ក្រុម​សហជីព​ទទូច​ឱ្យ​ផ្តល់​យុត្តិធម៌​ទាំង​សង្ខាង​សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​គោល​ឆ្នាំ​២០២២

0:00 / 0:00

មេដឹកនាំ​សហជីព​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​លើកឡើង​នូវ​បញ្ហា​ជាក់ស្តែង និង​ហេតុផល​ត្រឹមត្រូវ​ដើម្បី​ពិភាក្សា និង​សម្រេចចិត្ត​ដោយ​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ទាំង​សង្ខាង សម្រាប់​ការចរចា​ប្រាក់​ឈ្នួល​ឆ្នាំ​២០២២​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​មេដឹកនាំ​សហជីព​សង្កេត​ឃើញ​ថា​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​ចាស់​ហាក់​គ្មាន​តុល្យភាព និង​លម្អៀង​រក​ភាគី​ថៅកែ​ដែល​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​ផលប្រយោជន៍ និង​ទទួលរង​អំពើ​អយុត្តិធម៌។

ក្រុម​សហជីព​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ជាមួយ​ភាគី​រដ្ឋាភិបាល និង​និយោជក ចាប់ពី​ថ្ងៃទី​១៤ រហូត​ដល់​ចុង ខែ​កញ្ញា​ខាង​នេះ ។ ក្រុម​សហជីព​ថា​តួលេខ​ដែល​បាន​ស្នើ​ដំឡើង​ជាង​២២(២២,២​ដុល្លារ​) ឬ​ប្រាក់ខែ​គោល​របស់​កម្មករ​ឆ្នាំ​២០២២ ចំនួន​ជាង​២១៤(២១៤,២ ដុល្លារ​)​ក្នុង​មួយ​ខែ​ធ្វើឡើង​ត្រឹមត្រូវ​តាម​ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម​ដោយ​មិន​ប៉ះពាល់​ដល់​និយោជក​ឡើយ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ប្រាក់​ឈ្នួល​គោល​កម្មករ​កន្លង​ទៅ​តិចតួច​មិនអាច​ធានា​ឱ្យ​កម្មករ​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​ស្របតាម​ច្បាប់​បាន​ទេ ដោយសារ​រដ្ឋាភិបាល និង​យោជក​តែងតែ​ច្រានចោល​សំណើ​របស់​សហជីព។ អ្នកស្រី​យល់​វា​បាន​ធ្វើ​ឱ្យ​កម្មករ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​បន្តបន្ទាប់ ដោយសារ​ការចរចា​គ្មាន​តុល្យភាព ទោះ​សហជីព​លើកឡើង​នូវ​បញ្ហា​ជាក់ស្តែង និង​ហេតុផល​ត្រឹមត្រូវ​ក៏ដោយ ។ អ្នកស្រី​រំពឹង​ថា ការ​ចចារ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ និង​ផលិត​ស្បែកជើង​ខាងមុខនេះ​ភាគី​ទាំងអស់​នឹង​លើកយក​បញ្ហា​ជាក់ស្តែង​និង​ហេតុផល​ត្រឹមត្រូវ​ដើម្បី​ពិភាក្សា៖ «ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​សព្វថ្ងៃ​វា​ជា​ប្រាក់​ឈ្នួល​មួយ​ដែល​មិន​ឆ្លើយតប​នឹង​តម្រូវការ​កម្មករ​ហើយ​វា​ផ្ទុយ​នឹង​ច្បាប់​ទៀត កម្មករ​រស់នៅ​សព្វថ្ងៃ​ហ្នឹង​គឺ​ទទួល​សុខ​ត្រូវ​គ្រួសារ​មាន​មនុស្ស​ប្រាំ​នាក់ ហើយ​ប្រាំ​នាក់​ហ្នឹង​មានតែ​មនុស្ស​២​នាក់​កន្លះ​ទេ​ក្នុង​ការ​រក​ចំណូល​ចូលក្នុង​គ្រួសារ អ៊ីចឹង​មនុស្ស​ពីរ​នាក់​កន្លះ​ដែល​ផ្គត់ផ្គង់​គ្រួសារ​ហ្នឹង​តើ​ឱ្យ​គាត់​រស់នៅ​ម៉េច»។

ជាមួយ​គ្នា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា C-CAWDU លោក គង់ អាទិត្យ មាន​ប្រសាសន៍​ថា ក្រុម​សហជីព​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ឯករាជ្យ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​វិភាគ​របាយការណ៍​និង​តួលេខ​តាម​បែប​បច្ចេកទេស​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​អតិផរណា​ទីផ្សារ ស្ថានភាព​ទីផ្សារ និង​ការប្រកួត​ប្រ​ជែក​ជាដើម ។ លោក​បញ្ជាក់ថា​ខាង​សហជីព​បាន​ពិនិត្យ​មើល​ឃើញ​ថា​ការ​បញ្ជាទិញ និង​ការនាំចេញ​រអាក់រអួល​បន្តិច ប៉ុន្តែ​ទំហំ​នាំចេញ​មិន​ប្រែប្រួល​ឬ​ប៉ះពាល់​ដល់​និយោជក​ឡើយ។

ទោះជា​យ៉ាងនេះ​ក្តី លោក គង់ អាទិត្យ បារម្ភ​ថា ការចរចា​កំណត់​ប្រាក់​ឈ្នួល​គោល​ខាងមុខនេះ រដ្ឋាភិបាល និង​ភាគី​និយោជក​អាច​នឹង​មើលឃើញ តែ​បញ្ហា​របស់​ថៅកែ ហើយ​មើល​រំលង​បញ្ហា​របស់​កម្មករ ដូច​ការចរចា​លើក​មុនៗ​ដែរ៖ «សូម​សំណូមពរ​ទៅដល់​គ្រប់​ភាគី​ទាំងអស់​ហ្នឹង​ឱ្យ​មើល​លក្ខណៈ​វិទ្យាសាស្ត្រ​ហ្នឹង​ឱ្យ​វា​បាន​ខ្ពស់ និង​លក្ខណៈ​សង្គម​ដែល​កម្មករ​កំពុង​រង​គ្រោះ ដូច​ករណី​ខ្ញុំ​លើកឡើង​អ៊ីចឹង កម្មករ​ក៏​ជា​អ្នករងគ្រោះ​ដែរ មិនមែន​មានន័យ​ថា ដល់ពេល​ក្លាយជា With team និយោជក​ជា​ជនរងគ្រោះ​តែឯង ដល់​កម្មករ​អត់​ជនរងគ្រោះ អ៊ីចឹង​អត់​ឡើង​ប្រាក់ខែ​ឱ្យ​គាត់​ទៀត​ទេ អ៊ីចឹង​មិនអាច​ទេ អ៊ីចឹង​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ការ​ថ្លឹងថ្លែង​ឱ្យ​ច្បាស់លាស់​ទើប​សេដ្ឋកិច្ច និង​កម្លាំង​ពលកម្ម​មាន​ប្រសិទ្ធភាព»។

ក្នុង​របាយការណ៍​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា កាលពី​ថ្ងៃទី​០៧ កញ្ញា ក្រុម​សហជីព​ឯករាជ្យ បាន​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​ជាង ២២ (២២,២​ដុល្លារ​) សម្រាប់​ឆ្នាំ​បន្ទាប់ គឺ​២១៤,២ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​កំណត់​តួលេខ​រួម​ក្នុង​ការចរចា​ជាមួយ​និយោជក​និង​រដ្ឋាភិបាល។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៧ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។ ចំណែក​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ប្រាប់​ថា លោក​ជាប់រវល់។

ប៉ុន្តែ​លោក ខេន លូ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្មីៗ​នេះ​ថា ភាគី​និយោជក​មិន​ទាន់​លើកឡើង​តួលេខ​ជាក់ស្តែង​ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០២២​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា ភាគី​និយោជក​បាន​ស្នើ​ឱ្យ​សហជីព​ពិចារណា​បញ្ហា​ជាក់ស្តែង​លើ​ការ​ចំណាយ​របស់​និយោជក​ដែល​កើនឡើង ស្រប​ពេល​ដែល​ចំណូល​ថយ​ចុះ។

ទោះជា​យ៉ាងណា កម្មករ​រោងចក្រ​កាត់ដេរ នៅ​រាជធានី​ភ្នំពេញ លោក គឹម វណ្ណដេត ថ្លែង​ថា កម្មករ​គាំទ្រ​ក្រុម​សហជីព​ដែល​ស្នើ​ដំឡើង​ប្រាក់ខែ​គោល​ជាង​២១៤​ដុល្លារ​ក្នុង​មួយ​ខែ ដោយសារ​ពួកគាត់​រង​ទុក្ខ​លំបាក​ផ្នែក​ជីវភាព អំឡុង​ពេល​រីក​រាល​ជំងឺ​កូវីដ​១៩​។ កម្មករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ត្អូញត្អែរ​ថា​ប្រាក់ខែ​គោល​ឆ្នាំ​ចាស់​មិន​ឆ្លើយតប​តម្រូវ​ចាំបាច់​គ្រួសារ​បាន​ទេ ពីព្រោះ​លោក​ត្រូវ​បង់​ទឹក​ភ្លើង ថ្លៃ​បន្ទប់​ជួល​ដែល​ឡើង​ថ្លៃ និង​បង់​បំណុល​ធនាគារ​ជាង​១៣០​ដុល្លារ​ក្នុង​ខែ​ជាដើម។ លោក​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ជួយ​ចរចា​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​ឱ្យ​សមរម្យ ទៅ​ស្ថានភាព​គ្រួសារ​របស់​កម្មករ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច៖ «គាត់​ចំណាយ​ច្រើនជាង​មុន​ប្រាក់ខែ​គាត់​ប៉ុណ្ណឹង​គឺ​យើង​សិក្សា​ទៅ​ក្នុង​ម្នាក់​គាត់​បើ​ទៅ​អត់​សល់​បាន​ខ្ទង់​៧០​ដុល្លារ​ផង អ្វី​ដែល​គាត់​ចំណាយ​ទៅវិញ អ៊ីចឹង​គាត់​ថា ប៉ុណ្ណឹង​គាត់​ទុក​ហូប​ដល់​ខែ​វិញ​វា​អស់​ហើយ ភាព​ជាក់ស្តែង​ម្ហូប​ឡើងថ្លៃ​និយាយ​ចំ​ទំនិញ​ឡើង​ថ្លៃ​គ្រប់មុខ»។

កាលពី​ឆ្នាំ​២០២១ កន្លងទៅ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ពី ១៩០​ដុល្លារ ទៅ ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​។ បើ​គិត​រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​កម្មករនិយោជិត​ម្នាក់ៗ​ទទួល​បាន​ប្រាក់ចំណូល​យ៉ាង​តិច​ពី ២៥០​ដុល្លារ​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​កម្មករ​អះអាង​ថា ចាប់តាំងពី​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ពួកគាត់​មិន​បាន​ធ្វើការ​ថែម​ម៉ោង​ដូច​មុន​នោះ​ទេ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ចំណូល​ពួកគាត់​ថយ​ចុះ ដោយ​រំពឹង​តែ​ទៅ​លើ​ប្រាក់ខែ​គោល ស្របពេល ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ឥត​ឈប់ឈរ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​រស់នៅ​របស់​កម្មករ​រោងចក្រ​មាន​ភាព​លំបាក​ជា​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។