សកម្មជនបរិស្ថានសុំរបបក្រុងភ្នំពេញបើកឲ្យសាធារណជនចូលមើលទីតាំងផ្ទុកសំរាម ៨៣កុងតឺន័រ ដើម្បីឱ្យប្រាកដថា ពិតជាបានបញ្ជូនចេញអស់
2019.09.18

សកម្មជនបរិស្ថាន ស្នើសុំរបបក្រុងភ្នំពេញ បើកឲ្យសាធារណៈជន អាចចូលមើលទីតាំងដាក់កុងតឺន័រ ដើម្បីឲ្យប្រាកដថា សំរាមទាំងទាំង៨៣កុងតឺន័រ ពិតត្រូវបានបញ្ជូនចេញអស់មែន។ អាជ្ញាធរមិនទាន់អាចបញ្ជាក់ថា ទីតាំងនោះ នឹងត្រូវបើកឲ្យចូលមើល ឬយ៉ាងណាទេ។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា មិនទាន់ជឿជាក់ថា អាជ្ញាធរគយបានបញ្ជូនសំរាមទាំង ៨៣កុងតឺន័រចេញពីកម្ពុជាទេ ព្រោះលោកមិនទាន់បានឃើញទីតាំងផ្ទុកកុងតឺន័រដាក់សំរាមទាំងនោះថា ដឹកចេញពីកម្ពុជាអស់ឬនៅ។ លោកថា សកម្មជនបរិស្ថានធ្លាប់សុំចូលទៅមើលទីតាំងកុងតឺន័រទាំង ៨៣នោះ នៅក្នុងបរិវេណកំពង់ផែក្រុងព្រះសីហនុដែរ តែមន្ត្រីបដិសេធ។ លោកចង់ឲ្យមន្ត្រីបង្ហាញទីតាំងនោះ ឲ្យពលរដ្ឋចូលមើល ទើបពួកគេជឿថាសំរាមទាំងនោះ ពិតត្រូវបានដឹកចេញមែន៖ «បើសិនជាបានដឹកចេញមែន យើងចង់ឲ្យគយហ្នឹង មិនមែនត្រឹមប្រកាសថា ក្រុមហ៊ុនបានដឹកចេញទៅប្រទេសដើម យើងចង់ឲ្យបង្ហាញនូវតម្លាភាព អាចថា មានអង្គការសង្គមស៊ីវិល យុវជន ប្រជាពលរដ្ឋហ្នឹង បានចូលទៅមើល ថាប្រាកដជា សំរាមទាំង ៨៣កុងតឺន័រហ្នឹងបានដឹកចេញពីកម្ពុជាជាក់ស្ដែងមែន ព្រោះយើងអត់មានជំនឿចិត្តទៅលើរបបលោក ហ៊ុន សែន ទេ។ កន្លងមកហ្នឹង គឺទាក់ទងនឹងតម្លាភាពគឺអត់មានសោះ។ អ៊ីចឹងបានជាពួកយើងថា អ្វីដែលពួកគាត់និយាយ អត់មានភាពប្រាកដជឿ ១០០ភាគរយថា ប្រាកដជាសំរាមទាំង ៨៣កុងតឺន័រ ដឹកចេញប្រាកដមែន ឬអត់ ទាល់តែយើងឃើញជាក់ស្ដែងថា មិនមានឃើញអាកុងតឺន័រសំរាមហ្នឹង ក្នុងផែក្រុងព្រះសីហនុ ហើយមានឯកសារបញ្ជាក់អ្វីជាដើមហ្នឹង ទើបយើងជឿទុកចិត្ត»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ កញ្ញាប្រកាសថា កាកសំណល់ប្លាស្ទីកចំនួន ៨៣កុងតឺន័រ ដែលបានលួចនាំចូលប្រទេសកម្ពុជាដោយខុសច្បាប់ ដោយក្រុមហ៊ុនប្លាស្ទីក ជុង ង្វៀង (CHUNGYUEN PLASTIC MANUFACTURE) ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជា ទៅប្រទេសដើមវិញអស់ហើយ។ ក្នុងសេចក្ដីប្រកាសព័ត៌មានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុននេះ បានដឹកជញ្ជូនកាកសំណល់ប្លាស្ទិកទម្ងន់ជិត ១ពាន់ ៦រយតោន (១.៦០០) ចេញ ចំនួន ២លើក ដោយលើកទី១ ដឹកចេញចំនួន ១៤កុងតឺន័រ កាលពីថ្ងៃទី២០ ខែសីហា ហើយលើកទី២ បានបន្តដឹកចេញកាកសំណល់ប្លាស្ទិក នៅសេសសល់ចំនួន ៦៩កុងតឺន័រ កាលពីថ្ងៃទី១៥ ខែកញ្ញា។
បន្ថែមពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផាកពិន័យក្រុមហ៊ុនឲ្យបង់ប្រាក់ផាកពិន័យចំនួន ២ម៉ឺន ៥ពាន់ (២៥.០០០) ដុល្លារអាមេរិក តាមលក្ខខណ្ឌ ដែលបានសម្រេចដោយសមត្ថកិច្ចកម្ពុជា ចប់សព្វគ្រប់អស់ហើយ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា លោកមិនដឹងប្រាកដថា សំរាមទាំង ៨៣កុងតឺន័រ នៅខេត្តព្រះសីហនុ ត្រូវបានដឹកចេញអស់ ឬនៅទេ។ លោកបង្វែរឲ្យទៅសួរព័ត៌មានបន្ថែម ពីខាងអគ្គនាយកដ្ឋានគយ និងក្រសួងបរិស្ថាន៖ «បើសម្រាប់ខ្ញុំ ខ្ញុំអត់ច្បាស់ទេ រឿងព័ត៌មាន ព្រោះដោយសារការគ្រប់គ្រងករណីនេះ គឺស្ថាប័នគយ និងក្រសួងបរិស្ថាន»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានទេ នៅថ្ងៃទី១៨ កញ្ញា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា អះអាងថា សំរាមទាំង ៨៣កុងតឺន័រ ពិតជាត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជូនចេញអស់ហើយ តែលោកមិនបញ្ជាក់ថា សំរាមទាំងនោះ ត្រូវបញ្ជូនចេញទៅប្រទេសណាទេ៖ «អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏ដូចជាក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធនានា ផ្សេងទៀត នៅក្នុងការទប់ស្កាត់ ក៏ដូចជាចាប់បញ្ជូនឲ្យកុងតឺន័រសំរាមប្លាស្ទិកទាំង៨៣ ឲ្យវិលទៅប្រទេសដើមវិញ»។
កាកសំណល់សំរាមប្លាស្ទិក ចំនួន ៨៣កុងតឺន័រ ត្រូវបានវេចខ្ចប់យ៉ាងមានរបៀបរៀបរយដាក់នៅក្នុងកុងតឺន័រដឹកមកកាន់កំពង់ផែក្រុងព្រះសីហនុ ជាបន្តបន្ទាប់ តាំងពីខែតុលាឆ្នាំ២០១៨។ របបក្រុងភ្នំពេញបញ្ចេញព័ត៌មាននេះ កាលពីថ្ងៃទី១៦ ខែកក្កដា។ អាជ្ញាធរអះអាងថា សំរាម ៨៣កុងតឺន័រ មានប្រភពចេញពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា តាមរយៈក្រុមហ៊ុនចិន ដឹកយកមកទម្លាក់ចោល នៅកំពង់ផែក្រុងព្រះសីហនុ។ ទោះយ៉ាងណា ស្ថាប័នគយអះអាងថា មន្ទីរពិសោធន៍រកឃើញថា កាកសំណល់ប្លាស្ទិកទាំង ៨៣កុងតឺន័រនោះ គ្មានផ្ទុកសារធាតុគ្រោះថ្នាក់ដល់សុខភាពឡើយ។ ស្ថានទូតអាមេរិកនៅកម្ពុជាធ្លាប់បដិសេធមិនអត្ថាធិប្បាយ ចំពោះកាកសំណល់សំរាមនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។