អ្នករត់ម៉ូតូកង់បី និងកសិករ ស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈ ឱ្យបានក្រោម ៤ពាន់រៀលក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ដែលកំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូល។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលគួរបញ្ចុះតម្លៃសាំងឱ្យនៅទាបប្រហាក់ប្រហែលនឹងប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋពិសេសអ្នកប្រកបរបរពាក់ព័ន្ធវិស័យដឹកជញ្ជូន។
អ្នករត់ម៉ូតូកង់បីត្អូញត្អែរពីបញ្ហាជីវភាពដែលបណ្ដាលមកពីការបាត់បង់អ្នកជិះ ស្របពេលដែលតម្លៃសាំងកន្លងមក ឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នករត់ម៉ូតូកង់បីនៅខេត្តសៀមរាប លោក ឆៃ រដ្ឋ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែវិច្ឆិកា ថា ភ្ញៀវភាគច្រើនត្អូញត្អែរ ពីតម្លៃសេវាសកម្មដឹកជញ្ជូន កាន់តែឡើងថ្លៃ ដែលធ្វើឱ្យពួកគេ កាត់បន្ថយការធ្វើដំណើរ ដែលធ្វើឱ្យលោកប្រឈមនឹងការបាត់បង់ភ្ញៀវដោយសារលោកយកឈ្នួលដឹកឡើងថ្លៃតាមតម្លៃសាំងដែរ។ លោកស្នើឱ្យរដ្ឋាភិបាលគួរងាកមកពិចារណាទម្លាក់តម្លៃសាំងមកនៅប្រហែល ៣ពាន់ ៥រយរៀលវិញ ដើម្បីជួយសម្រួលដល់អ្នកប្រកបរបរសេវាកម្មដឹកជញ្ជូន។
លោក ឆៃ រដ្ឋ៖ «សាំងបើបានត្រឹម ៣៨០០ ឬ ៣៥០០ វាល្អមែនទែន បើអាច!តម្លៃយើងអាចទទួលយកបាន ដូចនៅប្រទេសជិតខាង វាល្អ។(ពិបាក)ទាំងអស់តែគ្នា!ទីមួយ តម្លៃសាំងក៏វាថ្លៃ យើងរកម៉ូយដឹកក៏មិនសូវបាន។ បើយើងមាន(ភ្ញៀវ)នៅអូតែល ក៏ចេះតែសម្ងំៗ ពេលខ្លះក៏បាន ពេលខ្លះក៏អត់អ៊ីចឹងទៅ។ បូកផ្សំនឹងព្រលានវាឆ្ងាយផង។ បើគេមានឡាន គេដឹកចុះឡើង គេបានលុយទៅ។ បើយើងនៅអញ្ចេះយើងនៅចាំយកភ្ញៀវតែពីគេ»។
ការត្អូញត្អែរនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ វិច្ឆិកា បានចេញសេចក្ដីជូនដំណឹង អំពីតម្លៃប្រេងសាំងលក់រាយនៅលើទីផ្សារ បានធ្លាក់ថ្លៃចំនួន ៥០រៀល គឺមកនៅ ៤ពាន់ ៣រយ ៥០រៀលក្នុងមួយលីត្រ (៤.៣៥០) ដោយចុះពី ៤ពាន់ ៥រយ ៥០រៀល (៤,៥៥០)។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃ ៤ពាន់ ៣រយ ៥០រៀលក្នុងមួយលីត្រ (៤,៣៥០) ដែលធ្លាក់ចុះត្រឹមតែ ៥០រៀលប៉ុណ្ណោះ។
បើធៀបទៅនឹងប្រទេសជិតខាង តម្លៃសាំងនៅកម្ពុជា ថ្លៃជាងសាំងនៅប្រទេសវៀតណាម (Vietnam) ដែលមានតម្លៃ ០,៩៦ដុល្លារ ឬ ៣ពាន់ ៩រយរៀលក្នុងមួយលីត្រ និងថោកជាងប្រទេសថៃ(Thailand) ដែលមានតម្លៃ ៤៤បាត ឬ ៥ពាន់រៀលក្នុងមួយលីត្រ ក៏ប៉ុន្តែតម្លៃប្រេងម៉ាស៊ូតរបស់ថៃ មាន តម្លៃត្រឹមតែ ២៩បាត ឬស្មើនឹង ៣ពាន់ ៣រយរៀលប៉ុណ្ណោះ ដែលមានតម្លៃថោកជាងកម្ពុជា ១ពាន់រៀល។
បញ្ហាតម្លៃប្រេងឥន្ធនៈ មិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ប៉ុន្តែបញ្ហានេះក៏ប៉ះពាល់ដល់កសិករមួយចំនួនផងដែរ ជាពិសេសនៅក្នុងរដូវប្រមូលផល និងចាប់ផ្ដើមភ្ជួររាស់ដី ដើម្បីធ្វើស្រែប្រាំងខាងមុខ។
កសិករនៅស្រុកមោងឫស្សី លោក សុង ម៉ៅ លើកឡើងថា បញ្ហាតម្លៃប្រេងម៉ាស៊ូត នេះ គឺជាបន្ទុកដ៏ធ្ងន់មួយរបស់កសិករ ប្រើប្រាស់គ្រឿងម៉ាស៊ីន ចាប់តាំងពីការភ្ជួររាស់ ដឹកជញ្ជូន រហូតដល់ពេលប្រមូលផល ដែលធ្វើឱ្យការចំណាយថ្លៃដើមកាន់តែច្រើន។ លោកបន្តថា ការបញ្ចុះតម្លៃប្រេងម៉ាស៊ូតត្រឹមតែ ៥០រៀល គឺមិនបានជួយដល់កសិករអ្វីឡើយ ខណៈតម្លៃប្រេងម៉ាស៊ូត ដែលលក់នៅស្ថានីយប្រេងឥន្ធនៈ នៅតែមានតម្លៃ ៤.៥០០រៀល និងនៅតាមភូមិ មានតម្លៃ ៥ពាន់រៀល។
លោក សុង ម៉ៅ៖ «ចង់ស្នើដល់រដ្ឋាភិបាល ប្រសិនជាអាចសារ៉េតម្លៃប្រេងសាំងហ្នឹង ឱ្យវាមានតម្លៃស្ថិរដូចមុនៗ ឱ្យធូរទៅ តម្លៃត្រឹមក្រោមសែសិប(៤ពាន់រៀល)យើងអាចទទួលយកបាន។ ហើយឥឡូវទំនិញចិន វាថ្លៃកប់។ តាំងពីស្ករ ប៊ីចេង ខ្ទឹមអី តម្លៃវាមួយគុណនឹងពីរ គុណនឹងបីអស់ហើយឥឡូវនេះ ហើយតម្លៃស្រូវ បានតែ ១ពាន់រៀលទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ វិច្ឆិកា។
ទាក់ទិនរឿងនេះ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាថ្លៃជាងប្រទេសជិតខាង។ លោកបន្តថា បញ្ហានេះបានជះឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់កម្មករ ដែលពឹងផ្អែកប្រេងឥន្ធនៈដើម្បីជួយដល់វិស័យកសិកម្ម និងការដឹកជញ្ជូនកសិផល។ លោកយល់ឃើញថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះជាប្រព័ន្ធ ដោយស្វែងរកចំណុចរួមមួយផ្ដល់ប្រយោជន៍ដល់កសិករ និងក្រុមហ៊ុនដឹកជញ្ជូន។
លោក សន ជ័យ៖ «បើកាលណាមធ្យោបាយដឹកជញ្ជូន ការប្រើប្រាស់មធ្យោបាយសម្រាប់វិស័យកសិកម្មនៅតែជាការចំណាយមួយខ្ពស់ កម្រិតនៃការធ្វើកសិកម្មហ្នឹងខាត ក៏នៅតែជាកង្វល់ដដែលជាដដែល។ ដូច្នេះជ្រុងមួយនៃអាទិភាព ត្រូវតែមានដោះស្រាយទៅលើតម្លៃប្រេងឥន្ធនៈនេះ»។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលទម្លាក់តម្លៃប្រេងឥន្ធនៈឱ្យថោកជាងនេះ ព្រោះប្រេងឥន្ធនៈគឺជាចំណុចអាទិភាពមួយ នៃប្រភពកម្លាំង ថាមពល ជួយដល់លទ្ធភាពនៃការផលិតបានខ្ពស់ ចំណាយថ្លៃដើមតិច ដែលជះឥទ្ធិពលលើតម្លៃទំនិញគ្រប់មុខនៅលើទីផ្សារ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។