ពលរដ្ឋរស់នៅខេត្តសៀមរាប និងភ្ញៀវទេសចរចាត់ទុកវិបត្តិនយោបាយ ជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍ និងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់កាន់តែធ្ងន់ ដល់ប្រជាជនដែលមានការងារ ផ្អែកទាំងស្រុងលើសេវាកម្មបម្រើភ្ញៀវទេសចរ។ ពួកគេសង្កេតឃើញថា រយៈពេលជិត ២ ឆ្នាំមកនេះ ភ្ញៀវទេសចរចិនទៅទស្សនាតំបន់អង្គរ កើនឡើង រីឯភ្ញៀវទេសចរដែលមកពីប្រទេសលោកខាងលិចធ្លាក់ចុះខ្លាំង។
ក្រុមមគ្គទេសក៍ និងភ្ញៀវទេសចរ ដែលនៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានាក្នុងតំបន់អង្គរ នាខេត្តសៀមរាប ភ័យព្រួយពីការធ្លាក់ចុះភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប បង្កការប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជនក្នុងតំបន់។ ពួកគេបានទម្លាក់កំហុសបញ្ហានេះថា ដោយសារវិបត្តិនយោបាយ និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកទេសចរម្នាក់មកពីខេត្តកោះកុង ដែលមកទស្សនាប្រាសាទអង្គរវត្ត លោក មាន ព្រហ្មមុនី មើលឃើញថា ភ្ញៀវទេសចរជនជាតិចិនកើតឡើងច្រើន រីឯភ្ញៀវទេសចរនៅប្រទេសលោកសេរីថយចុះច្រើន បើធៀបកាលពីឆ្នាំ២០១៥ និង២០១៦។ លោកបារម្ភថា ប្រសិនបើវិបត្តិនយោបាយនៅតែអូសបន្លាយពេល នឹងបង្កឱ្យប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋ ហើយក្រុមហ៊ុនបម្រើសេវាកម្មភ្ញៀវទេសចរនឹងប្រឈមក្ស័យធន៖ «ខ្ញុំមកផ្ទាល់វាចម្លែកត្រង់ថា ភ្ញៀវទេសចរសហភាពអឺរ៉ុប សហរដ្ឋអាមេរិកអីអត់ឃើញមានទេ ពួកប្រទេសលោកសេរី អត់សូវមានទេ តែយើងឃើញភ្ញៀវប្រទេសិនមកច្រើន មកជាក្រុមៗច្រើន។ មិនដឹងថា មូលហេតុអីបានជាភ្ញៀវអឺរ៉ុបថយចុះ»។
មគ្គទេសក៍ទេសចរម្នាក់ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ អះអាងដូចគ្នាដែរថា ប្រភពការងារ និងប្រាក់ចំណូលចម្បងរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប មួយផ្នែកធំពឹងផ្អែកលើវិស័យទេសចរ ក៏ប៉ុន្តែបើភ្ញៀវទេសចរធ្លាក់ចុះហើយនោះ ក្រុមហ៊ុនទេសចរណ៍ ផ្ទះសំណាក់ និងសណ្ឋាគារ រួមទាំងកន្លែងផ្ដល់សេវាកម្មទេសចរជាច្រើនទៀត នឹងប្រឈមបិទទ្វារ ហើយបុគ្គលិកនឹងបាត់បង់ការងារ៖ «ការធ្លាក់ចុះភ្ញៀវទេសចរ តែងផ្ដល់បញ្ហាប្រឈមដល់ អ្នកដែលប្រកបមុខរបរអាជីវកម្មមុខរបបផ្នែកអាជីវកម្មផ្នែកទេសចរហ្នឹងហើយបាទ។ ប៉ះពាល់ហ្នឹង បានន័យថា ផលប្រយោជន៍ទេសចរណ៍ហ្នឹងក៏មិនបានចែករំលែកដល់ហាងបាយ អ្នកលក់វត្ថុអនុស្សាវរីយ៍ ឬក៏ជាងមគ្គុទ្ទេសក៍ដែលអាចមានការងារធ្វើ ក៏អាចមានផលប៉ះពាល់ដែរ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ដើម្បីសុំការបំភ្លឺបញ្ហានេះ តែនៅគ្រាដែលទូរស័ព្ទហៅចូល លោកចុចផ្ដាច់ទូរស័ព្ទ នៅថ្ងៃទី១១ មិថុនា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងសាធារណៈ កាលពីថ្ងៃទី៥ ខែមិថុនា ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំ សម្រាប់ឧស្សាហកម្មទេសចរនៅកម្ពុជា។ លោករំពឹងថា នឹងអាចទាក់ទាញបានភ្ញៀវទេសចរជនជាតិចិនប្រមាណ ២លាន ៦សែននាក់ ក្នុងឆ្នាំ២០១៩ ហើយ ៣លាននាក់ក្នុងឆ្នាំ២០២០ ៥លាននាក់ នៅឆ្នាំ២០២៥ និង ៨លាននាក់ ក្នុងឆ្នាំ២០៣០។
ទោះជាយ៉ាងណា អ្នករត់ម៉ូតូកង់បីដឹកភ្ញៀវទេសចរ នៅខេត្តសៀមរាប លោក គឹម ណៃ ត្អូញត្អែរថា នៅគ្រាដែលភ្ញៀវទេសចរថយចុះ ប្រាក់ចំណូលរបស់គាត់ក៏ធ្លាក់ចុះយ៉ាងគំហុក ដោយថ្ងៃខ្លះមិនអាចរកប្រាក់បានសូម្បីតែ ១ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោកសង្កេតឃើញថា រយៈពេលប្រហែល ២ ឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរអឺរ៉ុបធ្លាក់ចុះខ្លាំង ហើយការដឹកភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋាន និងប្រាសាទនានារបស់លោក ក៏ថយចុះដែរ៖ «ជនជាតិចិន ដូចជាកូរ៉េអីហ្នឹងគេមក មកហាងគេស៊ីផឹក ហូបបុកទំពាហ្នឹងគេហូបតែខាងគ្នាគេហ្នឹងឯង ដល់ពេលភ្ញៀវចិន គេចូលខាងចិនគ្នាគេ។ ព្រួយបារម្ភដែរ ដល់ពេលភ្ញៀវស្រុតចុះសេដ្ឋកិច្ចធ្លាក់ដែរហ្នឹង»។
របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា អ្នកទេសចរបរទេសទៅទស្សនាតំបន់អង្គរ បានធ្លាក់ចុះប្រមាណជាង ៧ភាគរយ រយៈពេល ៥ខែនៅ ដើមឆ្នាំ២០១៩។ អ្នកទេសចរប្រមាណជាង ១លាន បានមកទស្សនតំបន់អង្គរចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០១៩ គឺធ្លាក់ចុះប្រមាណ ៧ ក្បៀស ៣ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ អាជ្ញាធរអប្សរាអះអាងថា អាជ្ញាធរបានរកប្រាក់ចំណូលបានប្រមាណជាង ៥០លានដុល្លារ ក្នុងរយៈពេល៥ខែ។ ក្រៅពីជនជាតិចិន ជនជាតិកូរ៉េខាងត្បូង និងអាមេរិក គឺជាទេសចរផ្ដល់ប្រាក់ចំណូលច្រើនជាងគេ។
កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦លាននាក់ ដែលក្នុងនោះមាន ២លាននាក់មកពីប្រទេសចិន ហើយទទួលបានប្រាក់ចំណូលសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ឬប្រមាណជិត ១៣ភាគរយនៃផលទុនសរុប GDP របស់កម្ពុជា។ ក្រុមមគ្គុទ្ទេសក៍អះអាងថា ទេសចរចិន មិនបានផ្ដល់ផលចម្រើនដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកឡើយ ព្រោះចិនមានភ្នាក់ងារក្នុងស្រុករបស់គេ បម្រើសេវាកម្មទេសចរជនជាតិចិនក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។