កម្មករ និង​ពលករ​ថា រដ្ឋាភិបាល​សន្យា​ប្រជាភិថុតិ រឿង​ផ្ដល់​ទុន​ឲ្យ​​​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ ដល់​អ្នក​បាត់បង់​ការងារ​ដោយ​សារ​វិបត្តិ​កូវីដ១៩

ដោយ វ៉ែន សុមេធ
2020.10.06
ហ៊ុន សែន 071420 លោក ហ៊ុន សែន ចុះ​ពិនិត្យ​សកម្មភាព​បង្កាត់​ពូជ​ត្រី ចិញ្ចឹម​ត្រី និង​កង្កែប​ជាក់​ស្ដែង ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

កម្មករ និង​ពលករ​មួយ​ចំនួន ដែល​បាត់​បង់​ការងារ ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19) អះអាង​ថា ពួកគេ នៅ​មិន​ទាន់​ទទួល​បាន​ដើម​ទុន សម្រាប់​ចិញ្ចឹម​ត្រី និង​កង្កែប ដែល​រដ្ឋាភិបាល​សន្យា​ថា ផ្ដល់​ឲ្យ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឡើយ​ទេ។ ពួកគេ ហៅ​ការ​សន្យា​នេះ ថា បោកប្រាស់ និង​ធ្វើ​ប្រជាភិថុតិ។

កម្មករ និង​ពលករ​ខ្លះ​ ឲ្យ​ដឹង​ថា ពួកគេ បាន​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​ជំងឺ​កូវីដ១៩ ច្រើន​ខែ​មក​ហើយ តែ​​​​​មិន​ទាន់​ទទួល​បាន​ទុន​សម្រាប់​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ​នៅ​ឡើយ​ទេ ហើយ​អាជ្ញាធរ​ជល​ផល និង​អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​ដែល​បាន​ចុះ​ផ្សព្វផ្សាយ ពី​រឿង​នេះ​ដែរ។

កម្មការិនី​​ម្នាក់ និង​ជា​តំណាង​កម្មករ​នៃ​រោងចក្រ​ អេ ខូបេស (Eco-best) នៅ​សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ លោក​ស្រី ឡេង ស្រី ឲ្យ​ដឹង​ថា កម្មករ​មិន​ទាន់​ទទួល​បាន​ទុន​ សម្រាប់​ចិញ្ចឹម​ត្រី ឬ​ទុន​វិស័យ​កសិកម្ម​​ពី​រដ្ឋាភិបាល​ទេ តាំង​ពី​រោងចក្រ​នេះ ​បិទ​ដោយ​សារ​ គ្មាន​អ្នក​បញ្ជា​ទិញ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ។​

លោកស្រី​បន្ត​ថា កម្មករ​ភាគច្រើន​ នាំ​គ្នា​ទៅ​​ធ្វើ​ការងារ​សំណង់ ស៊ី​ឈ្នួល​ប្រើ​កម្លាំង​បាយ និង​​ខ្លះ​ទៀត រក​ស៊ី​លក់​ផលិតផល តាម​អនឡាញ (Online)។ លោកស្រី​បញ្ជាក់​ថា មិន​មាន​កម្មករ​ណា​ម្នាក់ ធ្លាប់​​ទទួល​បាន​ទុន​ពី​រដ្ឋាភិបាល ដើម្បី​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ នៅ​ស្រុក​កំណើត​ឡើយ ហើយ​ កម្មករ​ខ្លះ មិន​ទាំង​ដឹង​ពី​ព័ត៌មាន​នេះ​ផង «អត់​ដែល​លឺ​គេ​និយាយ​អ្វី​ផង ឲ្យ​ឈឹង​ អត់​ដែល​លឺ (អាជ្ញាធរ)​ខាង​ណា គេ​ប្រាប់​ផង។ (រក​ការងារ​ធ្វើ) ដើរ​ទៅ​ធ្វើតេស្ត​ខ្លួន​ឯង។ អ្នក​ខ្លះ ទៅ​ធ្វើតេស្ត​អ្នក​ខ្លះ​ទៅ ក៏​រក​ស៊ី​ឈ្នួល​គេ។ ស៊ី​ឈ្នួល​ថ្ងៃ ដូច​ថា រោងចក្រ​គេ​ខ្វះ​​កម្មករ​អ្វី​អ៊ីចឹង ហើយ​យើង​មាន​មុខ​ជំនាញ​អ៊ីចឹង​ទៅ ក៏​ចូល​ស៊ី​ថ្ងៃ​ទៅ​។ អ្នក​ខ្លះ​ក៏​ចូល​រោងចក្រ​(ថ្មី)​ហ្នឹង ជា​ខែ​អ៊ីចឹង​ទៅ​តាម​កម្មករ​ម្នាក់ៗ។ ខ្លះ​ទៀត ក៏​ទៅ​លក់​នៅ​ហាង​អ្វី​អ៊ីចឹង​ទៅ ឲ្យ​តែ​គេ​រើស​ចេះ​តែ​ធ្វើ​ទៅ។ បើ​ស្ដាប់​គាត់​(កម្មករ​)​និយាយ​គឺ​ជីវភាព​យ៉ាប់​ណាស់»

ចំណែក​ពលករ​​ ដែល​បាត់​បង់​ការងារ នៅ​ក្រៅ​ប្រទេស ហើយ​ត្រលប់​មក​កម្ពុជា​វិញ ក៏​មិន​ទទួល​បាន​ទុន​សម្រាប់​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ ពី​រដ្ឋាភិបាល​ដែរ។

ពលករ​ម្នាក់ កំពុង​ធ្វើ​ការ​​រោងចក្រ​ នៅ​ក្នុង​ប្រទេស​ថៃ លោក កួច កី ប្រាប់​ថា បង​ប្អូន​របស់​លោក ​ច្រើន​នាក់ បាន​វិល​ត្រលប់​​មក​​​ស្រុក​កំណើត​វិញ កាល​ពី​ថៃ​ប្រកាស​បិទ​ប្រទេស ហើយ​មក​ដល់​ពេល​នេះ​ ពួកគេ​នៅ​​មិន​ទទួល​បាន​ទុន សម្រាប់​​ចិញ្ចឹម​ត្រី និង​កង្កែប ដូច​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ឡើយ។

លោក កួច កី ឲ្យ​ដឹង​​ថា បង​ប្អូន​របស់​លោក ​មួយ​ចំនួន កំពុង​រក​វិធី​ឆ្លង​ដែន​ខុស​ច្បាប់​ត្រលប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ដោយសារ​គ្មាន​មុខ​របរ និង​ប្រាក់​ចំណូល​ នៅ​ស្រុក​កំណើត។ មក​ដល់​ពេល​នេះ លោក កួច កី គ្មាន​​ជំនឿ​ថា រដ្ឋាភិបាល​ផ្ដល់​ទុន​ចិញ្ចឹម​ត្រី​ឲ្យ​ពលករ​ទេ។ លោក​ហៅ ​ប្រកាស​ផ្ដល់​ទុន​​សម្រាប់​ចិញ្ចឹម​ត្រី របស់​មេដឹកនាំ​រដ្ឋាភិបាល​នោះ​ថា ជា​ការ​ធ្វើ​ប្រជាភិថុតិ បោក​ប្រាស់​ពល​រដ្ឋ៖ «ជីវភាព​(បង​ប្អូន​)​នៅ​ខ្មែរ ដូច​យើង​ដឹង​ហើយ ថា គ្មាន​ការងារ​អ្វី​ធ្វើ​ទេ ហើយ​បើ​សង្ឃឹម​ថា កូន​ត្រី កូន​កង្កែប​ដែល​នាយករដ្ឋមន្ត្រី (សន្យា)​ផ្ដល់ ប្រគល់​ឲ្យ គឺ​អត់​មាន​ទេ។ បញ្ហា​បំផុត គឺ​ជីវភាព​គ្រួសារ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ នៅ​ខេត្ត​ព្រៃវែង ​​ថា ​នឹង​បញ្ចេញ​ថវិកា​រដ្ឋ ​ចំនួន​ប្រាំ​លាន (៥លាន) ដុល្លារ​ថែម​ទៀត សម្រាប់​ជួយ​ជំរុញ​ឲ្យ​កម្មករ និង​ពលករ ដែល​បាត់​បង់​ការងារ​ធ្វើ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ងាក​មក​ប្រកប​មុខ​របរ​ចិញ្ចឹម​ត្រី​ និង​កង្កែប​ជា​លក្ខណៈ​គ្រួសារ​វិញ។

លោក ហ៊ុន សែន អះអាង​នៅ​ពេល​នោះ​ថា រដ្ឋាភិបាល​ បាន​បញ្ចេញ​ថវិកា​រដ្ឋ ប្រាំ​សែន (៥០ម៉ឺន) ដុល្លារ​ រួច​ហើយ សម្រាប់​ជួយ​ដល់​ការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ គិត​ត្រឹម​ថ្ងៃ​លោក​​ប្រកាស។ ថវិកា​រដ្ឋ ប្រាំ​សែន (៥០ម៉ឺន) ដុល្លារ កាល​នោះ លោក ហ៊ុន សែន បញ្ជាក់​ថា បាន​​ផ្ដល់​​ជា​ទុន​ឲ្យ​កសិករ បាន​​ជាង ៤៦.០០០​គ្រួសារ កំពុង​​ប្រកប​របរ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ ហើយ​លោក​មាន​បំណង​ ជំរុញ​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​​ជា​លក្ខណៈ​គ្រួសារ​បន្ថែម​ទៀត​យ៉ាង​ហោច​ណាស់ ​ឲ្យ​បាន​ចំនួន ៥០.០០០​គ្រួសារ។ លោក​ស្រមៃ​ចង់​ឃើញ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ត្រី​អណ្ដែង​ច្រើន​ជាង​គេ ទើប​លោក​សន្យា​ប្រកាស​ផ្ដល់​ទុន​ឲ្យ​កម្មករ និង​ពលករ បាត់​បង់​ការងារ​ធ្វើ​ ងាក​មក​ចិញ្ចឹម​ត្រី​វិញ៖ «ខ្ញុំ​ក៏​អំពាវនាវ​កម្មករ កម្មការិនី និង​បង​ប្អូន​ត្រឡប់​មក​ពី​ថៃ ចូលរួម​នៅ​ក្នុង​វិស័យ​កសិកម្ម ជំរុញ​វិស័យ​កសិកម្ម។ ឥឡូវ​​បង្កើត​មុខ​របរ​របៀប​ចិញ្ចឹម​ត្រី។ ឥឡូវ បើ​ថា ៥០ម៉ឺន​ដុល្លារ​ហ្នឹង វា​មិន​គ្រប់​យើង​បន្ថែម​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ ចិញ្ចឹម​ត្រី​ត្រី​អណ្ដែង​ឲ្យ​ពួក​គាត់​មាន​ដើម​ទុន មាន​ដើម​ទុន។ អា​ហ្នឹង យើង​ឲ្យ​ទទេ​ហ្មង ឲ្យ​ទទេ កូន​ត្រី​ក៏​យើង​ឲ្យ​ទទេ អា​តង់​ក៏​យើង​ឲ្យ​ទទេ ហើយ​យើង​ទៅ​ជួយ​បង្ហាត់​បង្ហាញ​ជួយ​ឲ្យ​គាត់​មាន​មុខ​របរ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​​រដ្ឋបាល​ជលផល លោក អេង ជាសាន ច្រើន​ដង តែ​ត្រូវ​លោក​ចុច​ផ្ដាច់ ខណៈ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៦ តុលា។

ចំណែក​គេហទំព័រ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចុះ​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​ចុះ​ចែក​ទុន​សម្រាប់​ចិញ្ចឹម​ត្រី តាម​អនុសាសន៍​របស់​លោក ហ៊ុន សែន ដល់​កសិករ ៥០គ្រួសារ នៅ​ស្រុក​ឧដុង្គ ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ កាល​ពី​ថ្ងៃ​ទី៣ តុលា។

ក្នុង​នោះ គ្រួសារ​នីមួយៗ ទទួល​បាន​កូន​ត្រី​អណ្ដែង ៧០០​ក្បាល ចំណី ៤បាវ តង់​សម្រាប់​ចិញ្ចឹម​ត្រី ១ និង​ថ្នាំ​វីតាមីន​សម្រាប់​ត្រី ចំនួន ៤កញ្ចប់។ ប៉ុន្តែ​ក្រសួង​កសិកម្ម​ចុះ​ផ្សាយ​ថា ការ​ចុះ​ចែក​ទុន​នេះ គឺ​សម្រាប់​កសិករ​មិន​មែន​ ជា​កម្មករ និង​ពលករ ដែល​បាត់​បង់​ការងារ​ធ្វើ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មិន​ទាន់​ឃើញ​កម្មករ​ណា​ម្នាក់ ដែល​បាត់​បង់​ការងារ ដោយសារ​ជំងឺ​កូវីដ១៩ បាន​ទទួល​ទុន​ពី​រដ្ឋ​ក្នុង​ការ​ចិញ្ចឹម​ត្រី ឬ​កង្កែប​ជា​លក្ខណៈ​គ្រួសារ​ នៅ​ឡើយ​ទេ។ លោក​ជំរុញ​រដ្ឋាភិបាល គោរព​ការ​សន្យា ដើម្បី​ជួយ​ឲ្យ​កម្មករ​មាន​ទុន និង​ប្រាក់​ចំណូល​ត្រឹម​ត្រូវ។

លោក​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល ផ្សព្វផ្សាយ​ពី​គម្រោង​ផ្ដល់​ទុន​នេះ​ឲ្យ​ទូលាយ ដើម្បី​ជួយ​សម្រួល​ដល់​កម្មករ និង​ពលករ ដែល​គ្មាន​ការងារ​ធ្វើ​ទាំង​នោះ។ តែ​យ៉ាង​ណា សហជីព​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​អាជ្ញាធរ នៅ​តែ​បន្ត​លាក់​បាំង​ព័ត៌មាន​នៃ​ការ​សន្យា​នេះ ឬ​ពន្យារ​ពេល​ទម្លាក់​ទុន​ទៀត នឹង​ធ្វើ​ឲ្យ​កម្មករ និង​ពលករ ខាត​ប្រយោជន៍ និង​គ្មាន​ប្រាក់ចំណូល៖ «មិន​ដឹង​​គ្រាន់​តែ​ការ​សន្យា ឬ​មិន​ទាន់​ចាប់​ផ្ដើម​ក៏​មិន​ដឹង ឬ​ក៏​គេ​បាន​ធ្វើ នៅ​ក្នុង​ក្រប​ខណ្ឌ​យ៉ាង​ម្ដេច​យើង​អត់​ដឹង​ម្ដេច​មិន​ដឹង​ព្រោះ​យើង​អត់​ឃើញ​ផង។ បើ​សិន​បាន​ធ្វើ​អាច​កាត់​បន្ថយ​ការ​លំបាក​ខ្លះ​ដែរ តែ​បើ​មិន​ធ្វើ​ទេ ហើយ​បើ​សិន​និយាយ​ចោល ខ្ញុំ​គិត​ថា វា​មិន​ល្អ​ទេ»

ទាក់ទង​នឹង​រឿង​នេះ ក្រុម​អ្នក​ជំនាញ​​​​ចិញ្ចឹម​ត្រី និយាយ​ថា រដ្ឋាភិបាល​ មិន​ទាន់​ផ្ដល់​ទុន និង​បច្ចេកទេស ដល់​ក្រុម​អ្នក​នេសាទ និង​អ្នក​ចិញ្ចឹម​ត្រី​ផង កុំ​ថា​ឡើយ​ក្ដី​ស្រមៃ ផ្ដល់​ឲ្យ​កម្មករ និង​ពលករ​នោះ។ ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សូចែត ធ្លាប់​អះអាង​ថា អ្នក​ចិញ្ចឹម​ត្រី​ និង​អ្នក​នេសាទ ក៏​​ជា​អ្នក​រង​គ្រោះ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ដែរ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​គិតគូរ​ជួយ​ដល់​ក្រុម​អ្នក​ទាំង​នោះ​ផង។ ក្រុម​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី​ស្រាប់ តែងតែ​ត្អូញត្អែរ​ថា ការ​ចិញ្ចឹម​ត្រី​របស់​ពួក​គេ ប្រឈម​ការ​ខាត​បង់​ខ្លាំង បណ្ដាល​មក​ពី​ខ្វះ​ទីផ្សារ ឬ​តម្លៃ​ចុះ​ថោក ដោយសារ​តែ​អាជ្ញាធរ​បើក​ដៃ​ឲ្យ​ប្រទេស​ជិត ខាង​ជា​ពិសេស វៀតណាម​ដឹក​ជញ្ជូន​ត្រី​ចូល​កម្ពុជា​ដោយ​សេរី។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល គោរព​តាម​ការ​សន្យា​ផ្តល់​ដើម​ទុន និង​បច្ចេកទេស សម្រាប់​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​មុខ​របរ​ចិញ្ចឹម​ត្រី ឬ​កង្កែប បើ​ពុំ​នោះ​ទេ ពួក​គេ​កាន់​តែ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ហើយ​នឹង​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន ដើម្បី​រក​ការងារ​ធ្វើ
សម្រាប់​ដោះ​ស្រាយ​ជីវភាព៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។