កម្មករ កម្មការិនី រោងចក្រផលិតស្រោមដៃ ដាយ៉ាប គ្លូបល (Dayup Global Co., Ltd.) នាំគ្នាបោះតង់ដេកតវ៉ា ទាមទារថៅកែរោងចក្រឱ្យបើកប្រាក់ខែ និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ ដែលបានធ្វើការងារនៅរោងចក្រម្នាក់ៗ ជាង ១០ឆ្នាំមកនេះ។ កម្មករ កម្មការិនី ស្នើដល់ក្រសួងពាក់ព័ន្ធឱ្យជួយគិតពីផលលំបាកដល់កម្មករ ដែលកំពុងរងទុកមិនមានថវិកា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
កម្មកររោងចក្រ ដាយ៉ាប គ្លូបល (Dayup Global Co., Ltd.) ស្ថិតនៅសង្កាត់ព្រៃទា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រមាណជិត ១ពាន់នាក់ បាននាំគ្នាបោះជំរំតវ៉ានៅមុខរោងចក្រអស់ជាច្រើនថ្ងៃមកហើយ ក្រោយពីពួកគេទទួលដំណឹងថា ថៅកែរោងចក្ររត់ចោល មិនព្រមបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ ដល់ពួកគេ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ថា ស៊ីខៅឌូ) លោក ជា ដាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែឧសភាថា កម្មករ កម្មការិនី ជិត ១ពាន់នាក់បាននាំគ្នាតវ៉ាចាប់ពីថ្ងៃទី២៩ ខែមេសារហូតដល់ថ្ងៃទី១២ ខែឧសភា នៅមិនទាន់មានដំណោះស្រាយសមរម្យណាមួយនោះទេ។ ចំណែកកម្មករកំពុងតែរងទុក្ខវេទនាពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារពួកគាត់ត្រូវការចំណាយជាប្រចាំ ជាពិសេស ខ្វះលុយបង់ធនាគារ។ លោកបន្ថែមថា ខាងសហជីពរបស់លោក បានជំរុញទៅក្រសួងការងារឲ្យពន្លឿនការដោះស្រាយជូនកម្មករ ប៉ុន្តែខាងក្រសួងឆ្លើយតបថា ប្រសិនបើខាងនិយោជកមិនបានដោះស្រាយជូនកម្មករនោះទេ រដ្ឋាភិបាលក៏ដូចជាក្រសួងការងារ និងចេញថ្លៃប្រាក់បុរេប្រទានទៅដល់កម្មករ។
«ហើយប្រាក់បុរេប្រទាននោះ មានតែបីចំណុចនោះទេ គឺប្រាក់ខែចុងក្រោយប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារហើយនៅពេល ដែលក្រសួងការងារប្រាប់របៀបនេះ គឺបងប្អូនកម្មករនៅទីនេះគាត់អត់សប្បាយចិត្តនឹងយកទេ ដោយសារប្រាក់ខែចុងក្រោយយើងអត់មានទេ នៅក្នុងខែបួននេះយើងព្យួរការងារព្យួរការងារក្រុមហ៊ុនឲ្យ ៥០ដុល្លារ ហើយប្រាក់ខាងក្រសួងផ្ដល់ឲ្យ ៤០ដុល្លារ តែរហូតមកដល់ពេលនេះប្រាក់ខាងក្រសួងអត់ទាន់បាននៅឡើយទេ»។
លោក ជា ដាវី បន្ថែមទៀតថា សហជីព និងកម្មករមិនបានដឹង ពីមូលហេតុថៅកែរត់ចោលរោងចក្រនោះទេ ប៉ុន្តែកម្មករទាមទារឲ្យក្រសួងការងារកោះហៅថៅកែចូលដោះស្រាយនឹងទូទាត់អត្ថប្រយោជន៍ផ្សេងៗ ដល់ពួកគេ ក្នុងនោះមាន ប្រាក់ខែចុងក្រោយ ប្រាក់ដំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង និងប្រាក់សងជំងឺចិត្ត ដូចច្បាប់ការងារបានចែង។ លោកបន្ថែមថា រោងចក្រនេះផលិតស្រោមដៃ ដែលមានកម្មករចំនួន ៧៤៣នាក់ ក្នុងនោះមានកម្មការិនីជាង ៨០ភាគរយបម្រើការនៅទីនេះ។
កម្មការិនីម្នាក់គឺ លោកស្រី អ៊ុក ផល្លា ដែលធ្វើការនៅរោងច្រក ដាយ៉ាប គ្លូបល (Dayup Global Co., Ltd.) បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា គ្រួសារលោកស្រីកំពុងតែជួបផលលំបាកយ៉ាងខ្លាំង ជាពិសេស ខ្វះខាតថវិកាបង់ធនាគារទំនុកបម្រុងកូនរៀន និងចាយវាយប្រចាំថ្ងៃ ដោយសាររោងចក្រមិនព្រមបើកប្រាក់ខែចុងក្រោយដល់គាត់។ ចំណែកលុយដែលក្រសួងការងារសន្យាផ្ដល់ឲ្យក្នុងមួយខែ ៤០ដុល្លារ ក៏មិនទាន់ទទួលបានដែរ រយៈពេលជិតពីរខែមកហើយ។ លោកស្រីបន្ថែមថា វាជារឿងអយុត្តិធម៌ចំពោះលោកស្រី និងកម្មករទាំងអស់ ដែលពួកគាត់ខំធ្វើការជាយូរឆ្នាំមកនេះ ហើយដោយ មិនដែលខ្លាចនឿយហត់ឡើយ។
«ពួកខ្ញុំក៏មិននឹកស្មានថា ថៅកែគាត់គិតដល់ចំណុចហ្នឹងដែរ ពីព្រោះពួកខ្ញុំធ្វើការជួនជាង ១០ឆ្នាំមកហើយ ១១ឆ្នាំហើយ ចុងក្រោយគាត់ទុកឲ្យពួកខ្ញុំរងទុក្ខវេទនា អ៊ីចឹងលុយចំណេញទាំងប៉ុន្មាន ត្រូវយកទៅទាំងអស់ ហើយពួកខ្ញុំដេកយាមរោងចក្រហាលថ្ងៃខ្យល់ភ្លៀង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងរោងច្រក ដាយ៉ាបគ្លូបល(DAYUP GLOBAL CO.,LTD) បានទេ។ ចំណែកអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា លោក ទេស រុក្ខាផល ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ប្រធានសហជីពស៊ីខៅឌូ លោក ជា ដាវី លើកឡើងទៀតថា រឿងទាំងអស់នេះវាអយុត្តិធម៌បំផុត ចំពោះកម្មករកម្មការិនី ដែលខិតខំប្រឹងធ្វើការមិនខ្លាចនឿយហត់ តែផ្ទុយទៅវិញកម្មករទាំងអស់មិនទទួលបានអត្ថប្រយោជន៍ដែលជាកម្លាំងញើសឈាមរបស់ពួកគេខំតស៊ូកន្លងមក។ សហជីពកម្មករ កម្មការិនីអំពាវនាវទៅដល់រដ្ឋាភិបាលក៏ដូចជាក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើយ៉ាងពន្លឿននៃការដោះស្រាយជូនកម្មករ ដែលមានឈានជ័រជាខ្មែរដូចគ្នា ឲ្យបានល្អប្រសើរ ដោយមិនទុកអាចអូសបន្លាយតទៅទៀតបានទេ។
គិតត្រឹមចុងឆ្នាំ២០២២ មានរោងចក្រសហគ្រាសជិត ៥០០សហគ្រាស និងមានកម្មករនិយោជិតប្រមាណជិត ៦ម៉ឺន នាក់ បានបិទទ្វារលែងដំណើរការ ។
ចាប់ពីដើមឆ្នាំ២០២២ មក វិស័យកាត់ដេររបស់កម្ពុជាជួបប្រទះបញ្ហាជាបន្តបន្ទាប់ ដោយសារការប្រកួតប្រជែងតម្លៃលើទីផ្សារ និងខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ១៩ វិបត្តិសង្គ្រាម រុស្សី (Russia) និងអ៊ុយក្រែន (Ukraine) និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប និងGSPរបស់សហរដ្ឋអាមេរិក។ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBAនិងGSPជាមូលហេតុចម្បងនៃការបិទទ្វាររោងចក្រ និងបណ្ដាលឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់។ សភាអឺរ៉ុបព្រមានថា នឹងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBAបន្ថែម ទៀតពីកម្ពុជា បើរកឃើញថា ការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌៕