អាមេរិក​ដំឡើង​ពន្ធ​ថ្មី​លើ​ការ​នាំចូល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ពី​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ

មន្ត្រី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​ថ្មី​លើ​ការ​នាំចូល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ ឬ​ផ្ទាំង​សូឡា ពី​ប្រទេស​ចំនួន ៤ នៅ​អាស៊ីអាគ្នេយ៍ រួម​មាន​កម្ពុជា ម៉ាឡេស៊ី (Malaysia) វៀតណាម (Vietnam) និង​ថៃ (Thailand)។

សារព័ត៌មាន​រ៉យទ័រស៍ (Reuters) រាយការណ៍​កាល​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ថា នេះ​ជា​ការ​សម្រេច​ជា​បឋម​មួយ​ទៀត របស់​ក្រសួង​ពាណិជ្ជកម្ម​នៃ​រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន (Joe Biden) ឆ្លើយតប​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​ក្នុងស្រុក​របស់​អាមេរិក ដែល​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ទីផ្សារ ដោយសារ​ផលិតផល​នាំចូល​តម្លៃថោក​ច្រើន​លើសលុប ជោរជន់​ទីផ្សារ និង​គ្មាន​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​។ ក្រុមហ៊ុន​អាមេរិកាំង​ទាំងនេះ បាន​ចោទ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​ចិន​ធំៗ ដែល​មាន​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ ថា​បាន​ធ្វើ​ឱ្យ​តម្លៃ​បន្ទះ​សូឡា​នៅ​លើ​ពិភពលោក​ធ្លាក់ចុះ​ជា​គំហុក ដោយសារតែ​ការ​លក់​ផលិតផល​របស់​ខ្លួន​ច្រើន​លើសលប់​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​ក្នុងស្រុក​របស់​អាមេរិក។

នៅក្នុង​សេចក្ដី​សម្រេច​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​កញ្ញា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​កំណត់​ពន្ធ​ថ្មី​ចន្លោះ​ពី ២១,៣១% ទៅ ២៧១,២% អាស្រ័យ​ទៅ​លើ​ប្រភេទ​បន្ទះ​សូឡា ដែល​នាំចូល​ពី​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ។

បើ​ទោះជា​យ៉ាងណា​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កំណត់​ថា នឹង​ចេញ​ការ​សម្រេច​ជា​ចុងក្រោយ​ទាក់ទង​នឹង​រឿង​នេះ​នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៥។

កាលពី​ខែ​មិថុនា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ចេញ​សេចក្ដី​សម្រេច​បឋម​ម្ដង​រួចហើយ ដោយ​សម្រេច​លុបចោល​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចូល​បន្ទះ​សូឡា ពី​បណ្ដា​ប្រទេស​ទាំង​៤ នេះ។

អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​មើល​ឃើញ​ថា ផល​ប៉ះពាល់​នៃ​បញ្ហា​នេះ​គឺ​នឹង​ធ្វើ​ឱ្យ​រោងចក្រ ដែល​ដំឡើង ឬ​ផលិត​បន្ទះ​សូ​ឡា​នៅ​តាម​បណ្ដា​ប្រទេស​ទាំងនេះ​អាច​ប្រឈម​នឹង​ការ​បិទទ្វារ លែង​ដំណើរការ។

សហរដ្ឋអាមេរិក​នាំចូល​បន្ទះ​សូឡា​ពី​ក្រៅ​ប្រទេស​រហូត​ដល់ ៨០% ហើយ​ភាគច្រើន​នាំចូល​ពី​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ។

ក្នុងចំណោម​ប្រទេស​ទាំងនោះ កម្ពុជា​ជា​ប្រទេស​លេចធ្លោ​ក្នុង​ការ​នាំ​បន្ទះ​សូឡា​ទៅ​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ ២០២២ និង​២០២៣ ខណៈ​តួលេខ​ពាណិជ្ជ​បញ្ជាក់​ថា កម្ពុជា​ក៏​នាំចូល​បន្ទះ​សូឡា​ច្រើន​ជាងគេ​ពី​ប្រទេស​ចិន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។