តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​មហិច្ឆតា​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឬ​ទេ?

ដោយ វណ្ណ វិចារ
2015.03.15
ស្ទឺង​អារ៉ែង ៦២០ កុមារ​លេង​ទឹក​ស្ទឹង​ជាយអារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ មីនា ២០១៥។
RFA/Rann Samnang
1

ស្ទឹង​អារ៉ែង

2

អ្នក​ភូមិ​បោក​សម្លៀក​បំពាក់​នៅ​ស្ទឹង​អារ៉ែង។

3

ក្មេង​លេង​ទឹក​នៅ​ស្ទឹង​អារ៉ែង។

4

បម្រាម​មិន​ឲ្យ​ប្រើ​សាប៊ូ​នៅ​ស្ទឹង​អារ៉ែង។

5

អ្នក​ស្រុក​ជិះ​ម៉ូតូ​ឆ្លង​ស្ពាន​ស្ទឹង​អារ៉ែង នៅ​រដូវ​ប្រាំង។

6

ស្ទឹង​អារ៉ែង

7

ទឹក​រដូវ​ប្រាំង​នៅ​ឆាយពោធិ៍៩ ក្នុង​តំបន់​អារ៉ែង។

8

ឆាយពោធិ៍៩

9

ទិដ្ឋភាព​ព្រៃ​ភ្នំ​នៅ​តំបន់​អារ៉ែង

10

ទិដ្ឋភាព​ព្រៃ​ភ្នំ​នៅ​តំបន់​អារ៉ែង មើល​ពី​លើ​ភ្នំ​ម្រេច​កង្កែប។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង មិន​កើត​ឡើង​នៅ​អាណត្តិ​ទី​៥​នេះ​ទេ។ ចំណែក​ឯ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បន្ទរ​តាម​មេ​របស់​ខ្លួន​ដែរ​ថា គ្មាន​ឡើយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ និង​ថែម​ទាំង​ចុះ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អារ៉ែង ស្ងប់​ចិត្ត​ទៀត​ផង។ តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​ចោល​មហិច្ឆតា​សាងសង់​ទំនប់​នេះ​ដែរ ឬ​យ៉ាង​ណា?

គេ​មិន​អាច​ទាយ​បាន​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង នឹង​សាងសង់​ពិត​ប្រាកដ​នៅ​ឆ្នាំ​ណា​នោះ​ឡើយ។ ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ពី​របៀប​ដែល​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដ៏​ចម្រូងចម្រាស​នេះ។

​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ជា​គម្រោង​ចាស់​ដែល​កើត​ឡើង​តាំង​ពី​ទសវត្សរ៍​ទី​៦០ មក​ម្ល៉េះ។ គម្រោង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាប់​ផ្ដើម​សិក្សា​ឡើង​វិញ​កាល​ពី​អាណត្តិ​ទី​៤។ ក្នុង​អំឡុង​ឆ្នាំ​២០០៧ មាន​ក្រុមហ៊ុន​ពីរ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អារ៉ែង ដោយ​ជីក​យក​រ៉ែ ពិនិត្យ​ស្ថានភាព​ទូទៅ​នៃ​កម្លាំង​ទឹក និង​ពិនិត្យ​សណ្ឋាន​ដី​ជាដើម។

ប្រធាន​សហគមន៍​ជំនាប់​តំបន់​អារ៉ែង លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា អ្នក​ស្រាវជ្រាវ​ទាំង​នោះ​បាន​រក​ឃើញ​ថា តំបន់​អារ៉ែង មិន​មាន​សក្ដានុពល​គ្រប់គ្រាន់​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ទេ។ លោក​បន្ថែម​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ប្រហែល​ជា​គម្រោង​ជីក​រ៉ែ​ក្រោម​ដី និង​ប្រមូល​កាប់​ឈើ​កាប់​យក​ទៅ​លក់៖ «បើសិនជា​សាងសង់​ទំនប់​វារីអគ្គិសនី​ពិត​មែន មិន​មែន​ក្រុមហ៊ុន​ទី១ ក្រុមហ៊ុន​ទី​២ ដក​ខ្លួន​ចេញ​ទេ ច្បាស់​ជា​ក្រុមហ៊ុន​ហ្នឹង​សាងសង់​ហើយ មិន​ចាំបាច់​ដល់​ក្រុមហ៊ុន​ទី​៣ ទេ។ បើ​សិន​ជា​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នេះ គឺ​ត្រូវ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​នេះ​ទាំង​អស់។ ខ្ញុំ​តែង​ឃើញ​ពលរដ្ឋ​យំ​ស្រែក​រហូត មិន​ដែល​ឃើញ​មាន​សំណង​សមរម្យ​ទេ»

ឈ្មោះ​អារ៉ែង ត្រូវ​បាន​គេ​ស្គាល់​បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino hydro) សិក្សា​ពី​សក្ដានុពល​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ហើយ​សារព័ត៌មាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​គម្រោង​នេះ។ បន្ទាប់​មក​បុរស​សញ្ជាតិ​អេស្ប៉ាញ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បាន​ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង និង​ផ្ដួចផ្ដើម​ប្រមូល​ការ​គាំទ្រ​ពី​ពលរដ្ឋ ដើម្បី​ប្រឆាំង​នឹង​គ្រោង​​សាងសង់​ទំនប់។

​អ្នក​ភូមិ​បាន​រួម​ដៃ​គ្នា​ជាមួយ​លោក អាឡិក ដោយ​បិទ​ច្រក​ចូល​តំបន់​អារ៉ែង អស់​ជា​ច្រើន​ថ្ងៃ​មិន​ឲ្យ​ក្រុមហ៊ុន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចូល​ទៅ​​តំបន់​អារ៉ែង។ ចលនា​តវ៉ា​ចេះ​តែ​បន្ត តំបន់​អារ៉ែង កាន់តែ​មាន​គេ​ស្គាល់​ច្រើន ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​លូកដៃ​ចូល​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​លុបចោល​គម្រោង​នេះ។ ​ក្នុង​ជំនួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​រវាង​បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង លោក ហ៊ុន សែន សន្យា​ចំពោះ​មុខ​លោក សម រង្ស៉ី ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង ជា​ការងារ​របស់​រដ្ឋាភិបាល​អាណត្តិ​ក្រោយៗ​ប៉ុណ្ណោះ។

លោក​ក៏​ប្រកាស​បែប​នេះ​ជា​សាធារណៈ​មួយ​ដង​ជា​ពីរ​ដង​ទៀត​ដែរ៖ «ហេតុ​អី​បាន​ឮ​សូរ​អារ៉ែងៗ អី​ក៏​សម្បើម​ម្ល៉េះ​អារ៉ែង​ហ្នឹង? បើ​ចង់​ដឹង​ថា អារ៉ែង យ៉ាង​ម៉េច​ទាល់​តែ​សិក្សា​សិន។ ដល់​គេ​ទៅ​សិក្សា ទៅ​ព័ទ្ធ​ចាប់​គេ​ទៀត។ ខ្ញុំ​បាន​ប្រាប់​ហើយ ហើយ​សរសេរ​ទៅ​រដ្ឋ​សភា​ដើម្បី​បញ្ជាក់​ថា​យ៉ាង​ម៉េច? គ្មាន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​មួយ​អំពី​អារ៉ែង​ទេ...។ ខ្មែរ​ចេះ​ដែរ មិន​មែន​ចាំ​តែ​មាន​បរទេស​ប្រដៅ​បាន​ខ្មែរ​ចេះ​ទេ»

ទោះជា​បែប​ណា​ក្តី ដំណើរការ​នៃ​គម្រោងការ​សាងសង់​របស់​រដ្ឋាភិបាល​ទំនង​ជា​មិន​ដើរ​ថយក្រោយ​ទេ។ នៅ​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក អាឡិក បើ​ទោះ​ជា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទូច​ឲ្យ​រដ្ឋាភិបាល​គិត​ឡើង​វិញ​ពី​បញ្ហា​នេះ​ក៏​ដោយ​ចុះ។ អាជ្ញាធរ​បណ្ដេញ អាឡិក ចេញ​ពី​កម្ពុជា ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដែល​ទំនង​ថា គ្រាន់តែ​ជា​ល្បិច​មួយ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ខណៈ​ដែល​ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ ត្រូវ​គេ​ជឿ​ថា កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ។

ក្រុម​យុវជន​និង​សង្គម​ស៊ីវិល​ចាប់​ផ្ដើម​ទៅ​ទស្សនា​តំបន់​អារ៉ែង កាន់តែ​ច្រើន​ឡើងៗ ក្នុង​បំណង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កោះកុង បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ស៊ើប​អង្កេត និង​ព្យាយាម​រារាំង​អ្នក​ដែល​ចង់​ចូល​ទៅ​តំបន់​នោះ​ទៀត​ផង។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ជា​អ្នក​ដឹកនាំ​ដំណើរ​ទស្សនាចរណ៍​តំបន់​អារ៉ែង មាន​ប្រសាសន៍​ថា ទស្សនៈ​របស់​ក្រុម​លោក​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ធម្មជាតិ​នៅ​អារ៉ែង ហើយ​លោក​មិន​ប្រាកដ​ថា រាជរដ្ឋាភិបាល​នឹង​កាប់​ព្រៃស្រោង​នៅ​ទី​នោះ​ចោល ហើយ​សាងសង់​ទំនប់ ឬ​អត់​ទេ។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​កោះកុង ចាប់​ផ្ដើម​ឃ្លាំមើល​អ្នក​ទេសចរ​ទៅ​អារ៉ែង ដែល​ជា​ករណី​ពិសេស​មិន​ធ្លាប់​មាន​នៅ​ពេល​កន្លងទៅ​នោះ​ឡើយ៖ «...ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ការ​ណែ​នាំ​ក្រៅ​ផ្លូវការ​ណា​មួយ​ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​តំបន់​អារ៉ែង»

លើស​ពី​នេះ​ទៀត អាជ្ញាធរ​ចាប់​ផ្ដើម​ធ្វើ​ស្ពាន​នៅ​តាម​ផ្លូវលំ​ពី​ស្រុក​ថ្មបាំង ចូល​ទៅ​តំបន់​អារ៉ែង អ្នក​ភូមិ​ខ្លះ​សង្ស័យ​ថា ស្ពាន​ទាំង​នោះ​ធ្វើ​ឡើង​សម្រាប់​ដឹក​សម្ភារៈ​ចូល​ទៅ​សិក្សា​នៅ​អារ៉ែង។ មិន​តែ​ប៉ុណ្ណោះ តំបន់​អារ៉ែង ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង ទុក​ឲ្យ​ក្លាយ​ជា​តំបន់​ដាច់​ស្រយាល​មួយ ដែល​មិន​មាន​សេវា​ទូរស័ព្ទ​ទាក់ទង​ចេញ​មក​ក្រៅ​នោះ​ទេ។

ក្នុង​ជំនួប​រវាង​តំណាងរាស្ត្រ​ខេត្ត​កោះកុង លោក អាយ ខន និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រជាពលរដ្ឋ​មួយ​ចំនួន​ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្ដើម​ចោទ​ថា អ្នក​ភូមិ​ដែល​ប្រឆាំង​គម្រោង​សាងសង់​ទំនប់ ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ភូមិ​ខ្លះ​បាន​ឡើង​ស្បថ​ចំពោះ​មុខ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ថា ពួកគាត់​គ្រាន់តែ​សន្យា​ស្រលាញ់​ធម្មជាតិ ចង់​រក្សា​កេរអាករ​ពី​ដូនតា​ប៉ុណ្ណោះ មិន​មាន​បំណង​ប្រឆាំង​រដ្ឋាភិបាល ឬ​បង្កើត​តំបន់​អបគមន៍​ណា​មួយ​នោះ​ទេ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ តំណាងរាស្ត្រ​មណ្ឌល​កោះកុង លោក អាយ ខន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំង​អស់​ត្រូវ​សាមគ្គី​គ្នា​មិន​ត្រូវ​រើសអើង​នយោបាយ​ឡើយ។ លោក​បាន​ប្រើ​ពេល​ជាង​មួយ​ម៉ោង​ពន្យល់​អ្នក​ភូមិ​ឲ្យ​ជឿជាក់​លើ​ការ​សន្យា​របស់​លោក ហ៊ុន សែន ព្យាយាម​បង្អាប់ អាឡិក និង​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ព្រម​ទទួល​យក​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​គម្រោង​វារីអគ្គិសនី​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង។ លោក​ក៏​លើក​ឡើង​ថា ពេល​មាន​ទំនប់​វារីអគ្គិសនី​នឹង​នាំ​ឲ្យ​ត្រី​សំបូរ សំបូរ​ទឹក​និង​សំបូរ​ព្រៃឈើ នាំ​ឲ្យ​ជីវភាព​អ្នក​ភូមិ​បាន​រីក​ចម្រើន។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ទាល់តែសោះ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ និង​ពី​កន្លែង​តាំង​ទី​លំនៅ​ថ្មី​របស់​ប្រជាពលរដ្ឋ។

​ទន្ទឹម​នឹង​នេះ ក្រុម​អាជ្ញាធរ​ស្រុក​ថ្មបាំង ក៏​គំរាម​រំលាយ​សហគមន៍​ជំនាប់​ដែល​ជា​កន្លែង​ទទួល​ភ្ញៀវ​ទេសចរ​ចោល​ដែរ ដោយ​ចោទ​ថា ប្រធាន​សហគមន៍ លោក វ៉ែន វ៉ន ទិញ​ឈើ​សាងសង់​សហគមន៍​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​គំរាម​លោក វ៉ែន វ៉ន ឲ្យ​ផ្ដិត​មេដៃ​សារភាព​កំហុស ហើយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក៏​ប្ដឹង​លោក​ទៅ​កាន់​តុលាការ​ទៀត។

​លោក វ៉ែន វ៉ន យល់​ថា៖ «មូលហេតុ​សំខាន់​គឺ​ខ្ញុំ​ជា​ប្រធាន​សហគមន៍​ផង ហើយ​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ខ្ញុំ​ការពារ​ប្រជាពលរដ្ឋ តស៊ូ​មតិ​ជាមួយ​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី...»

អ្នក​ភូមិ​ជំនាប់ ក៏​ជឿ​ដែរ​ថា បណ្ដឹង​ប្រឆាំង​ប្រធាន​សហគមន៍ លោក វ៉ែន វ៉ន ជា​ចេតនា​បំបាក់​អ្នក​ជំទាស់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី៖ «អ្នក​ខ្លះ​គេ​មិន​ចង់​បាន។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​ទី​នេះ​ទេ ខ្ញុំ​ចង់​រស់​នៅ​កន្លែង​កេរ​ជីដូន​ជីតា ថ្វីត្បិត​ខ្ញុំ​មិន​កើត​នៅ​ទី​នេះ​មែន»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​ខ្លះ​ក៏​គាំទ្រ​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ដែរ ប៉ុន្តែ​អ្នក​នោះ​មិន​ហ៊ាន​គាំទ្រ​រដ្ឋាភិបាល​ជា​ចំហ​ទេ។

តំបន់​អារ៉ែង ជា​ផ្នែក​មួយ​នៃ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ជិត ១០​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​ដោយ​ព្រៃស្រោង ព្រៃរបោះ ដី​ចំការ ដីស្រែ និង​ដងស្ទឹង។ ឃុំ​ចំនួន​បី​នៃ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង រួម​មាន​ឃុំ​ថ្មដូនពៅ ឃុំ​ជំនាប់ និង​ឃុំ​ប្រឡាយ ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​តំបន់​អារ៉ែង ទាំង​មូល។ តំបន់​នេះ​ស្ថិត​នៅ​ជាប់​ខេត្ត​កំពង់ស្ពឺ និង​ពោធិ៍សាត់។ តំបន់​នេះ​ធ្លាប់​ជា​កន្លែង​ដែល​ឈ្មួញ​ចុះ​ប្រមូល​ទិញ​ឈើ​ប្រណីតៗ កាល​ពី​ពីរ​បី​ឆ្នាំ​មុន ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ ដែល​មាន​ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ​ពី​តំបន់​អារ៉ែង។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា មាន​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​បាន​ចុះ​ទៅ​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅ​ជាយ​អារ៉ែង។ ក្រុម​ឈ្មួញ​បាន​បណ្ដាក់​គ្នា​ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទៀត​ផង។

រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា គម្រោង​វារីអគ្គិសនី​ស្ទឹង​ឆាយអារ៉ែង មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​កម្លាំង ១០៨​មេហ្គាវ៉ាត់ ហើយ​វារីអគ្គិសនី​នោះ​អាច​ដំណើរការ​បាន​ពេញ​មួយ​ឆ្នាំ​ថែម​ទៀត។ ប៉ុន្តែ​នៅ​ខែ​មីនា នេះ ស្ទឹង​ជាយអារ៉ែង គោក​រាក់​ស្ទើរ​គ្រប់​កន្លែង។ ពលរដ្ឋ​នៅ​អារ៉ែង ជឿ​ថា រាជរដ្ឋាភិបាល​ទំនង​ជា​មិន​អាច​បោះបង់​មហិច្ឆតា​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយអារ៉ែង នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។