ក្រសួង​កសិកម្ម​ចុះ​MOU​ជាមួយ​ក្រុមហ៊ុន​ពីរ​ដើម្បី​ផលិត​បន្លែ​​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ

ដោយ សេក បណ្ឌិត
2020.07.20
វេង សាខុន លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។
រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ

ក្រសួង​កសិកម្ម​ចុះ​MOU​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​សហការ​គ្នា គឺ​ក្រុមហ៊ុន Nippon Express Cambodia និង ក្រុមហ៊ុន យ៉ាម៉ាតូ ហ្គ្រីន (Yamato Green Co., Ltd) ថ្ងៃ​ទី​១៩ ខែ​កក្កដា ដើម្បី​ផលិតកម្ម​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស។

ការ​ចុះ MOU នេះ ខណៈ​ផលិត​កសិកម្ម របស់​កសិករ​នៅ​តំបន់​មួយ​ចំនួន​គ្មាន​ទីផ្សារ និង​មានការ​នាំចូល​ពី​ក្រៅ​ប្រទេស​ច្រើន​ដូចជា ប្រទេស​វៀតណាម និង​ថៃ ជាដើម និង​ស្រប​ពេល​ពិភពលោក​កំពុង​ប្រឈម​ខ្លាំង នឹង​បញ្ហា​ជំងឺ​កូវីដ-១៩។

ទំព័រ​ហ្វេសប៊ុក របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សុខុន ចុះផ្សាយ​ថា ក្រសួងកសិកម្ម​ចុះ​MOU​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​កម្ពុជា​ឱ្យ​ទាន់​សភាពការណ៍​បច្ចុប្បន្ន និង​តម្រូវការ​ទីផ្សារ។

ទំព័រ​ហ្វេសប៊ុក​ដដែល​សរសេរ​ទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ដឹកនាំ​សហការី​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​អំពី​ដំណើរការ​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន ឃ្លាំង​ស្តុក ទូ​ត្រជាក់ របស់​ក្រុមហ៊ុន Nippon Express Cambodia ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ក្រុមហ៊ុន​នេះ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Yamato Green ដែល​បាន​ចូលរួម​សហការ​វិនិយោគ​ដើម្បី​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា។

លោក វេង សាខុន បាន​បញ្ជាក់​ប្រាប់​តំណាង​ក្រុមហ៊ុន​ក្នុង​ឱកាស​នោះ​ថា វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ទាំង​ខ្នាត​តូច ខ្នាត​ធំ ឃ្លាំង​ស្តុក ទូ​ត្រជាក់ រថយន្ត​ដឹក​បន្លែ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ជាដើម។

ប៉ុន្តែ តំណាង ក្រុម ហ៊ុន​ទាំងពីរ គឺ​ក្រុមហ៊ុន Nippon Express Cambodia និង​ក្រុមហ៊ុន Yamato Green បញ្ជាក់​ថា បញ្ហា​ទាំងនេះ ក្រុមហ៊ុន​បាន​ត្រៀម​ទុក​រួចជាស្រេច​អស់ហើយ​ក្នុង​ទិសដៅ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែប​លក្ខណ​:​គ្រួសារ ទៅជា​ផលិតកម្ម​បែប​កសិ​-​ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។