បន្លែ និងកសិផលមួយចំនួន មានទីផ្សារឡើងវិញខ្លះហើយ ក្រោយការបិទខ្ទប់ ខ្ទង់មួយខែកន្លងមកនេះ។ ប៉ុន្តែ បញ្ហាតម្លៃនៅតែទាបបណ្ដាលឲ្យកសិករខ្លះ អស់ទឹកចិត្ត នឹងបង្កបង្កើនផល។ អ្នកជំនាញកសិកម្ម ជំរុញរដ្ឋាភិបាល ផ្ដល់ទុន និងធានាតម្លៃទីផ្សារកសិផល។
ការកម្រើកងើបនៃទីផ្សារបន្លែបានបន្តិចវិញនេះ ដោយសារតែអាជ្ញាធរបើកផ្លូវឲ្យអ្នករកស៊ីទិញលក់បន្លែអាចដឹកទំនិញ យកមកលក់ក្នុងទីក្រុងបាន។ តែយ៉ាងណា កសិករខ្លះនៅតែត្អូញត្អែរពីតម្លៃ និងការលក់កសិផលបានក្នុងកម្រិតទាបដដែល។
កសិករដាំសាឡាត់ នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលលោក យូ លីញ ឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឈ្មួញបានចុះមកម៉ៅសាឡាត់របស់លោកឡើងវិញ ដោយឲ្យមួយគីឡូខ្ទង់មួយពាន់ (១.០០០) រៀល។ កសិកររូបនេះអះអាងថា តម្លៃត្រឹមមួយពាន់រៀល ជាតម្លៃទាបបំផុតមិនធ្លាប់មាន។ លោក យូ លិញ បន្តថា ជាធម្មតាក្នុងខែ៥ ខែ៦ ពាក់កណ្ដាលឆ្នាំបែបនេះ សាឡាត់ នៅចម្ការ អាចបានខ្ទង់ប្រាំពាន់ទៅប្រាំមួយពាន់ (៥.០០០ ទៅ ៦.០០០) រៀល ក្នុងមួយគីឡូ។ ប៉ុន្តែ បើទោះជាតម្លៃធ្លាក់ចុះខ្លាំងបែបនេះក៏ដោយ ក៏កសិកររូបនេះ ត្រូវតែបង្ខំចិត្តលក់ចេញដែរ បើពុំដូច្នេះ សាឡាត់នឹងចាស់ខូច ហើយលោក នឹងខាតទាំងស្រុងតែម្ដង៖ « និយាយរួមទៅ ភាគច្រើន គឺគេម៉ៅចម្ការ។ ដូចថា គេថា ទិញនៅដីហ្នឹង ៧០០ ឬ ៨០០ ហ្នឹង។ គេម៉ៅ មួយចម្ការហ្នឹង ៧០ម៉ឺន ៨០ម៉ឺន អ៊ីចឹងទៅ។ អាតម្លៃ ១ . ០០០ ហ្នឹង គ្រាន់តែឲ្យថ្លៃធ្វើស្មៅអ្វីហ្នឹងអស់ហើយ»។

ចំណែកអ្នកទិញបន្លែយកមកលក់បន្តម្នាក់ គឺលោកស្រី អ៊ី រ៉េន ឲ្យដឹងថា បញ្ហាការដឹកជញ្ជូនពិតជាបានស្រួលបួលឡើងវិញមែន តែពលរដ្ឋខ្លះមិនទាន់ហ៊ានចេញពីផ្ទះ មកទិញបន្លែហូបទេ។ លោកស្រីបន្តថា រាល់ថ្ងៃលោកស្រីអាចទិញបន្លែពីកសិករនៅស្រុកស្អាងមកលក់បានតិចតួច នៅតាមទីកន្លែង ដែលអាជ្ញាធររៀបចំបណ្ដោះអាសន្ន៖ « រឿងដឹកឆ្លង ស្រួលជាងហ្នឹងបន្លិច។ តែថា តម្លៃអ្វី គ្មានថ្លៃ ចុះអ្វីទេ នៅធម្មតា»។
រដ្ឋាភិបាលបានដាក់ចេញបម្រាមយ៉ាងតឹងរ៉ឹង មិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្ត និងពីតំបន់មួយទៅតំបន់មួយទៀតជាដាច់ខាតចាប់ពីថ្ងៃទី១៤ ខែមេសារហូតដល់ថ្ងៃទី២៧ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។ ជាពិសេស អាជ្ញាធរ បានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងស្រុង រយៈពេល ៣ សប្តាហ៍។ វិធានការបិទខ្ទប់នេះ ជាហេតុបណ្ដាលឲ្យកសិផល គ្មានទីផ្សារសម្រាប់លក់ ឬមានទីផ្សារតិចតួចបំផុត។
រដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីថ្ងៃទី៦ ខែឧសភា ប៉ុន្តែតំបន់មួយចំនួននៅក្នុងក្រុង នៅតែស្ថិតក្រោមការបិទខ្ទប់ ឬរឹតបន្តឹងការចេញចូលដដែល។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល ១ សប្តាហ៍ថែមទៀត ចាប់ពីក្រោយម៉ោង ១២ យប់ ឬម៉ោងសូន្យ ថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែឧសភា ក្រោមហេតុផលថា ដើម្បីការពារជំងឺកូវីដ-១៩។
អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា កសិផលនៅខេត្តកណ្ដាលបានលក់ចេញខ្លះៗហើយ ចំណែកការដឹកជញ្ជូន និងលក់ដូរផលិតផល និងកសិផល ឆ្លងដែនរវាងកម្ពុជា និងវៀតណាមវិញ លោកថា ក៏ដំណើរការទៅដូចធម្មតាដែរ៖ « ព្រោះវាអត់មាននរណាស្រែកតវ៉ារឿងតម្លៃទេ។ គ្រាន់តែថា មួយរយៈមុន ពេលផលិតបានមក មិនដឹងយកទៅណា ព្រោះវាបិទខ្ទប់ច្រើនអ៊ីចឹងណា។ ដល់ឥឡូវ គេបើកទីផ្សារឡើងវិញ ហើយការគ្រប់គ្រងតំបន់នានា នៅក្នុងខេត្តកណ្ដាលយើងហ្នឹង មានភាពល្អប្រសើរ។ គ្រប់គ្រងជាប់ មិនរាលដាល ដោយយើងមិនបាត់ស្ថានភាពគ្រប់គ្រងទេ។ ដល់ពេលអ៊ីចឹង តម្លៃនៅធម្មតា មិនទាន់មាននរណាប្រតិកម្មអ្វីទេ»។

អាជ្ញាធរព្រំដែននៃប្រទេសវៀតណាម បានហាមឃាត់ឈ្មួញវៀតណាមកុំឲ្យនាំបន្លែផ្លែឈើមកលក់នៅកម្ពុជា តាមច្រកព្រំដែនជ្រៃធំ កាលពីពាក់កណ្ដាលខែមេសា ដោយសារវៀតណាមបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (Covid-19)។
ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញកសិកម្មយល់ថា ក្រសួងជំនាញត្រូវជួយអន្តរាគមន៍ដល់កសិករ ទើបអាចជួយស្ដារទាំងស្ថានភាព និងតម្លៃកសិផលបាន។
ប្រធានសមាគមកសិករដើម្បីអភិវឌ្ឍជីវភាព (FALD) លោក ស៊ុម ម៉ាណែត សង្កេតឃើញថា កសិផលខ្លះ ពិតជាមានទីផ្សារឡើងវិញមែន។ ប៉ុន្តែលោកថា កសិករ កំពុងប្រឈមបញ្ហាខាតធ្ងន់ធ្ងរ គ្មានទុនសម្រាប់បង្កបង្កើនផលឡើងវិញ ដោយសារជួបវិបត្តិអំឡុងពេលបិទខ្ទប់។ លោកឲ្យដឹងទៀតថា ក្នុងពេលបិទខ្ទប់ កន្លងមកនេះ មានកសិករខ្លះ កើនបំណុល ព្រោះគ្មានប្រាក់សងបំណុលធនាគារ។ អ្នកជំនាញកសិកម្មរូបនេះ ជំរុញឲ្យក្រសួងជំនាញ ជួយអន្តរាគមន៍ទាំងទុន ទាំងការធានាតម្លៃទីផ្សារ៖ «អ៊ីចឹង គឺរាជរដ្ឋាភិបាល គួរតែសហការជាមួយឈ្មួញ ឬក៏ធានា និយាយឲ្យចំទៅ គឺគាត់អាចទទួលទិញ ដំណាំរបស់កសិករ នៅពេលគាត់ទទួលបានកសិផល»។
កសិករ និងអ្នកទិញម្នាស់តាមចម្ការយកទៅលក់បោះដុំនៅតាមផ្សារក្នុងខេត្តបាត់ដំបងលោកស្រី យ៉ុង ឈឿន ប្រាប់ថា ក្នុងឆ្នាំនេះលោកស្រីត្រូវខាតបង់ច្រើន ដោយសារពេលខ្លះ ម្នាស់លក់មិនចេញ ហើយត្រូវស្អុយរលួយចោល។ លោកស្រីចង់ឲ្យរដ្ឋាភិបាល គិតគូរបញ្ហារោងចក្រកែច្នៃម្នាស់ ដើម្បីជួយសម្រួលជីវភាពកសិករដាំម្នាស់ ព្រោះម្នាស់ ជាដំណាំហូបផ្លែដែលទទួលបានផលគ្រប់រដូវ៖ « ខាតណាស់អូន។ បើនិយាយទៅ បងម៉ៅ ពីចម្ការមក យើងកុងត្រាតម្លៃគេរួចហើយ។ ឧទាហរណ៍ថា ហាងឆេងទីផ្សារពីមុន យើងទិញនៅចម្ការអួ គ្រាប់គេរាប់ហើយស្រេចទាំងតូចទាំងធំ។ បងអួតម្លៃគេ ៧០០ ឬ៨០០ អ៊ីចឹងទៅ ហើយដល់ពេលឥឡូវយកមកលក់នៅទីផ្សារ យើងលក់ជ្រេចេញជា ៥លេខឯណោះ។ លេខធំ យើងបានតែ ១ . ០០០ រៀលទេ ចុះមកបាន ៧០០ ចុះមក ៤០០ ចុះមក២០០រៀល»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសម្ដងហើយម្ដងទៀត ឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ នៅអំឡុងវិបត្តិជំងឺកូវីដ-១៩។ លោក ហ៊ុន សែន ថែមទាំងប្រាប់ទៀតថា ការរាតត្បាតជំងឺកូវីដនេះ គឺជាឱកាសមួយដល់កសិករខ្មែរដាំដុះកសិកម្មលក់បានប្រាក់ចូលច្រើន។ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋ ខំប្រឹងដាំបានផលហើយ ស្រាប់តែគ្មានទីផ្សារលក់ កសិផល ក្នុងតម្លៃសមរម្យទៅវិញ។
របាយការណ៍ស្ដីពីស្ថានភាពនៃការគ្រប់គ្រង និងផ្គត់ផ្គង់ផលិតផលកសិកម្ម របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា កាលពីឆ្នាំ២០២០ កម្ពុជា ត្រូវការបន្លែជាងមួយលាន (១០៤ម៉ឺន) តោន តែការដាំដុះក្នុងស្រុកអាចផ្គត់ផ្គង់បាន ជាងប្រាំពីរសែន (៧២ម៉ឺន)តោន។ ដូច្នេះ កម្ពុជា ត្រូវនាំបន្លែជាងបីសែន (៣៣ម៉ឺន) តោន ចូលពីបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។