូបអាហារនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ លោក កើត រ៉ា ថ្លែងថា កត្តាដែលធ្វើឱ្យភ្ញៀវទេសចរអឺរ៉ុបលេងមកកម្សាន្តនៅខេត្តព្រះសីហនុ គឺដោយសារតែសម្បូរជនជាតិចិន មួយចំនួនមកបើកកន្លែងបនល្បែងកាស៊ីណូយ៉ាងអនាធិបតេយ្យ។ លោកព្រួយបារម្ភថា ប្រសិនបើលំហូរនៃជនជាតិចិនកាន់តែច្រើននៅខេត្តព្រះសីហនុនឹងធ្វើឱ្យអាជីវករបាត់បង់ប្រាក់ចំណូលដោយសារតែជនជាតិចិនទាំងនោះមករកស៊ីដណ្ដើមមុខរបរពលរដ្ឋខ្មែរ។
លោក កើត រ៉ា៖ «ដល់ពេលអត់មានកន្លែងសប្បាយអត់មានកន្លែងស្នាក់ គឺវាត្រូវការកាត់បន្ថយភាគច្រើនគឺបាត់បង់ហ្មងចង់ឱ្យមានអាហ្នឹងឡើងវិញ ពីព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុបផងពីព្រោះទេសចរអឺរ៉ុបបានផលចំណេញល្បាយស្មើសាច់គ្រប់ប្រភេទមនុស្សទទួលផលពីអឺរ៉ុបអ៊ីចឹងបើមានអាហ្នឹងឡើងវិញទៅ ការរកស៊ីរបស់ប្រជាពលរដ្ឋអាជីវកម្មគ្រប់ប្រភេទហ្នឹងអាចដំណើរការឡើងវិញ អាជីវកម្មហ្នឹងអាចទទួលបានប្រាក់ចំណូលធូរធារក្នុងគ្រួសារនីមួយៗដូចពលរដ្ឋទូទៅ»។
ក្រៅពីអាជីវករលក់តាមផ្សារ និងនៅតាមតំបន់ទេសចរណ៍ជួបការលំបាកផ្នែកជីវភាពហើយនោះនៅមាន អ្នករត់កង់បី កម្មកររោងចក្រ កម្មករសំណង់ កសិករ និងអ្នកប្រកបរបរមួយចំនួនទៀត ពិបាករកប្រាក់ចំណូល និងមានប្រាក់ខែតិច ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាព សុខភាព និងមានការប្រើអំពើហិង្សានៅក្នុងក្រុមគ្រួសារជាដើម។
កន្លងទៅអ្នកតាមបញ្ហាសង្គមលើកឡើងថា បញ្ហាធ្លាក់ប្រាក់ចំណូលនេះបណ្ដាលមកពី កម្ពុជាមិនគោរពសិទ្ធិមនុស្ស ចាប់សកម្មជននយោបាយ និងសកម្មជនសង្គមដាក់ពន្ធនាគារ ដែលធ្វើឱ្យបណ្ដាប្រទេសលោកសេរីថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយដកប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ២០ភាគរយ និងសហរដ្ឋអាមេរិកមិនបន្ត ប្រព័ន្ធអនុគ្រោះ (GPS)។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១០ វិច្ឆិកា។
ជុំវិញបញ្ហានេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែមានកញ្ចប់ថវិកាដើម្បីជួយដោះស្រាយបញ្ហាពលរដ្ឋ និងរៀបចំឱ្យមានការពន្យារពេលបង់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយមិនដោះស្រាយបញ្ហានេះទេ នោះអាជីវករអាចប្រឈមនឹងការបាក់ទឹកចិត្ត និងបោះបង់មុខរបរចោល។
លោក យង់ គិមអេង៖ «រឿងទាំងអស់ហ្នឹងគឺរដ្ឋាភិបាលធ្វើយ៉ាងណាត្រូវគិតគូរពីគោលនយោបាយគាំពារដល់ពួកគាត់គឺពួកគាត់អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ហើយហ្នឹងជួយផ្គត់ផ្គង់នៅផ្នែកគាំពារសង្គមផ្សេងៗឬក៏អាចជួយឧបត្ថម្ភដល់ពួកគាត់ជីវភាពរស់នៅសម្រាប់អ្នកដែលគ្នាមានការពិបាក»។
មន្ត្រីសង្គមស៊ីវិល និងអាជីវករទទូចឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះរបស់ពលរដ្ឋ និងទប់ស្កាត់កុំឱ្យជនជាតិជនលក់ដូររកស៊ីនៅកម្ពុជាដែលធ្វើឱ្យអាជីវករមួយចំនួនលក់មិនដាច់។ បញ្ហានេះប៉ះទង្គិចខ្លាំងទៅលើជីវភាពរបស់គ្រួសារក្រីក្រស្រាប់ ដែលក្នុងនោះមានគ្រួសារខ្លះត្រូវបានបង្ខំចិត្តកាត់បន្ថយអាហារហូបចុករបស់ខ្លួន និងឈប់ឱ្យកូនទៅរៀនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។