មន្ត្រីសហជីពនិងសិទ្ធិការងារ ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC គួរជំរុញទៅរដ្ឋាភិបាលឱ្យប្រឹងប្រែងបំពេញតាមលក្ខខណ្ឌ ដែលសហភាពអឺរ៉ុបទាមទារជាជាងការប្ដឹងទៅតុលាការយុត្តិធម៌ក្នុងតំបន់អឺរ៉ុបរឿង ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ។ ការលើកឡើងនេះក្រោយពេល GMAC បានប្ដឹងទៅតុលាការសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយលើការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអឺរ៉ុប។
មន្ត្រីសហជីពនិងសិទ្ធិការងារ សង្កេតឃើញនាពេលកន្លងមកថា នៅពេលគណៈកម្មការអឺរ៉ុបដាក់ទណ្ឌឬយកពន្ធពីការនាំចេញរបស់ប្រទេសណាមួយចូលជាផ្លូវការរួចហើយ គឺមិនដែលមានប្រទេសរងទណ្ឌកម្មនោះប្ដឹងជំទាស់បានជោគជ័យឡើយ។ ផ្ទុយទៅវិញមានតែការព្យាយាមកែលម្អតាមសំណើអឺរ៉ុបទៅវិញទេទើបអឺរ៉ុបដកទណ្ឌកម្មរបស់ខ្លួនវិញ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ធ័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់ថា ការសម្រេចប្ដឹងនេះជាសិទ្ធិរបស់សមាគមរោងចក្រកាត់ដេរប៉ុន្តែលោកថាការព្យាយាមម្ដងហើយម្ដងទៀតរបស់សមា គមរោងចក្រកាត់ដេរក្នុងការជំទាស់ការយកពន្ធនេះហាក់ទទួលស្គាល់ថាការយកពន្ធនេះធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចកម្ពុជាមិនមែនដូចការអះអាងរបស់រដ្ឋាភិបាល និង GMAC កន្លងមកថាមិនប៉ះពាល់នោះឡើយ៖ « សម្រាប់ខ្ញុំរឿងដែលសំខាន់គឺការកែលម្អស្ថានភាពសិទ្ធិការងារ ច្បាប់ការងារ ច្បាប់សហជីព ដើម្បីលើកកម្ពស់បញ្ហាទាំងអស់ហ្នឹងឱ្យទៅនឹងបទដ្ឋានការងារអន្តរជាតិ»។
លោក មឿន តុលា ឱ្យដឹងទៀតថា តាមការសង្កេតរបស់លោកកន្លងមកមានប្រទេសក្នុងតំបន់អាស៊ីខាងកើតធ្លាប់ប្ដឹងទៅតុលាការនៅតំបន់អឺរ៉ុបពីករណីគណៈកម្មការអឺរ៉ុបដាក់ទណ្ឌកម្មនេះដែរ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។ ប៉ុន្តែលោកថា ផ្ទុយទៅវិញប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ខិតខំកែលម្អសិទ្ធិមនុស្សតាមសំណើរបស់គណៈកម្មការអឺរ៉ុប ហើយប្រទេសនេះក៏រួចផុតពីការដាក់ទណ្ឌពីសហភាពអឺរ៉ុប។ មន្ត្រីសិទ្ធិការងាររូបនេះបន្តថា ចំពោះកម្ពុជាវិញ ទម្រាំសហភាពអឺរ៉ុបសម្រេចដកហូតផ្លូវការនូវប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ គឺគេបានទុកពេលជាងមួយឆ្នាំហើយមន្ត្រីជំនាញអឺរ៉ុប ក៏បានជួបជជែកនិងស្រាវជ្រាវពីភាគីពាក់ព័ន្ធជាច្រើនដងថែមទៀត។
រីឯប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ និយាយថា ការដែល GMAC ប្ដឹងទៅតុលាការអឺរ៉ុបនេះជារឿងថ្មីមួយ ខណៈលោកសង្កេតឃើញថាបណ្ដាប្រទេសមួយចំនួនដែលត្រូវអឺរ៉ុបបិទសេដ្ឋកិច្ច ឬដាក់ទណ្ឌកម្មគេច្រើនតែកែតម្រូវនូវសំណើរបស់អឺរ៉ុប។ ទោះយ៉ាងណាមន្ត្រីសហជីពមួយនេះសង្កេតឃើញថារដ្ឋាភិបាលមិនទាន់កែទម្រង់ប្រព័ន្ធការងារ និងសិទ្ធិមនុស្សតាមការទាមទាររបស់សហភាពអឺរ៉ុបនៅឡើយទេ៖ «ហេតុមិនរកវិធីកែតាមហ្នឹងទៅស្រួលជាងមិនបាច់ទៅប្ដឹង ព្រោះជាទូទៅសេចក្ដីសម្រេចនៅពេលគណៈកម្មការសម្រេចរួចហើយគេរុញទៅរដ្ឋាភិបាល ឬសភាជាការបិទផ្លូវហើយ ប៉ុន្តែការប្ដឹងទៅតុលាការជារឿងថ្មីមួយដែរ»។
ការលើកឡើងរបស់មន្ត្រីសហជីពនិងសិទ្ធិការងារបែបនេះ ក្រោយពីសមាគមរោងចក្រកាត់ដេរសម្រេចដាក់ពាក្យប្ដឹងទៅតុលាការសហភាពអឺរ៉ុបកាលពីខែកក្កដាសុំឱ្យតុលាការលុបចោលការសម្រេចយកពន្ធ EBA ២០ភាគរយ ពីកម្ពុជា។ តាមពាក្យបណ្ដឹងរបស់ GMAC ខ្លួនមានហេតុផលពីរសំខាន់ក្នុងការប្ដឹងជំទាស់ដោយចោទប្រកាន់ថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅមិនបានធ្វើការវាយតម្លៃឱ្យបានសមរម្យនិងហេតុផលមួយទៀតគឺការសម្រេចនេះជាការរំលោភលើសិទ្ធិនិងសន្ធិសញ្ញារបស់សហភាពអឺរ៉ុប។ រីឯតុលាការអឺរ៉ុបបានឱ្យដឹងថា ខ្លួនបានទទួលពាក្យប្ដឹងនេះហើយកាលពីថ្ងៃទី១៤ ខែសីហា ប៉ុន្តែតុលាការមួយនេះមិនទាន់ឱ្យដឹងពីនីតិវិធីបន្តក្រោយទទួលពាក្យបណ្ដឹងនេះនៅឡើយទេ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរលោក ខេន លូ ឱ្យអាស៊ីសេរីដឹងថា ក្រោយតុលាការបានទទួលពាក្យរួចគឺមិនទាន់មានការវិវឌ្ឍអ្វីបន្ថែមទៀតទេហើយពេលខាង GMAC រង់ចាំនីតិវិធីរបស់តុលាការ។ លោកអះអាងដែរថា ក្នុងពាក្យបណ្ដឹងជាង ៣០ទំព័រខាង GMAC បានដាក់ជូនពីកិច្ចខិតខំប្រឹងរបស់ស្ថាប័នរបស់លោកក្នុងការលើកកម្ពស់សិទ្ធិការងារដែលជាការតាមទាមទាររបស់សហភាពអឺរ៉ុបកន្លងទៅ៖ «ពាក្យបណ្ដឹងយើងដាក់ទៅភាគីដែលដកអនុគ្រោះពន្ធអត់មានប៉ះពាល់អ្នកផ្សេងទេ អត់មានប៉ះពាល់រដ្ឋាភិបាលខ្មែរទេអ៊ីចឹងយើងដាក់ចំគោលបំណងហ្មងណា » ។
ជុំវិញការលើកឡើងរបស់មន្ត្រីសហជីពដែលជំរុញទៅសមាគមរោងចក្រកាត់ដេរ គួរស្នើទៅរដ្ឋាភិបាលឱ្យប្រឹងប្រែងនូវអ្វីដែលអឺរ៉ុបទាមទារជាជាងការប្ដឹងទៅតុលាការលោក ខេន លូ ប្រាប់ថា ដោយសារអឺរ៉ុបជាអ្នកដក EBA២០ភាគរយ ពីកម្ពុជាដូច្នេះលោកត្រូវតែប្ដឹងទៅតុលាការអឺរ៉ុប។ ទោះយ៉ាងណា លោក ខេន លូ មិនទាន់បង្ហាញក្ដីសង្ឃឹមថាខ្លួននឹងឈ្នះក្ដីឬយ៉ាងណានោះទេ ដោយលោកនិយាយថានេះជាសមត្ថកិច្ចរបស់តុលាការ។
កាលពីខែសីហា សហភាពអឺរ៉ុបប្រកាសជាផ្លូវការយកពន្ធលើទំនិញកម្ពុជា២០% ធ្វើឱ្យផលិតផលនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដែលមានតម្លៃជាង ១ពាន់លានអឺរ៉ូត្រូវជាប់ពន្ធ ឬកម្ពុជាអាចនឹងត្រូវខាតបង់ទឹកប្រាក់រវាងពី ១២០ ទៅ ២០០ លានដុល្លារក្នុងមួយឆ្នាំទៅលើការបង់ពន្ធ។ ការបាត់បង់EBA ២០ភាគរយនេះ ដោយសាររដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា មិនព្រមកែលម្អស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ព្យាករណ៍ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចំនួន ២០ភាគរយនេះ អាចនឹងបណ្ដាលឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។