អាជីវករ​នៅ​ផ្សារ​រាត្រី ខេត្ត​បាត់ដំបង ត្អូញត្អែរ​រឿង​លក់​មិន​ដាច់ ទោះបី​អាជ្ញាធរ​បង្កើត​សួន​ដើរកម្សាន្ត

0:00 / 0:00

អ្នក​ប្រកប​របរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រាត្រី នៅ​ខេត្ត​បាត់ដំបង កំពុង​ជួប​បញ្ហា​ជីវភាព ដោយសារ​លក់ដូរ​លែង​ដាច់ គ្មាន​អតិថិជន​ចូល​ទិញ ក្រោយ​ពេល​រដ្ឋបាល​ខេត្ត​ផ្លាស់ប្ដូរ​ទីតាំង​ផ្សារ។ ស្រប​ពេល​គ្នា​នេះ ក្រុង​បាត់ដំបង ក៏​តែ​ធ្លាក់​សោភ័ណភាព​ដោយសារ​ផ្លូវ​ខូច​ស្ទើរ​គ្រប់​កន្លែង និង​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​មក​ដើរលេង​កម្សាន្ត​ដូច​មុន។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​រៀបចំ​ផ្សារ​រាត្រី​ឡើងវិញ។

នៅ​តាម​សួនច្បារ​ក្រុង​បាត់ដំបង ក្នុង​​ពេល​រាត្រី ហាក់​មាន​ភាព​ស្រស់បំព្រង និង​ភ្លឺ​ចិញ្ចែងចិញ្ចាច ក្រោយ​ភ្លៀង​ធ្លាក់​ជោកជាំ ខណៈ​មនុស្សម្នា​ចេញ​មក​ដើរលេង​កម្សាន្ត ខ្លះ​លេង​កីឡា និង​ខ្លះ​ទៀត​ហាត់ប្រាណ។ ប៉ុន្តែ ចំពោះ​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រាត្រី ជាប់​នឹង​សួន​កម្សាន្ត​វិញ បែរជា​មាន​ទឹកមុខ​សោកសៅ ដោយ​អ្នក​ខ្លះ​អង្គុយ​លេង​ទូរស័ព្ទ ខ្លះ​អង្គុយ​ក្រាប​លើ​តុ និង​ខ្លះ​ទៀត​អង្គុយ​បណ្ដើរ ហា​មាត់​ស្ងាប​បណ្ដើរ។

នៅ​ពេល​មាន​ភ្ញៀវ​ដើរ ឬក៏​ជិះ​ម៉ូតូ​ឆ្លងកាត់​តាម​ផ្លូវ​នេះ​ម្ដងៗ អាជីវករ​ប្រុស​ស្រី តែង​ចេញ​មក​បក់បោយ​ដៃ​ហៅ ឱ្យ​ចូល​មក​ជួយ​ទិញ​ជា​ហូរហែ ដោយ​មាន​ភ្ញៀវ​ភាគតិច​ណាស់ ឈប់​អែប​ម៉ូតូ​ចូល​ទិញ។ នៅ​ពេល​ភ្ញៀវ​ដើរ​ទៅ​ហួស​អស់ អាជីវករ​ក៏​ត្រឡប់​ទៅ​អង្គុយ​នៅ​កៅអី​វិញ​ដោយ​ធ្វើ​មុខ​ជូរ ព្រោះ​មាន​អ្នក​ខ្លះ​បើក​តូប​តាំងពី​ថ្ងៃ​ភ្លឺ រហូត​ដល់​យប់ជ្រៅ ក៏​នៅ​មិន​ទាន់​លក់​បាន​ថ្លៃ​ដើម​នៅ​ឡើយ។

អាជីវករ​លក់​អាហារ លោក សាំង សុភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​លក់​អាហារ​ប្រចាំ​ខេត្ត​បាត់ដំបង ស្ទើរ​គ្រប់មុខ តែ​គ្មាន​អ្នក​ចូល​បរិភោគ​ឡើយ ទោះបី​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក្ដី។ លោក​បន្ត​ថា បញ្ហា​នេះ​បណ្ដាល​មកពី​ការ​រៀបចំ​ទីតាំង​ផ្សារ​រាត្រី​មិន​ត្រឹមត្រូវ ដោយ​យក​ទៅ​ដាក់​ចំ​កណ្ដាល​ទ្រូង​ផ្លូវ ផ្ទុយ​ទិស​ចរាចរណ៍ ធ្វើ​ឱ្យ​ភ្ញៀវ​មិន​ងាយ​ឈប់​ចូល​ហូប​អាហារ ឬ​ទិញ​ទំនិញ​នោះ​ឡើយ។

លោក សាំង សុភាព៖«បើ​តូប​គេ​ក្រោយ​ខ្នង​ម្ខាង​ម្នាក់​ហ្នឹង មួយ​ជួរ​ហ្នឹង​គេ​លក់​ដាច់​គ្រាន់​ជាង​យើង​ខាង​នេះ ព្រោះ​ផ្លូវ​ចូល​ខាងស្ដាំ​ដៃ​របស់​គេ។ បើ​យើង​សុំ​ទៅ​ចៅហ្វាយខេត្ត​គាត់​និយាយ​ជាមួយ​យើង​វិញ​ថា លក់​មិន​កើត​ឈប់​លក់​ទៅ»។

អាជីវករ​ផ្សារ​រាត្រី ចាប់ផ្ដើម​លក់ដូរ​ចាប់​ពី​ម៉ោង ២រសៀល រហូត​ដល់​ម៉ោង ៥ព្រឹក ហើយ​នៅ​ចន្លោះ​ម៉ោង ៧យប់ រហូត​ដល់​ម៉ោង ១១យប់ គឺ​ជា​ពេល​សម្បូរ​មនុស្ស​ចេញ​ដើរ​ច្រើន។ ប៉ុន្តែ​អ្នក​មក​ដើរ​លំហែ​ភាគ​ច្រើន មិន​សូវ​ចូល​ហូប​ចំណីអាហារ ឬ​ទិញ​របស់របរ​នៅ​ផ្សារ​រាត្រី​នោះ​ទេ ដោយសារ​មិនសូវ​មាន​កន្លែង​ដើរ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អាជីវករ​មួយ​ចំនួន​ត្រូវ​ក្ស័យធន បិទ​តូប​ចោល និង​ខ្លះ​ទៀត​ដាក់​ស្លាក​លក់ ឬ​ជួល ដែល​ធ្វើ​ឱ្យ​ល្វែង​តូប​ខ្លះ មាន​ចន្លោះ​ដាច់​ពី​គ្នា​ជា​កំណាត់ ធ្វើ​ឱ្យ​ផ្សារ​រាត្រី​ក្រុង​បាត់ដំបង កាន់តែ​ស្ងាត់​គ្មាន​ភាព​ទាក់ទាញ។

អាជីវករ​លក់​អាហារ​នៅ​ផ្សារ​រាត្រី​ម្នាក់​ទៀត គឺ​កញ្ញា សរ សុផល រៀបរាប់​ថា ការ​លក់ដូរ​នៅ​ផ្សារ​រាត្រី​បច្ចុប្បន្ន មិនសូវ​កាក់កប​ដូច​កាល​ពី​មុន​នោះ​ទេ ព្រោះ​តូប​លក់​អាហារ មាន​ទីធ្លា​តូច​ចង្អៀត​មិន​អាច​ដាក់​តុ​ឱ្យ​ភ្ញៀវ​អង្គុយ​បាន ហើយ​ថែមទាំង​មាន​ផ្លូវ​លិចទឹក​នៅ​រដូវវស្សា និង​ដី​ហុយ​នៅ​រដូវ​ប្រាំង​ទៀត​ផង។ កញ្ញា​បន្ត​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ការ​លក់ដូរ​នៅ​ផ្សារ​រាត្រី​ទីតាំង​ចាស់ តាម​មាត់​ស្ទឹង ការ​លក់ដូរ​នៅ​ទីតាំង​ថ្មី​នេះ គឺ​មាន​ការ​ថយ​ចុះ​ពាក់កណ្ដាល ដោយ​មាន​ថ្ងៃ​ខ្លះ កញ្ញា​លក់​ចូល​ដើម ក៏​មាន ក្នុង​នោះ មាន​អាជីវករ​មួយ​ចំនួន លក់​ឡុងចុង រហូត​ទាល់តែ​សេង​តូប​ឱ្យ​អ្នក​ដទៃ​ទៀត​ផង ។

កញ្ញា សរ សុផល៖«ចំណូល​បើ​ប្រៀបធៀប​ទៅ ខុស​ពី​កន្លែង​ចាស់​យើង​ដាច់។ បើ​ឱ្យ​ចំណេញ លក់​មក​ដល់​ឥឡូវ​អត់​ចំណេញ​ទេ ពេល​ខ្លះ​ចូល​ដើម​ទៀត ចូល​ដើម​សឹង​រាល់ថ្ងៃ​ហើយ។ ពួក​យើង​ចំណាយ​ច្រើន ព្រោះ​ចំណាយ​ថ្លៃ​តូប ១ខែ​ចូល​ជិត ១លាន​រៀល​ទៅ​ហើយ។ អាជីវករ​ច្រើន ភ្ញៀវ​ខ្លះ​ក៏​ទិញ​អាជីវករ​ផ្សេង​ទៅ ដល់​ពេល​ម៉ូតូ​ឡាន​ចត​ទៅ ធ្វើ​ឱ្យ​មាន​ការ​កកស្ទះ។ ពេល​ស្ទះ​ភ្ញៀវ​ខ្លះ​ឃើញ​អ៊ីចឹង គាត់​អត់​ឈប់​ទេ ហើយ​គាត់​ជិះ​ទៅ​មុខ​ទៀត។ ភ្ញៀវ​ខ្លះ​ទៀត​គាត់​គិត​ថា នៅ​ជាប់​នឹង​ចិញ្ចើម​ផ្លូវ​ពេក វា​ហុយ»។

កាលពី​ដំបូង​ឡើយ ផ្សារ​រាត្រី​ក្រុងបាត់ដំបង មាន​ទីតាំង​ស្ថិតនៅ​ប្រប​តាម​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាង​លិច​ចាប់​តាំងពី​មុខ​សារមន្ទីរ រហូត​ដល់​សួន​នាគ​បាញ់​ទឹក ដែល​មាន​ចំនួន ២៨តូប និង​មាន​អាជីវករ​លក់​នំប៉័ង បបរ​គុយទាវ នំបញ្ចុក​សង្វាក់ ទឹក​ផ្លែឈើ​ក្រឡុក បង្អែម និង​ចំណីអាហារ​ផ្សេង​ទៀត។ ផ្សារ​រាត្រី​នៅ​ក្បែរ​មាត់​ស្ទឹង​សង្កែ កាលនោះ មាន​អតិថិជន ភ្ញៀវ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន បាន​ចូល​មក​អង្គុយ​ទទួលទាន​អាហារ​នៅ​តូប​ផ្សារ​រាត្រី ព្រោះ​ទីនោះ​មាន​បរិយាកាស​ស្រស់ស្រាយ ទីធ្លា​ធំ​ទូលាយ ហើយ​ភ្ញៀវ​ទេសចរ អាច​គយគន់​ទេសភាព​ស្ទឹង​សង្កែ បាន​ផង​ដែរ។

ក៏ប៉ុន្តែ នៅ​មីនា ឆ្នាំ២០២៣ រដ្ឋបាល​ក្រុងបាត់ដំបង បាន​បង្ខំ​ឱ្យ​អាជីវករ​រុះរើ​តូប​លក់ដូរ ចេញ​ពី​មាត់​ស្ទឹង​សង្កែ ក្នុង​រយៈ​ពេល​បី​ថ្ងៃ ទៅ​ខាង​លិច​សួន​ចំប៉ី ដើម្បី​យក​ទីតាំង​ធ្វើ​សួនច្បារ​សម្ដេច ស ខេង និង​វិមាន​ឯករាជ្យ ដោយ​អាជ្ញាធរ​បាន​សន្យា​ជួសជុល​ផ្លូវ​នៅ​ជិត​វត្ត​ដំរីស និង​សាងសង់​តូប​ឱ្យ​អាជីវករ សម្រាប់​ជា​ការ​ដោះដូរ​ឱ្យ​ពួកគាត់​ទៅ​លក់​នៅ​ទីនោះ​វិញ។ ម៉្យាង​ទៀត តូប​ដែល​អាជ្ញាធរ​សង់​ឱ្យ​អាជីវករ​នៅ​ទីតាំង​ថ្មី​នោះ មាន​ផ្ទៃ​ត្រឹមតែ ២ម៉ែត្រ​កន្លះ​បួន​ជ្រុង​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ផ្សារ មាន​ភាព​ចង្អៀត​ណែន​តាន់តាប់ និង​មិន​មាន​កន្លែង​គ្រប់គ្រាន់ សម្រាប់​ដាក់​តុ​ឱ្យ​ភ្ញៀវ​អង្គុយ​ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្តបាត់ដំបង លោក សុខ លូ និង​អភិបាល​ក្រុង​បាត់ដំបង លោក លាង វាសនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែកក្កដា។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់​ឃើញ​ថា រឿង​សំខាន់ ដែល​រដ្ឋបាល​ខេត្ត​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​ត្រូវ​ការ​រៀបចំ​ផ្សារ​រាត្រី​ឡើងវិញ ដោយ​ផ្ដោត​ទៅលើ​សោភ័ណភាព ភាព​ទាក់ទាញ​សម្បូរ​បែប និង​ទីតាំង​ធំ​ទូលាយ ដូច​ផ្សារ​រាត្រី​នៅ​ក្រុងសៀមរាប ឬ​ដូច​ប្រទេស​ជិតខាង។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្រៅ​ស្រុក​មក​បន្ថែម​ទៀត តាម​រយៈ​ការ​ធានា​លើ​សុវត្ថិភាព​សង្គម ការ​ធ្វើដំណើរ បដិសណ្ឋារកិច្ច និង​ងាក​មក​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដែល​ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​លោក​សេរី​កាន់តែ​ច្រើន។

លោក វន់ ពៅ៖«យើង​មើល​ផ្សារ​រាត្រី​នៅ​ផ្សារ​ចាស់​តែ​បន្តិច​ហ្នឹង។ ដល់​អ៊ីចឹង វា​ហាក់​មិន​ទាន់​មាន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ អ៊ីចឹង ផ្សារ​រាត្រី ធ្វើ​ឱ្យ​ទូលំទូលាយ​ដូច​ប្រទេស​គេ​ជិត​ខាង គិត​ថា ល្អ​ហើយ។ ប្រទេស​ខ្លះ គេ​ធ្វើ​ផ្សារ​រាត្រី​ដល់​ក្នុង​ទឹក​ក្នុង​អី​ផង អា​នេះ​ជា​ចំណុច ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ហើយ​អ្វី ដែល​សំខាន់ គឺ​ការ​រៀបចំ​សេវា​ឱ្យ​គិត​អំពី​សីលធម៌​ទាក់ទង​នឹង​អាជីវកម្ម ចៀសវាង​នូវ​ការ​កោរ​ភ្ញៀវ ឬ​ធ្វើ​ឱ្យ​ភ្ញៀវ​មិន​សប្បាយ​ចិត្ត ដោយ​ប្រការ​ណា​មួយ អា​ហ្នឹង​ជា​ចំណុច​មួយ ដែល​ត្រូវ​គិត​ដែរ»។

ពាក់ព័ន្ធ​នឹង​ការ​ប្ដូរ​ទីតាំង​ផ្សារ​រាត្រី​នេះ កាលពី​ចុង​ឆ្នាំ២០២២ ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ធ្លាប់​ប្រតិកម្ម និង​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ ម្ដង​រួច​មក​ហើយ បន្ទាប់​ពី​បាន​រុះរើ និង​កាប់​គាស់​ដើម​ផ្កា​ចំប៉ី ដែល​ជា​ស្នាដៃ​បន្សល់​ពី​អភិបាល​ខេត្ត​ចាស់ លោក អ៊ុង សាមី ក្នុង​អំឡុង​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ១៩៩៩ ដែល​ជា​កន្លែង​ផ្ដល់​ម្លប់​សម្រាប់​ពលរដ្ឋ​សម្រាក និង​ដើរ​លំហែ​ហាត់ប្រាណ យក​មក​បង្កើត​ផ្សារ​រាត្រី​នេះ។

អាជីវករ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋបាល​ខេត្ត​បាត់ដំបង មិន​រៀបចំ​ផ្សារ​រាត្រី​ឡើង​វិញ​ទេ ពួក​គាត់​នឹង​ត្រូវ​បោះបង់​មុខរបរ​មួយ​នេះ ដោយសារ​គ្មាន​ចំណូល នាំ​ឱ្យ​ក្ស័យធន​ជំពាក់​ធនាគារ ហើយ​ប្រឈម​នឹង​ភាព​ឥត​ការងារ​ធ្វើ​ដោយសារ​គ្មាន​ដើម​ទុន​ប្រកប​របរ​ផ្សេង​ទៀត។ ពួក​គាត់​ស្នើ​ឱ្យ​អភិបាល​ខេត្ត​លោក សុខ លូ ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​សេដ្ឋកិច្ច​ពលរដ្ឋ និង​លើក​មុខមាត់​ខេត្តបាត់ដំបង​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។