សាលារាជធានីភ្នំពេញ ចាប់ផ្ដើមស្ដារប្រឡាយទឹកស្អុយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ការស្ដារនេះ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់តំបន់នោះ ថាមានសំរាម និងកំណកភក់ចេញពីប្រឡាយ និងមិនសម្អាតលើស្ពានអាកាសស្ទឹងមានជ័យ ឲ្យមានអនាម័យល្អ។
កំណកភក់ និងសំរាមបន្សល់ក្នុងប្រឡាយស្ទឹងមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រើគ្រឿងចក្រកាយដាក់លើរថយន្តរបស់អង្គភាពលូទឹក និងបូមទឹករាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥។
ការស្ដារប្រឡាយស្ទឹងមានជ័យ នេះ ត្រូវបានមន្ត្រីមួយរូបពាក់អាវពណ៌ខៀវភ្ជាប់ស្លាកអង្គភាពលូទឹក និងបូមទឹក លោក សឺន សុខខេន ឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យ នេះ ស្ដារបន្ទាប់ពីអង្គភាពនោះស្ដារប្រឡាយបឹងសាឡាង រួច។ លោកថា ការស្ដារប្រឡាយនឹងបន្តកាយពង្រីកទទឹងប្រឡាយឲ្យធំ ទទឹង ៣០ម៉ែត្រឡើងទៅរហូតដល់ស្ថានីយបូមទឹកបឹងទំពុន ដើម្បីបើកផ្លូវទឹកឲ្យហូរចេញពីរាជធានីភ្នំពេញបានទូលាយ សម្រាប់បញ្ចេញទឹកឲ្យចេញពីទីក្រុងបានលឿន៖ «កាយជម្រៅឲ្យជ្រៅចាប់ពីបឹងសាឡាង ទៅដល់បឹងទំពុន។ រថយន្តកាលពីមុន ១០គ្រឿង ឥឡូវដាក់ ២គ្រឿងសិន ដល់បន្តិចទៀតបានថែមទៀត»។
កាលពីថ្ងៃទី៩ ខែមករា ពលរដ្ឋរស់នៅអមប្រឡាយស្ទឹងមានជ័យ បានរិះគន់សាលារាជធានីភ្នំពេញ ថាមិនបានជួយសម្អាតលើស្ពានអាកាសស្ទឹងមានជ័យ និងមិនស្ដារប្រឡាយនេះទេ ដោយទុកឲ្យមានកំណកភក់ សំរាម និងសំណល់ថ្ម ដែក ជ្រុះពីការដ្ឋានសាងសង់ស្ពានធ្លាក់ទៅក្នុងប្រឡាយទឹកស្ទឹងមានជ័យ នោះ រលួយស្អុយជះក្លិនអាក្រក់។
មន្ត្រីអង្គភាពលូទឹកមួយរូបទៀត លោក ជា ចាន់ធឿន ឲ្យដឹងថា ស្ដារប្រឡាយស្ទឹងមានជ័យ នេះ មិនទាន់អាចកាយថ្ម ដែក ជ្រុះកកនៅក្រោមស្ពានបានទេ ព្រោះឧបករណ៍កាយដៃខ្លីពេក។ លោកថា កំណកភក់ និងសំរាមនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងត្រូវប្រើក្រុមកម្មកររបស់អង្គភាពនេះចុះសម្អាតជាក្រោយ ព្រោះខ្វះរថយន្តដឹកសំណល់នោះចេញ ចំណែកប្រឡាយមានប្រវែងវែងជាង ៥គីឡូម៉ែត្រឯណោះ គឺត្រូវប្រើពេលយូរច្រើនខែ ទើបអាចកាយប្រឡាយបានស្អាត។
លោក ជា ចាន់ធឿន ឲ្យដឹងទៀតថា ចំពោះការបោសសម្អាតលើស្ពានអាកាសស្ទឹងមានជ័យ លោកមិនទាន់ច្បាស់ទេថាជាតួនាទីសម្អាតរបស់អង្គភាពលូទឹក និងបូមទឹក ឬក៏ជាការងាររបស់ក្រុមហ៊ុនស៊ីនទ្រី (CINTRI)៖ «ក្រោមស្ពានហ្នឹងប្រហែលជាអត់មានដីទេ មានសុទ្ធតែថ្ម ហើយនិងដែក អាដែកស៊ីផាយដែលវាយទប់ស្ពាន និងថ្មនោះ យើងអត់អាចយកចេញបានទេនៅក្នុងបាតប្រឡាយហ្នឹង យើងយកតែសំរាម និងស្អីមកទេ ហើយយើងស្ដារខាងក្រោមនេះ គឺសំខាន់ស្ដារខាងក្រោមឲ្យជ្រៅទៅ វាអាចហូរទៅទាន់ម៉ាស៊ីនហើយ។ កាលពីសម្អាតលើស្ពានហ្នឹង ប្រើឡានពួកខ្ញុំ ៩អាអិចហ្នឹង ២។ អ្នកបោសលើស្ពានអត់ទាន់មានទេ ទាល់តែពេលចប់បានៗពួកខ្ញុំលាងស្ពានហ្នឹងកុំឲ្យវាខូចបរិស្ថានអី»។
បញ្ហាស្ដារប្រឡាយនៅភាគខាងត្បូងរាជធានីភ្នំពេញនេះ ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា គម្រោងស្ដារប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង គឺប្រើរយៈពេល ៤ខែទើបអាចស្ដារចប់ ព្រោះមួយថ្ងៃៗលូទឹកស្អុយជាច្រើនខណ្ឌបានបង្ហូរកាកសំណល់ផ្សេងៗចូលតាមប្រព័ន្ធលូ ទៅកាន់ប្រឡាយបឹងសាឡាង និងប្រឡាយស្ទឹងមានជ័យ ធ្វើឲ្យប្រឡាយគោករាក់ ដែលបង្អាក់ដល់ល្បឿនទឹកហូរ ទើបសាលារាជធានីភ្នំពេញ ត្រូវស្ដារប្រឡាយទាំងពីរឲ្យបានជ្រៅ និងពង្រីកទទឹងប្រឡាយឲ្យបានធំពីទទឹង ៣០ម៉ែត្រឡើងទៅ ដែលត្រូវប្រើរយៈពេលយូរខែក្នុងការស្ដារប្រឡាយនោះ។
សកម្មភាពស្ដារប្រឡាយស្ទឹងមានជ័យ នេះ មានប្រជាពលរដ្ឋរស់នៅអមប្រឡាយស្ទឹងមានជ័យ ក្នុងខណ្ឌចំការមន និងខណ្ឌដង្កោ លោក គឹម សុវណ្ណា ថ្លែងអំណរគុណចំពោះមន្ត្រីដែលកំពុងស្ដារប្រឡាយនៅមុខផ្ទះគាត់ និងអ្នកភូមិដទៃទៀតនៅតំបន់នោះ៖ «ប៉ុន្តែគ្រាន់តែឃើញប៉ុណ្ណឹងក៏ខ្ញុំត្រេកអដែរ ព្រោះអីកាលណាយើងស្ដារប្រឡាយទៅ វាបានហូរទៅវាបាត់ធុំក្លិនបន្តិច។ អ៊ីចឹងខ្ញុំក៏អរគុណដែរ ព្រោះរដ្ឋាភិបាលដែលបានឆ្លើយតបភ្លាមៗ»។
ចំណែកពលរដ្ឋក្រុម២៨ សង្កាត់ទំនប់ទឹក ពួកគាត់ស្នើសុំឲ្យសាលារាជធានីភ្នំពេញ ធ្វើគម្របលូការពារសំរាមកុំឲ្យធ្លាក់ចូលលូ និងបន្ថយក្លិនស្អុយពីលូ និងមានកន្លែងសម្រាប់មនុស្សដើរហាត់កីឡាតាមមាត់ប្រឡាយផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
