ពលរដ្ឋរស់នៅខេត្តសៀមរាបអះអាងថា ការថយចុះភ្ញៀវទេសចរទៅទស្សនាទីក្រុងអង្គរ ធ្វើឱ្យផ្សារទំនើប សណ្ឋាគារ និងកន្លែងផ្តល់សេវាកម្មទេសចរជាច្រើនទៀត បិទទ្វារជាបន្តបន្ទាប់ បណ្តាលឱ្យពលរដ្ឋជាច្រើនពាន់នាក់បាត់បង់ការងារ។
ពួកគាត់ប្រតិកម្មចំពោះ របាយការណ៍របស់ក្រសួងទេសចរណ៍ និងការអះអាងរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលថា ភ្ញៀវទេសចរកើនឡើង ផ្ទុយពីការពិត។
ទីក្រុងអង្គរខេត្តសៀមរាប ដែលធ្លាប់សំបូរភ្ញៀវទេសចរច្រើនកកកុញ ធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ទេសចរប្រវត្តិសាស្ត្រមួយនេះ រីកចម្រើនខ្លាំង បន្ទាប់ពីក្រុងភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈពេលជាង ៤ខែចុងក្រោយនេះ ភ្ញៀវទេសចរកាន់តែយ៉ាប់យ៉ឺនខ្លាំង។
ចំណែកឯទិដ្ឋភាពតាមដងផ្លូវទៅប្រាសាទអង្គរវត្ត កន្លែងលក់វត្ថុអនុស្សាវរីយ អាហារដ្ឋាន ផ្សារទំនើប និងផ្សាររាត្រីដ៏ល្បី ផាប់ស្ត្រីត Pub Street ក្នុងក្រុងសៀមរាប ក៏ស្ងប់ស្ងាត់ដែរ។
ពលរដ្ឋចាត់ទុកភាពស្ងប់ស្ងាត់នេះ បានរុញច្រានឱ្យជីវភាពពួកគាត់កាន់តែលំបាកគ្មានលទ្ធភាពរកប្រាក់បង្វិលសងធនាគារ និងខ្លះទៀត បង្ខំចិត្តចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ រីឯសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកន្លែង បានបិទស្លាកលក់ ឬជួល ហើយខ្លះទៀត បិទទ្វារ ដោយបង្ខំចិត្តកាត់បន្ថយបុគ្គលិកជាច្រើននាក់។
ពលរដ្ឋរស់នៅខេត្តសៀមរាប លោក អាង ឆាល ហួសចិត្តនឹងរបាយការណ៍របស់ក្រសួងដែលផ្សាយថា ភ្ញៀវទេសចរកើនឡើងគឺជារឿងមិនពិត។ លោកថា មួយរយៈនេះ មានភ្ញៀវទេសចរតិចតួចប៉ុណ្ណោះ ហើយពួកគាត់ភាគច្រើន ចាយវាយក្បិតក្បៀតណាស់។
លោកបន្ថែមថា ថ្មីៗនេះ ផ្សារទំនើបឡាក់គីម៉ល (Lucky Mall) និងផ្សារទំនើប អង្គរត្រេដ (Angkor Trade ) ក្នុងក្រុងសៀមរាប បានបិទទ្វារ ហើយកន្លែងផ្តល់សេវាកម្មទេសចរជាច្រើនទៀតក៏ប្រឈមខ្លាំងដែរ ដោយសារខ្សត់ភ្ញៀវ។
លោក អាង ឆាល៖ «ខ្ញុំមើលឃើញថា អ្វីដែលវាផ្ទុយពីរខែចុងក្រោយនេះ អត់មានភ្ញៀវទេ ភ្ញៀវនៅព្រលានយន្តហោះអត់ភ្ញៀវ។ ខ្ញុំជិះកាត់ ផាប់ស្ត្រីត អត់មានទេ ម៉ោង ៧ និង ម៉ោង ៨ យប់ អត់មានទេ»។
បុរសដដែលបន្ថែមថា ព្រលានយន្តហោះខេត្តសៀមរាប ធ្លាប់មានជើងហោះហើរគិតជាមធ្យមជាង ៣០ជើង ក្នុងមួយថ្ងៃ ពេលនេះ ថយចុះសល់ត្រឹមតែ ១១ជើងប៉ុណ្ណោះ។
លោកបញ្ជាក់ថា ជើងហោះហើរ ចំនួន ១១ជើង គឺមកពីប្រទេសថៃ (Thailand) វៀតណាម (Vietnam) សិង្ហបុរី ( Singapore ) និង ម៉ាឡេស៊ី (Malaysia)។ រីឯ ជើងហោះហើរ មកពីប្រទេសចិន (China) បានផ្អាកហើយ។
លោក អាង ឆាល បារម្ភថា វិបត្តិសេដ្ឋកិច្ចនេះ អ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺពលរដ្ឋក្រីក្រ អ្នកលក់ដូរតូចតាច សម្រាប់រកមួយថ្ងៃស៊ីមួយថ្ងៃ និងអ្នកដែលជំពាក់លុយធនាគារ។
លោកថា បច្ចុប្បន្នមានសណ្ឋាគារតិចតួចប៉ុណ្ណោះនៅបន្តដំណើរការ ដោយសារម្ចាស់សណ្ឋាគារ ជាអ្នកមានទ្រព្យច្រើន។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិចំនួន ៣ លាន ៥ សែននាក់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៣ កើនឡើងជាង ២៥០ភាគរយ (២៥០,៨ ) បើធៀបនឹងឆ្នាំមុន។
លោកថ្លែងបែបនេះ ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” កាលពីថ្ងៃទី២៦ កញ្ញា។
លោក ហ៊ុន ម៉ាណែត៖ «សៀមរាបយើង កំពុងលូត ថ្ងៃមុនមានអ្នកទៅថត អត់មនុស្ស មិនដឹងគេថត ម៉ោងប៉ុន្មានខ្ញុំមិនដឹងទេ។ មិនមែនអស់ទេ យើងកើនឡើងវិញ»។
សមាគមមគ្គុទ្ទេសក៍ទេសចរខ្មែរអង្គរ និងមន្ត្រីសង្គមស៊ីវិលបារម្ភថា ប្រសិនមន្ត្រីធ្វើរបាយការណ៍កុហកទៅថ្នាក់ដឹកនាំ រដ្ឋាភិបាលមិនអាចរកឫសគល់ដោះស្រាយបញ្ហាឱ្យចំទិសដៅឡើយ។ ពួកគេស្នើឱ្យក្រសួងសាមី កែប្រែចំណុចខ្វះខាតឡើងវិញ ដើម្បីដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរខ្មែរអង្គរ លោក ខៀវ ធី មានប្រសាសន៍ថា ភ្ញៀវទេសចរទស្សនាតំបន់អង្គរថយចុះច្រើន ហើយបច្ចុប្បន្នមានតែភ្ញៀវទេសចរក្នុងស្រុក មានចំណូលខ្ពស់ប៉ុណ្ណោះដែលមកកម្សាន្តនៅខេត្តសៀមរាប។
លោកបន្ថែមថា បច្ចុប្បន្នសមាជិកសហគមន៍របស់ពួកលោក អាចទទួលភ្ញៀវទេសចរបាន ដោយគិតជាមធ្យម ក្នុងមួយខែ ៤ក្រុម ស្មើនឹង ៦០ភាគរយ (ក្នុងមួយក្រុមទទួលភ្ញៀវកម្សាន្តចន្លោះពី២ ដល់ ជាង ៣០នាក់) ។ រីឯ ៤០ភាគរយទៀត អាចទទួលភ្ញៀវបាន ២ក្រុម ប៉ុណ្ណោះ ក្នុងចំណោមសមាជិក២០០នាក់។
លោក ខៀវ ធី៖ «មិនកើនផងប្អូន របាយការណ៍របស់ក្រសួងកើន តែអ្នកប្រតិបត្តិការទេសចរ មិនកើនទេ បានមួយខែ ៣ ទៅ ៤ ក្រុម បានតែ ០៦ថ្ងៃប្អូន។ មួយថ្ងៃ ៣០ ដុល្លារមួយខែ បានតែ ១៨០ ដុល្លារ ចាយមិនគ្រប់ទេ មគ្គុទ្ទេសក៍ បានតែទិញអង្ករតែប៉ុណ្ណោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី លោក សុខ សូកេន និងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បាននៅឡើយទេ នៅថ្ងៃទី២៨ កញ្ញា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
តែយ៉ាងណា លោក តុប សុភ័ក ប្រាប់វិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុនថា ក្រសួងទេសចរណ៍នឹងខិតខំស្ដារឡើងវិញ ហើយកែប្រែចំណុចអវិជ្ជមាន ឱ្យក្លាយជាចំណុចទាក់ទាញសមស្របតាមកិត្តិនាមដ៏ល្អរបស់កម្ពុជា។
លោក តុប សុភ័ក៖ «ចំណុចអវិជ្ជមានយើងខ្ញុំនឹងខិតខំប្រឹងប្រែងដោះស្រាយ ហើយប្រែក្លាយទៅជាចំណុចចាប់អារម្មណ៍វិញ»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីបើកផ្លូវឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសលោកសេរី មកកម្ពុជា។ លោកថា បញ្ហាប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងលំហសេរីភាពពលរដ្ឋ គឺជារឿងសំខាន់ដែលរដ្ឋាភិបាល គួរតែដោះស្រាយ ជាអាទិភាព ដើម្បីលើកកម្ពស់វិស័យទេសចរឡើងវិញ។
លោក យង់ គិមអេង៖ «បាទទាំងអស់ហ្នឹងហើយ គួរតែរដ្ឋាភិបាលពិចារណា លើបញ្ហាហ្នឹង អាចរកមធ្យោបាយដោះស្រាយឱ្យប្រសើរធ្វើឱ្យទុកចិត្តឡើងវិញ ធ្វើឱ្យចលនាពាណិជ្ជកម្ម កាន់តែមានសន្ទុះកើនឡើង»។
ក្នុងពេលដែលពលរដ្ឋនៅខេត្តសៀមរាបរអ៊ូរទាំអំពីការធ្លាក់ចុះចំណូល និងការថយចុះភ្ញៀវទេសចរ នៅក្នុងប្រទេសជិតខាងរបស់កម្ពុជាដូចជាប្រទេសថៃ និងវៀតណាមឯណោះ កំពុងមមាញឹកទទួលភ្ញៀវទេសចរចូលមកទស្សនាប្រទេសពួកគេ។
ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលដាក់ចេញវិធានការមានប្រសិទ្ធភាពដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងនោះក្រៅតែពីការស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រដ្ឋាភិបាលក៏ត្រូវបង្ហាញទៅកាន់អន្តរជាតិថា កម្ពុជាជាប្រទេសដែលអាចធានាសន្តិសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។