កិច្ចប្រជុំប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរ ឬការចចារប្រាក់ខែគោលរបស់កម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ ភាគីក្រសួងការងារ សហជីព និងនិយោជកមិនទាន់ឯកភាពគ្នានៅឡើយ។ កម្មករទាមទារភាគីពាក់ព័ន្ធសម្របសម្រួលដំឡើងប្រាក់ខែគោលឆ្នាំ២០២២ ដោយសារប្រាក់ឈ្នួលឆ្នាំនេះមិនបានធានាជីវភាពពួកគេរស់នៅសមរម្យនៅឡើយទេ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៣ សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅថ្ងៃទី២១ ខែកញ្ញា នៅតែមិនចុះសម្រុងគ្នា ដោយភាគីនីមួយៗមានអំណះអំណាងរៀងៗខ្លួន។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរីក្រោយកិច្ចប្រជុំថា ភាគីនិយោជក នៅតែស្នើបន្ថយប្រាក់ឈ្នួលគោលរបស់កម្មកររហូតដល់ទៅជាង៤ដុល្លារ គឺពីចំនួន ១៩២ ដុល្លារក្នុង១ខែ ដែលជាប្រាក់ឈ្នួលគោលនៅឆ្នាំ២០២០ មកនៅត្រឹមជាង១៨៨ដុល្លារវិញ។ ចំពោះតួលេខដែលបង្ហាញដោយភាគីក្រសួងការងារវិញ រក្សាតួលេខឆ្នាំចាស់ចំនួន ១៩១,៩ ដុល្លារដដែល។
អ្នកស្រីបន្តថា ភាគីសហជីពបានសម្រេចទម្លាក់ចំនួនប្រាក់ខែគោលកម្មករដែលខ្លួនរកឃើញ ឬសុំដំឡើងកន្លងមកជាង ២២ ដុល្លារអាមេរិក(២២,២) ឬស្មើប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតចំនួន ២១៤,២ ដុល្លារក្នុងមួយខែ មកត្រឹម ២០៤ ដុល្លារអាមេរិកវិញ ដោយសារការសម្របសម្រួលដោយបន្ថយកត្តាផលិតភាពដែលរកឃើញ ២,៦% មកត្រឹម ១,៦% ដើម្បីរកចំណុចរួមចុងក្រោយមុនការបោះឆ្នោតកំណត់ប្រាក់ឈ្នួលគោល។ អ្នកស្រីបញ្ជាក់ថា ភាគីនីមួយៗមើលឃើញថាបច្ចុប្បន្នកម្មករពិតជាជួបបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និងបាត់បង់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ប៉ុន្តែភាគីនិយោជកនិងក្រសួងមិនដំឡើងជូនកម្មករទៅវិញ៖ «សម្រាប់ខ្ញុំក៏មានការសោកស្តាយដែរ ដែលនិយោជកប្រកាន់គោលជំហរមួយដែលមិនមើលទៅលើអ្នកដែលរកលុយឱ្យគាត់បានចំណេញដល់សព្វថ្ងៃ អត់បានគិតទៅដល់ពួកគាត់ឱ្យបានគ្រប់ជ្រុងជ្រោយ ការដំឡើងប្រាក់ឈ្នួលដល់កម្មករជួយឱ្យនិយោជកមានការបង្កើននូវផលិតភាពរបស់ពួកគាត់ទៅវិញទេ ដោយសារឥឡូវមានស្ថានភាពជំងឺកូវីដចឹងយើងដឹងហើយកម្មករបាត់អ្នករកចំណូលចឹងស្ថានភាពគាត់លំបាកណាស់ នៅពេលនិយោជកបង្ហាញការយកចិត្តទុកដាក់លើចំណុចហ្នឹងវាអាចធ្វើឱ្យផលិតភាពពួកគាត់មានការកើនឡើង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី២១ ខែកញ្ញា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ ប្រាប់ថា លោកនៅក្រៅប្រទេសមិនអាចឆ្លើយជាមួយសារព័ត៌មានបានទេ។
ប៉ុន្តែក្រសួងការងារបានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២១ ខែកញ្ញាថា លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ ភាគីទាំងបីមិនបានឯកភាពគ្នានូវតួលេខប្រាក់ឈ្នួលគោលណាមួយច្បាស់លាស់នោះទេ។ ក្រសួងបញ្ជាក់ថា តំណាងភាគីទាំងបីបានស្នើនូវតួលេខចំនួនបី ផ្សេងៗគ្នា ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិនិត្យ នឹងរៀបចំឱ្យមានការបោះឆ្នោតសម្រេចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
កាលពីថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រដ្ឋភិបាលរបស់លោកមិនខ្វល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុបឡើយ ដោយរោងចក្រ សហគ្រាសនៅកម្ពុជាបើកដំណើរការធម្មតា បន្ថែមពីនេះលោកអះអាងថា ការបញ្ជាទិញនិងនាំចេញកើនឡើង ហើយរោងចក្រផលិតមិនទាន់ទៀតផង។
តំណាងកម្មកររោងចក្រកាត់ដេរ វាយអេនដាប់ប៊ែលយូ (Y&W Garment)នៅរាជធានីភ្នំពេញលោក ផាន បូរី ប្រាប់ថា កម្មករខកចិត្តពេលទទួលដំណឹងថា ភាគីនិយោជកមិនព្រមដំឡើងប្រាក់ឈ្នួលគោលដល់កម្មករនៅឆ្នាំបន្ទាប់ ហើយលោកថា អ្វីដែលកម្មករហួសចិត្តនោះ គឺភាគីថៅកែបែរស្នើបន្ថយប្រាក់ឈ្នួលទៅវិញ ប៉ុន្តែលោកយល់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចជួយអន្តរាគមន៍ដំឡើងប្រាក់ខែគោលដល់កម្មករបាន។ តំណាងកម្មកររោងចក្ររូបនេះបន្តថា ភាគីថៅកែនិងក្រសួងការងារ ហាក់មិនយកចិត្តទុកដាក់ចរចាដំឡើងប្រាក់ឈ្នួលដល់កម្មករដែលពួកគេខំបំពេញការងារដោយប្រថុយប្រថានក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩នោះទេ៖ «វាធ្វើឱ្យយើងមានអារម្មណ៍លក្ខណៈធ្វើការភ័យព្រួយ ប្រឈមមុខជាមួយជំងឺហ្នឹង ធ្វើការរាល់ថ្ងៃចុះឡើងយប់ព្រលប់ជិះឡានប្រជ្រៀតគ្នាមកធ្វើការ សុខចិត្តទិញរបស់របរប្រើប្រាស់ខ្លួនឯងដូចជាម៉ាស អាល់កុលអី ការពារខ្លួនឯងផង ដើម្បីខាងរោងចក្រមានការងារធ្វើ រោងចក្រអាចទៅរួច តែចុងឆ្នាំនេះបានដំណឹងថាបញ្ចុះប្រាក់ឈ្នួលគាត់ធ្លាក់ថ្លើមគ្រប់គ្នា » ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យដឹងថា ក្រៅពីចរចាជាមួយភាគីពាក់ព័ន្ធ បច្ចុប្បន្នក្រុមសហជីពនិងកម្មករកំពុងធ្វើយុទ្ធនាការទាមទារឱ្យអ្នកបញ្ជាទិញនិងនិយោជកដំឡើងប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២២ ចំនួន២១៤ដុល្លារអាមេរិក នៅលើបណ្តាញសង្គមផងដែរ។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើពុំមានការដំឡើងប្រាក់ខែគោលទេ កម្មករនឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនទាមទារបន្តទៀត។
កាលពីឆ្នាំ២០២១ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងពី ១៩០ដុល្លារ ទៅ ១៩២ដុល្លារក្នុងមួយខែ។ បើគិតរួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យមកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ចំណូលយ៉ាងតិចពី ២៥០ដុល្លារដល់ ៣០០ដុល្លារក្នុងមួយខែ។ ទោះជាយ៉ាងណា ការស្រាវជ្រាវរបស់សហជីពរកឃើញថា ក្នុងសមាជិកគ្រួសារដែលមានគ្នា ៥នាក់ គឺមានសមាជិកតែ ២នាក់ប៉ុណ្ណោះ ដែលរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ រីឯប្រាក់ចំណូលទៀតសោត ក៏មានចំនួនតិចតួច មិនអាចទ្រទ្រង់ក្នុងជីវភាពរស់នៅ ឲ្យបានសមរម្យនោះទេ ដោយសារពួកគេត្រូវការចាយវាយប្រចាំថ្ងៃ សងប្រាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ និងចំណាយលើការឈឺថ្កាត់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។