សកម្មជនបរិស្ថានមិនមានជំនឿថា សេចក្ដីសម្រេចរបស់ក្រសួងរ៉ែ និងថាមពល ដែលបានសម្រេចផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនប្រកបរបរអាជីវកម្មរ៉ែថ្ម និងខ្សាច់ ចំនួន ៦ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមីនា នឹងមិនអាចទប់ស្កាត់ផលប៉ះពាល់ពលរដ្ឋបានទេ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អេឡិកហាន់ដ្រូ ហ្គាន់ហ្សាលេស ដេវិដសុន (Alejandro Gonzalez Davison) ហៅអាឡិច ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃពុធ ទី៦ ខែមីនា ថា ចំណាត់ការរបស់ក្រសួងក្នុងការផ្អាក ឬព្យួរអាជ្ញាប័ណ្ណអាជីវកម្មរ៉ែនេះ គឺផ្អាកបានត្រឹមតែ សំបកក្រុមហ៊ុនធ្វើអាជីវកម្មប៉ុណ្ណោះ។ លោកបន្ថែមថា ប្រសិនបើក្រសួងចង់ឱ្យមានដំណោះស្រាយពិតប្រាកដគួរតែ លាតត្រដាងឈ្មោះ ឬចាត់វិធានការចំពោះបុគ្គលដែលនៅពីក្រោយខ្នងក្រុមហ៊ុនធ្វើអាជីវកម្មទាំងនោះដោយផ្ទាល់វិញ៖ «ក្រុមហ៊ុនដែលធ្វើអាជីវកម្មរ៉ែភាគច្រើនមិនមានអាសយដ្ឋានច្បាស់លាស់មិនមានឈ្មោះ ជាក្រុមហ៊ុនបែបខ្មោច អ៊ីចឹងបើសិនក្រសួងរ៉ែ និងថាមពលព្យួរ ឬដកអាជ្ញាប័ណ្ណមិនមានបញ្ហាអីទេ ខែក្រោយគេអាចចាប់ផ្ដើមឡើងវិញបានដោយគ្រាន់តែបង្កើតក្រុមហ៊ុនថ្មីមួយ ប្រសិនបើក្រសួងរ៉ែចង់មានដំណោះស្រាយពិតប្រាកដ គួរតែលាតត្រដាងឈ្មោះបុគ្គលដែលនៅពីក្រោយក្រុមហ៊ុន ហើយហាមមិនឱ្យបុគ្គលដែលនៅពីក្រោយក្រុមហ៊ុនមានសិទ្ធិទទួលអាជ្ញាប័ណ្ណមួយឆ្នាំ ពីរឆ្នាំ ឬក៏បីឆ្នាំទៅមុខទៀត។ ប្រសិនបើធ្វើសកម្មភាពដែលប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ គួរតែជំរុញឱ្យតុលាការជាអ្នកចាត់ការប្រសើរជាងការដក ឬព្យួរអាជ្ញាប័ណ្ណលេងៗ»។
សកម្មជនបរិស្ថាន លោក អាឡិច ក៏ រិះគន់ក្រសួងរ៉ែ និងថាមពលថា មិនមានតម្លាភាពនៅក្នុងការបញ្ចេញព័ត៌មានរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្ម និងចំណូលដែលក្រសួងទទួលបានពីក្រុមហ៊ុនទាំងនេះទៅ ដល់សាធារណជន។ លោកស្នើទៅដល់ក្រសួងរ៉ែ និងថាមពល ធ្វើការបង្ហាញជាសាធារណៈនូវព័ត៌មានរបស់ក្រុមហ៊ុនធ្វើអាជីវកម្មទាំងនេះនៅលើគេហទំព័រ ឬបណ្ដាញសង្គមរបស់ខ្លួន ដើម្បីផ្ដល់លទ្ធភាពដល់សាធារណជនអាចទទួលបានព័ត៌មានគ្រប់គ្រាន់ជុំវិញអាជីវកម្មនៅតំបន់ដែលពួកគេរស់នៅ។
អាស៊ីសេរីមិនអាច សុំការផ្ដល់ព័ត៌មានបន្ថែមអំពីចំណាត់ការផ្អាកអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនធ្វើអាជីវកម្ម និងព័ត៌មានរបស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែពីប្រធាននាយកដ្ឋានធនធានរ៉ែ លោក យស មុនីរ៉ាត់ បានទេ នៅថ្ងៃទី៦ ខែមីនា ដោយលោកបានបដិសេធមិនឆ្លើយសំនួរ និងឱ្យរង់ចាំការប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងជំនួសវិញ។
ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៥ ខែមីនា បានចុះផ្សាយថាក្រសួងបានផ្អាកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម និងខ្សាច់ ចំនួន៦ ដោយសារក្រុមហ៊ុនទាំងនេះមិនគោរពកិច្ចព្រមព្រៀងនិងសារាចរណែនាំរបស់ក្រសួង។ ក្រសួងសម្រេចព្យួរអាជ្ញាប័ណ្ណអាជីវកម្មរបស់ក្រុមហ៊ុនទាំង៦នេះ រយៈពេល មួយសប្ដាហ៍ ប៉ុន្តែបើក្រុមហ៊ុនទាំងនេះនៅតែបន្តធ្វើខុសនឹងកិច្ចព្រមព្រៀងក្រសួងនឹងធ្វើការបញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុនទាំងនេះ ចោលតែម្ដង៕