អាជ្ញាធរ​ថៃ​ដាក់​លួសបន្លា​តាម​ព្រំដែន​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​សុខ​ច្បាប់​ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩

អាជ្ញាធរ​ថៃ​ដាក់​លួស​បន្លា​តាម​ព្រំដែន​ជាប់​កម្ពុជា​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ និង​ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ពលរដ្ឋ​ឆ្លងដែន​អំឡុង​ពេល​អាជ្ញាធរ​ថៃ​រឹត​បន្តឹង​តាម​ព្រំដែន​នេះ ជា​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ខ្លាំង​ជាង​ពេល​មុនៗ។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ការពារ​ព្រំដែន លោក អ៊ុំ សុផល ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ កក្កដា​ថា អាជ្ញាធរ​ថៃ​បាន​ដាក់​ពង្រាយ​លួស​បន្លា​ជាច្រើន​កន្លែង​នៅ​តំបន់​ព្រំដែន​ខាង​ដី​ថៃ​ជាប់​ខេត្ត​បន្ទាយមានជ័យ ជាពិសេស​តំបន់​ដាច់ស្រយាល​ពុំ​មាន​មនុស្ស​រស់នៅ និង​មិនសូវ​មាន​ទាហាន​ថៃ​ប្រចាំការ ដូចជា​នៅ​ព្រំដែន​ជាប់ឃុំ​អូរបីជាន់​ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​សង្កាត់​ប៉ោយប៉ែត​ជា​ដើម។ លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ថៃ​ដាក់​លួសបន្លា​នេះ ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (Covid19)៖ « ខ្ញុំ​បាន​សួរ​គាត់​ហើយ ប៉ុន្តែ​គាត់​ដាក់​ក្នុង​ដី​ថៃ​ទេ​មិនមែន​ដាក់ព្រំ​ប្រទល់​ដីខ្មែរ​ទេ គាត់​ចម្ងាយ​ពី​ផ្លូវជាតិ​របស់​ថៃ​ប្រមាណ ៣០ម៉ែត្រ នៅកន្លែង​ណា​ដែល​គាត់​ខ្វះ​កម្លាំង​យាមកាម ការពារ​បទល្មើស​ឆ្លងដែន។ខ្មែរយើង​ក៏​ការពារ​ដែរ អីចឹង​អាជ្ញាធរ​គាត់​ដាក់​កម្លាំង​ដូច​ខ្មែរយើង​អីចឹង កន្លែង​ខ្លះ​គាត់​ខ្វះ​កម្លាំង​គាត់​ដាក់​បន្លា​លួស​ទៅ »

លោក អ៊ុំ សុផល​ឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​ក្រុម​មេខ្យល់​នៅតែ​បន្ត​នាំ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រក​របៀង​ព្រំដែន​ជា​រៀងរាល់ថ្ងៃ។ លោក​ថា ពួក​គេ​ច្រើន​នាំគ្នា​ឆ្លងដែន​នៅ​ពេល​យប់ គឺ​ចន្លោះ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​និង​ថៃ​ពុំ​បាន​យាម​ការពារ​ដិត​ដល់។លោក​បន្ថែម​ថា ក្រុម​ពលករ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ស្ទើរតែ​រាល់ថ្ងៃ ក៏​ប៉ុន្តែ​លោក​មិន​ចាំ​តួលេខ​មាន​ពលករ​ប៉ុន្មាន​នាក់​ក្នុង​មួយថ្ងៃ​នោះ​ទេ។

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់អូចារ (Prayut Chan-o-Cha) មានប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ទី១៤ កក្កដា​ថា រដ្ឋាភិបាល​ថៃ​បាន​បន្ថែម​កងកម្លាំង​ជាច្រើន​នាក់​ដាក់​ពង្រាយ​ការពារ​តាម​ព្រំដែន ជាពិសេស ​តំបន់​ព្រំដែន​ខេត្ត​ស្រះ​កែវ​(Sra Kao​)និង​ខេត្ត​សុរិន (Surin) ដែល​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ច្រើន​ជាង​គេ ដើម្បី​ការពារ​កុំឱ្យ​រាលដាល​ជំងឺ​កូ​វិដ១៩ ឆ្លង​ចូល​ប្រទេស​ថៃ​តាមរយៈ​ពលករ​ទាំង​នោះ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ស្រុក​អូរជ្រៅ​ម្នាក់ លោកស្រី ឡុង សុគន្ធី ថ្លែង​ថា ពលករ​ជាច្រើន​នាក់​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​របៀង​ព្រំដែន​ក្បែរ​ផ្ទះ​របស់​លោកស្រី​ជា​រៀងរាល់ថ្ងៃ។លោកស្រី​បន្ត​ថា ពលករ​លួច​ឆ្លងដែន​ទៅ​បាន​ដោយសារ​អាជ្ញាធរ​ខ្មែរ​ប្រចាំ​នៅ​តំបន់​នោះ​អនុវត្ត​ច្បាប់​ធូររលុង៖ « ដែល​យ៉ាប់​ដែល​អ្នក​ចេញចូល​ទៅ​ថៃ​ហើយ គេ​ចាប់​ទៀត គាត់​មិន​មាន​លុយ​ដោះ​បំណុល​គេ។ខ្ញុំ​មានការ​អាណិតអាសូរ​គាត់​ណាស់​ដល់ពេល​ទៅ​លឺ​គេ​ចាប់​គេ​អី​អីចឹង បើ​ទៅ​បានការ​ងារ​ធ្វើ​មិន​អី​ទេ ដល់ពេល​គេ​ចាប់​អីចឹង​ទៅ​អាណិត​អ្នក​នៅ​ផ្ទះ អ្នក​នៅផ្ទះ​ឯ​នេះណេះ​ដែល​សង្ឃឹម​ថា កូនចៅ​ទៅ​រកស៊ី​មក​ដោះ​បំណុល​គេ​ថា​បាន​អីចឹង​ទៅ »

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ធគា កត់សំគាល់​ថា ពលករ​ឆ្លងដែន​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ដោយសារ​តែ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​រក​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។ ទោះ​ជា​យ៉ាង​ណា លោក​យល់ថា ពលករ​ឆ្លងដែន​អំឡុង​ពេល​អាជ្ញាធរ​ថៃ​រឹត​បន្តឹង​តាម​ព្រំដែន​នេះ គឺ​ជា​ការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ផង និង​ប្រឈម​ទាហាន​ថៃ​ចាប់​ដាក់គុក​ផង។ លោក​សំណូមពរ​ឱ្យ​ពលរដ្ឋ​កុំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ ហើយ​គួរតែ​នាំគ្នា​ដាំដុះ​ ឬ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​មួយ​រយៈ​ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក៖ « អីចឹង​នៅ​ថៃ​នៅ​មាន​ទីផ្សារ​ការងារ​មាន​សំណង់​មានអី​ហើយ គេ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មែន ប៉ុន្តែ​រោងចក្រ​សហគ្រាស​របស់​គេ​ឱ្យ​ធ្វើ​ការ​ដោយមាន​ការ​ប្រុងប្រយ័ត្ន អីចឹង​ហើយ​ការងារ​គេ​មានដំណើរ​ការ​ចំណែក​កម្ពុជា​យើង​ថ្មីៗ នេះ មាន​រោងចក្រ​បិទទ្វារ​រាប់​រយ​រោងចក្រ ហើយ​មនុស្ស​សល់​គរ​ជើង​ច្រើន អីចឹង​គេ​មានការ​ប្រុង​ប្រយ័ត​មានការ​អីទាំងអស់​ហ្នឹង »

របាយការណ៍​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ចុងខែ​មីនា​ដល់​មិថុនា មាន​ពលករ​ខ្មែរ​ប្រមាណ ៣.០០០នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ដោយសារតែ​ពួក​គេ​ឆ្លងដែន​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។ ក្រុម​ពលករ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ បន្ទាប់ពី​ធ្វើ​ពួក​គេ​កិច្ចសន្យា​ឱ្យ​ឈប់​ឆ្លងដែន​ខុសច្បាប់​នៅ​ថ្ងៃក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។